មន្ត្រី​សិទ្ធិមនុស្ស និង​តួអង្គម្នាក់​ក្នុង​សាច់​រឿង ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​សិទ្ធិ​ការងារ​ ដែល​ផលិត​រឿង​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​

ដោយ សេក បណ្ឌិត
2018-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន នៅ​ពេល​លោក និង​ភរិយា​ទៅ​យក​លិខិត​ឆ្លង​ដែន​នៅ​កន្លែង​ធ្វើ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់ (Netherland) ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ ២០១៨។
លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន នៅ​ពេល​លោក និង​ភរិយា​ទៅ​យក​លិខិត​ឆ្លង​ដែន​នៅ​កន្លែង​ធ្វើ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់ (Netherland) ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ ២០១៨។
រូបថត៖ អ្នកស្រី ឡុង គីមហ៊ាង

អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ជំរុញ​ឱ្យ​របបលោក​ ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​សកម្មជន​សិទ្ធិការងារ​លោក រ៉ាត់ រត្នមុនី ពាក់ព័ន្ធ​នឹង​ការ​ផលិត​វីដេអូឯកសារ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ សកម្មជន​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ថៃឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៧ ធ្នូ កន្លង​ទៅ និង​កំពុង​ប្រឈម​នឹង​ការ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ តាម​សំណើ​របស់​សមត្ថកិច្ច​កម្ពុជា ដែល​ចោទ​លោក​ថា បាន​ផលិត​វីដេអូ​ឯកសារ​ប្រឌិត ប៉ះពាល់​ដល់​កត្តិយស​ជាតិ។ ក៏​ប៉ុន្តែ​តួ​អង្គ​ម្នាក់​នៅ​ក្នុង​ភាព​យន្ត​ឯកសានោះ​អះអាង​ថា នេះ​ជា​រឿង​ពិត​របស់​នាង និង​ស្នើសុំ​ឱ្យ​មាន​ការ​ដោះ​លែង លោក រ៉ាត់ រត្នមុនី វិញ​ជា​បន្ទាន់។

មន្ត្រី​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ យល់​ថា របប​ក្រុង​ភ្នំពេញ​គួរ​ប្រឹង​ប្រែង​លុប​បំបាត់​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​វិញ ប្រសើរ​ជាង​ការ​ចាត់​វិធានការ​តាម​ចាប់​ខ្លួន​​​សកម្មជន​សិទ្ធិការងារ​ ដែល​បាន​ផលិត​វីដេអូ​ឯកសារ​ជុំ​វិញ​បញ្ហា​ដ៏​រសើប​នេះ។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ីនៃ​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក​ ហ្វីល រ៉ូបឺតសុន​ (Phil Robertson) ថ្លែង​ប្រាប់​អាស៊ី​សេរីតាម​អ៊ីមែល​ថា ការ​ចាប់​ខ្លួន​លោក​ រ៉ាត់ រត្នមុនី គឺជា​រឿង​មិន​សមហេតុ​ផល​ទាល់​តែ​សោះ។ លោក​ថា អាជ្ញាធរ​របប​លោក​ ហ៊ុន សែន ពុក​រលួ​យ​ដល់​ឆ្អឹង និង​មិន​គិត​គូរ​ពី​រឿង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កុមារ​ឡើយ​ ដូច្នេះ​អ្នក​ដែល​ពួក​គេ​អាច​ចាប់​ខ្លួន​បាន​ ​គឺ​មាន​តែអ្នក​ផលិត​ភាព​យន្តឯកសារ​លាត​ត្រដាងពី​​អំពើ​រំលោភ​បំពាន ​ដែល​កំពុង​កើត​មាន​សព្វ​ថ្ងៃ ​ដូច​ជា​លោក​ រ៉ាត់ រត្នមុនី នេះ​ជា​តួ​យ៉ាង។ លោក​សង្កត់​ធ្ងន់​ថា របប​ក្រុង​ភ្នំពេញ​គួរតែ​អរគុណ លោក​ រ៉ាត់ រត្នមុនី និង​អ្នក​សារព័ត៌មាន​ RT វិញ​ទើប​ត្រឹម​ត្រូវ ព្រោះ​ពួក​គេ​ហ៊ាន​ផ្សព្វផ្សាយ​ពី​ការ​ពិត មិន​មែន​ជា​ការ​ដាក់​ទោស​ពួក​គេ​ឡើយ​។ លោក​ ហ្វីល រ៉ូបឺតសុន​ ទាម​ទារ​ឱ្យ​របប​លោក​ ហ៊ុន​ សែន ទម្លាក់​ចោល​បទ​ប្រកាន់​ប្រឆាំង​​លោក ​រ៉ាត់ រត្នមុនី និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ​ដោះ​លែង​​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​វិញ​ជា​បន្ទាន់​។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ កាល​ពី​ចុង​ខែ​​តុលាក​ន្លង​ទៅ បន្ទាប់​ពី​ទទួល​ដំណឹង​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​​ផលិត​វីដេអូ​ឯកសារ​​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​។ លោក​ និង​គ្រួសារ​បាន​ព្យាយាម​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ហូឡង់ (Netherland) ទី​ដែល​ពួក​លោក​មាន​បណ្តាញ និង​ស្គាល់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទី​នោះ។ ក៏​ប៉ុន្តែ​ គ្រា​ដែល​​លោក​ និង​ភរិយា ទៅ​យក​លិខិត​ឆ្លង​ដែន​នៅ​កន្លែង​ធ្វើ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់ ក្នុង​ទីក្រុង​បាងកក ប៉ូលីស​អន្តោប្រវេសន៍​ថៃ ២នាក់ ស្លៀក​ពាក់​ស៊ីវិល ​បាន​ឃាត់​ខ្លួន​លោក​ ដោយ​អះអាង​ថា ពួក​គេ​ទទួល​បាន​លិខិត​ពី​របប​ក្រុង​ភ្នំពេញ​ថា លោក​បាន​ផលិតភាព​យន្ត​ឯកសារ​មិន​ពិត និង​ស្នើសុំ​ឱ្យ​ចាប់​បញ្ជូន​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ភរិយា​របស់​លោក គឺ​អ្នក​ស្រី ឡុង គីមហ៊ាង ប្រាប់​ថា ក្នុង​ដីកា​នាំ​ខ្លួន​នោះ ស្វាមី​អ្នក​ស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៣ឆ្នាំ។

មន្ត្រី​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា ករណី​នេះ​មិន​អាច​លើក​លែង​ឱ្យ​បាន​ឡើយ​ ព្រោះ​លោក​ រ៉ាត់ រត្នមុនី ប្រឌិត​រឿង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ។ លោក​ជំរុញ​ឱ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​គ្រួសារ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ស្វែង​រក​មេធាវី​ល្អៗ ទុក​ឱ្យ​ហើយ ដើម្បី​ត្រៀម​តតាំង​ក្តី​តាម​ផ្លូវ​ច្បាប់៖ «បំផ្លាញ​ផល​ប្រយោជន៍​ជាតិ ជា​អំពើ​រំលោភ​ច្បាប់ (ជា) ករណី​ព្រហ្មទណ្ឌ។ នេះ​ជា​ការ​ក្លែង​បន្លំ និង​ធ្វើ​ឱ្យ​បាត់បង់​កិត្តិយស និង​ផល​ប្រយោជន៍​ជាតិ ហើយ​កុំ​ច្រឡំ​ថា លទ្ធិ​ប្រជាធិបតេយ្យ កុំ​ច្រឡំ​ថា ការ​បញ្ចេញ​យោបល់​នោះ»

សកម្មជន​សិទ្ធិការងារ លោក រ៉ាត់ រត្នមុនី បាន​ជួយ​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ​ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្សី។ ភាពយន្ត​ឯកសារ​នោះ មាន​ចំណង​ជើង​ថា "ម្ដាយ​ខ្ញុំ លក់​ខ្ញុំ" បង្ហាញ​ពី​នារី​វ័យ​ក្មេង​មិន​ទាន់​គ្រប់​អាយុ ត្រូវ​បាន​លក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ ភាពយន្ត​ឯកសារ​ពេញលេញ​រៀបរាប់​ពី​សាច់​រឿង​របស់​យុវតី ៣នាក់ មាន​រយៈ​ពេល​ជាង ២៧នាទី ត្រូវ​បាន​សារព័ត៌មាន RT បង្ហោះ​លើ​បណ្តាញ​យូធូប (Youtube) ដែល​មាន​ចំនួន​ទស្សនា​ជាង ១លាន ៤សែន​ដង។

សារព័ត៌មាន​ RT ក៏​បាន​សង្ខេប​ភាពយន្ត​ឯកសារ​ដដែល​នេះ​មក​នៅ​ត្រឹម​​រយៈ​ពេល​ជាង ២នាទី រួច​បាន​ ​បង្ហោះ​លើ​បណ្តាញ​​សង្គម​ហ្វេសប៊ុក​ (Facebook) ដោយ​​មាន​ចំនួន​ទស្សនាជាង ៥សែន​ដង។ វីដេអូខ្លី​មិន​ពេញលេញ​នេះ​​ ផ្តោត​លើ​តួអង្គ​ពីរ​នាក់ គឺ​លោកស្រី កៅ ម៉ាឡៃ និង​កូន​ស្រី​ឈ្មោះ ឃៀង ស្រីម៉ិច​ ដែល​ជា​អតីត​ពលរដ្ឋ​បឹងកក់​ ធ្លាប់​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​មិន​បាន​​ទទួល​សំណង។ ក្រោយ​ចេញ​ផ្សាយ​ អាជ្ញាធរ​បាន​ហៅ​តួអង្គ​ម្តាយ​កូន​ក្នុង​សាច់​រឿង​ខ្លី​នេះ​ទៅ​សាកសួរ រួច​ក៏​បាន​អះអាង​ថា ពួក​គេ​ទទួល​បាន​លុយ​ចំនួន ២០០ដុល្លារ ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក​ក្នុង​ភាព​យន្ត​ឯកសារ​នេះ។ ក្រោយ​មក​ កញ្ញា ឃៀង ស្រីម៉ិច ក៏​បាន​បង្ហោះ​វីដេអូ​បក​ស្រាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែរ​ថា សកម្មភាព​របស់​នាង​ក្នុង​ភាព​យន្ត​ឯកសារ​នោះ គ្រាន់​តែ​ជា​ការ​សម្តែង​ មិន​មែន​ជា​ការ​ពិត​ឡើយ​ ហើយ​ពាក្យ​សម្តី​ដែល​នាង​ និង​ម្តាយ​នាង​និយាយ​ទាំង​ប៉ុន្មាន​ សុទ្ធតែ​​ទន្ទេញ​តាម​អត្ថបទ​ប៉ុណ្ណោះ។ សមត្ថកិច្ច​កម្ពុជា បាន​អះអាង​ថា ភាពយន្ត​ឯកសារ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​កំពុង​ស្នើសុំ​ឱ្យ​ភាគី​ថៃ​បញ្ជូន​លោក​ត្រឡប់​មក​វិញ ដើម្បី​កាត់​ទោស​តាម​ផ្លូវ​ច្បាប់។

ទោះជាយ៉ាង​ណា តួ​អង្គ​ម្នាក់​ទៀត​ក្នុង​សាច់​រឿង គឺ​កញ្ញា អ៊ុន ស្រីពេជ្រ អះអាង​ប្រាប់​អាស៊ីសេរី​ថា នាង​មិន​ទទួល​បាន​លុយ​កាក់​ពី​លោក​ រ៉ាត់ រត្នមុនី និង​ក្រុម​ការងារ​របស់​សារព័ត៌មាន​ RT ចំពោះ​ការ​សម្ភាស និង​ថត​វីដេអូ​សកម្មភាព​របស់​នាង​នោះ​ឡើយ។ នាង​បញ្ជាក់​ថា អ្វី​ដែល​នាង​បាន​រៀប​រាប់​ក្នុង​ភាព​យន្ត​ឯកសារ​នោះ គឺ​ជា​រឿង​ពិត​ផ្ទាល់​ខ្លួន​ ដែល​នាង​លាក់​ទុក​ក្នុង​ចិត្ត​ជា​យូរ​មក​ហើយ។ នាង​បន្ត​ថា នាង​​ចង់​ឱ្យ​ធូរ​ស្បើយ​ក្នុង​ចិត្ត​ ទើប​​បង្ហាញ​ប្រាប់​សាធារណជន​ឱ្យ​បាន​ដឹង​រឿង​នេះ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន RT។ នាង​អះអាង​ទៀត​ថា តួអង្គ​ផ្សេង​ទៀត​ក៏​ធ្លាប់​ឆ្លង​កាត់​រឿង​បែប​នេះ​ដូច​គ្នា ហើយ​ពួក​គេ​ក៏​មិន​បាន​​ទទួល​លុយ​ជា​ថ្នូរ​នឹង​ការ​សម្ភាស​ធ្វើ​វីដេអូ​នេះ​ដែរ។ នាង​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​លោក​ រ៉ាត់ រត្នមុនី វិញ ព្រោះ​នាង​ជឿ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស​​​ឡើយ៖ «នេះ​ជារឿង​ការពិត​របស់ខ្ញុំ ខ្ញុំលាក់ទុក​ក្នុង​ចិត្ត​ជាយូរ​ហើយ ខ្ញុំ​ចង់​បញ្ចេញ​ឱ្យ​ធូរក្នុង​អារម្មណ៍​របស់​ខ្ញុំ។ ហើយ​​លោក​គ្រូ​ខ្ញុំ (រ៉ាត់ រត្នមុនី) ក៏​គាត់​អត់​​មាន​ខុស​អ្វីដែរ ព្រោះ​មុន​ពេល​សម្ភាស គាត់​និយាយ​ដែរ​ថា ហ៊ាន​ត​ទល់ ឬ​អត់? ខ្ញុំ​ថា ខ្ញុំ​ហ៊ាន​ ខ្ញុំ​អត់​ដែល​ខ្លាច​អ្វី​ផង។ ឃើញ​គេ​បង្ហោះ​នៅ​ក្នុង​​ហ្វេសប៊ុក​ថា លោក​គ្រូ​ខ្ញុំ​ហ្នឹង​ត្រូវ​គេ​ចាប់​នៅ​ប្រទេស​ថៃ​អ៊ីចឹង ក៏​មាន​អារម្មណ៍​ថា ស្លុត​ចិត្ត​ណាស់។ ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា អាម៉ិច (ស្រីម៉ិច) ផ្សាយ​តាម​ហ្វេសប៊ុក​បក​ស្រាយ និយាយ​រឿង​កុហក​អ៊ីចឹង​ដែរ។ ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​ និង​ក្រុម​ប៉ូលីស​ដោះលែង​លោក​គ្រួ​ខ្ញុំ​វិញ​ទៅ ព្រោះ​គាត់​អត់​មាន​ធ្វើ​រឿង​​ខុស​ឆ្គង ឬ​ក៏​សូក​លុយ​ឱ្យ​គេ​ថត​រឿង​និយាយ​ប្រឌិត​ទេ។ រឿង​នេះ​ជា​រឿង​ការ​ពិត»

ចំណែកសារព័ត៌មាន​ RT វិញ ក៏​បាន​អះអាង​ដែរ​ថា ពួក​គេ​មិន​ដែល​ផ្តល់​លុយ​ឱ្យ​ប្រភព ដើម្បី​សម្ភាស​នោះ​ឡើយ។ ស្ថាប័ន​នេះសម្តែង​ក្តី​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ លោក រ៉ាត់ រត្នមុនី និង​អះអាង​​ថា ខ្លួន​កំពុង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដែល​អាច​ធ្វើបាន​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។​​

ភរិយា​លោក រ៉ាត់ រត្នមុនី អ្នក​ស្រី ឡុង គីមហ៊ាង អះអាង​ថា ភាពយន្ត​ឯកសារ​នេះ គឺ​ជា​រឿង​ពិត​របស់​តួអង្គ ហើយ​ក្រុម​ផលិតករ​មិន​បាន​ឱ្យ​លុយ​តួ​អង្គ​ណា​ម្នាក់ ដើម្បី​ជា​ថ្នូរ​នឹង​ការ​សម្តែង ឬ​និយាយ​កុហក​ក្នុង​ភាពយន្ត​នេះ​ឡើយ។ អ្នកស្រី​អះអាង​ទៀត​ថា មុន​ពេល​ផលិត​រឿង​នេះ ស្វាមី​អ្នកស្រី​បាន​សុំច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រួចរាល់​អស់​ហើយ ហើយ​ខាង​តួអង្គ​ក្នុង​រឿង​វិញ​ក៏​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​សម្ភាស និង​ថត​វីដេអូ​សកម្មភាព​របស់​ពួក​គេ​ដែរ។ អ្នក​ស្រី​ជឿ​ជាក់​ថា ចម្លើយ​​របស់​តួអង្គ​ស្រីម៉ិច និង​ម្តាយ​នោះ គឺ​ដោយ​សារ​ពួក​គេ​រង​សម្ពាធ និង​ការ​គំរាម​កំហែង​ពី​សមត្ថកិច្ច៖ «ខ្ញុំ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​នីតិវិធី​នៃការ​ស៊ើប​អង្កេត​​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ស្វែង​រក​ការ​ពិត​ថា តើ​រឿង​ដែល​បាន​ផលិត​នោះ​ពិត​ ឬ​មិន​ពិត។ មិន​មែន​ការ​ស៊ើបអង្កេត​បែប​គំរាម​កំហែង សម្លុត​ និង​ចាប់​ចង​បែប​ហ្នឹង​ទេ។ ការ​គំរាម​កំហែង សម្លុត​ផលិត​ករ ឬ​ក៏​ជន​រងគ្រោះ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​តាម​រយៈការ​ហៅ​សាកសួរ​ គាប​សង្គត់​មួយ​ថ្ងៃ ពីរ​ថ្ងៃ បី​ថ្ងៃ​ហ្នឹង មិន​មែន​ជា​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត​ដោយ​ត្រឹម​ត្រូវ​ ដើម្បី​ស្វែង​រក​ការ​ពិត​នោះ​ទេ។ វា​គ្រាន់តែ​ជា​នីតិវិធី​ធ្វើ ដើម្បី​​គំរាម​កំហែង ​ដើម្បី​បិទ​បាំង លាក់​បាំង​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​លាត​ត្រដាង​ក្នុង​ភាព​យន្ត​ឯកសារ​មួយ​ហ្នឹង»

អ្នក​នាំពាក្យ​សមាគម​ អាដហុក​ លោក សឺង សែនករុណា ថ្លែង​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ លើ​លោក ​រ៉ាត់ រត្នមុនី ទំនង​ជាដោយ​សារ​ភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញ​ដូរផ្លូវ​ភេទ​នោះ ប៉ះ​ពាល់​ខ្លាំង​ដល់​មុខ​មាត់​របស់​របប​នេះ​ ហើយ​ម្យ៉ាង​វិញ​ទៀតអាច​​ដោយ​សារ​លោក​ លោក ​រ៉ាត់ រត្នមុនី ជា​សកម្មជន​សិទ្ធិ​ការងារ​មួយ​រូប ដែល​ធ្លាប់​បាន​ផលិតវីដេអូ​ជា​ច្រើន​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​យក​ដី​ធ្លី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​បញ្ហា​អយុត្តិធម៌​សង្គម​ផ្សេង​ទៀត។ លោក​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ប្រសិន​បើ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់ ដោយសារ​មាន​​តួអង្គ​ក្នុង​សាច់​រឿង​បញ្ជាក់​​ថា នេះ​ជា​សាច់​រឿង​ពិត​របស់​ពួក​គេ​ និង​ត្រូវ​បាន​ផលិត​ដោយ​មាន​ការ​ព្រម​ព្រៀង​ជា​មុន៖ «ខ្ញុំ​ជឿ​ជាក់​ថា ប្រសិន​បើ​រឿង​ហ្នឹង​អាជ្ញាធរ​កម្ពុជា​មាន​ឆន្ទៈ​ធ្វើ​កិច្ច​ការ​ហ្នឹង​ដោយ​តម្លាភាព យុត្តិធម៌​ និង​ត្រឹមត្រូវ​នោះ គួរ​តែ​មាន​ការ​គិត​គូរ​ទៅ​លើ​បញ្ហា​ផ្តល់​សេរីភាព​ឱ្យ​គាត់​បាន​រួច​ផុត​អំពី​ការ​ចោទ​ប្រកាន់ តាម​ផ្លូវ​ច្បាប់​ហ្នឹង ពីព្រោះ​គោល​បំណង​របស់​គាត់​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ខុស​ពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ»

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​វេទិកាអាស៊ី (Forum Asia) និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​ថៃ កំពុង​ប្រឹងប្រែង​ជួយ​លោក រ៉ាត់ រត្នមុនី និង​ពន្យល់​រដ្ឋាភិបាល​ថៃ​ថា ដីកា​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​តាម​ការ​ចោទ​ប្រកាន់​ក្លែង​ក្លាយ​ពី​ប៉ូលីស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​របប​លោក​ ហ៊ុន សែន ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល