សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អាមេរិក​គ្រោង​ជួបជុំ​អបអរ​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃ​ទី៩ មីនា

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក នឹង​ធ្វើ​ពិធី​ជួបជុំគ្នា​មួយ នៅ​រដ្ឋ ផេនស៊ីលវិញ៉ា (Pennsylvania) ថ្ងៃទី៩ មីនា ចុង​សប្ដាហ៍​នេះ ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា។ ក្នុង​ពិធី​ប្រមូល​ផ្តុំ​គ្នា​ដែល​មាន​មនុស្ស​ចូលរួម ប្រមាណ​ជិត ៤០០​នាក់​នេះ ជា​ឱកាស​មួយ​សម្រាប់​ស្ត្រី​ជា​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​នៅ​លើ​ទឹកដី​កំណើត ដែល​បច្ចុប្បន្ន វៀតណាម​កំពុង​គ្រប់គ្រង។

ប្រធាន​ចលនា​ស្ត្រី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អ្នកស្រី លុត ស៊ើន មាន​ប្រសាសន៍ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៧ មីនា ថា ពិធី​ជួបជុំ​នេះ​នឹង​ជំរុញ​ឱ្យ​ស្ត្រី​ខ្មែរ​ក្រោម​នៅ​អាមេរិក និង​ប្រទេស​មួយចំនួន​ទៀត​ក្នុង​សកល​លោក អាច​ជំរុញ​សហគមន៍​អន្តរជាតិ យកចិត្ត​ទុក្ខ​ដាក់​ដោះស្រាយ​វិបត្តិ​មួយចំនួន ដែល​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ជួបប្រទះ ដូចជា គ្មាន​ឱកាស​សិក្សា​រៀន​សូត្រ​ភាសា​ខ្មែរ ការ​រើសអើង​ក្នុង​ការ​ផ្តល់​ការងារ​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​វៀតណាម កង្វះ​សេវា​សុខភាព និង​ទាមទារ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ស្ត្រី​ឱ្យ​ស្មើនឹង​បុរស​ជាដើម៖ «និយាយ​ឱ្យ​ត្រង់​ទៅ​យើង​ចង់​ឱ្យ​បងប្អូន​ខ្មែរ ពួកគាត់​ដែល​នៅ​ជនបទ និង​នៅ​ឆ្ងាយ​ពី​ក្រុង​ហ្នឹង​ឱ្យ​ចេះ​ភាសា​របស់​ខ្លួន គឺ​អក្សរ​ខ្មែរ​។ បច្ចុប្បន្ន (​ វៀតណាម​ )​ បើក​ឱ្យ​រៀន​មួយ​អាទិត្យ​តែ​ពីរ​ម៉ោង​អី​ទេ​។ បងប្អូន​ខ្មែរ​គាត់​អត់​ចេះ​ភាសា​យើង​ច្បាស់លាស់ ហើយ​គាត់​គ្មាន​លទ្ធភាព​ទៅ​រៀន​ដល់​ខ្ពស់​ដូច​គេ​ទេ។ ទោះបីជា​អ្នក​រៀន​ខ្លះ​បាន​រៀន​ខ្ពស់ ក៏​អត់​មានការ​ងារ​សម​នឹង​ចំណេះដឹង​របស់​គាត់​ដែរ ពីព្រោះ​វា​មានការ​រើសអើង​។ ចំណែក​ខាង​សុខាភិបាល​វិញ មន្ទីរពេទ្យ​មាន​ច្រើនតែ​នៅ​ទីក្រុង អ៊ីចឹង​ហើយ​នៅ​ខាង​ជនបទ ប្រសិនបើ​មាន​នារី​មាន​ផ្ទៃពោះ នៅ​ពេល​ (​ ធ្វើដំណើរ​ ) ដល់​មន្ទីរពេទ្យ​ជួនកាល អាច​មាន​ស្លាប់»។

វិធី​ជួបជុំ អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨ មីនា នេះ នឹង​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន (Saigon Maxim) ដែល​មាន​អាសយដ្ឋាន​លេខ ៦១២ ផ្លូវ វ៉ាស៊ីនតុន (Washington Ave) ទីក្រុង ហ្វលីដាលហ្វៀ (Philadelphia) នៅ​វេលា​ម៉ោង ៧​យប់ រហូតដល់​ម៉ោង ១២​យប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។