អង្គការសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងសកម្មជនបក្សប្រឆាំងម្នាក់នៅខេត្តកំពត ដែលត្រូវបានចាប់ខ្លួនរឿងបំពានសាលដីកាតុលាការកំពូល។ ក្រសួងយុត្តិធម៌ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ ជាការអនុវត្តច្បាប់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកការចាប់ខ្លួនអតីតមន្ត្រីបក្សប្រឆាំងខេត្តកំពត លោក នុត ពេជ គឺជាករណីនយោបាយ មិនមែនជារឿងអនុវត្តច្បាប់ឡើយ។ អង្គការអន្តរជាតិមួយនេះទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់លើលោក នុត ពេជ និងដោះលែងគាត់ឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៩ សីហាថា អាជ្ញាធរកម្ពុជាបានបង្វិលសាច់រឿង ដើម្បីចោទប្រកាន់លោក នុត ពេជ ដែលគ្រាន់តែអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ។ លោកចាត់ទុកថា នេះជាទង្វើយាយីគ្មានមូលដ្ឋានប្រឆាំងនឹងអតីតសមាជិកគណបក្សប្រឆាំង។
សមត្ថកិច្ចខេត្តកំពតបានចាប់ខ្លួន លោក នុត ពេជ ដែលជាអនុប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកឈូកខេត្តកំពតនៃគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ សីហា កន្លងទៅ។ តុលាការបានចោទប្រកាន់លោកពីបទប្រឆាំងសាលដីកាតុលាការកំពូលរឿងរំលាយគណបក្សសង្គ្រោះជាតិ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ដើមហេតុនៃការចោទប្រកាន់ និងចាប់ខ្លួននេះ គឺដោយសារលោក នុត ពេជ បានជួបជុំគ្នាហូបនំបញ្ចុកជាមួយសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀត ដែលរបបលោក ហ៊ុន សែន ចាត់ទុកថា ជាទង្វើប្រឆាំងនឹងសាលដីកាតុលាការកំពូល។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ចំណាត់ការលើសកម្មជនបក្សប្រឆាំងនៅខេត្តកំពតនេះ គឺជាការអនុវត្តច្បាប់។ លោកប្រតិកម្មថា សេចក្តីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មិនផ្អែកលើទិដ្ឋភាពច្បាប់ឡើយ៖ «ករណី Human Rights Watch ដែលចាត់ទុកថាជារឿងនយោបាយ វាជារឿងធម្មតាទេ។ ឱ្យតែការអនុវត្តច្បាប់លើសកម្មជនអតីតបក្សប្រឆាំង សកម្មជនបក្សនយោបាយ គាត់តែងតែចាត់ទុកថា ជារឿងនយោបាយ ក៏ប៉ុន្តែគាត់អត់ពិនិត្យមើលលើទិដ្ឋភាពច្បាប់ថា តើសកម្មភាពទាំងអស់នោះ វាល្មើសទៅនឹងច្បាប់ដែរ ឬមួយក៏អត់នោះទេ។ សម្រាប់សមត្ថកិច្ច នេះជាយន្តការនៃការអនុវត្តច្បាប់»។
តុលាការខេត្តកំពតបានចេញដីកាចាប់ខ្លួន លោក នុត ពេជ តាំងពីខែឧសភាមកម៉្លេះ ក៏ប៉ុន្តែលោកបានរត់គេចខ្លួនមួយរយៈពេល។ ក្រោយមកនៅដើមខែសីហានេះ លោកបានត្រឡប់ទៅផ្ទះវិញ និងបានប្រកបរបរធ្វើស្រែចម្ការដូចធម្មតា។ សមត្ថកិច្ចក៏បានចុះទៅចាប់ខ្លួនលោកដល់ក្នុងស្រែតែម្ដង និងបាននាំលោកទៅសួរចម្លើយទាំង ដែលលោកគ្មានទ្រនាប់ជើងពាក់ និងមានខោអាវប្រឡាក់សុទ្ធតែភក់។ អ្នកការពារសិទ្ធិមនុស្សអះអាងថា នេះជាទង្វើបំពានសិទ្ធិជនជាប់ចោទធ្ងន់ធ្ងរ។
អង្គការសង្គមស៊ីវិលពិនិត្យឃើញទៀតថា ចំណាត់ការលើលោក នុត ពេជ នេះ ជារឿងមិនត្រឹមត្រូវឡើយ ដ្បិតសកម្មភាពរបស់គាត់គ្រាន់តែជាការអនុវត្តសិទ្ធិសេរីភាព ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិប៉ុណ្ណោះ ហើយសកម្មភាពនោះមិនបានបង្កផលប៉ះពាល់ដល់បុគ្គលណាឡើយ។
ទោះជាយ៉ាងណា របបលោក ហ៊ុន សែន នៅតែដាក់ចេញនូវវិធានការក្តៅលើសកម្មជនបក្សប្រឆាំងជាប់ជានិច្ច។ គិតត្រឹមពេលនេះ មានមន្ត្រីមូលដ្ឋានបក្សប្រឆាំងចំនួន ១៥នាក់ហើយ ដែលត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ស្របពេលសកម្មជនជាង ១៤០នាក់ផ្សេងទៀត ត្រូវបានកោះហៅមកសាកសួរជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការសង្ស័យថា ពួកគេបានធ្វើសកម្មភាពប្រឆាំងសាលដីកាតុលាការកំពូល។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់សម្គាល់ថា ការវាយបង្ក្រាបក្រុមគណបក្សប្រឆាំងពីសំណាក់របបលោក ហ៊ុន សែន មិនបានបញ្ចប់ត្រឹមការរំលាយគណបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែបានបន្តក្នុងស្ថានភាពកាន់តែយ៉ាប់យ៉ឺនមកដល់សព្វថ្ងៃនេះ។ លោកបន្ថែមថា រដ្ឋាភិបាលបរទេសទាំងឡាយត្រូវតែទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងមន្ត្រីគណបក្សប្រឆាំង និងសកម្មជនទាំងឡាយដែលជាប់ឃុំដោយគ្មានទោសកំហុសនោះវិញ ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។