មន្ត្រីស្ថានទូតខ្មែរនៅប្រទេសថៃ និងសមាគមការពារសិទ្ធិមនុស្ស កំពុងតែតាមរកអាសយដ្ឋានពិតប្រាកដរបស់កាស៊ីណូមួយ នៅប្រទេសថៃ ដើម្បីជួយស្ត្រីខ្មែរ ២នាក់ ដែលត្រូវជនជាតិថៃ ធ្វើទារុណកម្មដោយដោះសម្លៀកបំពាក់។
ស្ត្រីខ្មែរ ២នាក់នោះ ត្រូវមិត្តភ័ក្ដិធ្វើការជាមួយលួចថតរូបនាងត្រូវគេធ្វើទារុណកម្ម និងដោះសម្លៀកបំពាក់ក្រៅ នៅគ្រាដែលនាងទាំងពីរត្រូវគេធ្វើទារុណកម្មនៅក្នុងបន្ទប់កាស៊ីណូមួយដែលគេមិនស្គាល់ឈ្មោះនៅប្រទេសថៃ ហើយបានបង្ហោះរូបភាពនាងតាមប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook) ដើម្បីជូនព័ត៌មានមកក្រុមគ្រួសាររបស់នាងនៅស្រុកខ្មែរឲ្យបានដឹង។
ក្រោយពេលមានរូបបង្ហោះតាមហ្វេសប៊ុក គេបានដឹងថា ស្ត្រីជាជនរងគ្រោះទាំងពីរនាក់ ម្នាក់មានឈ្មោះថា ថាប់ នីដា ហៅ ស្រីដែន និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។ លោកស្រី គឹម នី ត្រូវបងស្រីរបស់ស្ត្រីឈ្មោះ ថាប់ នីដា ហៅ ស្រីដែន ដែលបានធ្វើដំណើរទៅកិច្ចអន្តរាគមន៍ពីស្ថានទូតខ្មែរនៅក្រុងបាងកក ប្រទេសថៃ។ លោកស្រីបញ្ជាក់នៅថ្ងៃទី១៦ ខែធ្នូ ពីក្រុងបាងកក មកថា ព័ត៌មានដែលគាត់ទទួលបាន គឺប្អូនស្រីរបស់គាត់កំពុងជាប់ឃុំ និងរងការធ្វើទារុណកម្មនៅក្នុងកាស៊ីណូមួយនៅក្នុងក្រុងបាងកក ប្រទេសថៃ៖ «អ្នកគេឲ្យការណ៍ពីក្នុងមកគ្នាជិតស្លាប់ហើយ វាវាយដំធ្វើបាបយើងសព្វគ្រប់។ ពីដំបូងថាមានគ្នីគ្នា តែដល់ក្រោយមកថាគេចាប់បានតែប្អូនខ្ញុំម្នាក់គេវាយធ្វើបាប»។
នៅរូបភាពដែលគេបង្ហោះតាមប្រព័ន្ធសង្គមហ្វេសប៊ុក គឺនាងទាំងពីរនាក់ត្រូវគេដោះសំលៀកបំពាក់ចេញអស់ពីខ្លួននៅសល់តែខោទ្រនាប់នៅក្នុងបន្ទប់កាស៊ីណូមួយ ដែលជាទីកន្លែងធ្វើទារុណកម្មទៅលើរូបនាងនៅក្នុងក្រុងបាងកក ប្រទេសថៃ។ បងស្រីជនរងគ្រោះម្នាក់ទៀតឈ្មោះ ថាប់ ចិន្ដា រស់នៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ ថ្លែងថា ប្អូនស្រីរបស់គាត់ឈ្មោះ ថាប់ នីដា បានទៅធ្វើការនៅកាស៊ីណូ ក្នុងបាងកក អស់រយៈជាង ២ឆ្នាំមកហើយ។
នៅស្រុកថៃ នាងតែងតែទាក់ទងតាមទូរស័ព្ទមកក្រុមគ្រួសារនៅស្រុកខ្មែររាល់ថ្ងៃ ប៉ុន្តែចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏បាត់ដំណឹងសូន្យ ហើយក្រុមគ្រួសារទូរស័ព្ទពីស្រុកខ្មែរទៅក៏ទាក់ទងលែងបាន។ លោកស្រីបន្តថា លុះក្រោយមកស្រាប់តែឮដំណឹងពីមិត្តភ័ក្ដិនាង និងឃើញរូបភាពនាងត្រូវគេបង្ហោះតាមប្រព័ន្ធសង្គមហ្វេសប៊ុក ទាំងរូបកាយអាក្រាតជាមួយស្ត្រីម្នាក់ខ្មែរទៀតមិនស្គាល់ឈ្មោះ៖ «ឮតាមខ្សែរយៈមិត្តភ័ក្ដិថា គេធ្វើទារុណកម្មហើយតាមរយៈប្អូនជីដូនមួយរបស់ខ្ញុំទូរស័ព្ទមកប្រាប់ថា ធ្វើទារុណកម្មវាយស្រាតខោស្រាតអាវបង្ហោះហ្វេសប៊ុក»។
ទន្ទឹមគ្នានេះ ក្រុមគ្រួសារជនរងគ្រោះបានសុំឲ្យស្ថានទូតខ្មែរនៅក្រុងបាងកក និងសមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យជួយអន្តរាគមន៍ក្នុងករណីនេះ។ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បញ្ជាក់ថា តាមព័ត៌មានដែលលោកទទួលបាន គឺជនរងគ្រោះឈ្មោះ ថាប់ ដានី ហៅ ស្រីដែន ត្រូវម្ចាស់កាស៊ីណូចោទពីបទលួចលុយចំនួន ៧លានបាត។
បច្ចុប្បន្នរូបនាងនឹងស្ត្រីខ្មែរម្នាក់ទៀត ត្រូវគេឃុំខ្លួនធ្វើទារុណកម្មនៅកាស៊ីណូ មិនស្គាល់ឈ្មោះមួយ ក្នុងក្រុងបាងកកប្រទេសថៃ។ សមាគមអាដហុក ចាត់ទុកថា នេះជាអំពើទារុណកម្មរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ សមាគមបានអន្តរាគមន៍ទៅស្ថានទូតខ្មែរប្រចាំក្រុងបាងកក។
ឯកអគ្គរាជទូតខ្មែរប្រចាំក្រុងបាងកក លោកស្រី យូ អយ បញ្ជាក់ថា ស្ថានទូតមានការលំបាកក្នុងការស្វែងរកទីតាំងកាស៊ីណូ នៅក្រុងបាងកក ដោយសារតែក្រុមគ្រួសារពុំបានស្គាល់ឈ្មោះ និងទីតាំងច្បាស់លាស់។ ទោះយ៉ាងនេះក្ដីលោកស្រី យូ អយ បញ្ជាក់ថា មន្ត្រីស្ថានទូតខ្មែរនៅក្រុងបាងកក កំពុងស្វះស្វែងស្រាវជ្រាវរកទីតាំងកាស៊ីណូនោះ ដើម្បីជួយសង្គ្រោះជនរងគ្រ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។