សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១០ វិច្ឆិកា អំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងអាជ្ញាធរកម្ពុជា ធានាសេរីភាពពេញលេញនៃការរាយការណ៍របស់អ្នកសារព័ត៌មានដែលបម្រើការនៅប្រទេសកម្ពុជា។ ខេមបូចាសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឃាត់ខ្លួនអ្នកសារព័ត៌មានពីររូបអំឡុងពេលពួកគេចុះទៅរាយការណ៍ព័ត៌មានអំពីសភាពការណ៍នៅច្រកព្រំដែនប៉ោយប៉ែត ទីដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសថា ជាច្រកសម្រាប់វិលចូលកម្ពុជាវិញ។
កាលពីរសៀលថ្ងៃទី៩ វិច្ឆិកា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនអ្នកសារព័ត៌មានវី.អូ.ឌី ពីរនាក់គឺ លោក វណ្ណ វិចារ និងលោក ជន ចាន់រ៉ែន ទៅសាកសួរអស់រយ:ពេលជាង ៣ម៉ោង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខណៈពួកគេកំពុងយកព័ត៌មាននៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាក់ទងនឹងការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
អ្នកសារព័ត៌មានវី.អូ.ឌី គឺ លោក វណ្ណ វិចារ និយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក និងសហការី ម្នាក់ទៀត ត្រូវបានឃាត់ខ្លួនចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៦កន្លះល្ងាច ខណៈលោកទាំងពីរនាក់កំពុងព្យាយាមថតរូប និងថតវីដេអូអំពីសកម្មភាពតវ៉ារបស់អាជីវករដឹកត្រី ដែលបានទាមទារឱ្យអាជ្ញាធរបើកច្រកព្រំដែន ដើម្បីបានយកត្រីទៅលក់ក្នុងទឹកដីថៃ។
លោក វណ្ណ វិចារ បន្តថា នៅពេលសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ លោកមានការព្រួយបារម្ភខ្លាំង ដោយសារតែអាជ្ញាធរមិនអនុញ្ញាតឱ្យលោកទាក់ទងទៅថ្នាក់ដឹកនាំស្ថាប័ន និងគ្រួសារឡើយ។ ចំណែកសម្ភារៈបំពេញការងារ ម៉ាស៊ីនថតរូប ទូរស័ព្ទដៃ និងកុំព្យូទ័រ លោកថា សុទ្ធតែត្រូវបានសមត្ថកិច្ចត្រួតពិនិត្យ សូម្បីតែសារឆ្លើយឆ្លងឯកជនរបស់លោកតាមទូរស័ព្ទ សារឆ្លើយឆ្លងជាច្រើន តាមបណ្ដាញសង្គម ហ្វេសប៊ុក តេឡេក្រាម អត្ថបទព័ត៌មានចាស់ៗ ដែលមិនពាក់ព័ន្ធនឹងរឿងកើតឡើងក្នុងអំឡុងពេលនោះក៏ដោយ ក៏សុទ្ធតែត្រូវសមត្ថកិច្ចស្ដាប់ និងអាន ដោយសមត្ថកិច្ចបញ្ជាក់ថា ដើម្បីស្វែងរកភស្តុតាង។ អ្នកសារព័ត៌មានរូបនេះយល់ថា ទង្វើរបស់មន្ត្រីកងរាជអាវុធហត្ថគឺប៉ះពាល់ធ្ងន់ធ្ងរ ដល់សិទ្ធិឯកជនរបស់លោក និងមិត្តរួមការងារ។ មន្ត្រីកងរាជអាវុធហត្ថ បានឱ្យអ្នកទាំងពីរធ្វើកិច្ចសន្យាមួយ មុននឹងដោះលែងវិញ។ មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា ការឃាត់ខ្លួននេះ ជាការពង្រឹងសន្តិសុខ ស្របពេលស្ថានការណ៍នយោបាយតឹងតែង។
ទោះជាយ៉ាងណា នាយកប្រតិបត្តិនៃខេមបូចា លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការហៅអ្នកសារព័ត៌មានទាំងពីរនាក់ទៅសាកសួរ ធ្វើឱ្យអ្នកសារព័ត៌មានមានភាពភ័យខ្លាច ព្រោះពួកគេមិនបានធ្វើអ្វីខុសនោះទេ ហើយពួកគេថែមទាំងពាក់អាវដែលមានសញ្ញាជាអ្នកសារព័ត៌មានថែមទៀត។ លោកថា ការហៅទៅសាកសួរនេះបង្ហាញថា អាជ្ញាធរកំពុងរឹតត្បិតសេរីភាពរបស់អ្នកសារព័ត៌មានកម្ពុជា។ លោកបន្តថា ប្រជាជនកម្ពុជាកំពុងចង់ដឹងអំពីការវិវត្តព្រឹត្តិការណ៍នយោបាយនៅកម្ពុជា ហើយការរាយការណ៍ព្រឹត្តិការណ៍នយោបាយនៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិតជាមានសារសំខាន់ណាស់សម្រាប់សាធារណជន។
ខេមបូចា ស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធានាថា អ្នកសារព័ត៌មាននៅទូទាំងប្រទេស មានសេរីភាពពេញលេញក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ដោយពុំមានភាពភ័យខ្លាច ការគាបសង្កត់ និងការចោទប្រកាន់នានា ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៤១ ដែលចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។