ក្រសួង​ការ​បរទេស​អាមេរិក​ថា កម្ពុជា​មិន​បាន​ផ្ដល់​ឱកាស​ដូច​គ្នា ដល់​ពលរដ្ឋ​គោរព​ជំនឿ​សាសនា​ដទៃ​ទៀត ខុស​ពី​ព្រះពុទ្ធ​សាសនា

ក្រសួង​ការ​បរទេស​អាមេរិក វាយ​តម្លៃ​ថា រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ឱកាស ឬ​ការ​ប្រព្រឹត្តិ​ដូច​គ្នា ចំពោះ​ពលរដ្ឋ​គោរព​ជំនឿ​សាសនា​ដទៃ​ទៀត ខុស​ពី​ព្រះ​ពុទ្ធសាសនា នៅ​កម្ពុជា​ឡើយ។ ជាក់​ស្ដែង រដ្ឋាភិបាល​នៅ​តែ​បន្ត​បដិសេធ មិន​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន UNHCR ទទួល​យក​ជន​ជាតិ​ដើម​ភាគ​តិច ម៉ុងតាញ៉ា-វៀតណាម​កាន់​សាសនា​គ្រិស្ត ដែល​បាន​ភៀស​ខ្លួន​ពី​វៀតណាម​ចូល​មក​កម្ពុជា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀសខ្លួន ឡើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល បដិសេធ ការ​វាយ​តម្លៃ​នេះ ហើយ​ថា កម្ពុជា​ជា​ប្រទេស ស្ទើរ​តែ​ឈាន​មុខ​គេ​ក្នុង​តំបន់​ខាង​ការ​គោរព សេរីភាព​ជំនឿ​សាសនា។

របាយការណ៍​សេរីភាព​អន្តរ​សាសនា​ឆ្នាំ២០១៩ សម្រាប់​ប្រទេស​កម្ពុជា ចេញផ្សាយ កាល​ពី​ថ្ងៃ​ទី១០​ មិថុនា រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បន្ត​លើក​កម្ពស់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ពុទ្ធសាសនា​ជា​បុណ្យ​ជាតិ។ រដ្ឋាភិបាល​ក៏​ផ្ដល់​ការ​បណ្ដុះបណ្ដាល និង​ការ​អប់រំ​ផ្នែក ព្រះពុទ្ធសាសនា ដល់​ព្រះសង្ឃ និង​អ្នក​គោរព​ពុទ្ធ​សាសនា នៅ​តាម​វត្ត​អារាម ព្រម​ទាំង​ផ្ដល់​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​វិទ្យាស្ថាន ដែល​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​បោះ​ពុម្ព​ផ្សាយ​ឯកសារ​នានា ពាក់ព័ន្ធ​នឹង​វប្បធម៌ ប្រពៃណី​ខ្មែរ និង​ព្រះពុទ្ធ​សាសនា។ ក៏ប៉ុន្តែ ក្រសួង​ការ​បរទេស​អាមេរិក​ថា រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ការ​ប្រព្រឹត្តិ​ដូច​គ្នា​នេះ ចំពោះ​ក្រុម​ពលរដ្ឋ​ដែល​គោរព​ជំនឿ​សាសនា​ដទៃ​ទៀត ខុស​ពី​ព្រះពុទ្ធ​សាសនា ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំង​ការ​មិន​ប្រកាស​ទិវា​បុណ្យ​សាសនា​ដទៃ​ផង។

ឆ្លើយ​តប​បញ្ហា​នេះ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក ជិន ម៉ាលីន ថា កម្ពុជា​សឹង​តែ​ជា​ប្រទេស​នាំ​មុខ​គេ​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ខាង​ការ​គោរព​សេរីភាព​ជំនឿ​សាសនា។ លោក​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ក្រុម ពហុ​សាសនា និង​ពហុ​ជាតិ​សាសន៍ ដែល​ពួក​គេ​អាច​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​សង្គម​ប្រកប​ដោយ ភាព​សុខដុមរមនា ដោយ​ពុំ​មាន​វិវាទ គ្មាន​ការ​រើសអើង ឬ​អំពើ​ហិង្សា​ផ្នែក​សាសនា​ឡើយ៖ « ត្បិត​តែ​រដ្ឋធម្មនុញ្ញ​ទទួល​ស្គាល់​ព្រះពុទ្ធ​សាសនា​ជា​សាសនា របស់​ជាតិ ក៏​រដ្ឋធម្មនុញ្ញ​ទទួល​ស្គាល់​ផង​ដែរ នូវ​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រកាន់​យក​ជំនឿ និង​សាសនា​របស់​ប្រជា​ពលរដ្ឋ។ អ៊ីចឹង ប្រជា​ពលរដ្ឋ គឺ​អាច​ប្រកាន់​យក​ជំនឿ ទាំង​សាសនា ណា​ក៏​បាន​ដែរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គេ​រស់​នៅ​ជាមួយ​គ្នា​ដោយ​ភាព​សុខដុមរមនា ដោយ​មិន​មាន​វិវាទ បញ្ហា ឬ​ក៏​អំពើ​ហិង្សា»

យ៉ាងណាក៏ដោយ របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ថា រដ្ឋាភិបាល​បាន​បន្ត​បដិសេធ មិន​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ជន​ភៀស​ខ្លួន UNHCR ទទួល​យក​ជា​អចិន្ត្រៃយ៍ ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម​កាន់​សាសនា​គ្រិស្ត ដែល​បាន​រត់​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន និង​ទទួល បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ឡើយ។ របាយការណ៍​គូស​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​ជាតិ​ភាគ​តិច ម៉ុងតាញ៉ា-វៀតណាម​កាន់​សាសនា​គ្រិស្ត​ប្រមាណ ២០០នាក់ ដែល​បាន​រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ២០១៧ ពួក​គេ ២៧នាក់​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។ រដ្ឋាភិបាល​បាន​ចាប់​បញ្ជូន​ជន​ម៉ុងតាញ៉ា ៤ នាក់​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៩។ អង្គការ UNHCR ថា ក្នុង​ចំណោម​ជន​ទាំង ៤នាក់​នោះ មាន​ម្នាក់​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វៀតណាម​វិញ រីឯ​ជន​ម៉ុងតាញ៉ា ៣នាក់​ទៀត មិន​អាច​បំពេញ បាន​តាម​លក្ខខណ្ឌ​សម្រាប់​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន។ របាយការណ៍​សរសេរ​បន្ត​ថា រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ជន​ម៉ុងតាញ៉ា​ទាំង ២៧នាក់ ដែល​នៅ​សល់​នោះ ផ្លាស់​ទី​ទៅ​ប្រទេស​ទី​បី​បាន ប្រសិន​បើ​អង្គការ UNHCR ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​វៀតណាម។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នេះ​ត្រូវ​អង្គការ UNHCR បដិសេធ។

ជុំវិញ​បញ្ហា​សិទ្ធិ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​កាន់​សាសនា​គ្រិស្ត​នេះ លោក ជិន ម៉ាលីន បដិសេធ​ថា ពួក​គេ​មិន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​នោះ​ទេ៖ « ពាក់ព័ន្ធ​រឿង​ម៉ុងតាញ៉ា​អី​ហ្នុង វា​មិន​មែន​ទាក់ទង​នឹង​រឿង​សិទ្ធិ សេរីភាព​ផ្នែក​សាសនា​អី​នោះ​ទេ គឺ​វា​ពាក់ព័ន្ធ​ទៅ​ដល់​លក្ខខណ្ឌ​ជន​ភៀស​ខ្លួន និង​ជន​ដែល សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទេ។ ធម្មតា​តែ​កាល​ណា​ក្រុម​ទាំង​អស់​នោះ មិន​បាន​បំពេញ​នូវ​គ្រប់​លក្ខខណ្ឌ ដែល​គេ​កំណត់​ថា ជា​ជន​ភៀស​ខ្លួន ឬ​ក៏​ជន​សុំ​សិទ្ធិ ជ្រកកោន​នោះ គឺ​គេ​អាច​បដិសេធ​បាន »

ក៏ប៉ុន្តែ លោក ជិន ម៉ាលីន មិន​បាន​លើក​ឡើង​ពី​ដើម​ចម​ដែល​នាំ​ឲ្យ​ជន​ម៉ុងតាញ៉ា​ទាំង​នោះ រត់​ភៀស​ខ្លួន​ចូល​មក​កម្ពុជា ដោយសារ​តែ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ វៀតណាម ព្រោះ​ពួក​គេ​ប្រកាន់​ជំនឿ​តាម​បែប​គ្រិស្ត​សាសនា​នោះ​ឡើយ។

ក្រៅ​ពី​បញ្ហា​នេះ របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក ក៏​បាន​លើក​ឡើង​ដែរ​ថា នៅ​តែ​មាន សេចក្ដី​រាយការណ៍​នានា អំពី​ឧបស័គ្គ​សង្គម ជួប​ប្រទះ​ដោយ​ជន​ជាតិ​ចាម និង​គ្រិស្ត​សាសនិក ជា​ពិសេស​ទាក់ទង​នឹង​ការ​ទទួល​បាន​ឱកាស​ការងារ និង​ការ​អភិវឌ្ឍ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។

រីឯ ការសម្លាប់​មនុស្ស​ពាក់ព័ន្ធ​នឹង​អំពើ​អាប​ធ្មប់​វិញ ក៏​នៅ​តែ​មាន ដោយ​សហគមន៍​អ្នក​កាន់ ព្រះពុទ្ធ​សាសនា​នៅ​តែ​បន្ត​ចាត់​ទុក​ជន​ជាតិ​ចាម និង​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ដទៃ​ទៀត ក្រោម​ការ​សង្ស័យ​ថា ជនជាតិ​ទាំង​នោះ​ចេះ​អំពើ​អាប​ធ្មប់។ របាយការណ៍​លើក​ឡើង​ថា ក្នុង​ឆ្នាំ២០១៩ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២នាក់ ត្រូវ​បាន​អ្នក​ភូមិ​សម្លាប់​ដោយ​សារ​តែ សង្ស័យ​ថា ចេះ​អំពើ​អាប​ធ្មប់។ ផ្អែក​តាម​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របាយការណ៍​ថា បទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​អំពើ​ការប្រព្រឹត្តិ អំពើ​អាប​ធ្មប់ បាន​ថយ​ចុះ​នៅ​តំបន់​ទី​ប្រជុំ​ជន ប៉ុន្តែ​នៅ​តែ​ជា​បញ្ហា​ដដែល​សម្រាប់​តំបន់ ជនបទ។ ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៨ មាន​បទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​អំពើ​អាប​ធ្មប់​ចំនួន ៤៩ករណី ក្នុង​នោះ មនុស្ស ៣៥នាក់​ត្រូវ​បាន​សម្លាប់ និង ១៤នាក់​ផ្សេង​ទៀត ត្រូវ​គេ​ប៉ុនប៉ង​សម្លាប់ ឬ​រង​ការ​យាយី។

សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​វៀតណាម​វិញ របាយការណ៍​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ ក៏​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ២០១៩ ក្រោម​រូបភាព​ជា​ការ​ចាប់​ខ្លួន សួរនាំ និង​ឃុំ​ខ្លួន ដោយសារ​តែ​ពួក​គេ​បាន​ចូល​មើល​គេហទំព័រ ឬ​ទំព័រ​ហ្វេសប៊ុក​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ អាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់​ពួក​គេ​ថា ជា​ក្រុម​ផ្ដាច់​ទឹកដី ឬ​ប្រឆាំង​រដ្ឋ​វៀតណាម។

Religious persecution and violence against individuals for their religion or belief continues across the world. Eight...

Posted by U.S. Department of State on Wednesday, June 10, 2020

នៅ​ទូទាំង​ពិភព​លោក ក្រសួង​ការ​បរទេស​អាមេរិក​ថា មនុស្ស ៨នាក់ ក្នុង​ចំណោម ១០នាក់ ទទួល​រង​នូវ​ការ​រឹតត្បិត​សេរីភាព​សាសនា។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ សហរដ្ឋ​អាមេរិក នឹង​ចំណាយ​ថវិកា​យ៉ាង​ហោច​ណាស់ ៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​កម្មវិធី​លើក​កម្ពស់ សេរីភាព​សាសនា​នៅ​ទូទាំង​សកល​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។