អង្គការ​ជាតិ​និង​អន្តរជាតិ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​សន្តិភាព​មុន​ការ​បោះឆ្នោត

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ លើក​ឡើង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស និង​សន្តិភាព​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់។ ទន្ទឹម​គ្នា​នេះ ក្រុម​សង្គម​ស៊ីវិល​យល់​ថា ការ​ពង្រឹង​សន្តិភាព​ឡើង​វិញ គឺ​មាន​សារសំខាន់ និង​ចាំបាច់ ដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កត់​សម្គាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​ការ​រំលោភ​បំពាន​នៃ​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សន្តិភាព ខណៈ​កម្ពុជា កំពុង​ដំណើរ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្ដីពី​សមាហរណកម្ម​ការ​កសាង​សន្តិភាព​នៅ​ក្នុង​ការងារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ប្រធាន​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហៅ​កាត់​ថា អ៊ឺរ៉ា (ERA) និង​ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើក​ឡើង​ថា ស្ថានភាព​សន្តិភាព​នៅ​កម្ពុជា ដែល​រក​ឃើញ​នៅ​ឆ្នាំ​២០១៦ នេះ​រួម​មាន ការ​ចូលរួម​របស់​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​បក្ស​ប្រឆាំង នៅ​តែ​រង​ការ​គំរាម​កំហែង និង​ភ័យ​ខ្លាច​នៅ​ឡើយ។

ជាង​នេះ​ទៀត ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ​មិន​ទាន់​គ្រប់​ចំនួន ដោយសារ​ចំណាក​ស្រុក ជីវភាព​ក្រីក្រ ខ្វះ​អត្តសញ្ញាណប័ណ្ណ និង​កង្វះ​ព័ត៌មាន​ជាដើម នៅ​តែ​ជា​ការ​រារាំង​ដល់​សិទ្ធិ​របស់​ពលរដ្ឋ។ លោក​បារម្ភ​ថា បញ្ហា​ប្រឈម​នេះ នឹង​អាច​រារាំង​ដល់​សន្តិភាព និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ នាំ​ឲ្យ​មាន​ការ​លំបាក​ដល់​កិច្ច​សហប្រតិបត្តិការ​របស់​សង្គម​ស៊ីវិល ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ដោយ​សេរី និង​យុត្តិធម៌៖ « បរិយាកាស​នេះ​យើង​ឃើញ​ថា អាច​នឹង​ប៉ះពាល់​ដល់​ការ​ចូលរួម​របស់​ពលរដ្ឋ ដល់​ការ​បោះឆ្នោត​ខាង​មុខ ពិសេស​អ្នក​គាំទ្រ​គណបក្ស​នយោបាយ គឺ​យើង​ឃើញ​គំរាម​កំហែង និង​បង្ក​ភាព​ភ័យ​ខ្លាច និង​ភិតភ័យ​ច្រើន »

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Um Rainsey
ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Um Rainsey (RFA/Um Rainsey)

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ស្ថានភាព​មុន​ការ​បោះឆ្នោត​ដែល​ប៉ះពាល់​សន្តិភាព​ខ្លាំង គឺ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់ និង​រឹតត្បិត​ក្រុម​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល ដែល​រហូត​មក​ទល់​ពេល​នេះ នៅ​តែ​បន្ត​ឃុំ​ខ្លួន​អ្នក​ទោស​មនសិការ​ជាច្រើន​នាក់​ក្នុង​ពន្ធនាគារ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គោរព​សិទ្ធិ​ការ​ចូលរួម​របស់​ពលរដ្ឋ​ដោយ​មិន​រើសអើង​និន្នាការ​គណបក្ស​នយោបាយ និង​មិន​ត្រូវ​មាន​ការ​គំរាម​កំហែង​ពលរដ្ឋ និង​សង្គម​ស៊ីវិល​មុន​ការ​បោះឆ្នោត៖ « នៅ​ពេល​ដែល​មាន​ការ​បោះឆ្នោត សូម​កុំ​ឲ្យ​មាន​ការ​បំភិតបំភ័យ គំរាម​កំហែង​ណា​មួយ​ឡើយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ដែល​ផ្តល់​ការ​រិះគន់​ដើម្បី​ស្ថាបនា »

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌឹម សុវណ្ណារុំ ជុំវិញ​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ជំរុញ​ឲ្យ​កម្ពុជា ពង្រឹង​សន្តិភាព និង​សិទ្ធិ​មនុស្ស​មុន​ការ​បោះឆ្នោត​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ថ្លែង​ក្នុង​បទ​បង្ហាញ​ស្ដីពី​សិទ្ធិ និង​ការ​អនុវត្ត​ច្បាប់​កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក កែវ រ៉េមី ធ្លាប់​លើក​ឡើង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​លើក​ស្ទួយ និង​គោរព​សិទ្ធិ​មនុស្ស​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ទាំងឡាយ​យ៉ាង​ខ្ជាប់ខ្ជួន។ ស្ថានភាព​លើក​ស្ទួយ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​សម្បូរ​បែប និង​សន្តិភាព​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ព្រម​ទាំង​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក។

របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស និង​បញ្ហា​ប្រឈម​របស់​ក្រុម​សង្គម​ស៊ីវិល ដែល​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្ដីពី​សមាហរណកម្ម​ការ​កសាង​សន្តិភាព​នៅ​ក្នុង​ការងារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នេះ​បង្ហាញ​ដែរ​ថា មាន​ការ​កើន​ឡើង​ការ​រំលោភ​បំពាន​នៃ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​កម្ពុជា កំពុង​ដំណើរ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ជាង​នេះ​ទៀត ក្រៅ​ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ដល់​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​នៅ​កម្ពុជា ក៏​ល្បី​ផង​ដែរ​ខាង​ការ​បាញ់​សម្លាប់​អ្នក​ហ៊ាន​រិះគន់​ចំៗ​ដល់​គោល​នយោបាយ​របស់​រដ្ឋាភិបាល បញ្ហា​បរិស្ថាន និង​បញ្ហា​ប្រាក់​ខែ​របស់​កម្មករ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ក៏​អំពាវនាវ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ខិតខំ​សាជាថ្មី ដើម្បី​បំពេញ​ភាព​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ឲ្យ​ទទួល​បាន​សន្តិភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​សម្រាប់​កម្ពុជា ពេល​អនាគត។

អង្គការ​ទាំងនេះ​បាន​ផ្តល់​អនុសាសន៍​ថា ការ​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​អ្នក​ហ៊ាន​រិះគន់​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​ពលរដ្ឋ នឹង​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។