ពលរដ្ឋខ្មែរនៅកម្ពុជា​ក្រោម មិន​ទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ពេញលេញ​ទេ

ដោយ សេក បណ្ឌិត
2018-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​និង​ព្រះសង្ឃ​​​តវ៉ា​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវិត្តសាស្ត្រ​​ខ្មែរ​កម្ពុជាក្រោម នៅ​ក្បែរ​​ស្ថានទូត​វៀតណាម កាល​ពី​​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។
ពលរដ្ឋ​និង​ព្រះសង្ឃ​​​តវ៉ា​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវិត្តសាស្ត្រ​​ខ្មែរ​កម្ពុជាក្រោម នៅ​ក្បែរ​​ស្ថានទូត​វៀតណាម កាល​ពី​​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin

ពលរដ្ឋខ្មែរ​រស់នៅលើទឹកដីកម្ពុជា​ក្រោម កំពុង​រៀបចំ​ប្រារព្វ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដូច​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែរ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ឲ្យ​ដឹង​ថា ដោយសារ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​កុំម្មុយនិស្ដ​វៀតណាម ពួក​គាត់​មិន​មាន​សិទ្ធិ​ពេញលេញ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​ដូច​​ប្រជា​​ពលរដ្ឋ​​នៅ​​ប្រទេស​​កម្ពុជា និង​នៅ​ប្រទេស លោក​សេរី​ទេ។

ក្រុមអ្នកឃ្លាំមើល និងព្រះសង្ឃ អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម អនុញ្ញាត​ឲ្យ​កម្មករ និង​ពលករ ជា​​ជន​​ជាតិ​​ដើម​​ខ្មែរ​​កម្ពុជា​​ក្រោម ទទួលបានឱកាសឈប់សម្រាកថ្ងៃបុណ្យប្រពៃណីខ្លួន ដោយ​មិន​កាត់​ប្រាក់​កម្រៃ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យ​​ដឹង​​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណីជាតិខ្មែរ ក្រុម​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទឹក​ដី​កម្ពុជា​ក្រោម មិន​ដែល​បំភ្លេច​ចោល​បុណ្យសែនដូនតារបស់ខ្លួនទេ។ ពួក​គេ​តែង​​ប្រារព្វ​ពិធី​នេះ​រាល់​ឆ្នាំ ដូច​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​ដែរ។ តែយ៉ាងណា អ្នក​ឃ្លាំ​មើល​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ អះអាង​ថា នៅ​តែ​មាន​កម្មករ​ខ្មែរ ដែល​ធ្វើ​ការ​នៅ​ទីក្រុង នៅ​ប្រទេស​វៀតណាម​មួយ​ចំនួន មិន​អាចឈប់សម្រាក​ទៅ​លេង​ស្រុក​​កំណើត ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា​បាន ព្រោះ​នៅ​ប្រទេស​វៀតណាម គ្មាន​ច្បាប់​សម្រាក​​បុណ្យ​សែន​ដូន​តា សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ក្រោម៖ «មក​ផ្ទះ​ខ្ញុំ​បាន​ជួប​ជាមួយ​ម្មករ​កម្មការិនី ពលករ​មួយ​ចំនួន ដែល​ធ្វើ​ការ​នៅ​ទី​ប្រជុំ​ជន​ពួក​គាត់ មិន​បាន​ទៅ​ស្រុក​កំណើត ដើម្បី​គោរព​ពិធី​សែន​ដូន​តា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ក៏​បាន​ទៅ ប៉ុន្តែ​ត្រូវ​បាន​កាត់​ប្រាក់​កម្រៃ​អ៊ីចឹង​ទៅ​ណា»

អតីត​ដែន​ដី​កម្ពុជា​ ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេ​មេគង្គ ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​អាណានិគម​បារាំង​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ស្ដេច​វៀតណាម ឈ្មោះ បាវ ដាយ (Bao Dai)  កាល​ពី​ថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩ ដើម្បី​ជា​ថ្នូរ​យក​កម្លាំង​របស់​ស្ដេច បាវ ដាយ ទៅ​ទប់ទល់​នឹង​កម្លាំង​កុម្មុយនិស្ត​របស់​លោក ហូ ជីមិញ (Ho Chi Minh)។ បើ​ទោះ​ជា​ជិត ១០០​ឆ្នាំ​មក​នេះ ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក បាន​ក្លាយជា​ជនជាតិ​ដើម​ភាគ​តិច ​រស់នៅ​លើ​ដែន​ដី​កំណើត​​របស់​ខ្លួន ​ក្រោម​ការ​គ្រប់គ្រង និង​ត្រួតត្រា​របស់​​រដ្ឋាភិបាល​វៀតណាម​ក្ដី ប៉ុន្ដែ​ពួក​គេ មិន​ដែល​បំភ្លេច​ចោល​ពិធី​បុណ្យ​ប្រពៃណី​របស់​ដូន​តា​ទេ។

ព្រះតេជគុណ ចាន់ ថយ គង់នៅវត្តមេពាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះត្រពាំង ឲ្យ​ដឹង​ថា នៅ​កម្ពុជា​ក្រោម គេ​មិន​ហៅ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ទេ គេ​ហៅ​ពិធី​បិណ្ឌ​ដូន​តា ឬ សែន​ដូន​តា មាន​រយៈ​ពេល ១៥ថ្ងៃ​ដូច​គ្នា។ ពលរដ្ឋខ្មែរក្រោម មិន​ទៅ​ធ្វើ​បុណ្យ​ច្រើន​វត្ត ដូច​នៅ​ប្រទេស​កម្ពុជា​ទេ គឺ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​នាំ​គ្នា​ចែក​វេន​គ្នា ទៅ​វត្ត​ក្បែរ​ផ្ទះ ពី​បិណ្ឌ​ទី១ ចាប់​ពី​ថ្ងៃ​ទី១រោច ខែ​ភទ្របទ ដល់​បិណ្ឌ​ទី១៣ ថ្ងៃ​១៣រោច។ ចំណែកបិណ្ឌទី១៤ គេ​ហៅ​ថា ថ្ងៃ​សែន​ដូនតា គឺ​ពលរដ្ឋ​ខ្មែរ​ក្រោម ជួបជុំ​សាច់​ញាត្តិ​នៅ​តាម​​ផ្ទះ និង​និមន្ដ​ព្រះសង្ឃ​​ទៅ​សូត្រធម៌ សម្ដែង​ធម៌​ទេសនា​ដល់​ផ្ទះ។ ឯ​ថ្ងៃ​ធំ​សម្រាប់​ពិធី​បុណ្យ​​សែន​​ដូនតា ឬ​ថ្ងៃ​ភ្ជុំ​បិណ្ឌ គឺ​ថ្ងៃ ១៥រោច ពុទ្ធបរិស័ទ ចំណុះ​ជើង​វត្ត នាំ​គ្នា​ទៅ​ជុំ​គ្នា នៅ​ទី​អារាម ដើម្បី​ធ្វើ​បុណ្យ​រួម​គ្នា។ ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម បន្ដ​ថា បន្ទាប់​​ពី​ធ្វើ​បុណ្យ ១៥ថ្ងៃ​រួច ថ្ងៃ ១កើត ខែ​អស្សុជ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នាំ​គ្នា​ធ្វើ​ពិធី​ដាក់​សំណែន​បណ្ដែត​លើ​កន្ទោង​តាម​ទឹក ដើម្បី​ជូន​ដំណើរ​ដូនតា​ត្រឡប់​ទៅ​វិញ៖ «បើ​វត្ត​នៅ​កម្ពុជា​ក្រោម​គេ​ទៅ​មួយ​ថ្ងៃ​តែ​ម្តង​ទេ តាម​វេន​គេ​ចាត់​ជា​ក្រុម។ និយាយ​​រួម​​គេ​​ចាត់​ជា​វេន​ជា​ក្រុម​នៅ​វត្ត​កម្ពុជា​ក្រោម គឺ​បែប​នឹង​គេ​មិន​បាន​ធ្វើ​ដូច​នៅ​កម្ពុជា​ទេ បាន​ទៅ​ច្រើន​វត្ត សូម្បី​ការ​រៀបចំ​ហៅ​ឈ្មោះ​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ នៅ​កម្ពុជា​គេ​ហៅ​ពិធី​បិណ្ឌ​ភ្ជុំ ឬ ភ្ជុំបិណ្ឌ ចំណែក​នៅ​កម្ពុជា​ក្រោម​នេះ​វិញ​គេ​ហៅ​ថា ពិធី​​សែន​​ដូន​តា»

សម្រាប់ទីវត្ត​អារាមវិញ នៅ​ពេល​បុណ្យ​សែន​ដូនតា ឬ ភ្ជុំបិណ្ឌ មានឮ​សំឡេង​កង​រំពង​អំពី​ការ​សូត្រ​ធម៌ ស្ទើ​តែ ១៥ថ្ងៃ ១៥យប់។ នៅ​ពេល​ទៀប​ភ្លឺ មាន​ពិធី​បោះ​បាយ​បិណ្ឌ ក្រុម​ព្រះ​សង្ឃ និង​យាយ​ជី សូត្រ​ធម៌​បទ​បរាភវសូត្រ ដើម្បី​ដាក់​តឿន​ស្មារតី​កុំ​ឲ្យ​ប្រព្រឹត្តិ​វិនាស​ទាំង ១២ប្រការ របស់​សាសនា​ព្រះពុទ្ធ និង​មាន​​ចាក់​បទ​ទំនួញ​ប្រេត ពិធី​ពូន​ភ្នំ​ខ្សាច់ នៅ​ពេល​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ។ ពុទ្ធ​សាសនិក នាំ​គ្នា​ស្លៀក​សំលៀក​បំពាក់​តាម​បែប​ប្រពៃណី​ យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​​តាម​វេន​នីមួយៗ និង​នៅ​ថ្ងៃ ១៥រោច។ ព្រះសង្ឃ ដែល​គង់​ទីអារាម ចាំ​ទទួល​ចង្ហាន់ ​សូត្រ​ធម៌​ដារ​ឆ្លង តាម​ប្រពៃណី ដូច​នៅ​កម្ពុជា​ដែរ។ ចំណែក​ពេល​រាត្រី​វិញ ព្រះសង្ឃ​ឲ្យ​ដឹង​ថា តាម​ក្រុម​នីមួយៗ ចំណុះ​ជើងវត្ត បាន​នាំ​គ្នា​មូល​មតិ ដើម្បី​និមន្ដ​ព្រះ​សង្ឃ​​សម្ដែង​ធម៌​ទេសនា​នៅ​ទី​អារាម។

ក្នុងឱកាសពិធីបុណ្យសែនដូនតា ការ​ជូបជុំ​គ្នា​មិន​ថា ក្មេង​ចាស់​ទេ ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ​ជួបជុំ​ក្រុម​គ្រួសារ​មក​ពី​ទី​ជិត​ឆ្ងាយ បើ​ទោះ​ជា​ខ្មែរ​ក្រោម​ខ្លះ គ្មាន​វាសនា​ឈប់​សម្រាក​ជួបជុំ​បង​ប្អូន​ក្រុម​គ្រួសារ និង​រៀបចំ​ពិធី​ផ្សេងៗ ពេញលេញ​តាម​ទំនៀម​ទម្លាប់​ក៏​ដោយ។

សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រោម​ មាន​ចំណង​ជើង​ថា វីរៈ​បុរស​ខ្មែរ​ក្រោម ឧកញ្ញ៉ា សឺន គុយ អះអាង​ថា កម្ពុជា​ក្រោម មាន​ទំហំ​ប្រហាក់​ប្រហែល​ផ្ទៃ​ដីប្រទេស​កម្ពុជា​បច្ចុប្បន្ន ហើយ​មាន​ខេត្ត​ចំនួន​ ២១​ខេត្ត និង​មាន​វត្ត​អារាម​ជាង ៥០០វត្ត។ ប៉ុន្ដែ​គ្មាន​ស្ថិតិ​ផ្លូវការណា​មួយ​បង្ហាញ​ថា ខ្មែរ​កម្ពុជា​ក្រោម​ រស់​នៅ​លើ​​ទឹក​ដី​កំណើត​របស់​ខ្លួន​ ដែល​វៀតណាម​កំពុង​ត្រួតត្រា​មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​ឡើយ។ សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រោម​មួយ​ទៀត មាន​ចំណង​ជើង​ថា អំណាច​គ្មាន​ខ្មែរ​ក្រោម សរសរ​ថា ពលរដ្ឋ​​ខ្មែរ​ក្រោម​មាន​ជាង ១​លាន​នាក់។ ចំណែក​សៀវភៅ​ប្រវត្តិសាស្ត្រ ចំណង​ជើង​ថា ដំណើរ​ឆ្ពោះ​​ទៅ​ទិស​ខាង​លិច បញ្ជាក់​ថា នៅ​សតវត្ស​ទី​២១ ខ្មែរ​ក្រោម​មាន​ជាង ៤​លាន​នាក់។ រីឯ​ខាង​​សហព័ន្ធ​ខ្មែរ​ក្រោម​វិញ អះអាង​ថា ខ្មែរ​ក្រោម​ទាំង​អស់​ មាន​ជាង ៨​លាន​នាក់។

ប្រធានសម្ព័ន្ធសមណៈនិស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​តេជគុណ សឺន សុផារិន្ទ មាន​ព្រះថេរៈ​ដីកា​ថា បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគ​ច្រើន បាន​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក ទៅ​ធ្វើ​កម្មករ​នៅ​ទីក្រុង ប៉ុន្ដែ ពួក​គេ​មួយ​ចំនួន សុខ​ចិត្ត​ឲ្យ​ថៅកែ​កាត់​ប្រាក់​កំរ៉ៃ ដើម្បី​យក​ពេល​វេលា​ទៅ​ជួប​ជុំ​បង​ប្អូន​នៅ​ស្រុក​កំណើត។ ព្រះអង្គ​បន្ដ​ថា អាជ្ញាធរ​ប្រទេស​វៀតណាម មិន​ទាន់​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ មាន​សិទ្ធិ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ប្រពៃណី​របស់​ខ្លួន​ទេ ប៉ុន្ដែ​នៅ​តាម​ខេត្ត​មួយ​ចំនួន ដែល​សំបូរ​ជនជាតិ​ខ្មែរ​រស់​នៅ ពួក​គេ​អាច​ឆ្លៀត​​ទៅ​ធ្វើ​បុណ្យ​បាន ដូច​ជា ខ្មែរ​ក្រោម រស់​នៅ​ខេត្ត​ព្រះត្រពាំង​ជាដើម៖ «មិន​ទាន់​មាន​ទេ មិន​ទាន់​មាន​ទេ កំពុង​តែ​មាន ច្បាប់​ប៉ុន្តែមានការតឹងរឹងណាស់​មិន​ងាយ​ស្រួល​នោះ​ទេ​ពរ តែ​ឥលូវ​កំពុង​មាន​ការ​សុំ​អនុញ្ញាត​យើង មិន​ដឹង​ថា បាន​រឺ​មួយ​មិន​នោះ​ទេ ច្បាប់​គេ​នៅ​វៀតណាម​នេះ​មាន​ការ​តឹងរឹង​ណាស់​មិន​ងាយ​ស្រួល​ទេ ខ្មែរ​យើង​ភាគ​ច្រើន​មិន​ហ៊ាន​ឈប់​នោះ​ទេ ពរ បើ​ហ៊ាន​ឈប់​មាន​តែ​គេ​កាត់​ប្រាក់​ខែ​អ៊ីចឹង​មាន​ការ ឈប់​តិចតួច​ណាស់​ពរ»

 

សេចក្ដី​ប្រកាស​របស់អង្គការ​សហប្រជាជាតិ ស្ដីពី​ជនជាតិ​ដើម​ភាគ​តិច ត្រង់​មាត្រា​១២ ចែង​ថា ជនជាតិ​​ដើម​ភាគ​តិច មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​រវើក​ឡើង​វិញ ​នូវ​ប្រពៃណី និង​ទំនៀម​ទម្លាប់​ជា​វប្បធម៌​​របស់​ខ្លួន។ សិទ្ធិ​នេះ រួមមាន​ទាំង​សិទ្ធិ​ក្នុង​ការ​ថែ​រក្សា​ការពារ និង​អភិវឌ្ឍន៍​អ្វីៗ ដែល​បង្ហាញ​អត្ត​សញ្ញាណ វប្បធម៌​របស់​ខ្លួន ដែល​មាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត ដូចជា​តំបន់​បុរាណ​វិទ្យា និង​​តំបន់​ប្រវត្តិសាស្រ្ត​បុរាណវត្ថុ រចនាបថ ពិធី​បុណ្យ បច្ចេកវិទ្យា និង​សិល្បៈ ទស្សនីយភាព និង​​ការ​សម្ដែង​សិល្បៈ និង​អក្សរសាស្រ្ត។ រដ្ឋ​ទាំងឡាយ ត្រូវ​ផ្ដល់​ឲ្យ​មាន​ដំណោះស្រាយ ​តាម​រយៈ​យន្ត​ការ​មាន​ប្រសិទ្ធិភាព ដែល​រួមមាន​ទាំង​បដិទាន ដោយ​បាន​រៀបចំ​បង្កើត​ឡើង​ជាមួយ​ជនជាតិ​ដើម​ភាគ​តិច ចំពោះ​កម្មសិទ្ធិ​វប្បធម៌​បញ្ញា សាសនា និង​ជំនឿ​របស់​ពួក​គេ ដែល​ត្រូវ​បាន​ដកហូត​ដោយ​គ្មាន​ការ​យល់​ព្រម​ដោយ​សេរី និង​ដោយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន ឬ​ដែល​រំលោភ​លើ​ច្បាប់ ប្រពៃណី និង​​ទំនៀម​ទម្លាប់​របស់​ពួក​គេ។

អ្នក​នាំពាក្យ​សមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថា បើរដ្ឋណាមួយ បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ និងប្រកាស​ទទួល​ស្គាល់​កតិកា​សញ្ញាអន្ដរជាតិ​នេះ​រួច​ រដ្ឋនោះ ត្រូវ​មាន​កាតព្វកិច្ចគោរព និងអនុវត្ត​កតិកា​សញ្​ញា​នេះ និង​ត្រូវ​ធ្វើ​យ៉ាង​ណា ផ្ដល់សិទ្ធិគ្រប់​គ្រាន់​ឲ្យជន​ជាតិ​ដើម​ភាគ​តិច មាន​ពេល​វេលា​គ្រប់គ្រាន់​បាន​ប្រារព្វ​ប្រពៃណី​របស់​ពួក​គេ៖ «បើ​ប្រទេស​ប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ​ដែល រស់​នៅ​ក្នុង​ប្រទេស​ហ្នឹង បើ​គាត់​មិន​ទាន់​មាន​សិទ្ធិ​គាត់​មាន​សិទ្ធិ​ទាមទារ​​តវ៉ា​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​នូវ​សិទ្ធិ​ចំពោះ​ប្រទេស​ ដែល​កុម្មុយនិស​បើ​សិន​ជា​ក្នុង​ប្រទេស​របស់ ខ្លួន​ទទួល​ស្គាល់​បើក​ទូលំទូលាយ ហើយ​គួរ​ណា​តែ​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​គោរព​វប្បធម៌ ប្រពៃណី​សាសនា ដែល​មាន​មាន​នៅ​អ្វី ដែល​គាត់​ចង់​បាន​​ហ្នឹង​ដែរ​បាទ»

បច្ចុប្បន្នក្រុមព្រះសង្ឃ និងពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ក្រោម កំពុងធ្វើញ្ញត្តិ​ស្នើសុំ​ដោយ​ទទូច​ទៅ​រដ្ឋសភា​វៀតណាម ដើម្បីអនុញ្ញាត​ឲ្យ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក ដោយ​មិន​កាត់​ប្រាក់​កម្រៃ នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ធំៗ របស់​ខ្លួន ដូចជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ពិធី​បុណ្យ​អុំទូក​ជា​ដើម។ ចំណែក​នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន អំពាវនាវ​យ៉ាង​ទទូច ឲ្យ​អាជ្ញាធរ​ប្រទេស​វៀតណាម គ្រប់​លំដាប់​​ថ្នាក់​ ចេញ​លិខិត​អនុញ្ញាត ដើម្បី​សម្រួល​ឲ្យ​កម្មករ ឬ​ពលករ​ខ្មែរក្រោម ទទូល​បាន​សិទ្ធិ​ឈប់​សម្រាក នៅ​ថ្ងៃ​បុណ្យ​ប្រពៃណី​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល