ក្រសួងអប់រំយុវជន និងកីឡា រងការរិះគន់ថា ព្យាយាមបំភ្លៃប្រវត្តិសាស្ត្រ និងលើកតម្កើងមុខមាត់គណបក្សកាន់អំណាចច្រើនជាងការគិតគូររឿងផលប្រយោជន៍ជាតិតាមរយៈការបោះពុម្ពផ្សាយគម្របសៀវភៅប្រវត្តិសាស្ត្រថ្មី ដែលមានរូបស្តូបវិមានឈ្នះឈ្នះជានិមិត្តរូប។ យុវជន និងគ្រូបង្រៀនយល់ឃើញថា ក្រសួងអប់រំធ្វើការខ្វះភាពប្រាកដនិយម និងកែប្រែក្របសៀវភៅតាមតែអំពើចិត្តដែលនាំឱ្យប៉ះពាល់តម្លៃនៃប្រវត្តិសាស្ត្រជាតិ។
ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែកុម្ភៈ ថា លោកភ្ញាក់ផ្អើលនៅពេលដែលឃើញក្រសួងអប់រំកែប្រែសៀវភៅ និងប្ដូរគម្របសៀវភៅដោយដាក់រូបភាពវិមានឈ្នះឈ្នះបែបនេះ។ លោកបន្តថា ការដាក់រូបភាពវិមានឈ្នះឈ្នះគឺគ្មានអត្ថន័យអ្វីក្រៅពីឱ្យពលរដ្ឋដឹងគុណវៀតណាម និងជាការកេងចំណេញនយោបាយរបស់បក្សកាន់អំណាចនោះទេ។
លោក ម៉ាត់ វណ្ណី៖«តាមពិតទៅសំណង់ស្ថាបត្យកម្មរបស់ខ្មែរមានតើមានដូចជា អង្គរវត្ត វិមានឯករាជ្យសុទ្ធតែតំណាងឱ្យខ្មែរតែម្ដង។ ប៉ុន្តែវិមាន៧មករា ឬវិមានឈ្នះឈ្នះមិនមែនតំណាងឱ្យខ្មែរគឺតំណាងឱ្យគណបក្សប្រជាជន ដូច្នេះប្រសិនបើយកអាហ្នឹងជាតំណាងឱ្យជាតិទាំងមូលវាមិនត្រូវទេ។ ប៉ុន្តែបើថាបង្កើតសៀវភៅហ្នឹងសម្រាប់ឱ្យកូនចៅគណបក្សប្រជាជនរៀនវាមិនអីទេ ប៉ុន្តែសម្រាប់ឱ្យកូនចៅខ្មែរទាំងមូលរៀនវាខុស»។
ដោយឡែកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី វិញ អ្នកស្រីថ្លែងថា អ្នកស្រីនៅមិនទាន់ទទួលបានសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ថ្មីនោះនៅឡើយទេ។ ប៉ុន្តែអ្នកស្រីយល់ឃើញថា ក្រសួងអប់រំគួរតែពិចារណាឡើងវិញពាក់ព័ន្ធនឹងការផ្លាស់ប្ដូរសៀវភៅសិក្សាសង្គមថ្នាក់ទី៦ ទៅជាសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ វិញដោយភ្ជាប់ជាមួយនឹងរូបភាពវិមានឈ្នះឈ្នះដែលជាការកសាងឡើងដើម្បីឧទ្ទិសដល់ផលប្រយោជន៍បុគ្គល។ អ្នកស្រីជំរុញឱ្យក្រសួងអប់រំលុបចោលនូវការបោះពុម្ពផ្សាយគម្របសៀវភៅថ្មីនេះ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់ប្រវត្តិសាស្ត្រជាតិ។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖«ខ្ញុំគ្រាន់តែឃើញក្របសៀវភៅបែបនេះខ្ញុំអាណិតខ្លោចចិត្តដល់ក្មេងសម័យក្រោយៗនេះច្បាស់ជាគាត់ភ្លេចប្រវត្តិសាស្ត្រខ្លួន ហើយគាត់គ្រាន់តែជាមនុស្សចាប់ដុសខាត់ពីបញ្ហាដែលទើបតែកើតទើបតែលើកតម្កើងបែបហ្នឹងហើយខ្ញុំសោកស្ដាយ»។
ប្រតិកម្មទាំងនេះ កើតមានឡើងក្រោយពីក្រសួងអប់រំបានបញ្ចេញការរចនាក្របសៀវភៅប្រវត្តិសាស្ត្រថ្មីសម្រាប់បង្រៀនសិស្សានុសិស្សថ្នាក់ទី៦ដោយដាក់រូបវិមានឈ្នះឈ្នះលើខាងមុខក្របសៀវភៅក្រោមចំណងជើងថា«ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា អ្នកស្រី ឃួន វិច្ឆិកា ដើម្បីសុំការបកស្រាយជុំវិញការបោះពុម្ពផ្សាយសៀវភៅនេះបាននៅឡើយទេនៅថ្ងៃទី០៤ ខែកុម្ភៈ។ ប៉ុន្តែអ្នកស្រី ឃួន វិច្ឆិកា បានថ្លែងប្រាប់អ្នកកាសែតក្នុងស្រុកកាលពីថ្ងៃទី០៣ ខែកុម្ភៈថា ការចេញផ្សាយសៀវភៅប្រវត្តិសាស្ត្រថ្មីនេះ គឺក្រសួងបានសិក្សា និងធ្វើការវាយតម្លៃជាមួយប្រវត្តិវិទូជាច្រើន ហើយក្រសួងបានដាក់ចេញនូវសៀវភៅប្រវត្តិសាស្ត្រចំនួន៣កម្រិត គឺថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ រិះគន់ថា ក្រសួងអប់រំជាតិបានក្លាយទៅជាស្ថាប័ន ដែលចាំបម្រើឱ្យអ្នកនយោបាយជាពិសេសក្រុមគ្រួសារត្រកូល«ហ៊ុន»។ លោកបន្តថា ការបោះពុម្ពសៀវភៅថ្មី អាចជាជាលេសរបស់រដ្ឋាភិបាលចាប់អ្នករិះគន់ពីប្រវត្តិ៧មករា និងអ្នកមិនគាំទ្រដាក់ផ្សាយសៀវភៅថ្មីនេះដាក់ពន្ធនាគារ ពីព្រោះការធ្វើច្បាប់មិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមអាចនឹងត្រូវបានគេសម្រេចអនុម័តឆាប់ៗនេះ។
រយៈពេលចុងក្រោយនេះ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានលើកតម្កើងលោក ហ៊ុន សែន ថា ស្ថាបនិកនៃនយោបាយឈ្នះឈ្នះ និងជាអ្នកនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា ប៉ុន្តែលោក គឹម សុខ យល់ឃើញថា នេះជាការព្យាយាមបំភ្លៃប្រវត្តិសាស្ត្រ និងកេងចំណេញនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។