អង្គការសុខភាពពិភពលោក (WHO) ព្រមានជាថ្មីនៅថ្ងៃទី២៣ ខែសីហា ថាវ៉ាក់សាំងតែឯង មិនអាចបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩បានទេ។ សារព្រមានជាថ្មីនេះត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួន ដោយសង្កត់ធ្ងន់លើមេរោគបំប្លែងថ្មីមួយចំនួន រួមទាំងមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta)ផង ដែលមានគ្រោះថ្នាក់ និងចម្លងរាលដាលយ៉ាងលឿន។
ទោះជាយ៉ាងនេះក្ដី អង្គការនេះថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន គឺទាល់តែទាំងអស់គ្នា រួមគ្នាអនុវត្ត ៦ ប្រការ។ ទី១ ការចាក់វ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទី២ ការរក្សាគម្លាតបុគ្គល និងចៀសវាងកន្លែងមនុស្សកុញច្រើន។ ទី៣ ការពាក់ម៉ាស់។ ទី៤ ការក្អកឬកណ្តាស់ផ្ទប់នឹងកែងដៃ ឬក្រដាសជូតមាត់។ ទី៥ ការបើកចំហរបង្អួចឲ្យខ្យល់ចេញចូលបានល្អ និងទី៦ ការលាងសម្អាតដៃជាប្រចាំ។
សារព្រមានជាថ្មីនេះធ្វើឡើង ស្របពេលដែលអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅលើពិភពលោក បានកើនដល់ជិតបួនលានប្រាំសែននាក់ (៤.៤៤៦.៨៤០ នាក់) គិតត្រឹមថ្ងៃទី២៣ ខែសីហានេះ និងមានអ្នកឆ្លងជំងឺនេះជិត ពីររយដប់បីលាននាក់ (២១២.៦៩៩.៩២០ នាក់)។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិឲ្យដឹងថា គិតត្រឹមចុងខែកក្កដា មេរោគបំប្លែងថ្មីប្រភេទ ដែលតា បានឆ្លងដល់ ១៣២ ប្រទេស។
ដោយឡែកនៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល ថាគិតចាប់ចុងខែមីនា ដល់ថ្ងៃទី២១ ខែសីហា មេរោគបំប្លែងថ្មីប្រភេទ ដែលតានេះ បានឆ្លងរាលដាលពេញផ្ទៃប្រទេស លើកលែងតែខេត្តកែប និងខេត្តក្រចេះប៉ុណ្ណោះ។ ក្នុងចំណោមករណីនៃមេរោគបំប្លែងថ្មីប្រភេទ ដែលតា នៅកម្ពុជា ជិត ១.០០០ ករណី (៩៩៩ ករណី) ភាគច្រើនកើតមាននៅទីក្រុងភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប និងខេត្តបន្ទាយមានជ័យ។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ព្រមានពីការបំប្លែងខ្លួនថ្មីៗបន្ថែមច្រើនទៀត នៃមេរោគកូវីដ-១៩នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។