គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ស្មើៗ​គ្នា

0:00 / 0:00

មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា ពី​ខាង​រដ្ឋាភិបាល ថ្លែង​ការពារ​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិន​មាន​ការ​ធ្លាក់​ចុះ​ដូច​របាយការណ៍​ដែល​ចេញ​ផ្សាយ​ក្នុង​ពេល​កន្លង​ទៅ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ប្រកាន់​ភ្ជាប់​នូវ​ច្បាប់ និង​គោលការណ៍​មួយ​ចំនួន​អំពី​អនុសញ្ញា​អន្តរជាតិ​នានា​ស្ដីពី​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់។

ការ​ច្រាន​ចោល​ចំពោះ​ការ​រិះគន់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ថា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ​វិញ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​របៀប​បកស្រាយ​មួយ​ជ្រុង ដែល​ខ្លួន​កំពុង​តែ​អនុវត្ត​ទាំង​បំពាន​ច្បាប់ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​ទៀត​ផង។

ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ឧសភា និង​ជា​ការ​ស្វាគមន៍​ចូល​កាន់​តំណែង​ជា​ប្រធាន​ស្ថាប័ន​នេះ​ថ្មីថ្មោង​ផង លោក កែវ រ៉េមី និយាយ​ថា បាតុកម្ម និង​ការ​ប្រមូល​ផ្ដុំ​នៅ​ពេល​នេះ គឺ​ជា​សកម្មភាព​ដែល​អនុវត្ត​លើស​ពី​ច្បាប់​កំណត់។ លោក​បន្ត​ថា ប្រសិន​បើ​ទង្វើ​មិន​បំពាន​ដែល​នាំ​ឲ្យ​រំខាន​ទៅ​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​ទៀត គឺ​វា​ពុំ​មាន​អ្វី​ដែល​ជា​បញ្ហា​ចោទ។ បន្ថែម​ពី​លើ​នេះ លោក កែវ រ៉េមី បញ្ជាក់​ថា រាល់​ថ្ងៃ រដ្ឋាភិបាល​តែង​ផ្ដល់​សិទ្ធិ​សេរីភាព​ស្មើៗ​គ្នា មិន​ប្រកាន់​និន្នាការ​នយោបាយ ទាំង​ក្នុង​ដំណាក់​កាល​យុទ្ធនាការ​សម្ដែង​មតិ រហូត​ដល់​ការ​អនុវត្ត​នីតិវិធី​នៅ​តុលាការ។ លោក​បន្ត​ថា «សិទ្ធិ​ធ្វើ​នយោបាយ។ គណបក្ស​នយោបាយ​ចុះ​ឈ្មោះ​បង្កើត​បន្តបន្ទាប់ ខ្ញុំ​ដូច​ឥត​មាន​ការ​រើសអើង ទប់ស្កាត់​មិន​ឲ្យ​បុគ្គល​ណា​បង្កើត​គណបក្ស​នយោបាយ ឥត​ឃើញ​ទេ»។

ផ្ទុយ​ពី​នេះ​វិញ អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ញឹកញាប់​ចាត់​ទុក​ការ​អនុវត្ត​ចំពោះ​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​នេះ ថា​តែង​មើល​ឃើញ​សង្គម​ស៊ីវិល និង​អ្នក​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ក្នុង​រូបភាព​ខ្មៅ​ងងឹត​ជានិច្ច។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា សិទ្ធិ​សេរីភាព​នៅ​តែ​មិន​ទាន់​បាន​បើក​ចំហ​នៅ​ឡើយ។ អ្នកស្រី​បន្ត​ថា ការ​បកស្រាយ គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា ដោយសារ​តែ​ការ​អនុវត្ត ឬ​សកម្មភាព​ដែល​សំអាង​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ គឺ​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់។ អ្នកស្រី​បន្ត​ថា «មក​ដល់​បច្ចុប្បន្ន​នេះ បើ​យើង​មើល​ទៅ​គេ​ហៅ​ថា​លំហ​ប្រជាធិបតេយ្យ ហើយ​និង​ស្ថានភាព​សិទ្ធិ​មនុស្ស ហាក់​ដូចជា​ទទួល​ការ​គំរាម​កំហែង​ខ្លាំង​មែន​ទែន។ យើង​ឃើញ​ថា តួ​អង្គ​សំខាន់ៗ​សូម្បី​តែ​តំណាង​រាស្ត្រ ក៏​ត្រូវ​បាន​គេ​វាយ​ប្រហារ ឬ​ក៏​ចាប់​ខ្លួន​ចោទ​ប្រកាន់។ ហើយ​ឥឡូវ​នេះ តួអង្គ​សង្គម​ស៊ីវិល»។

របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​ចាប់​ខ្លួន​បុគ្គលិក​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប មន្ត្រី គ.ជ.ប ១​រូប និង​ការ​គំរាម​កំហែង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស ថា​ជា​យុទ្ធនាការ​រារាំង​ដល់​កិច្ចការ​ការពារ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

នាយក​ប្រតិបត្តិ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) និយាយ​ចំអក​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ករណី​នេះ គឺ​ជា​កិច្ច​ប្រឹងប្រែង​របស់​លោក ហ៊ុន សែន ក្នុង​បំណង​ការពារ​អំណាច​របស់​លោក ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា ជាង ៣​ទសវត្សរ៍​មក​ហើយ​ប៉ុណ្ណោះ។

ថ្វី​បើ​លោក កែវ រ៉េមី ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​នៅ​ពេល​នេះ អះអាង​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​សិទ្ធិ​សេរីភាព​យ៉ាង​ពេញលេញ​ចំពោះ​មុខ​ច្បាប់​ស្មើៗ​គ្នា​ក៏ដោយ​ចុះ ផ្ទុយ​ទៅ​វិញ សកម្មភាព​មួយ​ចំនួន​របស់​រដ្ឋាភិបាល ត្រូវ​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​មិន​បាន​អនុវត្ត​ដូច​ការ​បកស្រាយ​ឡើយ។ មាន​ការ​ចោទ​ប្រកាន់​ជាច្រើន​សំណុំ​រឿង​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​ដោយ​លម្អៀង​រួច​ទៅ​ហើយ​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នេះ។

កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥ តំណាង​រាស្ត្រ ២​រូប​របស់​បក្ស​ប្រឆាំង ត្រូវ​រង​អំពើ​ហិង្សា​ពី​ក្រុម​បាតុករ ដែល​គេ​ជឿ​ថា គាំទ្រ​គណបក្ស​កាន់​អំណាច។ ក្រោយ​មក​ទៀត ក្រុម​អ្នក​តវ៉ា​ដែល​ចូល​សារភាព​តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពេល​ជំនុំ​ជម្រះ​នៅ​មុខ​ចៅក្រម​ថា មាន​អ្នក​ខ្លះ​គឺ​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នៅ​បន្ទាយ​ក្រុង​តាខ្មៅ។ ក៏ប៉ុន្តែ​សកម្មភាព​ទាំង​នេះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ចំពោះ​អ្នក​វាយ​ដំ​ទៅ​លើ​តំណាង​រាស្ត្រ ហើយ​ថែម​ទាំង​ពុំ​បាន​រារាំង​ការ​ធ្វើ​បាតុកម្ម ដែល​ភាគ​ច្រើន​ជា​កម្លាំង​បុរស​ទៀត​ផង។ ការ​ប្រមូល​ផ្ដុំ​មួយ​ផ្សេង​ទៀត ដែល​ទាមទារ​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ តែ​គេ​សង្កេត​ឃើញ​ថា ក្រុម​បាតុករ​សម្ដែង​មតិ​ទៅ​ដោយ​រលូន ពុំ​មាន​ឧបសគ្គ​អ្វី​ឡើយ។

ចំណែក​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ដែល​គេ​ចោទ​ថា លោក កឹម សុខា មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ហើយ​មាន​យុវជន​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក ស្រី ចំរើន ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ អាជ្ញាធរ​រដ្ឋ​មិន​បាន​ចោទ​ប្រកាន់​ដូច​ការ​ប្រមូល​ផ្ដុំ​របស់​សកម្មជន​ដីធ្លី អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង ថា​អនុវត្ត​លើស​ពី​ច្បាប់​កំណត់​ឡើយ។

បើ​ទោះ​បី​ជា​បែប​ណា លោក កែវ រ៉េមី ដែល​កាល​ពី​ពេល​ធ្វើ​ជា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ធ្លាប់​តែ​រិះគន់​រដ្ឋាភិបាល​ពេញៗ​មាត់​ថា ខ្វះ​អភិបាលកិច្ច​ល្អ មិន​មាន​តម្លាភាព ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​នោះ នៅ​ពេល​នេះ លោក​បាន​បញ្ជាក់​ជំហរ​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ពិនិត្យ និង​ឃ្លាំ​មើល​ការ​អនុវត្ត​សិទ្ធិ​ឲ្យ​បាន​ពេញលេញ ក្នុង​នាម​ជា​សេនាធិការ​របស់​រដ្ឋាភិបាល។ ក្រៅ​ពី​នេះ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​មាន​សេវា​គាំពារ​តាម​ផ្លូវ​ច្បាប់​បន្ថែម​ទៀត ដូចជា​ការ​ផ្ដល់​មេធាវី​ដល់​ជន​រងគ្រោះ​ដើម្បី​ការពារ​ខ្លួន ក្នុង​ការ​ដោះ​បន្ទុក​នៅ​ពេល​សវនាការ ជាដើម។

យ៉ាង​នេះ​ក៏ដោយ​ចុះ សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ពី​ខាង​រដ្ឋាភិបាល ថា​ពុំ​ដែល​ឃើញ​ស្ថាប័ន​រដ្ឋ​មួយ​នេះ ប្រតិកម្ម​អ្វី​ទាល់​តែ​សោះ​នៅ​ពេល​មាន​ការ​បំពាន​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។