យុវជនសង្គ្រោះជាតិរិះគន់លោក ហ៊ុន សែន ថាជាមេដឹកនាំ “ស្តោះហើយលេប” វិញ

ដោយ មួង ណារ៉េត
2020.09.25
CNRP រូបត្លុក​នយោបាយ​ក្រោម​ចំណង​ជើង "ការលើក​ទឹកចិត្ត​មនុស្ស​ជំនាន់​ក្រោយ​នៅ​កម្ពុជា ​ក្រោម​របប​លោក ហ៊ុន សែន"
RFA

យុវជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់ រិះគន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា​ជាមេដឹកនាំ​ដែល​មិន​គោរព​ពាក្យ​សច្ចៈ និង​គិត​តែ​ពីការ​បង្ក្រាប​សំឡេង​ប្រឆាំង​ ជាង​ពី​ប្រយោជន៍​​​ជាតិ។ ប្រតិកម្ម​នេះ គឺ​បន្ទាប់ពី​របបក្រុ​ងភ្នំពេ​ញ​ចាប់​ផ្តើម​សើរើ​សំណុំ​រឿង​ចាស់​ដែល​របប​នេះ​បាន​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​សង្គ្រោះជាតិ​ និង​ត្រៀម​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​គាំទ្រ​គម្រោង​មាតុនិវត្តន៍លើក​ទីពីរ​​របស់​លោក សម រង្ស៊ី។

ក្រុម​យុវជន​សង្គ្រោះជាតិ​ជឿជាក់​ថា ការ​សើរើរឿងក្តីចាស់ៗ និង​ការ​ត្រៀម​បង្ក្រាប​​អ្នក​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​​លើក​ទីពីររបស់​លោក សម រង្ស៊ី បង្ហាញ​ថា របបក្រុង​ភ្នំពេញ ជាពិសេស​ លោក ហ៊ុន សែន​ ផ្ទាល់​ មិន​អត់​ឱន​ដល់​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយនោះ​ឡើយ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះជាតិ​ខេត្ត​ត្បូង​ឃ្មុំដែល​កំពុង​ភៀសខ្លួន​នៅក្រៅប្រទេស អ្នកស្រី យ៉ែម វណ្ណណែត ថ្កោល​ទោស​ លោក​ ហ៊ុន​ សែន ដែល​លេប​សម្តីរបស់​ខ្លួន និង​ព្យាយាម​រិះរក​វិធី​កម្ចាត់​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។ អ្នកស្រី​ថ្លែងទៀតថា​​ របបបច្ចុប្បន្ន​កំពុង​ជាន់ឈ្លី​ប្រព័ន្ធ​យុត្តិធម៌ និង​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ផ្តាច់​មុខ​របស់​ខ្លួន ដើម្បី​បង្ក្រាប​សំឡេងរិះគន់ និង​សំឡេង​ប្រឆាំង «បើ​គណបក្ស​កាន់​អំណាច​បន្ត​អាទង្វើ​បែបហ្នឹង​ទៀត ប្រជាពលរដ្ឋ​យើង​នឹង​មិន​អាច​រស់​បាន​សុខ​ទេ នឹង​វេទនា។ ប៉ុន្តែ ខ្ញុំ​ជឿថា បើ​គាត់នៅ​តែ​បន្ត​តែ​បន្តិច​ទៀត ប្រជាពលរដ្ឋ​នឹង​ងើប​ មិន​បាច់​ចាំ​ សម រង្ស៊ី ចូល​ប្រទេស​ក៏​បាន​ដែរ។ បើ​គាត់​នៅ​តែ​ប្រកាន់​អាកប្បកិរិយា ​ធ្វើ​ចរិតឫកពារ ធ្វើ​បាប​ប្រជាពល​រដ្ឋ​បែបនេះ​ទៀត ប្រជាពលរដ្ឋ​នឹង​ងើប»

​កាល​ពី​ថ្ងៃទី២២ កញ្ញា តុលាការ​ខេត្ត​ត្បូងឃ្មុំបាន​កាត់​ទោស​អ្នកស្រី យ៉ែម វណ្ណណែត ឱ្យ​ជាប់​ពន្ធនាគារ​៧ ឆ្នាំពីបទ​រួម​គំនិត​ក្បត់ និង​ចេញដីកាតាម​ចាប់​ខ្លួន​ឡើងវិញ។ នេះ​ជាសំណុំ​រឿង​ចាស់ ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តិរបស់លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។ ក្នុ​ងសំណុំ​រឿងនេះ ក្រៅពី​អ្នក​ស្រី យ៉ែម វណ្ណណែត តុលាការ​ខេត្ត​ត្បូងឃ្មុំ​ បាន​កាត់​ទោស​សកម្មជន​សង្គ្រោះជាតិ​៦ នាក់​ទៀត ឱ្យ​​ជាប់​ពន្ធនាគារខ្លះ​ ៥ ឆ្នាំ និង​ខ្លះទៀត៧ ឆ្នាំ។ ចំណែក តុលាការ​ខេត្ត​កំពតវិញ បាន​កាត់​ទោស​សកម្មជន​សង្គ្រោះជាតិ​ម្នាក់ឱ្យជាប់​ពន្ធនាគារ៥ ឆ្នាំ និង​ចាប់​បញ្ជូន​ទៅឃុំ​ខ្លួន​ភ្លាមៗ ពី​បទរួម​គំនិត​ក្បត់ ដូចគ្នា​នេះដែរ។

អ្នក​ស្រី យ៉ែម វណ្ណណែត ថ្លែងថា ​អ្នក​ស្រី និង​សកម្មជន​ដទៃទៀតមិន​បានធ្វើ​រឿងក្បត់​ជាតិ​នោះទេ ហើយ​ការ​សម្រេច​របស់​តុលាការ​នេះ ធ្វើ​ឡើងតាម​តែការ​ចង់​​បាន​របស់​ក្រុម​លោក ហ៊ុន សែន ប៉ុណ្ណោះ​។

ចំណែក អតីតជំនួយ​ការតំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ យុវជន​ សេង ម៉េងប៊ុនរ៉ុង ថ្លែងថា ពួក​លោក​ដឹង​តាំងពី​ដំបូង​មកម្ល៉េះ​ថា លោក​ ហ៊ុន សែន ​នឹង​ក្បត់​ពាក្យ​សន្យា​របស់​ខ្លួន ទើប​ពួក​លោក​មិន​វិល​ចូល​ស្រុក​តាម​ការ​ប្រកូក​ប្រកាស​របស់​បុរសខ្លាំងខាង​អំពើ​ហិង្សា​រូបនេះ។ លោក​វាយ​តម្លៃថា លោក ហ៊ុន សែន ជា​មេដឹកនាំ​កំសាក ស្តោះហើយលេបវិញ និងពូកែ​ខាង​បំបែក​បំបាក់ ដើម្បី​តែ​ការ​រក្សា​អំណាច​របស់​ខ្លួន «លោក ហ៊ុន សែន មិន​មែន​គាត់​ខ្លាំង​ទេ ប៉ុន្តែ​គាត់​ខ្លាច​អ្នក​លទ្ធិ​ប្រជាធិបតេយ្យ​មាន​នៅលើ​ទឹក​ដី​ប្រទេស​កម្ពុជា ព្រោះកាល​ណា​អ្នក​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​ធ្វើ​ឱ្យ​គាត់​បាត់​បង់​អំណាច​។ អ៊ីចឹង គាត់​រិះរក​គ្រប់​វិធី​ក្នុង​ការ​កម្ចាត់អ្នក​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែអ្នក​​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​រិះរក​គ្រប់​វិធី​​​សម្រាប់​ឱ្យ​ខ្លួន​ឯងបាន​ចូល​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​តស៊ូ​ឱ្យ​ឈ្នះ​ជន​ផ្តាច់​ការ​ដូចគ្នា»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ដង្ហោយ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ទាំងឡាយ ​ដែល​កំពុង​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​។ ការ​ប្រកាសនេះ គឺ​បន្ទាប់​ពីលោក​បាន​ទប់​ស្កាត់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី បាន​ដោយ​ជោគជ័យ​ តាម​រយៈការ​ហាម​ក្រុមហ៊ុន​អាកាសចរណ៍ និង​សុំ​ឱ្យ​ប្រទេស​ជិត​ខាង​បដិសេធ​វត្តមាន​មេបក្ស​ប្រឆាំង​ស្តីទីរូបនេះ ឱ្យ​ចូល​ប្រទេស​ពួក​គេ។ លោក ហ៊ុន សែន ​អះអាង​ថា លោក​នឹង​មិន​យកទោស​ពៃរ៍​អ្វី​លើ​ពួកគេ​ឡើយ ដោយ​លោក​ចាត់ទុកថា សកម្មជន​ទាំងនោះ​ បាន​ចាញ់បោក​ក្រុម​លោក សម រង្ស៊ី «ក្នុងនាម ខ្ញុំ​ព្រះ​ករ​ណា​ខ្ញុំ​ជា​ប្រធាន​នីតិប្រតិបត្តិ ខ្ញុំ​ព្រះករុណា​ខ្ញុំ​អំពាវនាវ​ ឱ្យ​មនុស្ស​ទាំងអស់​ ដែល​កំពុង​រត់គេច​ខ្លួន ត្រឡប់​មក​ភូមិកំណើត​វិញ​។ កុំ​លាក់ខ្លួន​នៅ​កន្លែង​នេះ លាក់ខ្លួន​នៅ​កន្លែង​នោះ​តទៅទៀត ហើយ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ជាពិសេស​នគរបាល និង​អាវុធហត្ថ ក៏ដូចជា​មន្ត្រី​នៅ​មូលដ្ឋាន​ទាំងអស់ កុំ​ធ្វើ​អ្វី​ឱ្យ​សោះ​។ ឱ្យ​គេ​មក​ផ្ទះ​យ៉ាង​ស្រួល ហើយ​រាប់អាន​គេ​ទៅ ធ្វើការ​ជាមួយគ្នា​ទៅ»

ទោះជាយ៉ាងណា របបនេះ​បាន​ចាប់​ផ្តើម​សើរើសំណុំ​រឿង​ចាស់ៗវិញ រហូត​ឈាន​ដល់​ការ​ផ្តន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​សរុប៨ នាក់ ពីបទរួម​គំនិត​ក្បត់។ ជាងនេះទៅទៀត រយៈពេល​ជាងមួយ​ខែមក​នេះ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​ យុវជន និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ​​ សរុប​២០ នាក់ ដោយ​ភាគ​ច្រើន​បំផុត​ពាក់ព័ន្ធ​នឹង​ករណី​​ញុះញង់។

អ្នក​នាំពាក្យ​បក្ស​​កាន់​អំណាច លោក សុខ ឥសាន ទទួល​ស្គាល់​ថា លោក ហ៊ុន សែន ពិត​ជា​បាន​ប្រកាស​ឱ្យ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញមែន ប៉ុន្តែ​លុះត្រាណាពួក​គេ​បញ្ឈប់​សកម្មភាព​នយោបាយ​ជាមួយ​បក្ស​សង្គ្រោះជាតិ បើពុំ​ដូច្នេះទេ ត្រូវ​ប្រឈម​ការ​ចាប់​ខ្លួន​ជាថ្មី។ លោកបញ្ជាក់​ថា អាជ្ញាធរ​នឹង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​បន្ថែម​ទៀត ប្រសិនបើ​ពួក​គេ​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ ​គាំទ្រ​ការ​វិល​ត្រឡប់ម​ក​វិញ​របស់​លោក សម រង្ស៊ី «​បើ​គាត់​នៅ​ជឿ​តាម​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទៀត អាហ្នឹង​គាត់​នឹង​ចូល​គុក​តទៅទៀត ទោះបី​គាត់​ទើប​នឹង​ចេញក៏​ដោយ។ គេ​ដោះលែង​ គេ​ឱ្យ​មក​ចូល​ក្នុង​សង្គម​ជាតិ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​បោះបង់​សកម្មភាព​ឧទ្ទាម​ក្រៅ​ច្បាប់​ហ្នឹង​ចេញ កុំ​ឱ្យ​កម្រើក។ ឥលូវឮថា ទណ្ឌិត​មេឧទ្ទាម​​​ហ្នឹងចង់​​ប្រកាស​ថា ចូល​ស្រុក​ទៀតហើយ បើរំជើប​រំជួល​ អាហ្នឹង​វា​មាន​ការ​ចាប់​ចង​ទៀតហើយ ចៀស​មិន​រួច​ទេ»

អ្នកសិក្សា​ផ្នែក​ច្បាប់​ លោក វ៉ន ចាន់ឡូត មើល​ឃើញថា ការកាត់​ទោស​សកម្មជន​សង្គ្រោះជាតិ​ក្នុង​សំណុំ​រឿង​ចាស់​ទាំងនោះ គឺ​ជារូបភាព​នៃ​ការ​គំរាម​កំហែង​លើ​សកម្មជន​ដទៃទៀត​ កុំ​ឱ្យ​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ លោក​ថា ករណីទាំង​​នេះ​ស្តែង​ឱ្យ​ឃើញថា តុលាការហាក់​មិន​បាន​ធ្វើ​ការ​ដោយ​យុត្តិធម៌​​ និង​ស្រប​តាម​វិជ្ជាជីវៈនោះទេ «ករណី​អ្នក​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ឱ្យ​មាន​ពិរុទ្ធភាព​ ហើយ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ចាប់​ភ្លាមៗ​យក​ទៅដាក់​ពន្ធនាគារ​ហ្នឹង កន្លែង​ហ្នឹង​ដែល​យើង​មើល​ឃើញ ជា​វិធី​សាស្ត្រ​មួយ​ដែល​គណបក្ស​ប្រជាជន​តែង​តែធ្វើ​ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ ឬក៏​ជា​ការ​គំរាម​កំហែង​ចំពោះ​អ្នក​ណា​ដែល​ខ្លួន​គិត​ថា មាន​និន្នាការ​ប្រឆាំង​ ឬក៏​ហ៊ាន​រិះគន់​ការ​ដឹកនាំ​របស់​ខ្លួន​ហ្នឹង​ណា»

អ្នកតាម​ដាន​ស្ថានការណ៍​រូបនេះ​សង្កត់ធ្ងន់​ថា នយោបាយ​ចាប់​ចង​មិនអាច​​បង្កើតសុខដុម​រមនា​នៅក្នុង​សង្គម​នោះទេ ផ្ទុយ​ទៅវិញនឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​កាន់​តែខ្លាំង​ចំពោះ​អ្នក​ដឹកនាំ។ លោក​បន្ថែម​ថា ក្រុម​អ្នក​ដឹកនាំ​គួរ​តែ​ងាក​មក​ផ្តោត​លើការ​លើកស្ទួយ​ជីវភាព​ និង​គោរព​សិទ្ធិមនុស្ស​​វិញ ទើប​ទទួល​បាន​ការគាំទ្រពី​ពលរដ្ឋ​ និង​មាន​សន្តិភាព​ពិត​ប្រាកដនៅ​កម្ពុជា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។