អង្គការ​សិទ្ធិ​ក្នុងស្រុក ៣ស្ថាប័ន​ត្រៀម​មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន ២រូប ដែល​ច្រៀង​រិះគន់​សង្គម​

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​ចំនួន ៣ស្ថាប័ន បាន​ត្រៀម​មេធាវី​ផ្នែក​ច្បាប់​ជួយ​ការពារ​ក្ដី ឱ្យ​យុវជន គា សុគន្ធ និង​យុវជន ឡុង ពុទ្ធារ៉ា ដែល​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប កាលពី​សប្តាហ៍​មុន ក្រោយ​ពី​ពួកគេ​ច្រៀង​ចម្រៀង​រ៉ែប (Rap) រិះគន់​សង្គម។ ចំណែក​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា សំណុំរឿង​នេះ មិន​ឋិត​ក្នុង​លក្ខខណ្ឌ ដែល​រដ្ឋាភិបាល​ផ្តល់​មេធាវី​ការពារ​ក្ដី​ឱ្យ​នោះ​ទេ។

មន្ត្រី​អង្គការ​លីកាដូ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៧ កញ្ញា​ថា អង្គការ​លីកាដូ នឹង​បញ្ជូន​មេធាវី​ការពារ​ក្តី​សំណុំរឿង​យុវជន គា សុគន្ធ ក្រោយ​ពី​បុណ្យ​ភ្ជុំបិណ្ឌ​រួច។ រីឯ​សំណុំរឿង​របស់​យុវជន ឡុង ពុទ្ធារ៉ា អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា (LAC) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប បាន​បញ្ជូន​មេធាវី​ការពារ​ក្ដី​រួចហើយ​ដែរ។

នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​នៃ​អង្គការ​សិទ្ធិមនុស្ស​លី​កា​ដូ ​លោក​ អំ ​សំអាត​ ​ថ្លែង​ថា​ ​យុវជន​ទាំង​ពីរ​រូប​នេះ​បាន​និពន្ធ​បទ​ចម្រៀង​ ​និង​ច្រៀង​ ​ក្នុង​ន័យ​សេរីភាព​សិល្បៈ ​ជា​សិទ្ធិ​សម្ដែង​មតិ​ពុំ​មែន​ជា​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ដូច​ការចោទប្រកាន់​នោះ​ទេ​។​ ​លោក​ចាត់​ទុក​ការ​ចាប់ខ្លួន​យុវជន​ទាំង​នេះ​ជា​ការរំលោភ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «យើង​មើល​ទៅ​បញ្ហា​ទាំង​អស់​ហ្នឹង ហាក់​ដូច​មិន​មាន​អ្វី​ចោទ​ប្រកាន់​ថា ជា​រឿង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍​ទេ ពីព្រោះ​មើល​ទៅ​វា​សេរីភាព​បែប​សិល្បៈ​របស់​ពួក​គាត់​ហើយ។ បញ្ហា​ទាំង​អស់​នេះ​ខ្ញុំ​មើល​ឃើញ​ថា ជា​ការរំលោភ​លើ​សេរីភាព​ជា​មូលដ្ឋាន ឬ​សេរីភាព​បញ្ចេញមតិ​របស់​គាត់ »

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា (LAC) ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​បញ្ជូន​មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន ឡុង ពុទ្ធារ៉ា បាន​នៅ​ឡើយ​ទេ​នៅ​ទី១៦ កញ្ញា​នេះ។

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អា​ដ​ហុ​ក​ (​A​D​H​OC ) ​ខេត្ត​សៀមរាប​ ​លោក​ ​ច​័ន្ទ ​ចំរើន​ ឱ្យ​ដឹង​ថា​ ​លោក​បាន​ស្នើសុំ​មេធាវី​ ​ទៅ​ការិយាល័យ​កណ្តាល​នៃ​ ​សមាគម​អា​ដ​ហុ​ក​ ​ដើម្បី​ការពារ​ក្តី​ឱ្យ​យុវជន​ទាំងពីរ​រូប​នេះ​រួចហើយ​។​ ​លោក​ថា​ ​សមាគម​អា​ដ​ហុ​ក​នឹង​បញ្ជូន​មេធាវី​ ​នៅ​ពេល​ឆាប់ៗ​នេះ​ ​ហើយ​អាច​នឹង​ធ្វើពាក្យ​ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​យុវជន​ទាំងនេះ​ ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន៖ «ការិយាល័យ​កណ្ដាល​នៅ​ភ្នំពេញ ដែល​យើង​នៅ​សៀមរាប​ស្នើសុំ​ទៅ​ ​អា​ហ្នឹង​ជា​នីតិវិធី​ដែរ​អង្គការ​យើង​គេ​ឱ្យ​ធ្វើ​អ៊ីចឹង​មិនមែន​សម្រេច​តែ​ខ្ញុំ គេ​បញ្ជូន​មក​ភ្លាម​អត់ទេ​។​ ​គេ​ពិនិត្យមើល​រឿង​ហ្នឹង​ថា សម​ហ្នឹង​ឱ្យ​ទេ​ព្រោះ​យើង​ឱ្យ​គោលការណ៍​ទី១ ក្រីក្រ និង​ទី២ ម៉ង់ដា​ដែល​អាដហុក​ពិនិត្យ​ថា ជា​ម៉ង់ដា​សិទ្ធិមនុស្ស »

រីឯ​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រចាំ​ខេត្ត​សៀមរាប លោក ភុំ ប៊ុនផាន់ ប្រាប់​អាស៊ី​សេរី​ថា មេធាវី​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល ជួយ​ការពារ​ក្ដី​ជូន​ពលរដ្ឋ​បាន​ឋិត​ក្នុង​លក្ខខណ្ឌ​ចំនួន៣ គឺ​ទី១ ពលរដ្ឋ​ក្រីក្រ​មាន​ប័ណ្ណ​ក្រីក្រ​ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល។ ទី២ ជនរងគ្រោះ​គឺជា​ស្ត្រី និង​ទី៣ ស្ត្រី​រង​គ្រោះ​ដោយ​ការ​រំលោភបំពាន​ខុសច្បាប់។ លោក​បញ្ជាក់​ថា មេធាវី​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល​មិន​អាច​ជួយ​ពលរដ្ឋ​បាន​ជាទូទៅ​នោះ​ទេ៖ «ជួយ​ជន​ក្រីក្រ​ប៉ុន្តែ​យើង​មិន​សំដៅ​លើ​ទាំងអស់​ទេ ប៉ុន្តែ​អ្វី​ដែល​យើ​ជួយ​ហ្នឹង​លក្ខខណ្ឌ​ទី១ ជា​ជន​ក្រីក្រ​សំដៅ​លើ​គាត់​មាន​ប័ណ្ណ​ក្រីក្រ​ ​លក្ខខណ្ឌ​ទី២ ជា​ស្ត្រី ទី៣ ស្ត្រី​នោះ ជា​ស្ត្រី​រង​គ្រោះ​ដែល​មានការ​រំលោភបំពាន​តាម​ផ្លូវច្បាប់​គាត់ »

កន្លង​ទៅ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​ ​លោក​ ​ហ៊ុន​ ​សែន​ ​ថ្លែង​ថា​ ​ពួកគេ​បានការ​ពារ​ក្តី​នៅ​តុលាការ​ ​ជួយ​ដល់​ស្ត្រី​ក្រីក្រ​យ៉ាង​ច្រើន​ ​ជាពិសេស​នារី​ ​ដែល​មិន​មាន​សិទ្ធិ​ពេញលេញ​ ​ក្នុង​ការ​ការពារ​សិទ្ធិ​តាម​ផ្លូវច្បាប់​ ​ទាំង​ទណ្ឌិត​ ​និង​ជន​ត្រូវ​ចោទ​។​ ​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​របស់​ ​លោក​ ​ហ៊ុន​ ​សែន​ ​គឺ​ ​លោក​ ​គី​ ​តិច​ ​ចាត់​ទុក​ ​ការ​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​នេះ​ ​បង្ហាញ​ពី​ការ​យ​ចិត្ត​ទុកដាក់​ជួយ​ស្ត្រី​ក្រីក្រ​ ​របស់​ ​លោក​ ​ហ៊ុន​ ​សែន​។​

​ប៉ុន្តែ​ ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​ ​លោក​ ​ហ៊ុន​ ​សែន​ ​មាន​បេសកកម្ម​ផ្តល់​សេវា​ផ្នែក​ច្បាប់​គ្រប់​ខេត្ត​/​ក្រុង​ ​ដោយ​មិន​គិត​ថ្លៃ​ ​តែ​ចំពោះ​ស្ត្រីភេទ​ប៉ុណ្ណោះ។

​កាលពី​ថ្ងៃ​ទី៥ ខែកញ្ញា​កន្លង​ទៅ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​យុវជន ឡុង ពុទ្ធារ៉ា នៅ​រាជធានី​ភ្នំពេញ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​កាលពី​សប្តាហ៍​មុន។ ចំណែក​យុវជន គា សុគន្ធ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី៤ ខែកញ្ញា និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ដែរ។ យុវជន​ទាំង​នេះ ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ញុះញង់ ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ក្រោយ​ពី​ពួកគេ​ច្រៀង​ចម្រៀង​រ៉ែប (Rap) បង្ហោះ​តាម​បណ្ដាញ​សង្គម​រៀបរាប់​ពី​ការឈឺចាប់​រឿង​អយុត្តិធម៌​សង្គម សេដ្ឋកិច្ច​ធ្លាក់​ចុះ​ពលរដ្ឋ​ចំណាក​ស្រុក​បញ្ហា​ព្រំដែន និង​សង្គមជាតិ​ទន់ខ្សោយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។