សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថ្កោលទោស​អាជ្ញាធរ​វៀតណាម សងសឹក​យុវជន​ខ្មែរ​ក្រោម​ដែល​ហ៊ាន​​ងើប​ឡើង​ទាមទារ​សិទ្ធិ​សេរីភាព

មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ម្នាក់ រាប់​រយ​ដុល្លារ​ដោយ​ចោទ​ប្រកាន់​ថា យុវជន​រូប​​នោះ លក់​ដូរ​ឥវ៉ាន់ ដោយ​គ្មាន​ការ​អនុញ្ញាត។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ទង្វើ​​របស់​អាជ្ញាធរ​វៀតណាម​នេះ ធាតុ​ពិត ជា​ការ​សងសឹក​លើ​យុវជន​ខ្មែរ​ក្រោម ដែល​ហ៊ាន​ទាមទារ​សិទ្ធិ​សេរីភាព​ជា​ជនជាតិ​ដើម​កំណើត និង​ចែកចាយ​ព័ត៌មាន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា អាជ្ញាធរ មូលដ្ឋាន​វៀតណាម​នៅ​ខេត្ត​ព្រះ​ត្រពាំង​បាន​ផាក​ពិន័យ​យុវជន តោ ហ្វាង​ចឿង ចំនួន ប្រាំ​រយ​ដុល្លារ ដោយ​ចោទ​ប្រកាន់​លោក​ថា លក់​ហ្គាស ដោយ​គ្មាន​ការ​អនុញ្ញាត។ ព្រះ​អង្គ​បន្ត​ថា តាម​ពិត​យុវជន​ខ្មែរ​ក្រោម មាន​លិខិត​អនុញ្ញាត​ពី​សាលា​ខេត្ត​ឲ្យ​បើក​មុខ​របរ​លក់​ដូរ ប៉ុន្តែ​អាជ្ញាធរ​​មូលដ្ឋាន បាន​បំពាន​ការ​អនុញ្ញាត​ពី​ខេត្ត​ទៅ​វិញ។ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​មូលហេតុ ដែល​អាជ្ញាធរ​មូលដ្ឋាន​ផាក​ពិន័យ​យុវជន​នោះ គឺ​ដោយសារ​តែ​លោក​ហ៊ាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ហ្វេសប៉ុក (Facebook) ដើម្បី​ចែកចាយ​ព័ត៌មាន​ពិត ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម និង​ទាមទារ​សិទ្ធិ​ជា​ជន​ដើម​កំណើត៖ «ដូច្នោះ​សរុប​ខ្លី​មក​ហ្នឹង​គឺ អាជ្ញាធរ​វៀតណាម ដែល​តែងតែ​យាយី​ ទៅ​ដល់​យុវជន​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម ជាពិសេស តោ ហ្វាង​ចឿង មាន​លក់​ឥវ៉ាន់​ផ្សេងៗ និង​លក់​ហ្គាស​ជា​ដើម ហើយ​ត្រូវ​ហៅ​ទៅ​ផាក​វិន័យ​ជា​អំពើ​អយុត្តិធម៌ និង​ការ​អើសរើង​ពូជសាសន៍»

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​អាជ្ញាធរ​វៀតណាម​ផាក​ពិន័យ​យុវជន តោ ហ្វាង​ចឿង។ កាលពី ខែ មិថុនា អាជ្ញាធរ​វៀតណាម​បាន​ផាក​យុវជន​នេះ ចំនួន​បី​រយ​ដុល្លារ ករណី​ប្រើប្រាស់​បណ្ដាញ​​​សង្គម ចែក​ចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​ក្រោម ក្នុង​ខួប​បាត់បង់​ទឹក​ដី​លើក​ទី ៧១ឆ្នាំ។​ ក្រោយ​ការ​ចែកចាយ​ព័ត៌មាន​នេះ ភ្លាម​អាជ្ញាធរ​បាន​ផ្ញើ​លិខិត​កោះហៅ យុវជន តោ ហ្វាង​ចឿង ទៅ​ជួប​ដោយ​បញ្ចុះបញ្ចូល​លោក ​ឲ្យ​ធ្វើ​ជា​ភ្នាក់ងារ​សម្ងាត់​វៀតណាម​ដើម្បី​តាម​ដាន​ខ្មែរ​ក្រោម​ណា ដែល​ហ៊ាន​រិះគន់​អាជ្ញាធរ​វៀតណាម ប៉ុន្តែ លោក​បាន​បដិសេធ​ទើប​អាជ្ញាធរ​វៀតណាម​សម្រេច​ផាក​ពិន័យ។ យុវជន តោ ហ្វាង​ចឿង បាន​បដិសេធ​មិន​សង​ប្រាក់​ពិន័យ​នោះ​ទេ ដោយសារតែ​លោក​​គ្មាន​ប្រាក់ ដើម្បី​បង់​ដោយសារ​តែ​លោក​ជួប​ប្រទះ​បញ្ហា​ជីវភាព​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ Covid-19។ យុវជន តោ ហ្វាង​ចឿង បាន​សុំ​ពន្យារពេល មិន​សង​ប្រាក់​ពិន័យ មក​ទល់​សព្វថ្ងៃ​នេះ។

ដោយ​ឡែក​ករណី​អាជ្ញាធរ​មូលដ្ឋាន​ផាក​ពិន័យ រឿង​លោក​លក់​ហ្គាស​វិញ យុវជន តោ ហ្វាង​ចឿង បាន​ប្រាប់​អាស៊ី​សេរី​ថា លោក​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ខេត្ត ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន មិន​ទទួល​ស្គាល់ ហើយ​ទាមទារ​ឲ្យ​លោក​បង់​ប្រាក់ ប្រាំ​រយ​ដុល្លារ​ទើប​រួច​ខ្លួន។ លោក​ថា លោក​គ្មាន​ប្រាក់​បង់ ការ​ផាក​ពិន័យ​នេះ​ទេ ដោយ​លោក​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ ជា​ការ​សងសឹក​នឹង​លោក ព្រោះ​លោក​ហ៊ាន​បញ្ចេញ​មតិ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត៖ «ករណី​ផាក​លុយ​ហ្នឹង​ប្អូន​មិន​សង​ទេ ពីព្រោះ​យើង​គ្មាន​កំហុស​អ្វី​ទាំង​អស់។ យើង​មាន​អាជីវកម្ម យើង​មាន​ក្រដាស​ស្នាម​គ្រប់គ្រាន់»

ទាក់ទង​នឹង​ការ​ផាក​ពិន័យ​នេះ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ចាត់ទុកថា ជា​ទង្វើ​អើសអើង​ពូជ​សាសន៍ ដោយសារ​តែ​ពលរដ្ឋ​វៀតណាម អាច​ប្រកបរបរ​លក់​ហ្គាស​បាន ​ប៉ុន្តែ​ខ្មែរ​ក្រោម​មិន​អាច​លក់​បាន​ទៅ​វិញ៖ «អាជ្ញាធរ​វៀតណាម ចំពោះ​ពលរដ្ឋ​យួន​ដែល​លក់ដូរ​នៅ​តាម​ភូមិ នៅ​កន្លែង​នោះ​ដែរ តែ​មិន​ឃើញ​អាជ្ញាធរ​វៀតណាម ទៅ​រក​រឿង​ទេ ឬ​ក៏​ផាក​ពិន័យ​អ្វី​ទេ។"

ព្រះអង្គ​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​មាន​មុខ​របរ​បន្តិច​បន្តួច​គ្រាន់​តែ​ចិញ្ចឹម​ជីវិត ហើយ​អាជ្ញាធរ​វៀតណាម ត្រូវ​តែ​លើក​ទឹក​ចិត្ត​ខ្មែរ​ក្រោម ដែល​មាន​មុខរបរ ស្រប​ច្បាប់​វិញ ទើប​ប្រសើរ​ជាង។

អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្ដើម​រឹត​បណ្ដឹង​សេរីភាព​ខ្មែរ​ក្រោម​ខ្លាំង​ឡើង​វិញ​ម្តង​ទៀត​នៅ​ឆ្នាំ ២០២០ នេះ។ អាជ្ញាធរ​វៀតណាម បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ម្នាក់​ដាក់​ពន្ធនាគារ មកទល់​សព្វថ្ងៃ ដោយសារតែ ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​ការ​រឹបអូស​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ ដោយ​គ្មាន​ដំណោះ​ស្រាយ និង​សំណង។ អាជ្ញាធរ​វៀតណាម ក៏​បាន​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់ ក្នុង​ម្នាក់​បី​រយ​ដុល្លារ ដោយសារ​តែ​ពួក​គេ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សំដែង​មតិ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ចាត់​ទុក​ទង្វើ​ទាំង​នោះ​ជា​ការ ​ល្មើស​ច្បាប់​សន្តិសុខ​អ៊ិនធឹណិត​វៀតណាម​ទៅ​វិញ។ ការ​ចាប់​ផ្ដើម​គាប​សង្កត់​ខ្មែរ​ក្រោម​នេះ ដោយសារ​តែ​សហព័ន្ធ​ខ្មែរ​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​ក្រោម​នៅ​ក្រៅ​ប្រទេស បាន​រួបរួម​គ្នា​ធ្វើ​​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេចវាសនា ដោយខ្លួនឯង​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។