មន្ត្រីអង្គការសុខភាពពិភពលោកថា ផ្លូវនៅវែងឆ្ងាយទៀតណាស់ទម្រាំកម្ពុជាអាចបញ្ចប់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ តំណាងអង្គការសុខភាពពិភពលោក (WHO) អ្នកស្រី លី អៃឡែន (Li Ailan) ថ្លែងតាមបណ្តាញសង្គមធ្វីតទ័របស់អ្នកស្រី កាលពីថ្ងៃទី៣០ ខែឧសភា ដោយសង្កត់ធ្ងន់ទៅលើបញ្ហាលំបាកនិងភាពធ្ងន់ធ្ងរនៃការឆ្លងក្នុងសហគមន៍ដែលមិនថមថយ និងកាន់តែរីករាលខ្លាំងចូលដល់ពន្ធនាគារ ក្រោយពីឆ្លងដល់រោងចក្រ និងផ្សារជាច្រើនរួចមក។
អ្នកស្រីបន្តទៀតថាការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ដែលឆ្លងតាមកន្លែងប្រមូលផ្តុំខ្លាំងទាំងនេះគឺជារឿងស្មុគស្មាញខ្លាំងដែលវិធានការសុខាភិបាលមួយមុខមិនអាចទប់ស្កាត់វាបាននោះឡើយ។ អ្នកស្រីថា ដើម្បីយកឈ្នះបញ្ហានេះបានបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់គឺទាល់តែរិះរកវិធីសាស្រ្តតាមបែបសាមគ្គីកិច្ចសហការគ្នា និងដំណោះស្រាយបែបច្នៃប្រឌិតនៅមូលដ្ឋានផង ទើបអាចទៅរួច។ អ្នកស្រីថា មេរោគនៃជំងឺកូវីដ-១៩ កំពុងតែចរាចរនៅពេលផ្ទៃប្រទេស។
ទោះជាយ៉ាងនេះក្ដីអ្នកស្រី លី អៃឡែន ថាអង្គការសុខភាពពិភពលោកនៅតែបន្ដសហការនិងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍដើម្បីរួមគ្នាទប់ទល់បញ្ហានេះ។ ទន្ទឹមនឹងនេះ អ្នកស្រីគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ជុំវិញការចាក់វ៉ាក់សាំងនេះមន្រ្តីសុខាភិបាលកម្ពុជាឯណោះវិញអ្នកស្រីព្រមានពលរដ្ឋកុំឲ្យផ្តេកផ្តួលទៅលើតែវ៉ាក់សាំងរួចហើយភ្លេចវិធានការការពារខ្លួន។អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ស្នើឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចកុំយល់ច្រឡំថា អ្នកបានចាក់វ៉ាក់សាំងរួចលែងឆ្លងជំងឺកូវីដ-១៩។ អ្នកស្រី ថា នៅតែបន្តអំពាវនាវឲ្យអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់បានចាក់វ៉ាក់សាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ។ ៣កុំរួមមាន កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា។ ឯ៣ការពារវិញ គឺ ពាក់ម៉ាស់លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច១ម៉ែត្រកន្លះពីគ្នា។
សាររបស់មន្រ្តីសុខាភិបាលនេះធ្វើឡើងស្របពេលដែលអត្រានៃករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍នៅតែមានសភាពធ្ងន់ធ្ងរដោយមានអ្នកឆ្លងថ្មីជាមធ្យមជាង ៥០០ នាក់ក្នុងមួយថ្ងៃ។ គ្រាន់តែក្នុងរយៈពេល ៣០ ថ្ងៃ ក្នុងខែឧសភានេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១ម៉ឺន៦ពាន់នាក់។ ចំនួននេះកើនឡើងជិតពាក់កណ្ដាល់ បើប្រៀបធៀបទៅនឹងចំនួនអ្នកឆ្លងក្នុងខែមេសា ដែលមាន១ម៉ឺន១ពាន់នាក់។
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ចំនួន ២០៩ នាក់ កាលពីថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីមានអ្នកជំងឺចំនួន ៦នាក់ បន្ថែមទៀត បានស្លាប់។ ចំណែកអ្នកឆ្លងថ្មីវិញ នៅថ្ងៃដដែលនោះក្រសួងសុខាភិបាល អះអាងថា មានជិត៦រយ(៥៧៩) នាក់។
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជិត ៣ម៉ឺននាក់ (២៩.៤០៤)ហើយ ក្នុងនោះអ្នកជាសះស្បើយមានជាង ២ម៉ឺន២ពាន់នាក់ (២២.១៨៨)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។