តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងសងសំណងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្នើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។ ក្រុមគ្រួសារ និងអ្នកការពារសិទ្ធិមនុស្សជាតិ ចាត់ទុកសាលក្រមផ្ដន្ទាទោសនេះ ថាជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។
ភរិយារបស់លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្កោលទោសការសម្រេចសេចក្តីរបស់តុលាការក្រុងភ្នំពេញនេះ។ អ្នកស្រីថ្លែងដោយសម្ដីយំខ្សឹកខ្សួលអួលដើមកថា តុលាការរបបលោក ហ៊ុន សែន កំពុងតែធ្វើឱ្យគ្រួសារអ្នកស្រីព្រាត់ប្រាសគ្នាដូចក្នុងសម័យខ្មែរក្រហមយ៉ាងដូច្នេះដែរ។ អ្នកស្រីបន្ថែមថា ការផ្ដន្ទាទោសស្វាមីអ្នកស្រី បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីភាពបរាជ័យនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយធ្វើឱ្យពលរដ្ឋខ្មែរបាត់ទំនុកចិត្តទាំងស្រុងលើស្ថាប័នតុលាការ។
អតីតសកម្មជនសិទ្ធិលំនៅឋានរូបនេះ អះអាងថា អ្នកស្រីនឹងបន្តការតស៊ូមតិបន្ថែមទៀតនៅលើឆាកអន្តរជាតិ ដើម្បីជួយទាមទាររកយុត្តិធម៌ជូនស្វាមីវិញ៖ «ប្តីរបស់ខ្ញុំបាត់បង់សេរីភាព រស់នៅក្នុងគុកព្រៃស ប្រឈមនឹងរឿងរ៉ាវគ្រប់បែបយ៉ាង ប្រឈមនឹងការបាត់បង់ចំណូលចិញ្ចឹមគ្រួសារ។ កូនមិនបានជួបមុខឪពុក ប្តីប្រពន្ធមិនអាចរស់នៅជួបជុំគ្នា ព្រាត់ប្រាសគ្នា ដូចសម័យ ប៉ុល ពត អ៊ីចឹង។ ពួក ប៉ុល ពត ខ្មែរក្រហមបំបែកគ្រួសារខ្មែរដោយសម្លាប់ ប៉ុន្តែសម័យនេះ ២០១៩ នេះ រដ្ឋាភិបាលកម្ពុជាប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបែកគ្រួសារខ្ញុំឱ្យព្រាត់ប្រាសគ្នា។ ហើយខ្ញុំក៏ដឹងថា ប្រជាពលរដ្ឋជាច្រើនក៏កំពុងតែព្រាត់ប្រាសគ្រួសារដូចខ្ញុំដែរ ដោយសារតែប្រព័ន្ធតុលាការអយុត្តិធម៌មួយនេះ»។
ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញលោក កូយ សៅ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី នៅរសៀលថ្ងៃទី២៦ មិថុនា ក្រោយពីបានបើកសវនាការកាលពី ២សប្តាហ៍មុន។ លោកបានសម្រេចឱ្យសកម្មជនសិទ្ធិការងាររូបនេះ ជាប់ពន្ធនាគារ ២ឆ្នាំ ដោយត្រូវអនុវត្តទោសពេញទាំងពីរឆ្នាំ គ្មានការបន្ធូរបន្ថយ។ ចៅក្រមរូបនេះ ក៏បានបង្គាប់ឱ្យលោកសងសំណងដល់ដើមបណ្តឹងរដ្ឋប្បវេណី ២នាក់ ដែលជាម្តាយរបស់តួអង្គក្នុងភាពយន្តឯកសារ “ម្ដាយខ្ញុំ លក់ខ្ញុំ” ក្នុងម្នាក់ចំនួន៣៥លានរៀល ឬជិត១ ម៉ឺនដុល្លារអាមេរិកផងដែរ។
មេធាវីរបស់លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែងថា លោកនឹងជជែកជាមួយកូនក្តីបន្ថែមទៀត ដើម្បីដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមផ្ដន្ទាទោសនេះ។ លោកថា ការសម្រេចរបស់តុលាការនេះ គឺជារឿងអយុត្តិធម៌យ៉ាងខ្លាំង ពីព្រោះកូនក្តីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ៖ «ប្រជាពលរដ្ឋនៅក្នុងសង្គមយើង គាត់ហាក់ដូចជាមិនបានចាប់អារម្មណ៍ យករឿងហ្នឹងមកជជែកគ្នាទេ ហើយវាមិនមែនជាទង្វើមួយដែលគាត់ធ្វើឱ្យប៉ះពាល់សង្គមនោះដែរ។ វាជាទង្វើមួយដែលធ្វើឱ្យអាជ្ញាធរមានការយកចិត្តទុកដាក់លើបញ្ហាហ្នឹងវិញ ប្រសើរជាងការចោទថា គាត់ធ្វើវាប៉ះពាល់ដល់មុខមាត់សង្គម ឬក៏ប៉ះពាល់ទៅដល់មុខមាត់ប្រទេសនោះ។ ទាក់ទងនឹងផលប៉ះពាល់នោះ គឺហាក់ដូចជាគ្មាន។ សម្រាប់ទង្វើដែលគាត់ធ្វើ គឺគាត់មានចេតនាមួយដើម្បីឱ្យអ្នកដែលពាក់ព័ន្ធក្នុងករណីហ្នឹង ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាប ឬក៏ដោះស្រាយករណីហ្នឹង»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” បន្ទាប់ពីលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
អាជ្ញាធររបបក្រុងភ្នំពេញបានអះអាងថា ភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ” ដែលបង្ហាញពីស្ត្រីខ្មែរវ័យក្មេង ៣នាក់ ត្រូវបានលក់ឱ្យបម្រើផ្លូវភេទ ដើម្បីដោះស្រាយជីវភាពគ្រួសារនោះ ជាវីដេអូបែបប្រឌិត ប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។ អាជ្ញាធរបានចោទលោក រ៉ាត់ រត្នមុនី ថា បានឱ្យលុយតួអង្គក្នុងសាច់រឿង ដើម្បីឱ្យពួកគេនិយាយកុហកពីដំណើររឿងរបស់ខ្លួន។
ទោះជាយ៉ាងណា តួអង្គម្នាក់ក្នុងចំណោម ៣នាក់នោះ គឺកញ្ញា អ៊ុន ស្រីពេជ្រ ធ្លាប់បានអះអាងប្រាប់អាស៊ីសេរីថា នាងមិនដែលទទួលបានលុយកាក់ពីលោក រ៉ាត់ រត្នមុនី ឡើយ ហើយអ្វីដែលនាងបានរៀបរាប់នៅក្នុងភាពយន្តឯកសារនោះ សុទ្ធសឹងតែរឿងពិតរបស់នាង។ ក៏ប៉ុន្តែសាក្សីដ៏សំខាន់ម្នាក់នេះ មិនបានចូលរួមក្នុងអង្គសវនាការសួរដេញដោលឡើយ ដែលធ្វើឱ្យបាត់ប្រយោជន៍ដល់លោក រ៉ាត់ រត្នមុនី។
អ្នកនាំពាក្យសមាគម អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែលបានតាមដានរឿងនេះតាំងពីដើមដំបូងមកនោះ វាយតម្លៃថា សំណុំរឿងនេះមានភាពអយុត្តិធម៌ចំពោះលោក រ៉ាត់ រត្នមុនី ពីព្រោះលោកមានតួនាទីត្រឹមជាអ្នកបកប្រែឱ្យសារព័ត៌មាន RT របស់រុស្ស៊ី មិនមែនជាអ្នកសម្រេចចេញផ្សាយភាពយន្តឯកសារ "ម្ដាយខ្ញុំ លក់ខ្ញុំ" នោះឡើយ។ ម្យ៉ាងវិញទៀត លោកចាប់អារម្មណ៍ថា នៅក្នុងអង្គសវនាការ តុលាការហាក់ដូចជាពឹងផ្អែកទៅលើកំណត់ហេតុរបស់សមត្ថកិច្ច និងចម្លើយរបស់ដើមបណ្ដឹងរដ្ឋប្បវេណីដែលឆ្លើយស្រដៀងៗគ្នា ខណៈភស្តុតាង និងសេចក្ដីសន្និដ្ឋានរបស់មេធាវីវិញ ហាក់មិនត្រូវបានតុលាការពិចារណាឡើយ៖ «យកគាត់ទៅដាក់ដល់ជិតអតិបរមា ព្រោះ៣ ឆ្នាំ ហើយគាត់ដាក់២ ឆ្នាំបាត់ទៅហើយហ្នឹង ទាំងដែលរឿងហ្នឹងមានវិមតិសង្ស័យច្រើន។ ក្នុងផ្លូវច្បាប់យើង កាលណាមានវិមតិសង្ស័យច្រើនហ្នឹងហើយដែលជាផលប្រយោជន៍បានទៅលើជនជាប់ចោទ។ ក៏ប៉ុន្តែ យើងឃើញហើយ ទោះបីមានភស្តុតាង មានការសម្អាង មានការលើកឡើងពីមេធាវីការពារក្តីដែលជាហេតុផលមួយសមរម្យដែលគួរតែចៅក្រមយកទៅពិចារណាហ្នឹង អត់មានយកទៅពិចារណាទេ ហើយបែរជាដាក់ទោសគាត់ជិតដល់កម្រិតអតិបរមានៃទោសនេះ។ វាជារឿងមួយដែលអយុត្តិធម៌សម្រាប់គាត់ណាស់»។
ចំណែក ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាសហការីរបស់លោក រ៉ាត់ រត្នមុនី វិញ អះអាងថា លោកនឹងស្វះស្វែងរកកិច្ចអន្តរាគមន៍បន្ថែមទៀតពីអង្គការអន្តរជាតិខាងការងារ (ILO) និងសហជីពអន្តរជាតិ ដើម្បីជួយរកយុត្តិធម៌ដល់សកម្មជនសិទ្ធិការងាររូបនេះ។ លោកយល់ថា រឿងនេះមានភាពអយុត្តិធម៌តាំងពីដើមដំបូងមកម្ល៉េះ ដូច្នេះការកាត់ឱ្យលោក រ៉ាត់ រត្នមុនី ជាប់ទោសជិតដល់កម្រិតអតិបរមាបែបនេះ គឺជារឿងកាន់តែអយុត្តិធម៌ថែមមួយកម្រិតទៀត៖ «លោក រត្នមុនី បើយើងមើលទៅពុំមានទោសកំហុសអ្វីនោះទេ ទោះបីដាក់តិចក៏វាជារឿងអយុត្តិធម៌ ដាក់ច្រើនកាន់តែអយុត្តិធម៌ ហើយបន្ទុកធ្លាក់មកលើក្រុមគ្រួសារ។ អាហ្នឹងដែលជាចំណោទបញ្ហា។ យើងគ្រាន់តែចង់ឱ្យតុលាការពិនិត្យមើលឡើងវិញជុំវិញសេចក្ដីសម្រេចរបស់ខ្លួន ពីព្រោះការសម្រេចនេះជារឿងមួយអយុត្តិធម៌សម្រាប់គាត់»។
គិតត្រឹមចុងខែមិថុនានេះ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិត ៧ខែមកហើយ ហើយតាមរយៈសាលក្រមរបស់តុលាការក្រុងភ្នំពេញនៅពេលនេះ លោកនឹងត្រូវជាប់ពន្ធនាគារបន្ថែមទៀតដើម្បីឱ្យគ្រប់រយៈពេល ២ឆ្នាំ។
អង្គការអន្តរជាតិធំៗ ចំនួនពីរ ថ្កោលទោសការផ្ដន្ទាទោសសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ឲ្យជាប់ពន្ធនាគារពីរឆ្នាំ៖
ជុំវិញការផ្ដន្ទាទោសសកម្មជនសិទ្ធិការងាររូបនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចាត់ទុកចំណាត់ការបែបនេះ ថាជាការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ និង គ្រាន់តែជាលេសក្នុងការបិទបាំងបញ្ហាសង្គម ដែលកំពុងរីករាលដាលនៅកម្ពុជា។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែងថា៖ «លោក រ៉ាត់ រត្នមុនី មិនគួរណា គេចាប់ខ្លួនគាត់តាំងពីដំបូងមកម្ល៉េះ កុំថាឡើយដល់ទៅជំនុំជម្រះក្តី និងផ្ដន្ទាទោសគាត់បែបនេះនោះ ព្រោះគាត់គ្រាន់តែអ្នកជួយភ្ជាប់ទំនាក់ទំនង និងបកប្រែក្នុងភាពយន្តឯកសាររបស់សារព័ត៌មានរុស្ស៊ី " Russia Today" តែប៉ុណ្ណោះ។ ការចោទប្រកាន់គាត់បែបនេះ គឺជាការមើលងាយ ដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ»។
លោកបន្តថា៖ «របបលោក ហ៊ុន សែន កំពុងប្រឹងបិទបាំងភាពក្រីក្រពេញបន្ទុករបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបង្ខំចិត្ត ជំរុញឱ្យកូនស្រីលក់ខ្លួន ដើម្បីរស់។ ការខំប្រឹងដាក់គុកលោក រ៉ាត់ រត្នមុនី គឺជាឧទាហរណ៍មួយ ដែលរបបលោក ហ៊ុន សែន កំពុងធ្វើបាបអ្នកដែលគ្មានកំហុស ដោយគ្រាន់តែគាត់ លាតត្រដាងការពិតប្រាប់ពិភពលោកឱ្យបានដឹង អំពីអ្វីដែលរបបនេះខំប្រឹងលាក់»។
លោកបន្ថែមថា៖ “អ្វីដែលជាការពិត ដែលរបបនេះប្រឹងលាក់នោះ គឺឧស្សាហកម្មផ្លូវភេទ នៅកម្ពុជា ដែលពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទក្មេងស្រីក្រោមអាយុ ១៨ ឆ្នាំ ដែលរឿងនេះ មន្ត្រីរបបនេះ មិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីដោះស្រាយបាន។
ចំណែកអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ( Reporters Without Borders) ហៅការជំនុំជម្រះក្ដីនោះថា ការកាត់ក្តីបែបបាយឡុកបាយឡគួរឲ្យអាម៉ាស់ និងគួរឲ្យស្អប់ខ្ពើម។ ប្រធានប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការនេះ គឺលោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថ្លែងកាលពីថ្ងៃទី២៦ មិថុនាថា សេចក្ដីសម្រេចរបស់តុលាការបែបនេះ គឺធ្វើឲ្យបាត់បង់សុចរិតភាពនៃប្រព័ន្ធតុលាការកម្ពុជាយ៉ាងដំណំ។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ថានេះជាការគួរសោកសង្រេងមួយ ដែលអ្នកហ៊ាន និងជួយឈឺឆ្អាលអំពីបញ្ហាសង្គម និងធ្វើដើម្បីផលប្រយោជន៍សង្គម តែបែរជាត្រូវរងការធ្វើទុក្ខបុកម្នេញយ៉ាងអយុត្តិធម៌បែបនេះទៅវិញ។
ជាចុងក្រោយទាំងលោក ដានីញ៉ែល បាស្តាត និងលោក ហ្វីល រ៉ូប៊ើតសិន (Phil Robertson) សុទ្ធតែស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី ជាបន្ទាន់ និង ត្រូវដោះលែងគាត់ឲ្យមានសេរីភាព ដើម្បីគាត់អាចវិលទៅរួមរស់ជួបជុំប្រពន្ធកូនគាត់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។