អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) បានចេញរបាយការណ៍សង្ខេបស្ដីពីការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្សរយៈពេល ២ឆ្នាំនៅខែកក្កដា ដោយបានរកឃើញថា អ្នកការពារសិទ្ធិមនុស្ស បុគ្គលឯករាជ្យ និងមនុស្សល្បីៗនៅក្នុងសង្គម បានក្លាយទៅជាជនរងគ្រោះ ខណៈដែលស្ថានការណ៍នយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានភាពផុយស្រួយ។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ទាត់ចោលរបាយការណ៍នេះ និងបានហៅរបាយការណ៍នេះជាការសរសេរដើម្បីសុំលុយជំនួយពីបរទេស។
របាយការណ៍របស់អង្គការលីកាដូ រកឃើញថា អ្នកការពារសិទ្ធិមនុស្សមួយចំនួនប្រឈមមុខនឹងបទចោទប្រកាន់ដែលគ្មានមូលដ្ឋានត្រឹមត្រូវ ហើយយកទៅដាក់ឃុំក្នុងពន្ធនាគារ ឬប្រឈមមុខនឹងការរំលោភបំពាន ការបំភិតបំភ័យ និងការតាមដានពីជនមិនស្គាល់អត្តសញ្ញាណ។
ចំណែកបុគ្គលឯករាជ្យ និងជនល្បីៗវិញ រងការបាញ់សម្លាប់ និងចាប់ដាក់ពន្ធនាគារ ដូចជាករណីលោកបណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នកវិភាគនយោបាយ លោក គឹម សុខ ត្រូវបានចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ រងការចោទពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងមតិដែលបានបញ្ចេញ។
អ្នកតំណាងសហគមន៍ជម្លោះដីធ្លីរងការបង្ក្រាប គំរាម និងចាប់ដាក់ពន្ធនាគារ សកម្មជនការពារបរិស្ថាន ត្រូវបានរងការវាយប្រហារ អាជ្ញាធររារាំង ចាប់ខ្លួន ឃាត់ខ្លួន និងនិរទេសចេញពីប្រទេស។ និស្សិត និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល រងការរារាំង គំរាមកំហែងដោយកាំភ្លើង មេដឹកនាំសហគមន៍ត្រូវបានតុលាការកោះហៅ និងអាជ្ញាធរឃាត់ខ្លួន អ្នកតវ៉ាជំទាស់ច្បាប់ស្ដីពីអង្គការសមាគម ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ អ្នករិះគន់តាមប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គម រងការចាប់ខ្លួន អ្នកឃ្លាំមើលសិទ្ធិមនុស្សត្រូវបានចាប់ខ្លួន និងរងការវាយដំ បន្ទាប់មកតុលាការកោះហៅក្នុងឋានៈជាជនសង្ស័យ អ្នកតវ៉ាសិទ្ធិមនុស្សត្រូវបានឃាត់ខ្លួន សកម្មជនរងរបួសក្នុងពេលតវ៉ាដីធ្លីត្រូវតុលាការផ្ដន្ទាទោស។
មេដឹកនាំសហគមន៍ ត្រូវតុលាការចោទពីបទឈូសឆាយដីព្រៃរបស់រដ្ឋ កម្មករកាត់ដេរ និងសហជីព ត្រូវបានបុគ្គលិក និងសន្តិសុខរោងចក្រ ស្ដារឡែថ័ អឹភឺរិល (Starlight Apparel) វាយប្រហារដោយបំពង់ដែក ដំបង និងកាំបិត នៅពេលប្រមូលផ្ដុំតវ៉ាទាមទារលក្ខខណ្ឌការងារល្អជាងមុន អ្នកតវ៉ាដោយសន្តិវិធីរងការវាយដំដោយជនពាល និងចាប់ខ្លួន មេដឹកនាំសហជីពត្រូវបានផ្ដន្ទាទោស សមាជិកសហជីពត្រូវឃាត់ខ្លួន និងវាយដំឲ្យសារភាព សកម្មជនក្នុងសហគមន៍រងការគំរាមកំហែង បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរារាំងមិនឲ្យបណ្ដុះបណ្ដាលសហគមន៍ជនជាតិដើមភាគតិច សកម្មជនបរិស្ថាន ត្រូវបានវាយប្រហារ សមាជិករដ្ឋាភិបាលព្រមានសង្គមស៊ីវិលជាសាធារណៈ និងចោទប្រកាន់របាយការណ៍របស់សង្គមស៊ីវិល មន្ត្រី គ.ជ.ប ត្រូវជាប់ឃុំឃាំង នគរបាលរារាំងសកម្មភាពជួបប្រជុំ អាជ្ញាធរចុះរារាំងការអប់រំពីការបោះឆ្នោត ការប្រារព្ធទិវាសិទ្ធិមនុស្សរងការរារាំង គណនីប្រព័ន្ធអេឡិចត្រូនិករបស់សកម្មជនសិទ្ធិមនុស្ស និងដីធ្លី រងការលុកលុយ និងការចាប់ខ្លួនយុវជនពាក់ព័ន្ធការបញ្ចាំងវីដេអូពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជាដើម។
អង្គការលីកាដូ ក៏រកឃើញថា អំពើហិង្សាដែលកងសន្តិសុខប្រដាប់ដោយដំបង ឬយាដៃវាយសំពងលើអ្នកតវ៉ាអហិង្សាមានការគាំទ្រដោយអាជ្ញាធរ។ កងសន្តិសុខបានប្រព្រឹត្តហិង្សាម្ដងហើយម្ដងទៀតដោយគ្មានការផ្ដន្ទាទោស។ អ្នកការពារសិទ្ធិមនុស្សជាប់ឃុំឃាំងយូរជាងអ្នកវាយតំណាងរាស្ត្រទៅទៀត។ អាជ្ញាធរបានបន្តប្រើប្រាស់មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌដោយមិនត្រឹមត្រូវ ដើម្បីបំបិទមាត់អ្នកការពារសិទ្ធិមនុស្ស រាប់តាំងពីការបកស្រាយមិនត្រឹមត្រូវលើភាពស្របច្បាប់នៃការងារសិទ្ធិមនុស្ស ថាជាអំពើសូកប៉ាន់សាក្សី ហើយការបកស្រាយមិនត្រឹមត្រូវនៃច្បាប់ព្រហ្មទណ្ឌនេះ បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងគណបក្សកាន់អំណាច ហើយអាចជាឧបករណ៍ដើម្បីបំភ័យ និងរារាំងសង្គមស៊ីវិល។
ពាក់ព័ន្ធនឹងរបាយការណ៍ដែលអង្គការលីកាដូ រកឃើញរយៈពេល ២ឆ្នាំនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហៅរបាយការណ៍នេះគ្រាន់តែជាការសរសេរដើម្បីសុំលុយជំនួយតែប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន ហៅការចាប់ខ្លួន និងការបង្ក្រាបរបស់អាជ្ញាធរដើម្បីសន្តិសុខសង្គម៖ « ការលើកឡើងនេះជាការលើកឡើងប្រាសចាកពីការពិត គ្រាន់តែយករាជរដ្ឋាភិបាលជាសត្រូវ។ យើងសោកស្ដាយដែលគាត់លើកឡើងដូច្នេះ។ យើងតែងតែសហការជាមួយជានិច្ចនៅពេលដែលអង្គការទាំងនោះមានភាពសុចរិត ក្នុងការបម្រើការងាររបស់គេដោយមិនលម្អៀង។ បើសិនជាគេធ្វើទៅតាមអ្វីដែលជាការងារនៃអង្គការមិនមែនរដ្ឋាភិបាល យើងតែងតែជួយជានិច្ច » ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ថា របាយការណ៍ដែលលីកាដូចេញផ្សាយ បានលើកយកករណីជាក់ស្ដែង ហើយការចេញរបាយការណ៍នេះមិនមែនចង់រិះគន់ ឬបន្តុះបង្អាប់រដ្ឋាភិបាលនោះទេ តែចេញក្នុងនាមកែលំអឲ្យមានភាពប្រសើរជាងនេះផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្នើឲ្យរដ្ឋាភិបាលគួរតែពិនិត្យមើល និងរកដំណោះស្រាយ ជៀសវាងការលាបពណ៌ដាក់គ្នា ព្រោះសង្គមស៊ីវិលគឺជាដៃគូអភិវឌ្ឍន៍របស់រដ្ឋាភិបាល៖ « ទាំងរបាយការណ៍របស់អង្គការជាតិក្ដី អន្តរជាតិក្ដី រហូតទៅដល់ការរិះគន់របស់សហគមន៍អឺរ៉ុប ក៏ដូចជាអង្គការសហប្រជាជាតិ ពីរឿងរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្ស គឺខាងរដ្ឋាភិបាលគឺតែងតែមានការបដិសេធ។ ខ្ញុំគិតថា ដំណោះស្រាយអ្វីជាការល្អ គួរតែយើងពិនិត្យមើលថាអ្វីដែលមិនទាន់បានកែលំអ ឬខ្វះចន្លោះ យើងខិតខំកែប្រែទាំងអស់គ្នា » ។
បើទោះជារបាយការណ៍អង្គការលីកាដូ បានចេញផ្សាយថា អ្នកការពារសិទ្ធិមនុស្សរងការគំរាមរំលោភបំពាន ឬមានហានិភ័យនៅពេលហ៊ានបញ្ចេញមតិរិះគន់ក៏ដោយ លោក អំ សំអាត ប្រាប់ថា លោកធ្លាប់ឆ្លងកាត់ហានិភ័យនេះច្រើនហើយ ប៉ុន្តែលោកមិនមានភាពតក់ស្លុតនោះទេ ព្រោះលោកយល់ថា នេះជាការជួយដល់សិទ្ធិរបស់ពលរដ្ឋ និងមិនបានធ្វើអ្វីខុសច្បាប់នោះទេ។
ចំណែកមន្ត្រីរបស់អង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ដែលធ្លាប់រងការឃុំឃាំងជាង ១ឆ្នាំលើការងារផ្នែកសិទ្ធិមនុស្ស ហើយត្រូវបានតុលាការដោះលែងកាលពីចុងខែមិថុនា ក៏ប្ដេជ្ញានៅតែបន្តតួនាទីជាអ្នកការពារសិទ្ធិមនុស្សដដែល ដោយគ្មានភាពភ័យខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។