លោក ហ៊ុន សែន សុំ​ឲ្យ​អ្នក​សារព័ត៌មាន​កុំ​ចាត់​ទុក​លោក​ជា​សត្រូវ​សួ​ពូជ

ដោយ ឡេង ម៉ាលី
2016.05.12
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នា​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា បាន​សុំ​ឲ្យ​អ្នក​សារព័ត៌មាន កុំ​ចាត់​ទុក​លោក​ជា​សត្រូវ​សួ​ពូជ។ អ្នក​សារព័ត៌មាន​ដែល​លោក​លើក​ឡើង គឺ​សំដៅ​លើ​អ្នក​សារព័ត៌មាន​នៃ​អង្គភាព​សារព័ត៌មាន​អន្តរជាតិ ដូចជា កាសែត ឌឹ ខេមបូឌា ដេលី កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​វិទ្យុ​អាស៊ីសេរី។

សេចក្ដី​ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សុំ​ឲ្យ​អ្នក​សារព័ត៌មាន កុំ​ចាត់​ទុក​លោក​ជា​សត្រូវ​សួ​ពូជ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ អាយ.អាយ.ស៊ី (IIC) នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា។

លោក​នាយក​រដ្ឋមន្ត្រី ថ្លែង​សំដៅ​អង្គភាព​សារព័ត៌មាន​បរទេស​ចំនួន​២ គឺ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) ក្នុង​ពេល​ដែល​លោក​រង់ចាំ​មើល​ការ​ស្រង់​សម្ដី​របស់​លោក​យក​ទៅ​ផ្សាយ៖ «កុំ​ភ្លេច​ថា​គេ​ទទួល​ព័ត៌មាន​មុន​លោក​ឯង​ទៅ​ទៀត។ មើល​ឲ្យ​វា​ចេះ​បន្តិច​មើល​វ៉ី។ កុំ​ស្អី​យក​គ្នា​ដូចជា​សត្រូវ​សួ​ពូជ​ពី​អង្កាល។ អ្នក​ខ្លះ បង​ប្អូន​ខ្លះ​ត្រូវ​គេ​ដេញ​ចេញ​ពី​វិទ្យុ​អាស៊ីសេរី ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ហើយ ខ្ញុំ​តែង​តែ​ប្រាប់​ទៅ​ខាង... ធ្លាប់​តែ​នៅ​វិទ្យុ​គេ​ជេរ​តែ​រដ្ឋាភិបាលប៉ុន្តែ​ធ្វើ​ម៉េច​ខ្លួន​សរសេរ​ឲ្យ​គេ​ទៅ​ហើយ។ ពេល​គេ​អស់ បញ្ឈប់​ពី​ការងារ​ឯណោះ ខ្ញុំ​តែង​តែ​ប្រាប់​ថា​ឲ្យ​ជួយ​យក​បង​ប្អូន​ហ្នឹង​មក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ទូរទស្សន៍ ឬ​ក៏​វិទ្យុ​របស់​យើង​ខាង​ណេះ ជាតិ​សាសន៍​របស់​យើង។ សូម​មេត្តា​យោគយល់»

ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ក៏​ថ្លែង​ពាក់ព័ន្ធ​ទៅ​នឹង​អង្គភាព​សារព័ត៌មាន​បរទេស​ឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​លោក​ថ្លែង​ថា បាន​ដកស្រង់​សម្ដី​របស់​លោក​ទៅ​ដាក់​ចំណង​ជើង​ខុស ពេល​ដែល​លោក​ថ្លែង​អំពី​វិធានការ​រដ្ឋាភិបាល​ចំពោះ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ កាល​ពី​ថ្ងៃ​ទី​៩ ឧសភា៖ «ម្សិលមិញ អា ខេមបូឌា ដេលី វា​ផ្សាយ​ពី​ស្អី? ចំណង​ជើង​ទៅ​ផ្សេង​ទៅ។ ឥឡូវ​កុំ​ផ្សាយ​ទៅ​ល្អ និយាយ​ត្រង់ៗ។ គេ​និយាយ​ទូរទស្សន៍​គេ​ចាក់​គ្រប់​ប៉ុស្តិ៍ ឯង​ទៅ​បំភ្លៃ​គេ​ទៀត ហើយ​បរទេស​គ្នា​ស្ដាប់​ភាសា​ខ្មែរ​អត់​បាន មើល​អត្ថបទ​អង់គ្លេស វា​មិន​ងាប់! ឥឡូវ ខ្ញុំ​នឹង​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​នានា បើ​អ្នក​ឯង​ហ៊ាន​ផ្សាយ​ខុស​ពី​ខ្ញុំ។ យក​ល្អ អ្នក​ឯង​កុំ​និយាយ​ពី​ខ្ញុំ​តែ​ម្ដង​ទៅ ធ្វើ​ជា​ស្អប់​ខ្ញុំ ធ្វើ​ជា​អត់ ហ៊ុន សែន តែ​ម្ដង​ទៅ​ល្អ​ជាង»

ទាក់ទង​នឹង​បញ្ហា​នេះ និពន្ធ​នាយក​រង​នៃ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) លោក ខូលីន មីន (Colin Meyn) និង​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្នែក​ភាសា​ខ្មែរ លោក កៃ គឹមសុង មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​លក្ខណៈ​រាប់​អាន​ជិតស្និទ្ធ​ទេ ប៉ុន្តែ​ទាក់ទង​នឹង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ និង​លោក​ឲ្យ​អ្នក​សារព័ត៌មាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់៖ «ផ្សព្វផ្សាយ​ការ​ពិត​ជា​ជាង​ការ​លែបខាយ ឬ​បង្វែ​ការ​ពិត​នោះ។ ដូច្នេះ ការ​ផ្សាយ​មិន​ការ​ពិត​វា​ច្រើន​ពេក​ទៅ ដែល​យើង​អាច​សម្គាល់ ឬ​អាច​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​មហាជន ដោយសារ​ព័ត៌មាន​នេះ​វា​ក្លាយ​ទៅ​ជា​សារសំខាន់​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ប្រចាំ​ថ្ងៃ​រួច​ស្រេច​ទៅ​ហើយ។ យើង​ទាំង​អស់​គ្នា​ក៏​យើង​ដឹង ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​នៃ​កិច្ច​ទទួល​បាន​ព័ត៌មាន​ពិត។ អា​ហ្នឹង​សេរីភាព​របស់​គេ»

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ ថ្លែង​ថា បញ្ហា​នេះ​អាច​នៅ​មាន​ការ​យល់​ច្រឡំ​គ្នា​អំពី​សេរីភាព​សារព័ត៌មាន ព្រោះ​កម្ពុជា ធ្លាប់​ឆ្លង​កាត់​របប​កុម្មុយនិស្ត និង​សង្គម​និយម​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៩០។ លោក​ថា ពេល​នោះ​សារព័ត៌មាន​ត្រូវ​ផ្សាយ​អ្វី​ដែល​ជា​គោលការណ៍​របស់​បក្ស និង​រដ្ឋ។ លោក​បន្ត​ថា សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​ត្រូវ​មាន​ឯករាជ្យ និង​អព្យាក្រឹត្យ ដោយ​មិន​ត្រូវ​ធ្វើ​តាម​រដ្ឋាភិបាល​ឡើយ៖ «បើ​សារព័ត៌មាន​អព្យាក្រឹត្យ និង​ឯករាជ្យ គឺ​សារព័ត៌មាន​នោះ​អាច​ផលិត​ព័ត៌មាន​ដោយ​មិន​មាន​ទទួល​ឥទ្ធិពល ឬ​ក៏​ការ​គាប​សង្កត់​ពី​ស្ថាប័ន​ណា​មួយ​នោះ​ឡើយ លុះ​ត្រា​តែ​អ្វីៗ យើង​ផ្សព្វផ្សាយ​នោះ ប្រាស​ចាក​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​ច្បាប់​សារព័ត៌មាន។ អ៊ីចឹង​ការងារ​របស់​អ្នក​សារព័ត៌មាន​យើង​កន្លង​មក ដូច​ជា​មិន​ប្រាសចាក​រដ្ឋធម្មនុញ្ញ ឬ​ច្បាប់​សរព័ត៌មាន​ទ។ ទោះបី​ជា​យ៉ាង​ណា​ក៏​យើង​ជា​អ្នក​សារព័ត៌មាន យើង​សូម​ស្វាគមន៍​ចំពោះ​ការ​ផ្ដល់​មតិយោបល់​រិះគន់​ពី​ថ្នាក់​ដឹក​នាំរដ្ឋាភិបាល ក៏​ដូច​ជា​ប្រិយមិត្ត​ទាំង​អស់ ពីព្រោះ​យើង​តែង​តែ​ប្រកាន់​គោល​ជំហរ​មួយ​ថា យើង​ជា​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ យើង​មិន​ខ្លាច​ធ្វើ​ការ​រិះគន់​ទេ ហើយ​ក៏​យើង​មិន​ខ្លាច​ទទួល​ការ​រិះគន់ពី​គេ​មក​វិញ​ដែរ»

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា មាន​លំហូរ​សេរីភាព​សម្បូរ​បែប ប៉ុន្តែ​លោក​ស្ដាយ​ពេល​សារព័ត៌មាន​សរសេរ​ហួស​ការ​ពិត ហើយ​ចំអក​ឡកឡឺយ​ដោយសារ​ការ​ស្អប់ និង​មិន​ពេញ​ចិត្ត។

ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​នឹង​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​សារព័ត៌មាន គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា ចេញ​លិខិត​ឲ្យ​កាសែត ឌឹ ខេមបូឌា ដេលី កែ​តម្រូវ​ចំណង​ជើង​អត្ថបទ​របស់​កាសែត​នេះ ដែល​សរសេរ​ថា "លោក ហ៊ុន សែន ហាម​ឃាត់​អ្នក​ដែល​ស្លៀកពាក់​ពណ៌​ដូចៗ​គ្នា​មិន​ឲ្យ​ប្រមូល​ផ្ដុំ​ជា​សាធារណៈ"។ លិខិត​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ចង់​និយាយ​ថា ពណ៌​អី​ក៏ដោយ​ឲ្យ​តែ​ខុស​ច្បាប់ គឺ​ដាក់​គុក​ទាំងអស់។ លោក ស្វាយ ស៊ីថា ថា​ការ​ដាក់​ចំណង​ជើង​នេះ​មាន​ចេតនា​បំភ័ន្ត និង​ញុះញង់​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​យល់​ច្រឡំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។