ឆ្នាំ​នេះ​ខ្មែរ​ក្រោម​នឹង​ប្រារព្ធ​ខួប​៦៩​ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​ដោយ​គ្មាន​ការ​ហែ​ញត្តិ

ដោយ វ៉ែន សុមេធ
2018.05.30
សឺន ជុំជួន ២០១៥ ៦២២ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ជា​ខួប​ទី​៦៩​ឆ្នាំ តូច​ជាង​រាល់​ឆ្នាំ ដោយសារតែ​ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង​ខ្លាំង បណ្ដាល​ឱ្យ​សុំ​ទីតាំង​វត្ត​អារាម និង​ទីតាំង​សាធារណៈ​មិន​បាន ទើប​ត្រូវ​បង្ខំចិត្ត រៀបចំ​នៅ​ក្នុង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចន្លោះ​២០០ ទៅ​៥០០​នាក់។ សង្គម​ស៊ីវិល ចង់​ឃើញ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​ជួយ​សម្របសម្រួល​ឱ្យ​មាន​ទីតាំង​សាធារណៈ​ណាមួយ ដល់​ក្រុម​ខ្មែរ​ក្រោម បាន​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រ​នេះ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ថា ខួប​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម​នៅ​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​ដោយ​ស្ថានភាព​លំបាក ដោយសារតែ​ស្ថានភាព​នយោបាយ នៅ​កម្ពុជា មាន​ភាព​តានតឹង​ខ្លាំង។ «»

សហគមន៍​ខ្មែរ​ក្រោម បាន​ចេញ​សេចក្តី​អំពាវនាវ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឱ្យ​ពលរដ្ឋ​ចូលរួម​រំលឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ខួប​ទី​៦៩​ឆ្នាំ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៨ ដែល​នឹង​ប្រារព្ធ​នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​ក្រោម នៅ​ភូមិ​គោកឃ្លាង សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

អាណានិគម​និយម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិត​ក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩។ ប្រធាន​ប្រតិបត្តិ​សហគមន៍​ខ្មែរ​ក្រោម លោក ថាច់ សេដ្ឋា លើកឡើង​ក្នុង​សេចក្តី​អំពាវនាវ​ថា ចាប់​ពី​ពេល​នោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំលាយ​ពូជសាសន៍ និង​ព្រះពុទ្ធសាសនា​ខ្មែរ​យ៉ាង​សាហាវ​ឃោរឃៅ​ជាទីបំផុត។ ផ្ដើម​ចេញពី​អំពើ​អមនុស្សធម៌​បែបនេះ លោក ថាច់ សេដ្ឋា ថា ការ​តស៊ូ​ពលី​ជីវិត​នៃ​ប្រជា​ជាតិខ្មែរ ក៏​ចាប់​ផ្ដើម​ឡើង ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ជាដើម ហើយ​ដើម្បី​សម្ដែង​នូវ​កតញ្ញុតាធម៌ និង​គារវកិច្ច ចំពោះ​វីរបុរស​ស្នេហា​ជាតិ ក្នុង​បុព្វហេតុ​មាតុភូមិ ក្រុម​អង្គការ សហគមន៍​ខ្មែរ​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ តែងតែ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ដោយ​នាំគ្នា រាប់បាត្រ​ព្រះសង្ឃ ១៩៤៩​អង្គ និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ រាល់​ថ្ងៃ​ទី​៤ មិថុនា។

ខួប​៦៩​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម​នៅ​ឆ្នាំនេះ ក៏​នឹង​មាន​ការចូលរួម​ពី​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រ ព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែរ។ ប៉ុន្តែ នៅ​ឆ្នាំនេះ សហគមន៍​ខ្មែរ​ក្រោម នឹង​មិន​ធ្វើការ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ទេ ដោយសារ​កាលពី​ឆ្នាំមុន​អាជ្ញាធរ​បាន​រារាំង​ខ្មែរ​ក្រោម មិន​ឱ្យ​ដើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ហើយ​ញត្តិ​ដែល​បាន​ដាក់​នោះ មិន​ត្រូវ​បាន​រដ្ឋសភា​យកចិត្ត​ទុក្ខ​ដាក់ អំពី​ទុក្ខ​កង្វល់​របស់​ខ្មែរ​ក្រោម​ទេ។

កាលពី​ឆ្នាំមុន សហគមន៍​ខ្មែរ​ក្រោម​បាន​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ចូល​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​ជាតិ ដើម្បី​រំលឹក​ពី​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម តែ​ត្រូវ​របប​ក្រុងភ្នំពេញ​បដិសេធ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា កន្លងមក​របប​ក្រុងភ្នំពេញ មិនបាន​ខ្វាយខ្វល់​អំពី​ខួប​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម​ទេ តែ​អាជ្ញាធរ​ក្នុង​របប​នេះ តែង​បាន​រារាំង និង​រឹតត្បិត ហាក់​មិន​ចង់​ឱ្យ​ក្រុម​ខ្មែរ មក​ពី​កម្ពុជា​ក្រោម បាន​រៀបចំ​កម្មវិធី​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ដី​ខ្មែរ​នេះ បាន​ស្រួលបួល​ទេ។ លោក ស៊ឹង សែនករុណា យល់​ថា របប​ក្រុង​ភ្នំពេញ គួរតែ​ជួយ​សម្រួល​ឱ្យ​ក្រុម​ខ្មែរ​ក្រោម បាន​រៀបចំ​កម្មវិធី​ប្រវត្តិសាស្ត្រ​នេះ​ឱ្យ​បាន​ល្អ ដើម្បី​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ និង​ដើម្បី​ឱ្យ​កូន​ខ្មែរ​នៅ​ជំនាន់​ក្រោយ ស្វែងយល់។ «»

ក្រៅពី​មិន​ហែ​ញត្តិ សហគមន៍​ខ្មែរ​ក្រោម ក៏​មិន​បាន​ដាក់​លិខិត​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ ឱ្យ​ចូលរួម​កម្មវិធី​ដូច​រាល់​ឆ្នាំ​ដែរ ដោយ​គ្រាន់​អំពាវនាវ​ជាទូទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម។ សហគមន៍​ខ្មែរ​ក្រោម ក៏​នឹង​រៀបចំ​វេទិកា​សំណួរចម្លើយ ស្ដីពី​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ដើម្បី​ពង្រីក​ចំណេះដឹង​របស់​ពលរដ្ឋ ទាក់ទង​នឹង​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។