ប្រវត្តិគ្រងរាជ្យរបស់ព្រះស្រីជ័យជេដ្ឋអង្គស្ងួនពីឆ្នាំ១៧៤៩-ឆ្នាំ១៧៥៥ (ភាគ៥៤)
2015.08.18
ព្រះស្រីជ័យជេដ្ឋអង្គស្ងួន បានឡើងគ្រងរាជ្យបន្តពីព្រះសត្ថាធិរាជ ឬសត្ថាទី២ នៅចន្លោះឆ្នាំ១៧៤៩ និងឆ្នាំ១៧៥៥។ ព្រះអង្គស្ងួន ជាព្រះរាជបុត្រព្រះស្រីធម្មរាជា និងត្រូវជាក្មួយព្រះអង្គទង។
គ.៣១ ព្រះស្រីជ័យជេដ្ឋអង្គស្ងួន (ឆ្នាំ១៧៤៩-ឆ្នាំ១៧៥៥)
តាមការស្នើសុំរបស់ឧកញ៉ាទាំងពីរជាអ្នកឈ្នះសង្គ្រាម ព្រះស្រីជ័យជេដ្ឋអង្គស្ងួន ជាព្រះរាជបុត្រព្រះស្រីធម្មរាជា ស្ដេចឡើងប្រាប្ដាភិសេកសោយរាជ្យតពីសម្ដេចព្រះរាមាធិបតីព្រះអង្គទង នៅរាជធានីឧដុង្គមានជ័យ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះជ័យជេដ្ឋឫទ្ធិរាជ។
ដោយសារឧកញ៉ាសូគ៌ាលោកអុក ជាចៅហ្វាយខេត្តពោធិ៍សាត់ មានគុណបំណាច់ធ្វើសង្គ្រាមឈ្នះព្រះសត្ថាធិរាជ និងទ័ពយួន ហើយយាងព្រះអង្គមកឡើងសោយរាជ្យ ព្រះស្រីជ័យជេដ្ឋអង្គស្ងួន ទ្រង់បានតែងតាំងឧកញ៉ាអុក នេះជាសម្ដេចចៅហ្វាយទឡ្ហៈ (នាយករដ្ឋមន្ត្រី) ហើយតែងតាំងអង្គហ៊ីង ដែលធ្លាប់បានធ្វើគត់បងរបស់ខ្លួន គឺព្រះស្រីធម្មរាជាអង្គអឹម នោះ ឲ្យឡើងងារជាព្រះមហាឧបរាជ។ ប៉ុន្តែដោយមានមន្ត្រីជាច្រើនកើតក្តីច្រណែននឹងឧកញ៉ាអុក ដែលធ្លាប់តែធ្វើជាចៅហ្វាយខេត្ត ហើយមកទទួលតំណែងដ៏ខ្ពង់ខ្ពស់បំផុតនេះ មន្ត្រីទាំងនោះក៏ធ្វើកលជាទូលស្ដេចមួលបង្កាច់ឧកញ៉ាអុក ថាចង់ក្បត់ព្រះរាជាដណ្ដើមយករាជ្យសម្បត្តិ។
ព្រះស្រីជ័យជេដ្ឋឫទ្ធិរាជអង្គស្ងួន ក៏ជឿពាក្យមន្ត្រីទាំងនោះ ហើយប្រើពួកចាមជ្វា ឲ្យលបចូលលុកសម្លាប់សម្ដេចចៅហ្វាយទឡ្ហៈអុក ទាំងយប់ ប៉ុន្តែសម្ដេចចៅហ្វាយទឡ្ហៈអុក ដឹងមុន ក៏នាំភរិយាភៀសទៅស្រុកសៀម បាត់ទៅ។
ប្រហែលរយៈពេលពីរឆ្នាំក្រោយមក ព្រះស្រីជ័យជេដ្ឋអង្គស្ងួន ក៏បញ្ជាឲ្យលើកគ្រឿងបណ្ណាការ និងរាជសារទៅថ្វាយស្ដេចសៀម ដើម្បីសុំអនុញ្ញាតឲ្យព្រះរាមាធិបតីអង្គទង ជាព្រះបិតុលាព្រះឧទ័យរាជាអង្គសូ បុត្រព្រះបិតុលា និងព្រះញាតិទាំងអស់ យាងវិលត្រឡប់មកកម្ពុជា វិញ។ ព្រះរាជាសៀម ទ្រង់យល់ព្រម ហើយចាត់កងទ័ពឲ្យដង្ហែព្រះរាមាធិបតីព្រះអង្គទង និងព្រះញាតិវង្សមកស្រុកខ្មែរវិញនៅឆ្នាំ១៧៥១ នៃគ.ស។
យាងមកដល់ស្រុករាមាចាស់ ខេត្តពោធិ៍សាត់ ព្រះអង្គទ្រង់គង់ក្នុងទីនោះយ៉ាងយូរ។ ចំណែកព្រះឧទ័យរាជាអង្គសូ ក៏ថ្វាយបង្គំព្រះបិតាសុំទៅសាងផ្នួសនៅនគរវត្ត ជាទីដែលព្រះអង្គប្រឈួន ហើយសុគតនៅទីនោះទៅ។
ក្រោយពីព្រះឧទ័យរាជាអង្គសូ ឈឺសុគតទៅ ព្រះរាមាធិបតីព្រះអង្គទង ជាព្រះបិតា ក៏បានប្រទាននាមដល់ព្រះអង្គតន់ ជាចៅ ឲ្យមាននាមថាព្រះឧទ័យរាជា ដូចបិតាព្រះអង្គដែរ។
នៅក្នុងរាជ្យព្រះស្រីជ័យជេដ្ឋអង្គស្ងួន នេះ មានការបះបោរដណ្ដើមរាជ្យមួយយ៉ាងធំ ដែលដឹកនាំដោយនាម៉ឺនម្នាក់មានងារ ឬឈ្មោះជាព្រះខ្សែត្រឯក ដែលចង់ដណ្ដើមរាជបល្ល័ង្គថ្វាយទៅព្រះឧទ័យរាជាអង្គតន់ ជាចៅព្រះរាមាធិបតីព្រះអង្គទង ប៉ុន្តែព្រះអង្គទង មិនសព្វព្រះរាជហឫទ័យនឹងអំពើនេះទេ។
ខ្សែត្រឯក បានបញ្ជាឲ្យកូនឈ្មោះ ម៉ឺនព្រំ ដើរបញ្ចុះបញ្ចូលរាស្ត្រ ដោយយកមនុស្សម្នាក់ឈ្មោះ សួស ធ្វើជាអ្នកសិល្ប៍ខ្លាំងពូកែ ”ឈ្មោះសិល្ប៍សួស” ហើយយកមនុស្សកំបុតដៃជើងម្នាក់ឲ្យជិះគ្រែស្នែងបាំងក្លស់ ជាអ្នកមានបុណ្យដាក់ឈ្មោះថា “អង្គុលីរាជ” កេណ្ឌរាស្ត្រជាទ័ពមកច្បាំងនឹងទ័ពព្រះស្រីជ័យជេដ្ឋអង្គស្ងួន។ ប៉ុន្តែទីបំផុត ដោយមានព្រះរាមាធិបតីព្រះអង្គទង លើកទ័ពជួយព្រះស្រីជ័យជេដ្ឋឫទ្ធិរាជ ជាស្ដេចផែនដីផង ខ្សែត្រឯក និងម៉ឺនព្រំ ជាកូន ព្រមទាំងសិល្ប៍សួស និងអង្គុលីរាជ ត្រូវគេចាប់បាន ហើយប្រហារជីវិតបង់។
ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះស្រីជ័យជេដ្ឋឫទ្ធិរាជអង្គស្ងួន ទ្រង់សោយរាជ្យបានរយៈពេល ៧ឆ្នាំ ដល់ឆ្នាំ១៧៥៥ ទ្រង់អាពាធរោគគ្រុនពិស ហើយសុគតទៅ។
ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ព្រាហ្មណ៍បុរោហិត បានប្រារព្ធពិធីបុណ្យសុន្ទរ៍ទានតាមរាជប្រវេណី ហើយដង្ហែព្រះអដ្ឋិធាតុទៅតម្កល់នៅក្នុងចេតិយទន្ទឹម លើភ្នំព្រះរាជទ្រព្យ គឺភ្នំឧដុង្គ នោះទៅ។
បន្ទាប់មក ព្រះរាជា គណៈសង្ឃ ព្រះញាតិវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី សេនាបតី ក៏យាងព្រះរាមាធិបតីព្រះអង្គទង ដែលជាព្រះបិតុលា ឲ្យឡើងសោយរាជ្យបន្តជាលើកទី២៕