សាច់ញាតិអ្នកជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាប បារម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈអាជ្ញាធររកឃើញអ្នកទោសស្ត្រីជិត៣០នាក់ កើតជំងឺកូវីដ-១៩នេះ ក្នុងពន្ធនាគារ។
ឪពុករបស់ម្ចាស់ចម្រៀងរ៉ែបរិះគន់បញ្ហាសង្គមយុវជន គា សុគន្ធ ដែលកំពុងជាប់ឃុំ គឺលោក ផល គា ប្រាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី១៤ ខែកក្កដា ថា លោកព្រួយបារម្ភយ៉ាងខ្លាំងនៅពេលបានដឹងព័ត៌មានថា អ្នកទោសផ្នែកស្ត្រីឆ្លងជំងឺនេះក្នុងពន្ធនាគារខេត្តសៀមរាប។ លោកព្រួយខ្លាចជំងឺនេះ ឆ្លងរាលដាលពេញពន្ធនាគារផ្នែកបុរសទៀត។ លោកស្នើ ឲ្យថ្នាក់ដឹកនាំនាយកដ្ឋានពន្ធនាគារ និងរដ្ឋាភិបាលបន្ធូរបន្ថយដោះលែងអ្នកទោសដែលបានអនុវត្តទោសជិតចប់ និងអ្នកទោសស្រាល ដើម្បីកាត់បន្ថយភាពចង្អៀតណែននិងទប់ស្កាត់ការឆ្លងរាលដាល៖ «ខ្ញុំព្រួយបារម្ភណាស់ ស្ដាប់លឺព័ត៌មានមិញដែរ ខ្ញុំអត់ដឹងសោះ ភ្ញាក់ឲ្យព្រឺតខ្ញុំសម្រាន្តមិនលក់ ខ្ញុំគិតផងអីផង ខ្ញុំស្អែកទៅអើតមើលកូន ខ្ញុំអើតៗទៅសួរនាំតាមរយៈប៉ូលិសមិនបានជួបកូនទេ។ សូមឲ្យគាត់ជួយបន្ធូរបន្ថយដោះលែងឲ្យបានឆាប់។ ចេះតែព្រួយបារម្ភដែរ ភ័យខ្លាចព្រោះរីករាលដាលដល់ពន្ធនាគារ ពីមុនខ្ញុំនឹកថា មិនដល់ ឥឡូវដល់ខ្ញុំព្រួយបារម្ភច្រើនណាស់ សូមដោះលែងវិញមក»។
ការលើកឡើងនេះ បន្ទាប់រដ្ឋបាលខេត្តសៀមរាបប្រកាសថា មានអ្នកជាប់ឃុំ ២៦ នាក់ នៅពន្ធនាគារខេត្តសៀមរាប បានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែកក្កដា។ អ្នកទោសដែលឆ្លងទាំងនេះសុទ្ធតែជាស្ត្រី ដោយក្នុងនោះមានជនជាតិខ្មែរ ២៣នាក់ ថៃម្នាក់ ឥណ្ឌូណេស៊ី (Indonesia) ម្នាក់ និងជនជាតិវេណេស៊ុយអេឡា (Venezuela) ម្នាក់។
កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ ក៏មានមន្ត្រី និងអ្នកជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាបនេះ ១៩នាក់ដែរ បានឆ្លងកូវីដ រាប់ទាំងប្រធានពន្ធនាគារខេត្ត លោក ភាន ឆវ័ន្ត ផង។
ក្រៅពីពន្ធនាគារខេត្តសៀមរាប ជំងឺកូវីដ-១៩ បានឆ្លងចូលដល់ពន្ធនាគារប្រមាណ១០កន្លែង ដែលមានអ្នកជាប់ឃុំ និងមន្ត្រីអនុរក្សពន្ធនាគារឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះ។ ក្នុងនោះរួមមានពន្ធនាគារនៅភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង ព្រះសីហនុ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាដើម។ ប៉ុន្តែយ៉ាងណា មន្ត្រីគ្រប់គ្រងពន្ធនាគារមិនដែលបានបញ្ជាក់ប្រាប់តួលេខជាក់លាក់ពីចំនួនអ្នកជាប់ឃុំដែលឆ្លងជំងឺនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។