របប​ក្រុង​ភ្នំពេញ​បដិសេធ​អនុសាសន៍​ស្ដីពី​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ

0:00 / 0:00

របប​លោក ហ៊ុន សែន បដិសេធ​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ទាក់ទង​នឹង​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ក្រោម​ហេតុផល​ថា រឿង​នេះ​មិន​ស្របតាម​ច្បាប់​របស់​កម្ពុជា។ អ្នកការពារ​សិទ្ធិមនុស្ស​សម្ដែង​ការ​សោកស្ដាយ​ដែល​របប​នេះ មិន​ទទួល​យក​អនុសាសន៍​នេះ​ទៅ​អនុវត្ត។

អនុប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​ទទួលយក​អនុសាសន៍ ១៧៣​ចំណុច មក​អនុវត្ត និង​មិន​ទទួលយក​ចំនួន ២៥​ចំណុច ក្នុង​ចំណោម​អនុសាសន៍​សរុប​ចំនួន​១៩៨ ដែល​រដ្ឋ​ជា​សមាជិក​បាន​ផ្តល់​ឱ្យ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ជា​សាកល​តាម​កាលកំណត់ (UPR) របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ចុង​ខែ​មករា កន្លង​ទៅ។

លោក​បញ្ជាក់​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​សម័យ​ប្រជុំ​លើក​ទី​៤១ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ថា មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​អនុសាសន៍​ចំនួន​២៥ នោះ គឺ​ដោយសារ​អនុសាសន៍​ទាំងនោះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្ដែង និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា។ ជា​ពិសេស​លោក​ថា អនុសាសន៍​ទាំងនោះ​ប្រាសចាក​ពី​ក្របខ័ណ្ឌ​ច្បាប់​របស់​កម្ពុជា និង​មាន​បង្កប់​របៀប​វារៈ​នយោបាយ។

តំណាង​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​បន្ថែម​ប្រាប់​អាស៊ីសេរី​ថា អនុសាសន៍​ទាំង ២៥​នោះ ត្រូវ​បាន​លើកឡើង​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត ហើយ​ផ្ដោត​ជា​សំខាន់​រឿង​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ៖ «អនុសាសន៍​នោះ​ផ្ដល់​ដោយមាន​ហេតុផល និង​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ ជាពិសេស​គឺ​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​ប្រឆាំង បក្ស​សង្គ្រោះជាតិ រួមមាន​ការ​ដោះលែង កឹម សុខា រួមមាន​ការ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ រួមមាន​ការអនុញ្ញាត​ឱ្យ​ (​ អ្នកនយោបាយ​ ) ១១៨ នាក់ ធ្វើ​នយោបាយ ជាដើម​។ អ៊ីចឹង យើង​ឃើញ​ថា អនុសាសន៍​ទាំង​២៥ ហ្នឹង វា​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ផ្ទុយ​នឹង​ច្បាប់ ហើយ​មិន​អាច​អនុវត្ត​បាន​ដោយសារ​អនុសាសន៍​ហ្នឹង​ចាប់​បង្ខំ​រដ្ឋាភិបាល​ដែល​ជា​អំណាច​នីតិប្រតិបត្តិ​ឱ្យ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ ដែល​យើង​មិន​អាច​ធ្វើ​បាន»។

លោក​បន្ថែម​ថា ការ​មិន​ទទួលយក​អនុសាសន៍​ទាំងនេះ​មក​អនុវត្ត នឹង​មិន​ប៉ះពាល់​អ្វី​ដល់​កម្ពុជា​ឡើយ ព្រោះ​នេះ​គ្រាន់តែ​ជា​យន្តការ​ផ្តល់​យោបល់​ឱ្យ​គ្នា​ទៅវិញទៅមក មិនមែន​ជា​ការ​បន្តុះបង្អាប់ ឬ​ដាក់​សម្ពាធ​លើ​ប្រទេស​ណាមួយ​ឱ្យ​អនុវត្ត​តាម​នោះ​ឡើយ។

ទោះជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​យល់ថា របប​លោក ហ៊ុន សែន គួរតែ​ទទួលយក​អនុសាសន៍​ទាំង​២៥ នោះ​មក​អនុវត្ត​ដែរ ពីព្រោះ​ចំណុច​ទាំងនោះ​គឺជា​គន្លឹះ​ជួយ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា សាទរ​ដែល​រដ្ឋាភិបាល​កម្ពុជា​ទទួលយក​អនុសាសន៍ ១៧៣ ចំណុច​យក​មក​អនុវត្ត ក៏ប៉ុន្តែ​លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​ព្រម​ទទួលយក​អនុសាសន៍​ជា​គន្លឹះ​របស់​សហគមន៍​អន្តរជាតិ​។ លោក​យល់ថា អនុសាសន៍​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អាច​នឹង​ជួយ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ហើយក៏​អាច​ជួយ​ឱ្យ​កម្ពុជា​ចៀស​ផុត​ពី​ការ​ដាក់​សម្ពាធ​ផ្នែក​ពាណិជ្ជកម្ម​ពី​សហគមន៍​អន្តរជាតិ​ផង​ដែរ៖ «រដ្ឋាភិបាល​គួរតែ​ពិចារណា​អំពី​អនុសាសន៍​ដែល​ជា​គន្លឹះ​ធំៗ​ហ្នឹង​។ សំខាន់ អនុសាសន៍​ហ្នឹង គឺ​ពាក់ព័ន្ធ​ទៅ​ដល់​វាសនា​នៃ​ប្រទេសជាតិ​យើង​ដែរ។ សំខាន់ គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ដែល​សហភាព​អឺរ៉ុប​កំពុង​តែ​មាន​វិធានការ»។

អ្នកការពារ​សិទ្ធិមនុស្ស​ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​រូប​នេះ ថ្លែង​បន្ត​ថា សហគមន៍​អន្តរជាតិ​មិន​ជឿជាក់​លើ​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​ដែល​ថា ចំណាត់ការ​លើ​គណបក្ស​ប្រឆាំង​នា​ពេល​កន្លង​មក គឺជា​រឿង​អនុវត្ត​ច្បាប់​នោះ​ឡើយ​។ ហេតុដូច្នេះ ទើប​សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ស្ថានការណ៍​ឡើងវិញ តាមរយៈ​ដំណោះស្រាយ​នយោបាយ​។ លោក​ទទួល​ស្គាល់​ថា យន្តការ UPR មិន​មាន​អំណាច​ចាប់​បង្ខំ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​ឡើយ ក៏ប៉ុន្តែ​សហគមន៍​អន្តរ​ជាតិនិយម​ប្រជាធិបតេយ្យ​មាន​យន្តការ​ផ្សេង​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា តួយ៉ាង ដូចជា​រឿង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ជាដើម៖ «អាច​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ហ្នឹង​មានការ​ខ្មាសអៀន​ដែរ នៅ​ក្នុង​កិច្ចប្រជុំ នៅ​ក្នុង​អង្គការសហប្រជាជាតិ ទៅ​ប្រជុំ​ផ្សេងៗ​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​ក្ដី។ ទីពីរ គឺ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេងទៀត គឺ​មាន​ការ​លំបាក ពិសេស​គឺ​ប្រទេស​ដែល​ប្រកាន់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី គឺ​គេ​អត់​ចង់​រកស៊ី​ជាមួយ​យើង។ និយាយ​ជា​សាមញ្ញ គឺ​គេ​អត់​ចង់​រកស៊ី​ជាមួយ​យើង ពីព្រោះ​ប្រទេស​យើង​ជា​ប្រទេស​រំលោភ​សិទ្ធិមនុស្ស»។

កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ក្រោម​កម្មវិធី “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ​” ឬ “EBA” ពី​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​សារ​តែ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​បំផ្លាញ​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​។ ខណៈ​ឱសានវាទ​របស់​សហភាព​អឺរ៉ុប​កាន់តែ​ខិត​ជិត​មកដល់ អង្គការ​សង្គម​ស៊ីវិល និង​សហជីព បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន អនុវត្ត​តាម​លក្ខខណ្ឌ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​បន្ត​ទៅ​ទៀត។

ចំណែក មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​វិញ បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​បន្ត​បង្ក្រាប​សំឡេង​ប្រឆាំង​ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន បន្ទាប់ពី​មាន​ការ​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ជាង ១៤០​នាក់ មក​បំភ្លឺ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល​។ ពួកគេ​យល់​ឃើញ​ថា និន្នាការ​នេះ គឺជា​ការប៉ុនប៉ង​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ ដើម្បី​បំភិតបំភ័យ និង​បំបិទ​សំឡេង​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​។ ម្យ៉ាងវិញទៀត ពួកគេ​ក៏បាន​សម្ដែង​កង្វល់​អំពី​ការប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ ដើម្បី​រឹតត្បិត​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។

មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ ស្ដារ​និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​សិទ្ធិ​សេរីភាព​នេះ​ជាបន្ទាន់ ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ក្រៅ​ពី​នេះ ពួកគេ​បាន​ដាស់តឿន​របប​នេះ ឱ្យ​ងាក​មក​ដឹកនាំ​ផ្ដោត​លើ​វប្បធម៌​សន្ទនា​ជាជាង​ផ្ដោត​លើ​បញ្ហា​បុគ្គល ដើម្បី​ធានា​ថា កម្ពុជា​មាន​សន្តិភាព​យូរ​អង្វែង និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។