សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​០៩​នាក់​ចោទប្រកាន់​ពី​ការ​លួច​ធ្វើការ​ខុសច្បាប់

ដោយ សេក បណ្ឌិត
2023.06.16
សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​០៩​នាក់​ចោទប្រកាន់​ពី​ការ​លួច​ធ្វើការ​ខុសច្បាប់ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន។
រូប៖ ហ្វេសប៊ុកលោក លឹង សុផុន

សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​៩​នាក់ និង​កុមារ​តាម​ឪពុកម្ដាយ​ពីរ​នាក់​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ទីក្រុង​បាងកក​(Bangkok) ប្រទេស​ថៃ (Thailand) ដោយ​ចោទ​ប្រកាន់​ថា ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​នេះ​។ សាច់ញាតិ​អ្នក​ជាប់ឃុំ​ស្នើ​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍ ដើម្បី​អាច​ឱ្យ​ពលករ​ទាំង​នោះ​បាន​នៅ​ក្រៅ​ឃុំ។

សមត្ថកិច្ច​ថៃ​កំពុង​ឃុំ​ពលករ​ធ្វើ​ការងារ​ផ្នែក​សំណង់​ទាំង​៩​នាក់ និង​កុមារ​តាម​ម្ដាយ​ពីរ​នាក់ នៅ​មន្ទីរ​ឃុំខ្លួន​មួយ​កន្លែង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ សាច់ញាតិ​ពលករ​ជាប់ឃុំ​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ថៃ តម្រូវ​ក្រុម​ពលករ​បង់ប្រាក់​ក្នុង​ម្នាក់ៗ​ជិត​៥០០​ដុល្លារ ទើប​អាច​នៅ​ក្រៅ​ឃុំ​បាន តែ​ក្រុម​ពលរដ្ឋ​គ្មាន​ប្រាក់​បង់​ឱ្យ​សមត្ថកិច្ច​ថៃ​ឡើយ។

លោកស្រី រី ស្រីយ័ន្ត ជា​ពលករ​ធ្វើ​សំណង់​នៅ​ប្រទេស​ថៃ ដែល​សាច់ញាតិ​របស់​លោក​ស្រី​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី​១៥ ខែមិថុនា ថា សមត្ថកិច្ច​ថៃ បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង និង​រកបាន​រក​ឃើញ​មាន​ពលករ​ខ្មែរ​៩​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ និង​ប្រុស ៤​គ្មាន​ឯកសារ​គ្រប់គ្រាន់។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ថៃ​ក្រៅពី​ចាប់​ពលករ​ខ្មែរ​ទាំង​៩​នាក់​នោះ ក៏​មាន​កុមារ​តាម​ម្ដាយ​ពីរ​នាក់​ម្នាក់​អាយុ​៤​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​ជាង​១​ឆ្នាំ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅជា​មួយ​ម្ដាយ​យក​ទៅ​ឃុំខ្លួន​ដែរ។ លោកស្រី​បញ្ជាក់​ថា ក្រុម​ពលករ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា ឯកសារ​ពួកគាត់​ផុត​សុពលភាព និង​ធ្វើ​ការ​ខុស​កន្លែង។ លោកស្រី រី ស្រីយ័ន្ត ប្រាប់​ថា លោកស្រី​ត្រឹម​បាន​ទាក់ទង​ទៅ​ប្អូន​តាម​ទូរស័ព្ទ ដោយ​មិន​ហ៊ាន​ទៅ​សួរសុខទុក្ខ​ដល់​កន្លែង​ឃុំខ្លួន​ទេ ព្រោះ​លោកស្រី​ពេលនេះ​ក៏​មិន​ទាន់​មាន​ឯកសារ​ការងារ​គ្រប់គ្រាន់​ផង​ដែរ។

លោកស្រី រី ស្រីយ័ន្ត៖ «អ្នក​ដែល​ប័ណ្ណ​មាន​ប៉ាស្ទ័រ​(​លិខិតឆ្លងដែន​) មាន​ថៅកែ ត្រឹម​ត្រូវ​គេ​ហៅ​ចេញ តែ​មិនទាន់​ហៅ​ឈ្មោះ​នោះ​គេ​សួរ​ថា តើ​ស្អីៗ​អត់​ដល់​ពេល​យើង​អត់​ហើយ ថៅកែ​ទៅ​អត់​ទាន់ ដូច​ថា និយាយ​កន្លែង​ចាប់​អត់​ទាន់ គេ​(​សមត្ថកិច្ច​ថៃ​) ក៏​ហៅ​ឡើង​ឡាន​យក​ទៅ​ឃុំ​នៅ (ប៉ូលិស​អន្តោប្រវេសន៍​ថៃ​) ចង់ឱ្យ​ស្រណោះ​ក្មេង ក្មេង​ហ្នឹង​អាតូច​ទើប​មួយ​ខួប​បី​ខែ ដែល​គេ​ចាប់​ទាំង​ម៉ែ​ទាំង​កូន​នោះ​គ្នា​មិន​ស្រូល​បួល​ទៀត​គ្នា​គ្រុន​ទៀត»

ពលករ​ទាំង​៩​នាក់ និង​កុមារ​តាម​ម្ដាយ​ពីរ​នាក់ ត្រូវ​​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​បាងកក ពេល​ពួកគាត់​កំពុងធ្វើការ កាលពី​ថ្ងៃទី​១២ ខែ​មិថុនា។

លោកស្រី រី ស្រីយ័ន្ត ឱ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ប្អូនស្រី​របស់​លោក​ស្រី​បាន​ទូរស័ព្ទ​ពី​ពន្ធនាគារ​មក​ថា សមត្ថកិច្ច​ថៃ​បង្គាប់​ឱ្យ​ក្រុម​ពលករ បង់ប្រាក់​ម្នាក់ៗ​ចំនួន​១​ម៉ឺន​៤​ពាន់​ឬ​ជិត​៥០០​ដុល្លារ ទើប​អនុញ្ញាត​ឱ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ ភ្លាមៗ​នោះ​លោកស្រី​រក​ប្រាក់​មិន​បានទេ​។ លោកស្រី​បន្ត​ទៀត​ថា នៅពេល​គ្មាន​ប្រាក់​បង់​ឱ្យ​សមត្ថកិច្ច​ថៃ ដូច្នេះ សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ក្រុម​ពលករ​ទាំងនោះ​ទៅ​តុលាការ ហើយ​ពេលនេះ​តុលាការ​សម្រេច​ឃុំខ្លួន​ក្រុម​ពលករ​ឱ្យ​ជាប់ឃុំ​ម្នាក់ៗ​ចំនួន​២៨​ថ្ងៃ​។ លោកស្រី​ក៏​ព្យាយាម​ទាក់ទង​ទៅ​ថៅកែ​ជនជាតិ​ថៃ​ដែល​គ្រប់គ្រង​ក្រុម​ពលករ​ដែរ តែ​ថៅកែ​ថៃ ប្រាប់​លោកស្រី​វិញ ពេលនេះ​គេ​មិនអាច​ជួយ​អ្វី​បានទេ ព្រោះ​សំណុំ​រឿង​នេះ​បាន​ចូល​តុលាការ​ទៅ​ហើយ។

ស្ត្រី​ពលករ​រូប​នេះ ស្នើ​ទៅ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​ដល់​ពលករ​ឬក៏​ជួយ​អន្តរាគមន៍​ជួយ​ឱ្យ​ក្មេងៗ​ពីរ​នាក់​ដែល​កំពុង​ជាប់ឃុំ​ជាមួយ​ម្ដាយ​អាច​នៅ​ក្រៅ។

លោកស្រី រី ស្រី​យ័ន្ត៖ «មាន​ម៉ូតូ​ដែល​គាត់​ទិញ​ឱ្យ​ឪ​គាត់​ជិះ​នេះ ឱ្យ​យក​ទៅ​លក់​សិន យក​លុយ​មក​លោះ​ប្រពន្ធ​គាត់​គាត់​ស្រណោះ​ប្រពន្ធ​កូន ចង់ឱ្យ​ប្រពន្ធ​កូន​ចេញ​ទៅ​មុន បើ​ចំពោះ​រូប​គាត់​បើ​មិន​មាន​លុយ​ហើយ ក៏​ជាប់​ប៉ុណ្ណា​ក៏​ជាប់​ទៅ​តាម​ដំណើរ ដល់ពេល​ខ្ញុំ​ទទួល​ទៅ​ហើយ ខ្ញុំ​ក៏បាន​ម៉ែ​គាត់ តែ​គាត់​ថា ឱ្យទៅ​រកលុយ​ឯណា ព្រោះ​យើង​មិន​មាន​លុយ​ជាប់​ខ្លួន​ម៉ូតូ​ក៏​មិន​លក់​ថ្ងៃនេះ​បាន​ថ្ងៃនេះ​ទេ​បង ហើយ​គេ​ពេល​តែ​ម្សិលមិញ​គេ​ចាំ​យក​លុយ​យើង​បើ​ថា ម្សិលមិញ​ឱ្យ​មិន​លុយ​គេ​ទេ គេ​បញ្ជូន​ចូល​គុក​ហើយ»

ទាក់ទង​រឿង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក អាន សុខខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃទី​១៥ ខែ​មិថុនា។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ដែល​តាមដាន​ដំណើរ​រឿង​នេះ យល់​ថា ប្រសិន​មន្ត្រី​ស្ថានទូត ឬ​ថៅកែ​របស់​ពលករ​ទាំង​នោះ​ចេញមុខ​ធានា​ទាន់​ពេល គឺ​សមត្ថកិច្ច​មិន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ទេ។ លោក លឹង សុ​ផុន លើកឡើង​ទៀត​ថា ពលករ​ដែល​ធ្វើការ​ខុសច្បាប់ នៅ​ប្រទេស​ថៃ គឺ​ប្រឈម​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​គ្រប់​ពេល ព្រោះ​នៅ​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​ថៃ កំពុង​រឹត​បន្តឹង​ច្បាប់​លើ​ពលករ​បរទេស។ អ្នក​ការពារ​សិទ្ធិ​ពលករ​រូប​នេះ ប្រាប់​មូលហេតុ​ដែល​ពលករ​មួយ​ចំនួន​បង្ខំចិត្ត​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ព្រោះ​ការ​បំពេញ​ឯកសារ​មានការ​យឺតយ៉ាវ និង​ថ្លៃ​ធ្វើ​ឯកសារ​មានតម្លៃ​ខ្ពស់​ដែល​មាន​តម្លៃ​ចាប់ពី ៣០០​ដុល្លារ ទៅ​៥០០​ដុល្លារ ឬ​ជិត​១​ពាន់​ដុល្លារ។

លោក លឹង សុផុន៖ «បងប្អូន​ពលករ​គាត់​ត្អូញ​អំពី​វីសា​(​ទិដ្ឋាការ​)​ថ្លៃ ហើយ​គាត់​មិនទាន់​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ថៅកែ​ដំណើរការ​ឯកសារ​ហើយ​កន្លែង​ខ្លះ​ថៅកែ​ជួយ​ចេញថ្លៃ​ឯកសារ​មុន​ទៅ គាត់​ក៏​ឆាប់​បាន​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់​ទៅ តែ​កន្លែង​ខ្លះ​គេ​រង់ចាំ​កាត់​លុយ​ពី​ពលករ​ឱ្យ​គ្រប់​ចំនួន​សិន បើ​គេ​ធ្វើ​ឯកសារ​ឱ្យ ហើយ​កន្លែង​ខ្លះ​ដល់​ទៅ​៤០​ថ្ងៃ​ជាង ពីរ​ខែ​ជាង​អី​អ៊ីចឹង​ទៅ ហើយ​ពេល​កំពុង​រង់ចាំ ដែល​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ចាប់»

អង្គការ​សង់ត្រាល់ រក​ឃើញ​ថា គិត​ត្រឹម​ខែ​មីនា មក​ដល់​រយៈពេល​ចុងក្រោយ​នេះ ពលករ​ខ្មែរ​ជិត​១​ពាន់​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ដោយ​អ្នកខ្លះ​លួច​ឆ្លងដែន​ខុសច្បាប់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ពលករ​ផ្សេង​ទៀត ធ្វើ​ការ​គ្មាន​ឯកសារ​គ្រប់គ្រាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។