ក្រសួងការបរទេសអាមេរិកបន្តរកឃើញថា អាជ្ញាធររដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឯអំពើនិទ្ទណ្ឌភាពឬភាពគ្មានទោសពៃរ៍នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជាដដែល។ ក្រសួងការបរទេសអាមេរិក លើកឡើងពីការរកឃើញនេះនៅក្នុងរបាយការណ៍របស់ខ្លួន ស្ដីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២១ ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា។
ក្នុង របាយការណ៍នេះក្រសួងការបរទេសអាមេរិកបញ្ជាក់ជំហរថា មានរបាយការណ៍ ដែលគួរឱ្យទុកចិត្តថា មានមន្ត្រី ឬកងកម្លាំងសមត្ថកិច្ចមួយចំនួន ដែលជាអ្នករក្សាសន្តិសុខ រួមមាន នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ បានពាក់ព័ន្ធនឹងអំពើបំពានសិទ្ធិមនុស្ស។
ក្រសួងការបរទេសអាមេរិករកឃើញថា ក្នុងឆ្នាំ២០២១ កន្លងទៅមានករណីរំលោភបំពានសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់ ដែលប្រព្រឹត្តិដោយរដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ ការឃុំឃាំងមនុស្សតាមអំពើចិត្ត និងការប្រព្រឹត្តប្រឆាំងអ្នកទោសនយោបាយ។ ជាមួយគ្នានេះ កម្ពុជានៅតែមានបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការជ្រៀតជ្រែកតាមទំនើងចិត្តក្នុងជីវិតឯកជនរបស់ប្រជាពលរដ្ឋ ការតាមដានការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឹណិត ជាដើម។ ស្របគ្នានេះក៏មានករណីអំពើហិង្សា និងការគំរាមកំហែង ចាប់ខ្លួន ឬកាត់ទោសអ្នកសារព័ត៌មាន ដោយអយុត្តិធម៌។
ចំណែកសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតសមាគមក៏នៅតែមានការរិតត្បិតខ្លាំង។ បន្ថែមពីនេះរដ្ឋាភិបាលនៅតែបន្តរឹតត្បិត និងធ្វើទុក្ខបុកម្នេញអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ក្រសួងការបរទេសអាមេរិករកឃើញថា រដ្ឋាភិបាលកម្ពុជាកាត់បន្ថយសមត្ថភាពរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ទន្ទឹមនឹងនោះ អំពើពុករលួយក៏កំពុងរីករាលដាល ជាពិសេស ក្នុងប្រព័ន្ធតុលាការតែម្តង។ ក្រសួងការបរទេសអាមេរិករកឃើញដែរថា រដ្ឋាភិបាលខ្វះការស៊ើបអង្កេត និងដាក់ទោសទណ្ឌចំពោះអំពើហិង្សាលើស្ត្រី ការជួញដូរមនុស្ស និងទម្រង់ដ៏អាក្រក់បំផុតនៃពលកម្មកុមារ។
របាយការណ៍ដដែលកត់សម្គាល់ថាវប្បធម៌និទណ្ឌភាពបន្តរីករាលដាល ក្នុងនោះមានការបញ្ជាក់ថាមន្ត្រីរដ្ឋាភិបាល មានទាំងកម្លាំងនគរបាលផងបានរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែករណីភាគច្រើនរដ្ឋាភិបាលបានចាត់វិធានការតិចតួច ឬមិនចាត់វិធានការសោះ។ ទាំងនោះសបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាល និងសមាជិកគ្រួសាររបស់ពួកគេ មានអភ័យឯកសិទ្ធិរួចផុតពីការដាក់ទោសទណ្ឌតាមច្បាប់។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាល និងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅឡើយទេ គិតត្រឹមយប់ថ្ងៃទី១២ ខែមេសា។ កន្លងទៅ ទាំងមន្ត្រីរដ្ឋាភិបាល និងទាំងមន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល តែងច្រានចោលការរកឃើញនានាអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដោយហៅរបាយការណ៍ទាំងនោះថា មានចរិតនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។