សមាជិកសភាអាមេរិកលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ថ្កោលទោសរបបលោក ហ៊ុន សែន ដែលបានចាប់យុវជនជាច្រើននាក់ ដាក់ពន្ធនាគារ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញកាលពីថ្ងៃទី ១៥ ខែ កញ្ញា លោក អាឡែន ឡូវ៉ិនស្សល ថារបបលោក ហ៊ុន សែន ធ្វើតាមតែអំពើចិត្ត ដោយបំពានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការចាប់ខ្លួនយុវជនទាំងនោះ។
លោកបន្ថែមថា សកម្មភាពតស៊ូមតិ ឬតវ៉ាដោយសន្តិវិធី ឬរិះគន់រដ្ឋាភិបាល គឺជាការប្រើប្រាស់សិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋាន និងចាំបាច់សម្រាប់ដំណើរការប្រជាធិបតេយ្យត្រឹមត្រូវមួយ។ យុវជនដែលចូលរួមសកម្ម ក្នុងជីវភាពនយោបាយបែបនេះ គួរតែរបបលោក ហ៊ុន សែន លើកទឹកចិត្តពួកគាត់ មិនមែនចាប់ពួកគាត់ដាក់គុកនោះទេ
លោកបន្តថា យុវជនទាំងនេះ គឺជាអនាគតរបស់កម្ពុជា ហើយលោកប្តេជ្ញានៅតែបន្តថ្កោលទោសរបបលោក ហ៊ុន សែន ដែលធ្វើបាបប្រជាពលរដ្ឋបែបនេះ។ លោកព្រមានថា ទង្វើរបស់របបនេះ នឹងរឹតតែធ្វើឲ្យកម្ពុជា ប្រឈមទណ្ឌកម្មបន្ថែម ពីសហគមន៍អន្តរជាតិ។ លោករម្លឹកឲ្យលោក ហ៊ុន សែន គិតឲ្យច្បាស់ ថាការបន្តចង់ក្រាញអំណាច និងចង់លើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ មួយណាសំខាន់ជាង?
អាស៊ីសេរីមិនអាចសុំការឆ្លើយតប ពីមន្រ្តីនាំពាក្យរបបក្រុងភ្នំពេញបាននៅឡើយទេ ជុំវិញជំហររបស់សមាជិកសភាអាមេរិករូបនេះ។ ប៉ុន្តែលោក ផៃ ស៊ីផាន ធ្លាប់អះអាងជាញឹកញាប់ពីមុនមកថា លោកមិនចាប់អារម្មណ៍នឹងតំណាងរាស្រ្តអាមេរិក ដែលលោកអះអាងថាជាអ្នកប្រឆាំងកម្ពុជា ដើម្បីប្រយោជន៍នយោបាយ។
ទោះជាយ៉ាងនេះក្តី សមាជិកសភាអាមេរិកកន្លងមកមានឥទ្ធិពលក្នុងការធ្វើច្បាប់ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីរបបក្រុងភ្នំពេញជាហូរហែមកហើយ។
លោក អាឡែន ឡូវ៉ិនស្សល កាលពីដើមឆ្នាំ ២០១៩ ក៏ធ្លាប់បានស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក ពិចារណាឡើងវិញ លើប្រព័ន្ធអនុគ្រោះពន្ធទូទៅ ផ្នែកពាណិជ្ជកម្ម ឬ GSP ដោយសារតែរបបលោកហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនេះ។
បើតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេបំផុតមួយរបស់កម្ពុជា។ កម្ពុជានាំទំនិញចេញទៅកាន់អាមេរិក ក្នុងឆ្នាំ ២០១៩ មានទឹកប្រាក់ជិត ៥,៤ ពាន់លានដុល្លារ។ ក្នុងនោះ ទំនិញក្នុងតម្លៃជិត ១ ពាន់លានដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរ ដែលរួមមានកាបូបដៃ វ៉ាលីស និងកាបូបស្ពាយ ដែលត្រូវបានលើកលែងការបង់ពន្ធគយ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ឬ GSP។
កម្ពុជាទើបតែបាត់បង់ការអនុគ្រោះពន្ធ EBA ២០% ដែលមានទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារ ដោយសារតែសហភាពអឺរ៉ុបថ្កោលទោស រឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
អ្នកឃ្លាំមើលសង្គម ធ្លាប់ព្រមានរបបក្រុងភ្នំពេញជារឿយៗថា បើរបបនេះមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ នោះទណ្ឌកម្មថ្មីបន្ថែមទៀត អាចរួមទាំងការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកផងដែរ នឹងធ្លាក់មកលើកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។