កូន​ពៅ​បណ្ឌិត កែម ឡី មាន​ជំងឺ​អូទីសឹម ខណៈ​កូន​៤​នាក់​ទៀត​មាន​លទ្ធផល​ល្អ​ក្នុង​ការសិក្សា

ដោយ សុ ជីវី
2019.06.22
 កែម ឡី ប៊ូ រចនា កូន ៦២២ ភវិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនប្រុស​ទាំង​៥។
AFP

នៅ​ប្រមាណ​ជាង​២​សប្ដាហ៍​ទៀត ថ្ងៃ​ខួប​គម្រប់​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ថ្ងៃ​ទី​១០ ខែ កក្កដា នឹង​ចូល​មកដល់​។ បី​ឆ្នាំ​មកនេះ​ភរិយា​របស់​លោក​បណ្ឌិត​ដែល​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​ប្រុស​៥​នាក់ ត្រូវ​ទ្រាំទ្រ​នូវ​ការ​លំបាក​គ្រប់បែប​យ៉ាង​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ត ដើម្បី​ប្រឈមមុខ​នឹង​ការបាត់បង់​ប្ដី​ជា​បង្គោល​គ្រួសារ​ផង និង​ទទួលខុសត្រូវ​ចំពោះ​កូនៗ​ទាំងអស់​ផង។ មកដល់ពេលនេះ​អ្នកស្រី ប៊ូ រចនា បាន​ទម្លាយ​ព័ត៌មាន​ដែល​បង្ហាញ​ថា ការ​លំបាក​ថ្មី​មួយទៀត​បាន​ធ្លាក់​លើ​រូប​អ្នកស្រី នោះ​គឺ​ប្រុស​ពៅ​មាន​ជំងឺ​ម្យ៉ាង​ធ្វើ​ឱ្យ​រូបគេ​ខុសប្លែក​ពី​កុមារ​ទូទៅ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​អ្នកស្រី​ថា​កូនៗ​ទាំង ៤​នាក់​ផ្សេងទៀត​កំពុង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការសិក្សា។ ស្របគ្នា​នេះ​អ្នកស្រី​មិន​ភ្លេច​អំពាវនាវ​ដល់​សាធារណជន​ខ្មែរ​ចងចាំ​ពី​គំរូ​វីរភាព​ប្ដី​របស់​អ្នកស្រី និង​អ្នក​ដទៃ​ទៀត ដែល​តស៊ូ ដើម្បី​សិទ្ធ​សេរីភាព​នៅ​កម្ពុជា។

កូនប្រុស​ពៅ​របស់ លោក បណ្ឌិត កែម ឡី ឈ្មោះថា កែម ឡី វីរបុត្រ ដែល​មាន​អាយុ​ជាង​២​ឆ្នាំ​កំពុង​មាន​ជំងឺ​ម្យ៉ាង ដែល​ហៅថា ជំងឺ​អូទីសឹម ឬ​ហៅថា មនោវិក័ត ជា​ជំងឺ​រវើរវាយ​និង​ភាន់​វិញ្ញាណ ធ្វើ​ឱ្យ​គេ​មាន​អាកប្ប​កិរិយា​ប្លែកៗ មិន​ដូច​កុមារ​ទូទៅ។

អ្នកស្រី ប៊ូ រចនា ឱ្យ​អាស៊ីសេរី​ដឹង​ថា គ្រូពេទ្យ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ថា កូនប្រុស​ពៅ​មាន​ជំងឺ​នៅ​ពេល​អ្នកស្រី​នាំ​កូន​ទៅ​រក​ពេទ្យ ក្រោយពេល​អ្នកស្រី​សង្កេត​ឃើញ​ថា គេ​មិន​អាច​និយាយ និង​មាន​មាន​សញ្ញា​ឆ្លើយតប​មិន​ត្រឹមត្រូវ​ក្នុង​ពេល​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទូទៅ៖ «បញ្ហា​ដែល​មាន​ជំងឺ​ហ្នឹង​យើង​សម្គាល់​បាន​ថា គាត់​ចូលចិត្ត​លេង​តែឯង គាត់​ធ្វើ​អ្វីមួយ​បើ​គាត់​ចាប់អារម្មណ៍​ទៅ​អ្វីមួយ​ហ្នឹងហើយ​គឺ​គាត់​ផ្ដោត​ហើយ​គាត់​លែង​ចាប់​អារម្មណ៍​អ្វី​ទាំងអស់ ទោះបី​មាន​អ្នកណា​ហៅ ឬ​មាន​សំឡេង​អ្វី​ផ្សេងៗ​ទៀត​ក៏​គាត់​មិន​ចាប់អារម្មណ៍»

ជំងឺ​អូ​ទី​សឹម​(Autism) ជា​ប្រភេទ​ពិការភាព​ម្យ៉ាង​កើតមាន​នៅ​លើ​កុមារ​។ ជំងឺ​នេះ​អាច​កើត​នៅ​លើ​កុមារ​ចាប់​តាំង​ពី​ក្នុងអំឡុងពេល​ចាប់កំណើត​ក្នុង​ផ្ទៃ​ម្ដាយ ឬ​ហៅថា​អំឡុង​ពេល​មាន​ផ្ទៃពោះ អំឡុង​ពេល​ផ្ដល់​កំណើត ហើយក៏​អាច​កើត​ចំពោះ​កុមារ​នៅ​ចន្លោះ​អាយុ​ពី ០​ខែ ដល់​៥​ឆ្នាំ​ដែរ។ ជំងឺ​នេះ​ជា​ពិការភាព​ពេញ​មួយ​ជីវិត ដែល​ប៉ះពាល់​ទៅលើ​ការអភិវឌ្ឍន៍​រាងកាយ និង​សតិបញ្ញា​ស្មារតី​កុមារ ប៉ះពាល់​ទៅលើ​ផ្នែក​ទំនាក់ទំនង​សង្គម​របស់​កុមារ និង​ការ​ស្ដែង​ចេញ​នូវ​អាកប្ប​កិរិយា​របស់​ពួកគេ​។ កុមារ​អូទីសឹម​មិន​ចូលចិត្ត​លេង​ជាមួយ​អ្នកដទៃ ហូរ​ទឹកមាត់ និង​ធ្វើ​អ្វី​ប្លែកៗ ប៉ុន្តែ​ដដែលៗ​ដូចជា​ទះដៃ បក់ដៃ ស្រែក និង​សើច​ខុស​ទំនង​ជាដើម ហើយ​ស្ថានភាព​កុមារ​អាច​ប្រែប្រួល​ទៅតាម​កុមារ​នីមួយៗ និង​កម្រិត​ពិការភាព។ ជំងឺ​អាច​បណ្ដាល​ពី​តំណពូជ ឬ​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​ចាប់កំណើត ក្នុង​ចំណោម​នោះ ក៏​មាន​បញ្ហា​ដោយសារ​ម្ដាយ​កើតទុក្ខ​ធ្ងន់ធ្ងរ​ពេក​ដែរ។

កែម ឡី វីរបុត្រ កើត​នៅ​ថ្ងៃ​ទី​២ ខែ តុលា​ឆ្នាំ​២០១៦ គឺ​ប្រមាណ​ជិត​៣​ខែក្រោយ​ឃាតក​បាញ់សម្លាប់​ឪពុក គឺ​មានន័យថា នៅ​ពេល​ដែល​អ្នកស្រី ប៊ូ រចនា មានទុក្ខ​ធំ​ជាង​ភ្នំ​ទៅទៀត​នោះ វីរបុត្រ កំពុង​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ដែល​អាច​ទទួល​ដឹងឮ​ទុក្ខសោក ការឈឺចាប់​ទាំងឡាយ​ដែល​ម្ដាយ​ជួបប្រទះ។

បើ​ទោះ​ជា​យ៉ាងណា​អ្នកស្រី ប៊ូ រចនា ថា វីរបុត្រ​មាន​សញ្ញា​គ្រាន់បើ​ខ្លះ​ក្រោយ​ការ​ព្យាបាល និង​ការណែនាំ​របស់​គ្រូពេទ្យ។

ដោយឡែក​ចំពោះ​កូនៗ​ទាំង ៤​ទៀត​របស់ លោក បណ្ឌិត កែម ឡី វិញ​ពួកគេ​កំពុង​សិក្សា​ដោយ​ការ​ខិតខំ​ប្រឹងប្រែង ហើយ​ជា​លទ្ធផល​ពួកគេ​បាន​លទ្ធផល​ល្អ​បណ្ដើរៗ៖ «មាន​ចំណុច​ខ្លះ​ក៏​គាត់ តាម​គេ​ទាន់​មាន​ចំណុច​ខ្លះ​ក៏​គាត់​ស្មើ​ហ្នឹង​គេ ចំណុច​ខ្លះ​ទៀត​គឺ​ការ​យល់ដឹង​របស់​គាត់​មាន​លើស​គេ​ខ្លះៗ​ដែរ»

ភវិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនប្រុស​ទាំង​៥។

ទាក់ទង​ដល់​ការ​រម្លឹក​ខួប​៣​ឆ្នាំ​នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី វិញ តាម​គម្រោង​អ្នកស្រី ប៊ូ រចនា នឹង​ទៅ​ចូលរួម​កម្មវិធី ដែល​រៀបចំ​ដោយ​ក្រុម​យុវជន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប៉ុន្តែ​ដោយសារ​បញ្ហា​សុខភាព​របស់ កែម ឡី វីរបុត្រ នេះ អ្នកស្រី​ខកខាន​មិនបាន​ទៅ​តាម​គម្រោង​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែ​កក្កដា នោះ​ឡើយ។

បើទោះជា​យ៉ាង​នេះ​ក្ដី​អ្នកស្រី​អះអាង​ថា នឹង​ទៅ​ចូលរួម​កម្មវិធី​រម្លឹក​ខួប រៀបចំ​ដោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​២១ ខែ​កក្កដា។ អ្នកស្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ចងចាំ​វីរភាព​អ្នក​ដែល​តស៊ូ ដើម្បី​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​កម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​ប្ដី​អ្នកស្រី មួយ​រូប​ដែរ៖ «ការ​ចងចាំ​មិន​ថា​តែ​ស្វាមី​របស់​នាង​ខ្ញុំ​ទេ គឺ​យើង​ត្រូវតែ​ចងចាំ​គ្រប់​វីរភាព​របស់​អ្នក ដែល​គេ​តស៊ូ​សម្រាប់​ប្រទេស​កម្ពុជា សង្គម​យើង​ដែល​កំពុងតែ​ធ្លាក់​ចុះ នៅ​ក្នុង​អំពើ​អយុត្តិធម៌ អំពើ​ដែល​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​សព្វបែបយ៉ាង​នេះ នាង​ខ្ញុំ​សូម​ឱ្យ​យុវជន​ជំនាន់​ក្រោយនេះ​ឱ្យ​ក្លាហាន​ទាំងអស់​គ្នា​ឡើង ហើយ​យើង​នឹង​រក​យុត្តិធម៌​ទាំងអស់​គ្នា ជូន​ប្រទេស​កម្ពុជា​របស់​យើង​មកវិញ»

តាម​គម្រោង​កម្មវិធី​បុណ្យ​រម្លឹក​ខួប​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នេះ​គណៈកម្មការ​បុណ្យ ដែល​ជា​ក្រុម​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ចង់​ឱ្យ​មានការ​រម្លឹក​ឡើ​ង​វិញ​នូវ​អ្វី​ដែល​សាធារណជន​បាន​ចងចាំ​ពី​ព្រឹត្តិការណ៍ នៅ​ថ្ងៃ​ដែល​លោក​បណ្ឌិត ត្រូវ​ឃាតក​បាញ់សម្លាប់​។ ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់ លោក បណ្ឌិត កែម ឡី អាច​ចូលរួម​យុទ្ធនាការ​រម្លឹក​ឡើងវិញ​ពី​ការ​ចងចាំ​ព្រឹត្តិការណ៍​នេះ ដោយ​ការ​ចែក​រំលែក​នូវ​រូបភាព វីដេអូ ឬ​ព័ត៌មាន​នានា ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១០ ខែ កក្កដា ឆ្នាំ​២០១៦៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។