សមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ បញ្ជូនមេខ្យល់ ២នាក់ ទៅសាលាដំបូងខេត្ត ពីបទនាំពលករឆ្លងដែនខុសច្បាប់ចេញចូលប្រទេសថៃ។
មេខ្យល់ទាំងពីរនាក់ ជាក្មេងប្រុសម្នាក់អាយុ ១៧ឆ្នាំ និងម្នាក់ទៀតចុះអាយុ ១៥ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៥ ខែតុលា។
កាលពីនៅថ្ងៃទី១៣ ខែតុលា កម្លាំងនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ សហការជាមួយកម្លាំងយោធាឈរជើងនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ឃាត់ពលករចំនួន ៤១នាក់ ក្នុងនោះមានពលករខ្មែរចំនួន ២នាក់ មកពីប្រទេសថៃដែរ។ ក្រោយសាកសួរ សមត្ថកិច្ចក៏បានឃាត់ខ្លួនមេខ្យល់ចំនួន ២នាក់នេះ ដែលជាអ្នកនាំផ្លូវពលករខ្មែរមកពីថៃ និងពលករទៅធ្វើការនៅប្រទេសថៃ។ ពួកគេបានជូនពលករទៅមកបានចំនួន ២លើក ឱ្យគេនាំផ្លូវមកខ្មែរវិញ ក្នុងម្នាក់ពលករបង់ប្រាក់ថ្លៃ ២.០០០បាត ឬប្រមាណ៦០ ដុល្លារ។
កាលពីថ្ងៃ១៦ តុលា ដែរ កម្លាំងការពារព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង ក៏បានឃាត់ខ្លួនពលករ ៥៦នាក់ និងមេខ្យល់ម្នាក់ទៀត បម្រុងឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ នៅភូមិអូរក្រូច ឃុំបឹងរាង ស្រុកកំរៀង។
ទីបញ្ជាការវរសេនាតូចលេខ ៨១៩ ស្រុកកំរៀង-ស្រុកភ្នំព្រឹក បង្ហោះលើហ្វេសប៊ុកថា កម្លាំងយោធាសហការជាមួយទាហានឈុតខ្មៅថៃ ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែនដោយមិនស្របច្បាប់ ចូលក្នុងទឹកដីថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ ៥៣ និង ៥៤ ភូមិសាស្ត្រភូមិអូរក្រូច ឃាត់ខ្លួនមនុស្សចំនួន ៥៧នាក់។ ក្រោយពីសួរនាំបានកំណត់មុខសញ្ញាសង្ស័យមេខ្យល់ម្នាក់ ក្នុងចំណោមពលករចំនួន ៥៧នាក់។
កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានកសាងសំណុំរឿងអ្នកទាំង ៥៧ នាក់ទៅតាមនីតិវិធីបន្ត។ ពលករខ្មែរធ្លាប់ឲ្យដឹងថា ពួកគេបានសម្រុកទៅរកការងារធ្វើនៅប្រទេសថៃវិញ ដោយសារតែនៅកម្ពុជាគ្មានការងារធ្វើ ហើយគ្មានប្រាក់សងបំណុលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។