ធនាគារពិភពលោក និងអង្គការស្រាវជ្រាវអំពើហិង្សាខាងផ្លូវភេទ (Sexual Violence Research Initiative/SVRI) កាលពីថ្ងៃទី៩ ខែកក្កដា បានប្រកាសប្រគល់រង្វាន់ ដល់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជនអង្គការខាណា (KHANA Center for Population Health Research) ដែលបានបង្កើតប្រព័ន្ធឆ្លើយតបដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីភេទនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ធនាគារពិភពលោក មិនបានបញ្ជាក់ពីទឹកប្រាក់ដែលផ្ដល់ឱ្យអង្គការខាណានោះទេ ប៉ុន្តែរង្វាន់នេះ គឺជាកម្មវិធីរបស់ «ទីផ្សារអភិវឌ្ឍន៍ឆ្នាំ២០២០» ដែលនឹងជួយបង្កលទ្ធភាពដល់អ្នកស្រាវជ្រាវនៅអង្គការខាណាដែលបានបង្កើត បណ្ដាញជជែកគ្នាមួយតាមប្រព័ន្ធ WhatsApp ឈ្មោះថា ‘SMARTgirl Chatline’ ដើម្បីផ្ដល់សេវាគាំទ្រ ២៤ម៉ោង ដល់ស្ត្រីធ្វើការនៅតាមឧស្សាហកម្មកម្សាន្តនានា ដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការងារ និងជាជនរងគ្រោះដោយសារអំពើហិង្សា។
ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា អ្នកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា៖ «សមភាពយេនឌ័រគឺជាអាទិភាពខ្ពស់មួយសម្រាប់ធនាគារពិភពលោកប្រចាំនៅកម្ពុជា។ គម្រោងរបស់អង្គការខាណា គឺជាកិច្ចខិតខំដ៏មានសារៈសំខាន់មួយ សម្រាប់ស្វែងរកមធ្យោបាយជួយឱ្យនារីនិយោជិកទាំងនោះ មានសុវត្ថិភាព ជាពិសេស អ្នកដែលប្រឈមនឹងហានិភ័យខ្ពស់»។
កម្មវិធីពានរង្វាន់ទីផ្សារអភិវឌ្ឍន៍ (Development Marketplace) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីធនាគារពិភពលោក និងអង្គការស្រាវជ្រាវអំពើហិង្សាខាងផ្លូវភេទ (SVRI) គឺជាព្រឹត្តិការណ៍ប្រកួតប្រជែងជាលក្ខណៈសាកល ធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់វិធីសាស្ត្រឆ្នៃប្រឌិត ក្នុងការស្វែងរកដំណោះស្រាយ ជួយដល់បុគ្គល និងសហគមន៍របស់ពួកគេ ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាផ្នែកយេនឌ័រ។
នៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ធនាគារពិភពលោក និងអង្គការ SVRI បានប្រគល់រង្វាន់គិតជាទឹកប្រាក់ ៥លាន ដុល្លារអាមេរិក ដល់គម្រោងស្រាវជ្រាវចំនួន ៥០គម្រោង នៅតាមប្រទេសចំនួនជាង ៣២ ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។