អង្គការសុខភាពពិភពលោក នៅខ្វះលុយជិត ៥ ពាន់លានដុល្លារទៀត ដើម្បីកក់ទិញវ៉ាក់សាំង
អង្គការសុខភាពពិភពលោក (WHO) ថា ខ្លួននៅខ្វះលុយជិត ៥ពាន់លានដុល្លារទៀតឯណោះ សម្រាប់កក់ទិញវ៉ាក់សាំង ឲ្យប្រទេសក្រីក្រទាំងអស់ នៅលើពិភពលោក។
អង្គការនេះបញ្ជាក់ថា មកដល់ពេលនេះ ខ្លួនទើបតែរៃអង្គាសប្រាក់បាន ២.៤០០លានដុល្លារប៉ុណ្ណោះពីប្រទេស ១៩០ នៅទូទាំងពិភពលោក។ ប៉ុន្តែ ថវិកាដែលត្រូវការចាំបាច់ សម្រាប់ទិញវ៉ាក់សាំង គឺត្រូវមានរហូតដល់ ៧.០០០លានដុល្លារឯណោះ។ អង្គការនេះ គ្រោងចែកចាយវ៉ាក់សាំង ឲ្យបាន ២០០០ លានឈុត ត្រឹមចុងឆ្នាំ ២០២១។ ពិភពលោកទាំងមូល មានពលរដ្ឋសរុបជិត ៨.០០០លាននាក់។
មកដល់ពេលនេះ មានក្រុមហ៊ុនផលិតវ៉ាក់សាំង ចំនួន២០ ហើយដែលឈានដល់ដំណាក់កាលចុងក្រោយ នៃការពិសោធន៍លើមនុស្ស។ ចំណែកឯវ៉ាក់សាំងចំនួន១០ ត្រូវបានទទួលស្គាល់ឲ្យប្រើប្រាស់។ ក្នុងនោះ វ៉ាក់សាំង ៨ ត្រូវបានទទួលស្គាល់ឲ្យប្រើប្រាស់ក្នុងកម្រិតតិចតួច និងវ៉ាក់សាំងពីរ ត្រូវបានទទួលស្គាល់ឲ្យប្រើប្រាស់ទូទៅ។
ស្របពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក មិនទាន់បានផ្តល់អាជ្ញាប័ណ្ណបន្ថែម ទៅក្រុមហ៊ុនផលិតវ៉ាក់សាំងណាមួយទៀតនៅឡើយ ក្រៅតែពីទទួលស្គាល់វ៉ាក់សាំងរបស់ក្រុមហ៊ុន អាមេរិក និងអាល្លឺម៉ង់ឈ្មោះ ហ្វៃហ្ស៊ើរ និង បៃអូអិនថិក (Pfizer and BioNTech) កាលពីចុងឆ្នាំ២០២០។ ការទទួលស្គាល់នេះទៀតសោត គឺសម្រាប់តែការប្រើប្រាស់បន្ទាន់សិនប៉ុណ្ណោះ មិនទាន់ទទួលស្គាល់ ឲ្យចែកចាយទូលំទូលាយនៅឡើយ។
កន្លងមកការសិក្សាស្រាវជ្រាវ រកប្រភពដើមនៃជំងឺកូវីដ-១៩ ដែលផ្ទុះដំបូងនៅទីក្រុងវូហាន ប្រទេសចិនជួបឧបសគ្គ ដោយសារតែអាជ្ញាធរចិនមិនអនុញ្ញាតឲ្យមន្រ្តីជំនាញរបស់អង្គការសុខភាពពិភពលោក ចុះទៅសិក្សាស្រាវជ្រាវដល់ទីកន្លែង។ ប្រធានអង្គការសុខភាពពិភពលោកខកចិត្តនឹងឥរិយាបទរបស់ចិន ដែលរារាំងក្រុមអ្នកជំនាញបែបនេះ។
ប៉ុន្តែ ក្រោយរងសម្ពាធជុំទិសពីអន្តរជាតិ អាជ្ញាធរចិន កាលពីថ្ងៃទី៩ ខែមករា បានបើកភ្លើងខៀវ យល់ព្រមឲ្យមន្រ្តីជំនាញអង្គការសុខភាពពិភពលោក ចុះទៅពិនិត្យដល់ទីកន្លែង។ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ដែលមានគ្នា ១០នាក់ នឹងទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៤ ខែមករា រួចហើយនឹងធ្វើដំណើរបន្តទៅទីក្រុងវូហាន។ មន្រ្តីចិនថាការយឺតយ៉ាវក្នុងការអនុញ្ញាតឲ្យមន្រ្តីជំនាញទៅទីក្រុងវូហានកន្លងមក គឺដោយសារការមិនយល់គ្នា។ ប៉ុន្តែ ជំហររបស់ចិន កន្លងមក គឺចង់ទាញការចាប់អារម្មណ៍របស់ពិភពលោកឲ្យយល់ថា ជំងឺកូវីដ-១៩ មិនមែនកើតនៅចិនមុនគេទេ គឺកើតនៅអាមេរិក។
គិតមកដល់ពេលនេះ អ្នកកើតជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនដល់ជាង ៩១លាន ៥សែននាក់ (៩១.៥៤៦.៥១០) និងអ្នកស្លាប់កើនដល់ជិត ២លាននាក់ (១.៩៥៩.០៣៥)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។