អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវដល់រដ្ឋាភិបាលឲ្យទម្លាក់ចោលជាបន្ទាន់នូវសេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ អង្គការនេះ លើកឡើងថា សេចក្ដីព្រាងច្បាប់នេះ នឹងអនុញ្ញាតឲ្យរដ្ឋបង្កើនការឈ្លបយកការណ៍លើអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត រំលោភសិទ្ធិឯកជន និងសេរីភាពនៃការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត។ មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សក្នុងស្រុក ក៏គាំទ្រការអំពាវនាវចង់ឃើញរដ្ឋាភិបាលទម្លាក់ចោលច្បាប់នេះ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ ផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាយូរមកហើយ តែងអួតអាងអំពីសមត្ថភាពលួចស្ដាប់ និងឈ្លបយកការណ៍តាមប្រព័ន្ធអ៊ីនធឺណិត។ លោកថា ការធ្វើច្បាប់នេះ នឹងអនុញ្ញាតឲ្យលោក ហ៊ុន សែន មានឧបករណ៍ច្បាប់បន្ថែមមួយទៀតដើម្បីបិទបាំងទង្វើ ខុសច្បាប់របស់លោក។ លោកថា ពាក្យពេចន៍នៅក្នុងសេចក្តីព្រាងច្បាប់នេះ មានភាពទូលំទូលាយ មិនច្បាស់លាស់ ដែលនឹងផ្ដល់អំណាចកាន់តែច្រើនបន្ថែមទៀតដល់រដ្ឋាភិបាលក្នុងការផ្ដន្ទាទោសលើក្រុមអ្នករិះគន់ និងអ្នកនយោបាយបក្សប្រឆាំង។
ការអំពាវនាវនេះ កើតមានឡើងស្របពេលដែលរដ្ឋាភិបាលកំពុងពន្លឿនដំណើរការតាក់តែងច្បាប់នេះ ក្រោយពីសេចក្ដីព្រាងច្បាប់នេះ បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមក។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងមហាផ្ទៃ។
អាស៊ីសេរី មិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហ៊ុន ដែលទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម បានទេកាលពីល្ងាចថ្ងៃទី១៣ វិច្ឆិកា ដើម្បីសុំការពន្យល់បន្ថែមជុំវិញដំណើរការតាក់តែងច្បាប់នេះ ដោយសារតែលោកពុំលើកទូរស័ព្ទ។ រីឯ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ក៏មិនលើកទូរស័ព្ទកាលពីល្ងាចថ្ងៃដដែល។
លោក ប្រ៊ែដ អាដាមស៍ ផ្ដល់អំណះអំណាងថា ដោយសារតែនៅកម្ពុជា ពុំទាន់មានច្បាប់ការពារទិន្នន័យរបស់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនៅឡើយ ដូច្នេះគ្មានការធានាថា ការស្នើសុំយកទិន្នន័យ ឬឈ្លបយកការណ៍ពីសំណាក់រដ្ឋាភិបាល នឹងត្រូវធ្វើឡើងដោយផ្អែកតាមគោលការណ៍ចាំបាច់ និងមានលក្ខណៈសមាមាត្រនោះទេ។ លោកថា សេចក្តីព្រាងច្បាប់នេះ នឹងផ្ដល់អំណាចឲ្យអាជ្ញាធររដ្ឋនូវអំណាចក្នុងការត្រួតពិនិត្យមើលទិន្នន័យអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា ដោយគ្មានយន្តការត្រួតពិនិត្យប្រកបដោយឯករាជ្យឡើយ។ មន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិរូបនេះ ស្នើឲ្យរដ្ឋាភិបាលអន្តរជាតិ ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិនានា ចូលរួមស្នើឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្តីព្រាងច្បាប់មួយនេះ ហើយចាប់ផ្ដើមធ្វើសេចក្ដីព្រាងច្បាប់នេះសាជាថ្មី ដោយត្រូវធានាថា មានការគោរពការបញ្ចេញមតិនៅលើបណ្ដាញអ៊ីនធឺណិត និងគោរពសិទ្ធិឯកជន។
ចំពោះសំណើរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់អាស៊ីសេរីថា គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលពុំដែលបានពិគ្រោះយោបល់ ឬស្នើសុំអនុសាសន៍ពីសង្គមស៊ីវិលជុំវិញការធ្វើសេចក្តីព្រាងច្បាប់នេះឡើយ។ លោកថា ផ្អែកតាមសេចក្តីព្រាងច្បាប់ក្រៅផ្លូវការដែលខាងសង្គមស៊ីវិលទទួលបានចុងក្រោយ មានចំណុចគួរឲ្យព្រួយបារម្ភមួយចំនួន ដែលថា នឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត ឬសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ៖ « ជាកង្វល់ចម្បង យើងឃើញថា កន្លងមក អត់ទាន់មានច្បាប់ហ្នឹងផង យើងឃើញថា មានការចាប់មនុស្សមួយចំនួនដែលទាក់ទងនឹងការបញ្ចេញមតិទៅតាមប្រព័ន្ធអ៊ីនធឺណិត ឬក៏បណ្ដាញសង្គម។ អ៊ីចឹង បើសិនជាច្បាប់នេះចេញ គឺផ្ដល់អាទិភាពទី១ មានការត្រួតពិនិត្យ និងការតាមដានយ៉ាងដិតដល់។ ទី២ ក៏អាចជាការរឹតត្បិតសេរីភាពមួយចំនួនដែរនៅក្នុងមាត្រាមួយចំនួន។ អ៊ីចឹងទៅ វាធ្វើឲ្យសេរីភាព កាន់តែចង្អៀតទៅទៀត »។
លោក អំ សំអាត បន្តថា លោកគាំទ្រការអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះ។
រដ្ឋាភិបាលបានចាប់ផ្ដើមធ្វើសេចក្ដីព្រាងច្បាប់នេះជាលើកដំបូងតាំងពីឆ្នាំ២០១២មកម្ល៉េះ ក្នុងគ្រាដែលពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងៗ នាំគ្នាប្រើប្រាស់បណ្ដាញសង្គម ហើយលែងស្ដាប់ ឬទស្សនាប្រព័ន្ធឃោសនាដែលគ្រប់គ្រងដោយបក្សកាន់អំណាច។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ គិតមកទល់ពេលនេះ កម្ពុជាមានអ្នកទោសនយោបាយមិនតិចជាង ៥០នាក់នោះទេ។ មនុស្សប្រមាណ៣០នាក់ ត្រូវអាជ្ញាធរលោក ហ៊ុន សែន ចាប់ខ្លួនដោយសារតែការបញ្ចេញមតិដោយសន្តិវិធីនៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមាន «សេរីភាពតិចតួច» នៅលើប្រព័ន្ធអ៊ីនធឺណិត ក្នុងឆ្នាំ២០២០នេះ បើផ្អែកតាមអង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។