អតីតសកម្មជនសិទ្ធិលំនៅឋាន អ្នកស្រី ឡុង គីមហ៊ាង ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីពីរនាក់កូនប្រុស ព្រោះស្វាមីត្រូវជាប់ឃុំក្នុងពន្ធនាគារ តាមអំណាចនៃដីកាឃុំខ្លួនរបស់តុលាការក្រុងភ្នំពេញ។ អ្នកការពារសិទ្ធិមនុស្សថា សំណុំរឿងនេះមានភាពអយុត្តិធម៌ ដែលតុលាការគួរតែលើកលែងបទចោទប្រកាន់ និងដោះលែង ស្វាមីរបស់អ្នកស្រី ឡុង គីមហ៊ាង ឱ្យមានសេរីភាពវិញ។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ មានភាពសោះកក្រោះ និងសោកសង្រេងសម្រាប់ក្រុមគ្រួសារអ្នកស្រី ដោយសារតែស្វាមីអ្នកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។ អ្នកស្រីនាំកូនប្រុសអាយុជាង ១ ឆ្នាំ ទៅលេងស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ និងទៅវត្តដើម្បីបួងសួងសុំឱ្យមានការដោះលែងស្វាមីវិញ។
អ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនចង់ទៅណានោះទេ ដោយចង់នៅភ្នំពេញដើម្បីបានទៅសួរសុខទុក្ខស្វាមីក្នុងពន្ធនាគារ ក៏ប៉ុន្តែដោយបារម្ភពីបញ្ហាសុវត្ថិភាព ទើបស្វាមីអ្នកស្រីស្នើសុំឱ្យនាំកូនប្រុសតូចទៅស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៖ «កម្សត់ អាណោចអាធ័មណាស់ដែលខ្លួនឯងពីរនាក់ម្ដាយកូនមកជួបជុំឪពុកម្តាយ ប៉ុន្តែប្តីកំពុងតែនៅក្នុងគុកទាំងអយុត្តិធម៌ ហើយមិនដឹងសុខទុក្ខយ៉ាងណានៅក្នុងអំឡុងពេលចូលឆ្នាំ។ ពិតជាសោកសង្រេងខ្លាំងណាស់ពេលដែលរឿងអយុត្តិធម៌កើតឡើងមកលើគ្រួសារខ្ញុំ»។
អ្នកស្រីថ្លែងបន្តក្នុងសម្ដីបែបអួលដើមកថា អ្វីដែលពិបាកប្រឈមនោះ គឺកូនប្រុសតូចរបស់អ្នកស្រីតែងតែសួររកឪពុករបស់គេជានិច្ច ជាពិសេសនៅពេលចូលឆ្នាំថ្មីនេះ ព្រោះរូបគេតែងតែមានឪពុកនៅមើលថែទាំគ្រប់ពេលវេលា។ ម្យ៉ាងវិញទៀត ជីវភាពគ្រួសារអ្នកស្រី មានការធ្លាក់ចុះជាខ្លាំងបន្ទាប់ពីស្វាមីត្រូវជាប់ឃុំ ខណៈអ្នកស្រីក៏ត្រូវបាត់បង់ការងារ ហើយរវល់មើលថែទាំកូន និងចាត់ចែងគ្រប់កិច្ចការងារក្នុងគ្រួសារ។ ដោយសារបញ្ហានេះ អ្នកស្រីត្រូវបង្ខំចិត្តខ្ចីលុយគេ សម្រាប់ការចំណាយប្រចាំថ្ងៃ៖ «មិនឈឺចាប់ មិនតក់ស្លុតនឹងប្តីខ្ញុំគេចាប់ទេ ប៉ុន្តែមកតក់ស្លុត និងឈឺចិត្តនៅពេលដែលកូនតូចរបស់ខ្ញុំស្រែករកឪពុកទាំងកណ្ដាលយប់ មុនគេង មើលរូបថតលោកពុក ហើយដើរស្រែករកប៉ាៗពេញបន្ទប់ ពេញផ្ទះ ចម្លែកមែនទែន»។
ក្នុងវ័យ៣៤ ឈានចូល៣៥ ឆ្នាំថ្មីនេះ អ្នកស្រី ឡុង គីមហ៊ាង គឺជាអតីតសកម្មជនសិទ្ធិលំនៅឋានដ៏លេចធ្លោមួយរូប ដែលបានជួយតស៊ូមតិ និងផ្ដល់ប្រឹក្សាផ្នែកច្បាប់ដល់ពលរដ្ឋរងគ្រោះដីធ្លី ក្នុងរាជធានីភ្នំពេញ ចន្លោះពីឆ្នាំ២០០៩ ដល់ចុងឆ្នាំ២០១៨ កន្លងទៅ។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក រ៉ាត់ រត្នមុនី កាលពីឆ្នាំ២០១៦ បន្ទាប់ពីបានស្គាល់គ្នារយៈពេលប្រមាណ ៦ឆ្នាំ ក្នុងពេលធ្វើការងារជាអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋាន។
បច្ចុប្បន្ននេះ ស្វាមីអ្នកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ដោយជាប់ចោទពីបទ “ញុះញង់ឱ្យមានការរើសអើង” ដែលប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ៣ឆ្នាំ ប្រសិនបើតុលាការសម្រេចឱ្យលោកមានទោសមែននោះ។
អាជ្ញាធររបបក្រុងភ្នំពេញ បានចោទលោកថា បានឱ្យលុយប្រភព ដើម្បីនិយាយប្រឌិតសាច់រឿងក្នុងភាពយន្តឯកសារជួញដូរផ្លូវភេទ ដែលមានចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ដែលលោកបានជួយផលិតឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ តុលាការមិនបានកោះហៅភាគីកាសែតរុស្ស៊ីឱ្យមកឆ្លើយបំភ្លឺរឿងនេះឡើយ ខណៈតួអង្គម្នាក់នៅក្នុងភាពយន្តឯកសារ “ម្ដាយខ្ញុំ លក់ខ្ញុំ” អះអាងថា នាងមិនដែលបានទទួលលុយកាក់ពីលោក រ៉ាត់ រត្នមុនី នោះឡើយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន សម្ដែងការសោកស្ដាយចំពោះការចាប់ឃុំខ្លួន និងចោទប្រកាន់ លោក រ៉ាត់ រត្នមុនី ព្រោះសហការីរបស់លោករូបនេះ ត្រឹមជាអ្នកបកប្រែឱ្យកាសែតរុស្ស៊ីតែប៉ុណ្ណោះ។ លោកបន្តថា លោកនឹងលើកយកករណីលោក រ៉ាត់ រត្នមុនី ទៅបញ្ចូលក្នុងរបៀបវារៈនៃការទាមទាររបស់សហភាពសហជីពកម្ពុជា ក្នុងឱកាសទិវាពលកម្មអន្តរជាតិនាពេលខាងមុខ។ ទោះជាយ៉ាងណា លោកសង្ឃឹមថា តុលាការនឹងដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាព និងបានជួបជុំក្រុមគ្រួសារឡើងវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនេះ៖ «យើងមានការសោកស្ដាយដែលអាជ្ញាធរឃុំគាត់ ហើយមិនបានដោះលែងគាត់ឱ្យមានសេរីភាព ពីព្រោះបើយើងមើលទៅពុំមានទោសកំហុសអ្វីនោះទេ គ្រាន់តែជាការជួយបកប្រែដល់អ្នកសារព័ត៌មានរុស្ស៊ីតែប៉ុណ្ណឹង»។
គិតត្រឹមខែមេសានេះ លោក រ៉ាត់ រត្នមុនី បានជាប់ពន្ធនាគារអស់រយៈពេលជាង ៤ខែមកហើយ។ សំណុំរឿងរបស់លោកកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ខណៈបណ្តឹងសុំនៅក្រៅឃុំ កំពុងស្ថិតក្នុងដៃតុលាការកំពូល។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា ប្រសិនបើតុលាការរកមិនឃើញពីពិរុទ្ធភាពរបស់លោក រ៉ាត់ រត្នមុនី ទេនោះ តុលាការនឹងដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញជាក់ជាមិនខាន។
ទោះជាយ៉ាងណា អ្នកស្រី ឡុង គីមហ៊ាង នៅតែសម្ដែងការខកចិត្តចំពោះចំណាត់ការរបស់អាជ្ញាធររបបលោក ហ៊ុន សែន ទៅលើស្វាមីអ្នកស្រី ពីព្រោះស្វាមីអ្នកស្រីបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីកិច្ចការងារសង្គម និងការពារសិទ្ធិកម្មករ ប៉ុន្តែបែរជាប្ដូរមកវិញដោយការជាប់ពន្ធនាគារ ក្រោមបទចោទបែបប្រឌិត និងមិនសមហេតុផល ដូច្នេះទៅវិញ៖ «ខ្ញុំធ្លាប់តែជាអ្នកបង្រៀនប្រជាពលរដ្ឋឱ្យចេះច្បាប់ យល់អំពីសិទ្ធិ ប្រើប្រាស់សិទ្ធិ ទាមទាររកយុត្តិធម៌ខ្លួនឯង ប៉ុន្តែថ្ងៃនេះ ពេលនេះ ខ្ញុំក្លាយជាជនរងគ្រោះដែលស្វែងរកយុត្តិធម៌ដល់ប្តីរបស់ខ្ញុំវិញ ទាំងដែលប្តីរបស់ខ្ញុំមិនបានប្រព្រឹត្តខុសសោះ ហើយគេចាប់ដាក់គុក អ៊ីចឹងវាមិនសក្ដិសមទេ។ វាមិនយុត្តិធម៌ទេ វាអាក្រក់ណាស់។ ក្រៅតែពីការជួញដូរផ្លូវភេទដែលលាតត្រដាងនៅក្នុងភាពយន្តឯកសារដែលបានផ្សាយដោយកាសែតរុស្ស៊ីដែលប្តីខ្ញុំបានជួយនេះ គឺពលរដ្ឋយើងរងទុក្ខសោកដោយសារតែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា អយុត្តិធម៌ មិនស្មើភាព។ ពួកគេធ្វើការមិនតាមវិជ្ជាជីវៈ ហេតុដូច្នេះហើយវាទុក្ខសោកលើទុក្ខសោកតែម្ដង»។
លោក រ៉ាត់ រត្នមុនី អាយុ ៤៨ឆ្នាំ គឺជាប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា ហើយលោកក៏ជាអ្នកផលិតភាពយន្តឯកសារជាច្រើនពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ និងបញ្ហាសង្គមជាច្រើនទៀតផងដែរ ដែលរឿងទាំងនោះភាគច្រើន លោកផលិតឱ្យស្ថាប័នព័ត៌មានអន្តរជាតិ។ នៅមុនការចាប់ខ្លួន សកម្មជនសិទ្ធិការងាររូបនេះ កំពុងត្រៀមផលិតភាពយន្តឯកសារពីរផ្សេងទៀត គឺជីវិតកម្មករខ្មែរចំណាកស្រុកនៅប្រទេសថៃ និងជីវិតជនជាតិខ្មែរដែលត្រូវបញ្ជូនត្រឡប់មកពីអាមេរិកវិញ។
ភរិយារបស់លោក គឺអ្នកស្រី ឡុង គីមហ៊ាង បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្វែងរកសេរីភាព និងយុត្តិធម៌សម្រាប់រូបលោក។ អ្នកស្រីបានពឹងពាក់មេធាវីសមាគមអាដហុក (Adhoc) ឱ្យជួយតតាំងក្តីតាមផ្លូវច្បាប់ និងបាននាំគ្នាទៅតវ៉ាសុំអន្តរាគមន៍ពីស្ថានទូតរុស្ស៊ីនៅភ្នំពេញ ទោះជាមានការរារាំង និងគ្មានចម្លើយតបពីមន្ត្រីទូតរុស្ស៊ីក៏ដោយ។ អ្នកស្រីបញ្ជាក់ថា នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនេះ អ្នកស្រីនឹងលើកគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីសាជាថ្មីទៀត។
អតីតសកម្មជនសិទ្ធិលំនៅឋានរូបនេះ សង្កត់ធ្ងន់ថា ចំណាត់ការតាមផ្លូវច្បាប់លើស្វាមីអ្នកស្រី នឹងមិនអាចបំបាក់ទឹកចិត្តអ្នកស្រី និងស្វាមី ឱ្យលះបង់ការងារសង្គមនោះឡើយ។ អ្នកស្រីអះអាងថា អ្នកស្រី និងស្វាមី នឹងនៅតែបន្តការងារផ្នែកសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋាននេះតទៅទៀត ដើម្បីបញ្ចប់ទង្វើរំលោភបំពាននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។