ពលរដ្ឋ​បន្ត​លួច​​ចូល​ប្រទេស​ថៃ​ស្វែង​រក​ការងារ​ធ្វើ សង​បំណុល​ធនាគារ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ ខែ សុណង
2020.07.16
Share on WhatsApp
Share on WhatsApp
ពលករខ្មែរនៅថៃ ៦២២ ពលករ​ខ្មែរ ដែល​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​​បាន​​នៅ​ផ្សារ​ស៊ី​មុមមឿង ខេត្ត​ប៉ាក់ថុមថានី​ ជាប់​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។
Provided photo

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​ពលករ​មើល​ឃើញ​ថា មាន​កត្តា​ពីរ​សំខាន់​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ប្រថុយប្រថាន​ឆ្លងដែន​ចូល​ប្រទេស​ថៃ ក្នុង​អំឡុង​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ (Covid19)

មន្ត្រី​ជំនាញ​អះអាងថា រដ្ឋាភិបាល​កំពុង​អប់រំ​ផ្សព្វផ្សាយ​និង​ផ្ដល់​ការងារ​ផ្នែក​កសិកម្ម​ឱ្យ​ពលរដ្ឋ ខណៈ​អាជ្ញាធរ​ប្រទេស​ថៃ ប្រើ​វិធានការ​ព័ទ្ធ​លួស​បន្លា​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ កុំ​ឱ្យ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​ដើម្បី​ការពារ​ជំងឺឆ្លង​កូវីដ១៩។

កត្តា​ពីរ​សំខាន់​ដែល​ជំរុញ​ឱ្យ​ពលករ​ខ្មែរ​ប្រថុយប្រថាន​គ្រោះថ្នាក់​និង​ខាតបង់​ប្រាក់ ដើម្បី​បាន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ គឺ​កត្តា​ជីវភាព និង​ការ​អូសទាញ​ពី​មេខ្យល់ ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែង​ថា ទោះបី​ប្រឈម​ស្លាប់​រស់​យ៉ាងណាក្ដី ក៏​ពលរដ្ឋ​ប្រថុយ​ឆ្លង​ចូល​ដី​ថៃ​វិញ ដោយសារតែ​ពួកគាត់​ខ្វះខាត​ជីវភាព និង​ជំពាក់​បំណុល​គេ​ដែល​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជា​ចាំបាច់​។ ជាមួយ​គ្នា​នេះ មេខ្យល់​បាន​ឆ្លៀត​ឱកាស​អូសទាញ​ឱ្យ​ពួកគាត់​បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ ដោយ​ផ្សង​ប្រថុយប្រថាន​បើ​ទោះ​ជា​មាន​ហានិភ័យ​ខ្ពស់​ក្ដី ឬ​ដឹង​ថា នឹង​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ គ្រោះ​ថ្នាក់​ដល់​ជីវិត ឬ​ពិន័យ​ប្រាក់​ក៏​ដោយ​ចុះ​៖ «យើង​អត់​អាច​ហាមឃាត់​គាត់​អត់​ឱ្យ​ចំណាកស្រុក​ទេ កាលណា​យើង​អត់​មាន​គោលនយោបាយ​គាំពារ​ឱ្យ​គាត់​អាច​រស់​បានជា​អូ​តូ​ម៉ា​ទិច​គឺ​គាត់​ត្រូវតែ​ភៀសខ្លួន​ហើយ»

ការ​អះអាង​របស់​មន្ត្រី​សិទ្ធិ​ការងារ​បែបនេះ បន្ទាប់ពី​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ វិល​ត្រឡប់​ចេញ​ពី​ប្រទេស​ថៃ កាល​ពី​ចុងខែ​មិថុនា ដោយ​អាជ្ញាធរ​ថៃ ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ទី​២៣ ខែ មិថុនា ឆ្នាំ​២០២០ បាន​ប្រកាស​ឱ្យ​ពលករ​ចាក​ចេញទៅ​ប្រទេស​កំណើត​រៀងៗ​ខ្លួន​វិញ​។ ពលករ​ខ្មែរ​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើ​រ​ចេញ​ជា​បណ្ដើរៗ​មុន​ថ្ងៃ​កំណត់ ពោល​គឺ​តាំងពី​ថ្ងៃ​ទី​២១ ខែ​មិថុនា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។ លំហូរ​នៃ​អ្នក​ចំណាកស្រុក​វិល​ចូល​កម្ពុជា​វិញ​រាប់​ម៉ឺន​នាក់ នៅ​ពេល​នោះ ធ្វើ​ឱ្យ​កកស្ទះ​ណែនណាន់តាន់តាប់​ស្ទើរ​ទប់​មិន​ជាប់។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា រយៈពេល​ជិត​៤​ខែ ចាប់ពី​ថ្ងៃ​ទី​២១ ខែ​មិនា រហូតដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា មាន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ជាង ១០​ម៉ឺន​នាក់ (១០១ ២១៧)​។ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​ការងារ​ប៉ាន់ប្រមាណ​ថា មាន​ប្រមាណ ១២​ម៉ឺន​នាក់។

ទោះ​បើ​តួលេខ​នេះ​ល្អៀង​គ្នា​បន្តិច​ក្ដី ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ពេល​នេះ ត្រង់​ថា ពលករ​ទាំង​នោះ​បាន​ប្រថុយ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ស្ទើរ​ទាំងអស់​ទៅ​ហើយ។

ពលរដ្ឋ​ថា ដោយ​ភាព​អត់ឃ្លាន ខ្វះខាត​ជីវភាព និង​ជំពាក់​ប្រាក់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផង បាន​តម្រូវ​ឱ្យ​ពួកគាត់​លួច​ប្រថុយ​ឆ្លង​ទៅ​ប្រទេស​ថៃ​វិញ ដោយ​ខុសច្បាប់។

ពលករ​រោងចក្រ​អេតចាយ​នៅ​ខេត្ត​បថុមថានី ប្រទេស​ថៃ លោក ជីម សុផាត ឱ្យ​ដឹង​ថា ក្នុងចំណោម​ពលករ​ខ្មែរ​នៅ​ក្នុង​រោងចក្រ​ជាមួយ​លោក​ជាង ៣​រយ​នាក់ មាន​ជាង​ពាក់កណ្ដាល​បាន​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​ពួកគាត់​ក៏បាន​វិល​មកដល់​ប្រទេស​ថៃ​វិញ​ស្ទើរ​ទាំងអស់​ហើយ​ដែរ។ លោក​ថា ពួកគាត់​ត្រូវ​ចំណាយ​លុយ​ឱ្យ​ទៅ​មេខ្យល់ និង​ថ្លៃ​ធ្វើដំណើរ​ម្នាក់​ពី ៤​ពាន់​បាត ទៅ​៦​ពាន់​បាត ឬ​ប្រមាណ​២​រយ​ដុល្លារ ដើម្បី​វិល​មក​ដេក​រង់ចាំ​ក្រែង​មានការ​ងារ​ធ្វើ និង​ខ្លះ​បាន​ធ្វើ​ការ ប៉ុន្តែ​អ្នកខ្លះ​ខាតបង់​ប្រាក់​ទាំងស្រុង​នៅ​ពេល​ប៉ូលិស​អន្តោប្រវេសន៍​ចាប់​បញ្ជូន​ទៅវិញ៖ «ដល់​តែ​ទៅ​ខ្មែរ​រយៈពេល​២​ខែ​លឺ​ថា ថៃ​បិទ​មិន​ឱ្យ​ចូល​គាត់​គ្មាន​ជម្រើស​ទេ បើ​នៅ​យូរ​គាត់​ជំពាក់​លុយ​ធនាគារ​ផង ស្បៀងអាហារ​ខ្វះខាត​ក៏​សម្រេចចិត្ត​មកវិញ អ្នកខ្លះ​នៅ​ពេល​ទៅ​ទិញ​ម៉ូតូ​ទុក​ជិះ​ដល់​តែ​ត្រឡប់​មក​វិញ​លក់​ម៉ូតូ​ទៀត អ៊ីចឹង​ម៉ូតូ​មួយ​គ្រាន់តែ​ថ្លៃ​ធ្វើដំណើរ​ពីរ​នាក់​ប្ដី​ប្រពន្ធ​អស់​បាត់​ហើយ​។ គ្មាន​ជម្រើស​ទេ​មិន​អាច​ឱ្យ​គាត់​នៅ​ស្រុក​ខ្មែរ​បាន​កើត​តទៅ​ទៀត​ទេ បើ​នៅ​ស្រុក​ខ្មែរ​ប្រឈម​ធនាគារ​រឹបអូស​ផ្ទះ ធ្វើដំណើរ​មកវិញ​ក៏​ប្រឈម​អស់​លុយ​ច្រើន»

ទោះ​បើ​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់ ក៏​ពួកគាត់​ស៊ូ​ប្ដូរ​ចេញ​រក​ការងារ​នៅ​ប្រទេស​ថៃ​យ៉ាង​ប្រថុយ​។ ពលករ​ធ្វើការ​ផ្នែក​ជាង​ជួសជុល​រថយន្ត​នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ លោក ផុន ពេជ្រ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ៖ «ចូល​វិញ​ដោយសារ​គ្មាន​លុយ​បង់​ធនាគារ​គេ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​គាត់​ដីធ្លី​គាត់ ជួល​ឡាន​ផ្លូវ​កាត់​ចូល​តាម​ច្រក​របៀង ច្រក​រ៉ុងក្រឿ ច្រក​ប៉ោយ​ប៉ោយប៉ែត​ចូល​មក​ក៏​គេ​ចាប់ចង​ត្រឡប់​ទៅវិញ​គួរ​ឱ្យ​ខ្មាស​គេ។ សូម​ផ្ដាំ​ទៅ​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ផង មក​ធ្វើការ​ឆ្លងកាត់​មក​ប្រទេស​គេ ខ្មាស​ជាតិ​សាសន៍​គេ​ដទៃ​ណាស់»

សន្ទុះ​នៃ​ការ​បន្ត​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ និង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ អាជ្ញាធរ​ថៃ​បាន ដាក់​ពង្រាយ​លួស​បន្លា​ជាច្រើន​កន្លែង​នៅ​តំបន់​ព្រំដែន​ក្នុង​ទឹកដី​ថៃ​ជាប់​ខេត្ត​បន្ទាយមានជ័យ ពិសេស​នៅ​តំបន់​ដាច់ស្រយាល​ពុំ​មាន​មនុស្ស​រស់នៅ និង​មិន​សូវ​មាន​ទាហាន​ថៃ​ប្រចាំការ ដូចជា​នៅ​ព្រំដែន​ជាប់ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ និង​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​សង្កាត់​ប៉ោយប៉ែត​ជាដើម។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-Cha) កាលពី​ថ្ងៃ​ទី​១៤ កក្កដា ថា រដ្ឋាភិបាល​ថៃ​បាន​បន្ថែម​កងកម្លាំង​ជាច្រើន​នាក់​ដាក់​ពង្រាយ​ការពារ​តាម​ព្រំដែន ជាពិសេស​តំបន់​ព្រំដែន​ខេត្ត​ស្រះ​កែវ (Sra Kao) និង​ខេត្ត​សុរិន្ទ (Surin) ដែល​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ច្រើន​ជាងគេ។

ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ចុងខែ​មីនា ដល់​ខែ​មិថុនា មាន​ពលករ​ខ្មែរ​ប្រមាណ ៣​ពាន់​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ ដោយសារតែ​ពួកគេ​ឆ្លងដែន​ចូល​ទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ ក្រុម​ពលករ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​និង​ថៃ​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ឆ្លងដែន​ខុសច្បាប់​នៅ​ថ្ងៃក្រោយ​ទៀត​មុននឹង​ដោះលែង​វិញ។

ជុំវិញ​បញ្ហា​នេះ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា រលក​នៃ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ទៅវិញ​គឺ​ដោយសារ​ការ​អូសទាញ​ពី​មេខ្យល់ ពុំ​មែន​ជា​រឿង​ខ្វះខាត​ជីវភាព​តែមួយ​ជ្រុង​នោះ​ទេ​។ អ្នកស្រី​ថា ដោយសារ​អ្នក​ចំណាកស្រុក​ទាំងនោះ​ពុំ​មាន​ភាព​នឹងនរ​ក្នុង​ការ​រស់នៅ​ក្នុង​សហគមន៍​ចេះតែ​ចល័ត​ចុះឡើង នាំ​ឱ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​ដាក់​បញ្ចូល​ពួកគាត់​ទៅ​ក្នុង​ក្រុម​មនុស្ស​ដែល​កំពុង​យកចិត្តទុកដាក់ លើ​បញ្ហា​ជីវភាព និង​រៀបចំ​នីតិវិធី​ត្រឡប់​ទៅវិញ​ដោយ​ស្របច្បាប់​នៅ​ពេល​ប្រទេស​ទទួល បើក​ឡើងវិញ ដែល​ជា​គម្រោង​របស់​អង្គការ​សហប្រជាជាតិ​សហការ​ជាមួយ​រដ្ឋាភិបាល​៖ «យើង​បាន​ដឹង​តាំងពី​ដំបូង​ជំងឺ​កូវីដនេះ មិន​ងាយ​មាន​ពេល​ដែល​ឈាន​ទៅ​ធម្មតា​វិញ​ទេ អ៊ីចឹង​យ៉ាង​ហោច​ក៏​គាត់​ត្រៀមខ្លួន​រស់នៅ​ស្រុក​ខ្មែរ ៣​ខែ ឬ​អាច​៦​ខែ ១​ឆ្នាំ ឬ​ជាង​១​ឆ្នាំ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ​នៅ​ទូទាំង​ពិភពលោក ឬមួយ​នៅ​ប្រទេស​គោលដៅ​បាន​នឹង​នរ ឬ​ថយ​ចុះ​បាន​ដែរ​ឬ​អត់​? អ្វី​ដែល​យើង​គិត​គឺ​មិន​ខុស​ទេ ពួកគាត់​មិន​អាច​ត្រឡប់​ទៅវិញ​បាន គាត់​ត្រូវតែ​មូលអារម្មណ៍​ដាក់ចិត្ត​ដាក់​ថ្លើម​ថា យើង​នឹង​នៅ​ទីនេះ​ដែល​ជា​ភូមិកំណើត​របស់​យើង​ហ្នឹង គាត់​ត្រូវតែ​អត់ធ្មត់​ប្រឈម​ការ​លំបាក​ដូច​អ្នក​នៅ​ក្នុង​ស្រុក​អ៊ីចឹង​គឺ​យើង​យកចិត្តទុកដាក់​ដូចគ្នា»

ទោះ​រដ្ឋាភិបាល​អះអាង​ពី​វិធានការ​របស់​ខ្លួន​យ៉ាង​នេះ​ក្ដី មន្ត្រី​សិទ្ធិ​ការងារ​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរ​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម​ទាំងនេះ ដូចជា ផ្សព្វផ្សាយ​បញ្ហា​ប្រឈម​ពី​ការ​ចំណាកស្រុក​ខុសច្បាប់​ឱ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​នៅ​តំបន់​ជនបទ បង្ហាញ​គោល​នយោបាយ​គាំពារ​ពី​តម្រូវការ​ចាំបាច់​នូវ​ពេលវេលា​ជាក់លាក់ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដាក់​បម្រាម​កំណត់​ចំពោះ​ការ​ផ្អាក​បង់​សងបំណុល រួម​ទាំង​ជំរុញ​ផលិតផល​ដាំ​ដុះ​ក្នុងស្រុក​ទប់ស្កាត់​ការ​នាំ​បន្លែ​ចូល​ពី​ប្រទេសជិតខាង ទើប​អាច​ឱ្យ​ពលរដ្ឋ​មាន​ភាព​នឹងនរ​ក្នុង​ការ​រស់នៅ។

ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​បន្ត​លួច​ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ​អំឡុង​វិបត្តិ​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩ មិន​ប្រាកដ​ទេ​ថា ពួកគាត់​មានការ​ងារ​ធ្វើ​នោះ​ឡើយ​។ ពលករ​ដែល​កំពុង​ធ្វើកា​រ​នៅ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា ប្រទេស​ថៃ​បច្ចុប្បន្ន​មិន​សំបូរ​ការងារ​ដូច​មុន​ទេ ពួកគាត់​ខ្លះ​នៅ​មាន​ការងារ​ធ្វើ​តែ​ខ្សត់​ជាង​មុន ខ្លះ​បន្ត​ដេក​រង់ចាំ​ការងារ​ព្រោះ​រោងចក្រ សហគ្រាស ពួកគេ​ខ្លះ​មិនទាន់​បើក​ដំណើរការ​ឡើងវិញ​នៅឡើយ។

សារព័ត៌មាន​ថៃ​ប៉ុស្តិ៍ (Thai post) បាន​ចុះផ្សាយ​ការ​ពី​ដើមខែ​កក្កដា ថា ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ពលរដ្ឋ​ថៃ​បាន​បាត់បង់​ការងារ​ធ្វើ​ប្រមាណ ៨​លាន ៣​សែន​នាក់ ហើយ​គោលនយោបាយ​ថៃ​ក៏​នឹង​ត្រៀម​កាត់បន្ថយ​ការ​នាំ​ចូល​ពលករ​ដែល​មាន​កិច្ចព្រមព្រៀង​អនុសារណៈ ឬ​(MOU)

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ឆ្នាំ​២០១៩ បាន​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ប្រមាណ​ជាង ១​លាន ២​សែន​នាក់ កំពុង​ធ្វើការ​ងារ​ស្របច្បាប់​នៅ​ប្រទេស​ថៃ​។​

ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់​និង​ខុសច្បាប់ មាន​ប្រមាណ ២​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។