ពលករ​ខ្មែរ​នៅ​ថៃ​ជិត ១០០​នាក់ ចូលរួម​ស្វែង​យល់​ពី​សិទ្ធិ​សេរីភាព​ខ្លួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

0:00 / 0:00

ក្រុម​ពលករ​ខ្មែរ​ ៧០​នាក់​ដែល​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ នាំគ្នា​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្វែងយល់​អំពី​សិទ្ធិ​សេរីភាព​របស់​ពលករ​ក្នុង​ពេល​បំពេញការងារ​នៅ​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៨ មិថុនា។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ជា​រឿង​ល្អ ធ្វើ​ឱ្យ​ពលករ​យល់ដឹង​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន និង​ដើម្បី​ការពារ​កុំ​ឱ្យ​ថៅកែ​ថៃ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពួកគាត់​បាន​អំពើ​ចិត្ត​ទៀត។

តំណាង​ពលករ​ខ្មែរ​ម្នាក់​ដែល​បាន​ចូលរួម​អប់រំ​ពី​សិទ្ធ​ការងារ​ពលករ លោក ហម ចន្ថា ថ្លែង​ថា ការអប់រំ​នេះ​ធ្វើ​ឱ្យ​លោក​យល់ដឹង​ពី​សិទ្ធិ​សេរីភាព​របស់​ពល​ករ​បាន​ច្រើនជាង​មុន ជាពិសេស​បាន​ស្គាល់​ស្ថាប័ន​ដែល​ពួកគាត់​អាច​ប្ដឹង​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ នៅ​ពេល​ដែល​ថៅកែ​រំលោភ​សិទ្ធិ​ការងារ​។ ពលករ​រូប​នេះ​បន្ត​ថា ពី​មុន​មក​នៅ​ពេល​មាន​បញ្ហា​នៅ​កន្លែងធ្វើការ​ពួកគាត់​មិន​ហ៊ាន​តវ៉ា​ជាមួយ​ថៅកែ​នោះ​ទេ ពីព្រោះ​ខ្លាច​ថៅកែ​បណ្ដេញ​ចេញពី​ការងារ និង​ដកហូត​លិខិតឆ្លងដែន​ពី​ពួកគាត់៖ « ដល់ពេល​យើង​ដឹង​ច្បាប់ទម្លាប់​អីចឹង​យើង​អត់​មានការ​ភ័យខ្លាច​ទេ​កាលពីមុន​យើង​អត់​ដឹង​គ្រាន់តែ​សម្លុត ឬ​គេ​ធ្វើបាប​ហើយ​សូម្បីតែ​ប៉ូលិស​ចាប់​យើង​អត់​ខុស​អី​សោះ​គេ​វាយ​ទាត់​ធាក់​យើង​ក៏​មាន​ដែរ ហើយ​យើង​អត់​ដឹង​ទៅ​ពឹង​អ្នកណា​ឱ្យ​យើង​បាន​ទេ។ ដល់ពេល​ឥឡូវ​ហ្នឹង​យើង​បាន​ដឹង​ពី​សិទ្ធ​យើង​អីចឹង​គឺ​យើង​អាច​មាន​មេធាវី​ខាង​អង្គការ​គេ​ជួយ​យើង​ដល់​អីចឹង​យើង​អាច​ប្ដឹង​គេ​បាន »

ចំណែក​ពលករ​ខ្មែរ​ធ្វើការ​សំណង់​នៅ​ខេត្ត​ឈុនបូរី លោក សូ សាវឿន វិញ ប្រាប់​ថា ក្រោយ​ពី​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​មក លោក​បាន​យល់ថា ប្រសិនបើ​ពលករ​ត្រូវ​បាន​ថៅកែ​រំលោភ​សិទ្ធិ​ការងារ គឺ​ពួកគេ​អាច​ប្ដឹង​ទៅ​ប៉ូលិស​ថៃ និង​ក្រសួង​ការងារ​ថៃ ព្រមទាំង​ប្ដឹង​ទៅ​ស្ថាន​ទូច​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ឱ្យ​ជួយ​អន្តរាគមន៍​ពួកគាត់​បាន​។ លោក​បញ្ជាក់​ថា លោក​នឹង​នាំ​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ​ជាមួយ​លោក ដើម្បី​កុំ​ឱ្យ​ថៅកែ​ជនជាតិ​ថៃ​រំលោភបំពាន​សិទ្ធិ​មក​លើ​ពួកគាត់​នៅ​ថ្ងៃ​ខាងមុខ​ទៀត៖ « គេ​ប្រាប់​យើង​ថា យើង​ត្រូវ​មាន​សិទ្ធិ​សេរីភាព បើ​នៅ​កន្លែងធ្វើការ​មានការ​រំលោភ​សិទ្ធិ​ការងារ​ដូចជា​ថៅកែ​មិន​បើក​លុយ​ឱ្យ ឬ​លិខិតឆ្លងដែន​មាន​បញ្ហា​អី​អាច​ប្ដឹង​ទៅ​អង្គការ​ឱ្យ​ជួយ​បាន។ ប្រទេស​គេ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ដែរ​ប៉ុន្តែ​កន្លងមក​ដោយសារ​ពល​ករ​ខ្លះ​មិន​ដឹង​ទៅ​ទាក់ទង​កន្លែង​ណា​ឱ្យ​ជួយ​និង​មិន​ចេះ​ភាសា​ថៃ​មិន​ដឹង​និយាយ​ថា ម៉េច »

វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ដោយ​សហភាព​ការងារ​ពលករ​របស់​ប្រទេស​ថៃ ធ្វើឡើង​នៅ​ខេត្ត​សមុទ្រ​ប្រាកាន (Samut prakan) ជាប់​ទីក្រុង​បាងកក ដើម្បី​អប់រំ​ដល់​ពលករ​ខ្មែរ​ឱ្យ​បាន​យល់​ដឹង​អំពី​សិទ្ធិ​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ។

មន្ត្រី​អង្គការ​សង់ត្រាល់ (CENTRAL) ទទួលបន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ការអប់រំ​ពី​សិទ្ធិ​ការងារ​នេះ ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ធ្វើ​ឱ្យ​ពួកគេ​មាន​ទីពឹង​ផ្នែក​ច្បាប់ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុងពេលដែល​ថៅកែ​រំលោភបំពាន​សិទ្ធិ​ការងារ​មក​លើ​ពួកគាត់។ លោក​បន្ត​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ ៨០​ភាគរយ មិន​យល់ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​នោះ​ទេ ទើប​ជារឿយៗ​ពួកគេ​ត្រូវ​បាន​ថៅកែ​ជនជាតិ​ថៃ រំលោភបំពាន​លើ​សិទ្ធិ​ការងារ​ជា​ហូរហែ ដូចជា​បើក​ប្រាក់ខែ​មិន​ទៀងទាត់ ធ្វើការ​ច្រើន​ម៉ោង​មិន​បើកប្រាក់​ឈ្នួល​ឱ្យ និង​មិន​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ពេល​ពួកគេ​ធ្វើការ​ងារ​នៅ​ថ្ងៃបុណ្យ​ជាតិ និង​ថ្ងៃ​ឈប់សម្រាក​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ជាដើម៖ « ហើយ​មួយទៀត​គាត់​នៅ​ពេល​ដែល​មាន​បញ្ហា​គាត់​អត់​ដឹង​ទៅ​រក​អ្នកណា​ឱ្យ​ជួយ​គាត់​បានទេ ព្រោះ​កាលណា​គាត់​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ហ្នឹង គាត់​អត់​ដឹង​ថា ស្ថាប័ន​ណា​ដែល​ពាក់ព័ន្ធ​ហ្នឹង​ការ​ការពារ​សិទ្ធិ​របស់​គាត់​ទេ។ អីចឹង​អា​ប្រយោជន៍​ទាំងពីរ ទាំង​បី​នេះ​វា​ត្រូវ​បាន​បាត់​ហើយ​ត្រូវ​បាន​ប្រឈម​នឹង​ការរំលោភ​សិទ្ធិ​ពួកគាត់ »

លោក ឌី ថេហូយ៉ា ជំរុញ​ឱ្យ​ពលករ​ខ្មែរ​ចូលរួម​ក្នុង​កម្មវិធី​បែបនេះ​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​មាន​បណ្ដាញ និង​ត្រូវ​ចងក្រង​គ្នា​ជា​សហគមន៍​ពលករ ដើម្បី​ការពារ​សិទ្ធិ​និង​ប្រយោជន៍​របស់​ខ្លួន កុំ​ឱ្យ​ថៅកែ​ថៃ​ចេះតែ​កេង​ចំណេញ​កម្លាំង​ពលកម្ម​របស់​ពួកគេ​បន្ត​ទៀត។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់​និង​ខុសច្បាប់ មាន​ប្រមាណ ២​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។