HRWទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ហិង្សា​លើ​គ្រួសារ​​សមាជិក​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉​ច្ឆ (Human Rights Watch) ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ឈប់​ការ​យាយី និង​ការ​បណ្តេញ​ដោយ​ហិង្សា​លើ​ក្រុម​គ្រួសារ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ពន្ធនាគារ ដែល​ពួកគាត់​តែង​ចេញ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ជា​រៀងរាល់ថ្ងៃ​សុក្រ ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ឃុំខ្លួន​ទាំង​យុត្តិធម៌​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ក្រុម គ្រួសារ​របស់​សមាជិក​បក្ស​ប្រឆាំង បន្ត​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ដោះលែង​សកម្មជន​នយោបាយ ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ទាំងនោះ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ថា ករណី​ក្រុម​ប៉ូលិស និង​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ចាប់​អូស​ស្ត្រី អ្នក​តវ៉ា​តាម​ដង​ផ្លូវ និង​ចាប់​បោះ​ពួកគេ​ចូល​ក្នុង​ឡាន គឺ​កំពុង​បង្កើន​ការ​ព្រួយបារម្ភ​ជា​សកល​ចំពោះ​ការ​រំលោភបំពាន របស់ ប៉ូលិស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ហ្វីល រ៉ូបឺត​សុន បន្ត​ថា អាជ្ញាធរ​កម្ពុជា គួរ​បញ្ឈប់​ទង្វើ​ហិង្សា​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជាបន្ទាន់ និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព បញ្ចេញមតិ និង​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ។

ប្រពន្ធ និង​កូនៗ រួម​ទាំង​សាច់ញាតិ​របស់​សមាជិក​បក្ស​ប្រឆាំង តែងតែ​ជួបជុំគ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង រាជធានី​ភ្នំពេញ ជា​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ថ្ងៃទី​១៩ ខែ​មិថុនា​មក ដើម្បី​ទាមទារ​ឲ្យ​តុលាការ ដោះលែង​អ្នក​ជាប់ឃុំ​ដោយ​មូលហេតុ​នយោបាយ​ទាំងនោះ​ឡើងវិញ​។ ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួកគេ តែងតែ​ត្រូវ​បង្ក្រាប​ដោយ​ហិង្សា ជាពិសេស​ការ​តវ៉ា​លើក​ទី​៧ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា កង​សន្តិសុខ​ខណ្ឌ​៧ មករា បាន​រារាំង​មិន​ឲ្យ​ពួកគេ​ជួបជុំ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ឡើយ​។ ក្រុម​សន្តិសុខ​ទាំង​នោះ​បាន​ដណ្ដើម​បដា និង​រុញច្រាន​ស្ត្រី​អ្នក​តវ៉ា​មួយ​ចំនួន​ផ្ទប់​នឹង​ដី ហើយ​ចាប់​អូស​តាម​ដង​ផ្លូវ និង​ចាប់ខ្លួន​ស្ត្រី​តវ៉ា​ម្នាក់ គឺ​លោកស្រី សាត ផា បោះ​ចូល​ក្នុង​ឡាន​ដឹក​ទៅ​សាលា​ខណ្ឌ​ដើម្បី​សួរចម្លើយ និង​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​ឈប់​ចូលរួម​តវ៉ា មុននឹង​ដោះលែង លោកស្រី​វិញ។

ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ​លោក ស្រី សេង ចាន់ថន និយាយ​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គឺជា​រឿង ត្រឹមត្រូវ ដោយសារ​ការ​តវ៉ា​របស់​ពួក​លោកស្រី កំពុង​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​កាន់តែ​ធ្ងន់ធ្ងរ​។ លោកស្រី បន្ត​ថា ការ​ខិតខំ​តស៊ូ​តវ៉ា​នេះ ដោយសារ​ការ​ចាប់​ឃុំខ្លួន​ប្តី​លោកស្រី និង​សកម្មជន​នយោបាយ​ដទៃ​ទៀត ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​អយុត្តិធម៌​បំផុត៖ «ពួក​ខ្ញុំ​នៅតែ​បន្ត​ទៀត អត់​មាន​រាថយ​ទេ ទោះបី​ពួកគេ​ធ្វើបាប ធ្វើ​កម្ម​ប៉ុណ្ណា​ក្តី លុះត្រាតែ​ដោះលែង​ត្រឡប់​មក​វិញ»។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្កោល​ចំពោះ​ការ​យាយី​នេះ និង​បាន​រំលឹក​រដ្ឋាភិបាល កម្ពុជា​អំពី​ការ​បើកចំហរ​ឡើងវិញ នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

ទាក់ទង​នឹង​ករណី​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាលខណ្ឌ​៧​មករា លោក លីម សុភា និង​ស្នងការ​ក្រុងភ្នំពេញ លោក ស ថេត បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។

ចំណែក អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ឆ្លើយតប​តាម​បណ្ដាញ​តេឡេក្រាម​(Telegram) ដោយ​ចោទ​ប្រកាន់​ថា សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ គឺ​ធ្វើ​ឡើង​ក្នុង គោលដៅ​ការពារ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ហើយ​លោក​ចាត់ទុកថា វិធានការ​របស់​សមត្ថកិច្ច គឺ​មិនមែន​ជា​ការ​បង្ក្រាប ឬ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​តាម​ផ្លូវ ច្បាប់​នោះ​ទេ៖ «ក៏ប៉ុន្តែ​ជា​វិធានការ​ច្បាប់ និង​វិធានការ​ចាំបាច់​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​ទាំងឡាយ​ណា​ដែល​បំពាន​ច្បាប់​ដូចជា​សកម្មភាព​តវ៉ា​ដែល​មិនបាន​ជូនដំណឹង ទៅ​អាជ្ញាធរ​សាធារណៈ សកម្មភាព​តវ៉ា​ជួបជុំ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​សង្គម សកម្មភាព​ដែល​ជា​ការ​ដាក់​សម្ពាធ​ដល់​ស្ថាប័នរដ្ឋ​ជាពិសេស​ស្ថាប័ន​តុលាការ​ដែល​ជា ស្ថាប័ន​ឯករាជ្យ​ជាដើម​។ល។ »។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ បាន​កំណត់​ថា ការប្រើប្រាស់​កម្លាំង គឺ​ទាល់តែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ចាំបាច់​បំផុត​។ ចំណែក គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ សហប្រជាជាតិ​ស្ដីពី​ការប្រើប្រាស់​កម្លាំង​និង​អាវុធ​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់ ចែងថា មន្ត្រី​អនុវត្ត​ច្បាប់ គួរតែ​អនុវត្ត​មធ្យោបាយ​អហិង្សា​មុន​ពេល​ប្រើ​កម្លាំង និង​អាវុធ​។ ដូច្នេះ​មានន័យថា សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​របស់​សមាជិក​គ្រួសារ​បក្ស​ប្រឆាំង គឺ​មិន​ស្ថិត​ក្នុង​ស្ថានភាព​ចាំបាច់​ដែល​ប្រើប្រាស់​កម្លាំង​នោះ​ទេ។

ប្រពន្ធ​លោក ស៊ុន ធន់ លោកស្រី សេង ចាន់ថន ថ្លែង​ថា ការ​លើក​ហេតុផល​អំពី​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​អាជ្ញាធរ​នោះ គឺ​គ្រាន់តែ​ជា​លេស ដើម្បី​បង្ក្រាប​ក្រុម​អ្នកតវ៉ា​ប៉ុណ្ណោះ ព្រោះ​ពួកគេ ខ្លាច​ការ​តវ៉ា​គ្រប់​រូបភាព​។ ភរិយា​របស់​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់ សកម្មភាព​របស់​អ្នក​តវ៉ា មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​អ្វី​ឡើយ ដោយសារ​អ្នក​តវ៉ា បាន​ឈរ​តវ៉ា​នៅ​មួយ​កន្លែង​នៅ​ជ្រុង​ម្ខាង​នៃ​ចិញ្ចើម​ផ្លូវ៖ «ខ្ញុំ​ឈឺចាប់​ជាង​ខ្លួន​ចំពោះ​ទង្វើ​ពួក​រដ្ឋាភិបាល និង​ពួក​សន្តិសុខ ដែល​មក​ធ្វើបាប​ពួក​នាង​ខ្ញុំ​។ ពួក​ខ្ញុំ​ឈឺចាប់​ណាស់​រក​អ្វី​ប្រៀបផ្ទឹម​មិន​បានទេ​។ ពួក​ខ្ញុំ​នឹង​នៅតែ​តស៊ូ ឲ្យ​បាន​ខ្លាំងក្លា​ជាទីបំផុត»។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន លើកឡើង​ថា រដ្ឋាភិបាល លោក ហ៊ុន សែន កំពុងតែ​បង្ក្រាប​យ៉ាង​សាហាវ ទៅលើ​អ្នក​តវ៉ា​ដោយ​អហិង្សា ដោយ​មិន​អើពើ​ចំពោះ​ការ​អង្វរករ​របស់​ពួកគេ​ឡើយ​។ លោក ហ្វីល រ៉ូបឺតសុន សង្កត់ធ្ងន់​ថា រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ បរទេស ត្រូវតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​របស់​អ្នក​តវ៉ា​ដោយ​សន្តិវិធី ព្រោះ​ការស្វែងរក​យុត្តិធម៌​សម្រាប់​សាច់ញាតិ​ដែល​ត្រូវ​បាន​គេ​ចាប់​ឃុំខ្លួន​ទាំង​អយុត្តិធម៌ គឺ​មិនមែន​ជា​បទឧក្រិដ្ឋ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។