ប្រពន្ធនិងកូនសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ១៥នាក់នាំគ្នាតវ៉ាជាថ្មីទៀត នៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨សីហាដើម្បីស្នើសុំឲ្យតុលាការដោះលែងប្ដីនិងឪពុករបស់ពួកគេដោយឥតលក្ខខណ្ឌ។ការតវ៉ានេះត្រូវបានកងសន្តិសុខខ័ណ្ឌ៧មករាបង្ក្រាបដោយហិង្សាបណ្ដាលឲ្យស្ត្រីជាច្រើននាក់រងរបួស។
ការតវ៉ានេះមានក្រុមស្ត្រីខ្លះបានយកឆ្នាំងបាយធ្វើជាឧបករណ៍តវ៉ានិងយកគម្របឆ្នាំងគោះធ្វើជាសំឡេងលាយឡំនិងសំរែកទាមទាររកយុត្តិធម៌ឲ្យប្ដីដើម្បីបង្ហាញឲ្យអាជ្ញាធរបានដឹងពីទុក្ខលំបាករបស់ពួកគេដែលជាស្ត្រីទន់ខ្សោយរស់នៅដោយគ្មានប្ដី។
ប្រពន្ធចៅសង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោករាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោកឃឹម ភាណាដែលបានចូលរួមតវ៉ាគឺលោកស្រីសុខ បូលីម៉ា ប្រាប់អាស៊ីសេរីថាមូលហេតុដែលពួកលោកស្រីយកឆ្នាំងបាយមកធ្វើជាឧបករណ៍តវ៉ាដោយសារមិនពេញចិត្តចំពោះអាជ្ញាធរចាប់ប្ដីរបស់លោកស្រីនិងអ្នកជាប់ឃុំដទៃដាក់ពន្ធនាគារដោយអយុត្តិធម៌។លោកស្រីបញ្ជាក់ថាប្ដីរបស់ពួកលោកស្រីប្រៀបដូចជាឆ្នាំងបាយដូច្នេះចាប់តាំងពីអាជ្ញាធរចាប់ប្ដីលោកស្រីមកគ្មានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារឡើយ៖ «ខ្ញុំដើរតួប្រុសផងតួស្រីផងចូលធ្វើការកន្លែងណាក៏គេអត់ទទួលដែរ គេថាយើងអ្នកនយោបាយគេមិនអាចទទួលយកទៅធ្វើបានទេ។អីចឹងខ្ញុំមានអារម្មណ៍មួយឈឺចាប់ខ្ញុំយកឆ្នាំងបាយទៅតុលាការឲ្យគេឃើញថាតុលាការចាប់ប្ដីខ្ញុំដូចគាត់ផ្កាប់ឆ្នាំងបាយខ្ញុំមិនឲ្យរស់ព្រោះខ្ញុំរស់ដោយសារឆ្នាំបាយហ្នឹង។បើគាត់ផ្កាប់ឆ្នាំបាយខ្ញុំឲ្យខ្ញុំរស់យ៉ាងម៉េច។ខ្ញុំយល់ថាជាទង្វើអមនុស្សធម៌សម្រាប់ប្រពន្ធជនរងគ្រោះទាំងអស់គ្នាមិនអាចទទួលយកបានទេហើយគាត់បិទសិទ្ធិសេរីភាពពួកខ្ញុំពេញទំហឹង»។
លោកស្រីឲ្យដឹងថា កងសន្តិសុខខ័ណ្ឌ៧មករាប្រមាណ២០នាក់បានបង្ក្រាបដោយហិង្សាលើពួកលោកស្រីដូចជាការក្ដិចតាមរាងកាយនិងការយកក្បាលជង្គង់អុកខ្លួនប្រាណក្រុមអ្នកតវ៉ាបណ្ដាលឲ្យស្ត្រីចំនួន៥ នាក់របួសជាំពេញខ្លួន។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីសុំអត្ថាធិប្បាយអំពីការបង្ក្រាបដោយហិង្សាលើក្រុមអ្នកតវ៉ានេះបានទេ នៅថ្ងៃទី២៨សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ធ្លាប់មានប្រសាសន៍ថាក្រុមអ្នកតវ៉ាទាំងឡាយណាដែលមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរគឺមិនអាចតវ៉ាបាននោះទេ។លោកបន្ថែមថាការតវ៉ាគឺជាដាក់សម្ពាធដល់តុលាការនិងពុំមែនជាដំណោះស្រាយឡើយ។
ផ្ទុយពីការអះអាងបែបនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណាមានប្រសាសន៍ថាអាជ្ញាធរប្រើហិង្សាបង្ក្រាបលើក្រុមអ្នកតវ៉ា គឺជាទង្វើសុខច្បាប់ពីព្រោះការតវ៉ាដោយសន្តិវិធីដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងជនណាម្នាក់គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។បន្ថែមពីនេះលោកថា អាជ្ញាធរប្រើកងសន្តិសុខដែលគ្មានវិជ្ជាជីវៈបង្ក្រាបក្រុមអ្នកតវ៉ានឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ៖ «វាប៉ះពាល់ដល់រដ្ឋាភិបាលខ្លួនឯងទៅវិញទេក្នុងការបកស្រាយបំភ្លឺចំពោះរបាយការណ៍ទៅអង្គការសហប្រជាជាតិពីសកម្មភាពរបស់ខ្លួនហ្នឹងហើយធ្វើឱ្យវិធានការផ្សេងៗជាបន្តបន្ទាប់ទៀតជាក់ស្ដែងយើងឃើញមានសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះEBA ហើយ។យើងមិនដឹងថា ទៅមុខទៀតបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងៗទៀតគេហ្នឹងមានវិធានការបែបណាទៀតចំពោះរដ្ឋាភិបាលកម្ពុជាហ្នឹង»។
ក្រុមស្ត្រីទាំងនោះក្រោយពេលតវ៉ានៅមុខតុលាការភ្នំពេញប្រមាណ១ម៉ោងពួកគាត់នាំគ្នាទៅដាក់ញត្តិនៅស្ថានទូតជប៉ុនបន្តទៀត ដើម្បីឱ្យជួយអន្តរាគមន៍ពួកគាត់។មន្ត្រីស្ថានទូតជប៉ុនបានអនុញ្ញាតឱ្យតំណាងអ្នកតវ៉ាចំនួន៥នាក់ចូលជួបនៅក្នុងស្ថានទូតហើយបានសន្យាថានឹងជួយពួកគាត់ឱ្យអស់ពីលទ្ធភាព។
ការតវ៉ានេះជាលើកទី១០ហើយដោយសារពួកគាត់មិនពេញចិត្តចំពោះអាជ្ញាធរចាប់ប្ដីនិងឪពុករបស់ពួកគេព្រមទាំងលោក រ៉ុង ឈុន និងសកម្មជនសង្គមចំនួន២៣នាក់ដាក់ពន្ធនាគារព្រៃសដោយអយុត្តិធម៌។ តុលាការបានចោទប្រកាន់ក្រុមសកម្មជនបក្សប្រឆាំងនិងសង្គមជនសង្គមទាំងនោះ ពីបទរួមគំនិតក្បត់ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ញុះញង់បង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមនិងពីបទប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។ ប្រពន្ធនិងកូនជនជាប់ឃុំទាំងនោះចាត់ទុកការចោទប្រកាន់នេះថាជាការធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដើម្បីបំពេញមហិច្ឆតានយោបាយរបស់រដ្ឋាភិបាលឯកបក្សដើម្បីបានបន្តអំណាចទៅមុខ។ ក្រុមអ្នកតវ៉ាគ្រោងប្រមូលគ្នាសម្ដែងមតិនៅថ្ងៃសុក្រសប្តាហ៍ក្រោយទៀតហើយនឹងតវ៉ាជាបន្តបន្ទាប់រហូតមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។