ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជំរុញឱ្យគណៈកម្មការសិទ្ធិមនុស្សនៃរបបក្រុងភ្នំពេញ ទទួលយកអនុសាសន៍របស់ក្រុមបណ្ដាប្រទេសលោកសេរី ដែលកំពុងព្រួយបារម្ភខ្លាំង ពីការធ្លាក់ចុះសិទ្ធិសេរីភាពនៅកម្ពុជា និងកុំសប្បាយចិត្តទទួលយកការសរសើរពីខាងក្រុមប្រទេសកុម្មុយនិស្ត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ជំរុញឱ្យតំណាង និងរបបក្រុងភ្នំពេញ ទទួលយកអនុសាសន៍ទាំង ២០២ចំណុច របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងគួរអនុវត្តឱ្យបាន ដើម្បីកិត្តិយសមុខមាត់ របស់របបក្រុងភ្នំពេញ ជាជាងគ្រាន់តែថ្លែងការពារខ្លួន យករួចខ្លួន ដូចពេលកន្លង។ លោក ស៊ឹង សែនករុណា សង្កេតឃើញថា កិច្ចប្រជុំ ដំណើរការត្រួតពិនិត្យមើលកាតព្វកិច្ច និងការគោរពសិទ្ធិមនុស្ស រាល់ ៥ឆ្នាំម្ដង ជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ភាគីតំណាងរបបក្រុងភ្នំពេញ ច្រើនតែមិនទទួលយកការពិត ហើយលាបពណ៌សង្គមស៊ីវិលក្នុងស្រុកថា ប្រឌិតរឿងរំលោភសិទ្ធិមនុស្ស រាយការណ៍ប្រាប់អង្គការសហប្រជាជាតិជាដើម៖ «សាធារណមតិជាតិ និងអន្តរជាតិ គេបានដឹងទាំងអស់រឿងទាំងអស់នេះ។ គួរណារដ្ឋាភិបាលចេះទទួលស្គាល់ការពិត ហ៊ានទទួលការពិត ដើម្បីធ្វើការកែប្រែ ដើម្បីឱ្យប្រទេសកម្ពុជាយើងហ្នឹង អាចទទួលបានមុខមាត់ លើឆាកអន្តរជាតិ ហើយមុខមាត់មុនគេ គឺរដ្ឋាភិបាលតែម្ដង»។
ការលើកឡើងនេះ ធ្វើឡើងក្រោយពេលប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរបបក្រុងភ្នំពេញ ដឹកនាំដោយ លោក កែវ រ៉េមី បានបញ្ចប់ការថ្លែងការពាររបបក្រុងភ្នំពេញ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៣០ មករា។
ក្នុងកិច្ចប្រជុំស្ដីពី ដំណើរការត្រួតពិនិត្យមើលកាតព្វកិច្ច និងការគោរពសិទ្ធិមនុស្ស ឬ ហៅ កាត់ថា យូ.ភី.អារ (UPR) មានសមាជិកអង្គការសហប្រជាជាតិ ចំនួន៧៣ប្រទេស។ តំណាងប្រទេសជាច្រើនមកពីក្រុមប្រទេសស្រលាញ់លទ្ធិប្រជាធិបតេយ្យ ជំរុញឱ្យរបបក្រុងភ្នំពេញស្ដារស្ថានភាពសិទ្ធិមនុស្សដែលរបបនេះ បានវាយកម្ទេច កាលពីឆ្នាំ២០១៧ឡើងវិញ និងត្រូវបើកផ្លូវឱ្យមានការពិភាក្សាគ្នា នៃតួអង្គនយោបាយខ្មែរ ដើម្បីបង្រួបបង្រួមពលរដ្ឋឱ្យឆ្ពោះទៅរកការអភិវឌ្ឍ។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស លោក កែវ រ៉េមី ប្រកែកដាច់អហង្ការ ថា របបក្រុងភ្នំពេញ មិនបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចការចោទប្រកាន់ទេ ប៉ុន្តែផ្ទុយទៅវិញ របបលោក ហ៊ុន សែន ជាឋានសួគ៍ នៃសង្គមស៊ីវិល ជាង ៦ពាន់អង្គការ សមាគមជាដើម។ ចំណែកការរំលោភសិទ្ធិនយោបាយលើក្រុមគណបក្សប្រឆាំង លោក កែវ រ៉េមី បកស្រាយ ដូច លោក ហ៊ុន សែន និងក្រុមមេដឹកនាំជាន់ខ្ពស់ក្នុងរបបក្រុងភ្នំពេញ លើកឡើងកាលពីពេលកន្លងមកដែរ គឺ ដើម្បីសន្តិភាព ទប់ស្កាត់បដិវត្តន៍ពណ៌ ជាដើម។
ក្រុមប្រទេសប្រកាន់លទ្ធិកុម្មុយនិស្ត ដូចជា ចិន រុស្ស៊ី សិង្ហបុរី ជាដើមវិញ បានសរសើររបបក្រុងភ្នំពេញ និងបានផ្ដល់អនុសាសន៍ឱ្យរបបក្រុងភ្នំពេញ យកចិត្តទុកដាក់កែលម្អ តែសិទ្ធិផ្នែកសង្គម សេដ្ឋកិច្ច សុខភាព និងអប់រំ ជាដើម ដោយមិនបានលើកឡើងពីសិទ្ធិមនុស្ស និងស្ថានភាពនយោបាយឡើយ។
ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍នៃរបបក្រុងភ្នំពេញ ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា លោក ណី សំអុល ក៏បានចូលរួមថ្លែងជាមួយគណៈប្រតិភូសិទ្ធិមនុស្សទៅពីកម្ពុជាដែរ។ លោក ណី សំអុល ហាក់អន់ចិត្ត នឹងក្រុមប្រទេសដែលព្រួយបារម្ភពីសិទ្ធិមនុស្សនៅកម្ពុជា ថា បានយកកិច្ចប្រជុំ កំណត់សកលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើជាវេទិកានយោបាយ ដើម្បីកេងចំណេញនយោបាយ។ តំណាងរបបក្រុងភ្នំពេញរូបនេះ ថា ការសន្ទនាដែលមានការជេរប្រមាថ បន្ទាបបន្ថោក ឬយករឿងនយោបាយមកពាក់ព័ន្ធ គឺធម្មតា មិនត្រូវស្វាគមន៍ទេ។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត កត់សម្គាល់ថា ក្ដីបារម្ភរបស់ប្រទេសជាច្រើន ដែលផ្ដល់អនុសាសន៍ឱ្យរបបក្រុងភ្នំពេញ គឺ ដូចគ្នា នឹងអ្វីដែលសង្គមស៊ីវិលខ្វាយខ្វល់ដែរ។ លោក អំ សំអាត ថា ដោយសារតែស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ធ្លាក់ចុះខ្លាំង ទើបធ្វើឱ្យតំណាងរបបក្រុងភ្នំពេញ ត្រូវប្រឈមមុខច្រើន និងពិបាកក្នុងការឆ្លើយសំណួរមួយចំនួន។ ចំណែក ឯការគាំទ្ររបស់ប្រទេសមួយចំនួនតូច ដែលមានឈ្មោះមិនសូវល្អ ខាងលទ្ធិប្រជាធិបតេយ្យ ជារឿងធម្មតា ដែលធ្លាប់មានដូចរាល់ដង៖ «នៅជុំទី៣នេះ ជាស្ថានភាពមួយ ដែលកាន់តែពិបាក នៅក្នុងការឆ្លើយនឹងសំណួរ សមាជិកគណៈកម្មការហ្នឹងទៀត ហើយអនុសាសន៍គេផ្ដល់មក កាន់តែមានបញ្ហាច្រើនទៅទៀត ហើយជាបញ្ហាធ្ងន់ៗ»។
បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកយកមកពិនិត្យកាលពីថ្ងៃទី៣០ មករា ជាជុំទី៣ នៃកិច្ចប្រជុំយូភីអារ (UPR)។ កាលពីកិច្ចប្រជុំយូភីអារ ឆ្នាំ២០១៨ ក្រុមប្រឹក្សាបានផ្ដល់អនុសាសន៍ឱ្យរបបក្រុងភ្នំពេញ ចំនួន ២០៥ចំណុច សម្រាប់កែលម្អ។ ប៉ុន្តែរបបក្រុងភ្នំពេញទទួលយកចំនួន ១៦៣ចំណុច ខណៈសង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា អះអាងថា ចំណុចទាំង១៦៣ ដែលរបបក្រុងភ្នំពេញទទួលយក មិនត្រូវបានអនុវត្តល្អទេ។
ចំណែកកិច្ចប្រជុំ UPR ឆ្នាំ២០១៩ នេះវិញ ក្រុមប្រឹក្សាផ្ដល់អនុសាសន៍ឱ្យ ២០៥ចំណុច។ តំណាងរបបក្រុងភ្នំពេញ ឆ្លើយតបថា នឹងយកចំណុចទាំងនោះ ទៅពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធរដ្ឋ និងសង្គមស៊ីវិលសិន ហើយអនុសាសន៍ខ្លះ នឹងត្រូវបដិសេធ ជាផ្លូវការ ក្នុងសម័យប្រជុំពេញអង្គ នៅខែកក្កដា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។