ក្រសួងព័ត៌មានថា ស្ថានភាពសារព័ត៌មាននៅកម្ពុជាល្អប្រសើរ ឯអ្នកជំនាញថា បន្តធ្លាក់ចុះដុនដាបខ្លាំង
2019.05.03

ក្រសួងព័ត៌មានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនមានការធ្លាក់ចុះទេ គឺមានតែកើនឡើងគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ឯសេរីភាពអ្នកសារព័ត៌មាន ក៏មានភាពទូលំទូលាយដែរ។
ការលើកឡើងនេះ ក្រោយពេលក្រសួងព័ត៌មាន បានប្រារព្ធទិវាសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ ឧសភា នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ តួនាទីប្រកបដោយសក្ដានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ។ ឯអ្នកជំនាញផ្នែកសារព័ត៌មាន យល់ថា សេរីភាពសារព័ត៌មានបន្តធ្លាក់ចុះ ចាប់តាំងពីឆ្នាំ២០១៧មក ក្រោយពេលរបបក្រុងភ្នំពេញ ធ្វើទុក្ខបុកម្នេញ សារព័ត៌មានឯករាជ្យ បណ្ដាលឱ្យសារព័ត៌មានដទៃទៀត មិនហ៊ានសរសេររិះគន់រដ្ឋាភិបាលទាល់តែសោះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់អាស៊ីសេរីថា ក្នុងទិវាសារព័ត៌មាន ដែលប្រារព្ធនៅសណ្ឋាគារ រ៉ាហ្វ៉ល ឡឺ រ៉ូយ៉ាល់ (Raffle Le Royal) រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោក មាស សុភ័ណ្ឌ អះអាងថា ការកើនឡើងនូវសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយសារក្រសួងព័ត៌មានគោរពសិទ្ធិ សេរីភាពអ្នកសារព័ត៌មាន និងបន្តគាំទ្រលើកទឹកចិត្តរាល់ការផ្សព្វផ្សាយព័ត៌មានពិត ជាដើម៖ «ពិនិត្យមើលទៅ ថាតើសេរីភាពសារព័ត៌មាននៅកម្ពុជាយើង ធ្លាក់ចុះ ឬយ៉ាងណា យើងមើលទិដ្ឋភាពជាក់ស្ដែង ក្នុងពេលបច្ចុប្បន្ននេះ តើយ៉ាងណា? បើតាមយើងសង្កេតឃើញយើងដឹង សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងមានការរីកចម្រើន មានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា ផងដែរ»។
ប៉ុន្តែអង្គការការពារអ្នកកាសែតគ្មានព្រំដែន រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីឆ្នាំ២០១៧មក គឺ ចាប់ពីពេលដែលរបបក្រុងភ្នំពេញ ធ្វើទុកបុកម្នេញ លើសារព័ត៌មានឯករាជ្យធំ២ គឺកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងការិយាល័យវិទ្យុអាស៊ីសេរីប្រចាំកម្ពុជា។
បន្ថែមពីការធ្វើទុក្ខបុកម្នេញ ករណីពន្ធដារ អាជ្ញាធរនៃរបបក្រុងភ្នំពេញ បានចាប់ខ្លួនអតីតអ្នកសារព័ត៌មានអាស៊ីសេរី២នាក់ទៀត ដែលបណ្ដាលឱ្យមានការភ័យព្រួយ ដល់អ្នកសារព័ត៌មានផ្សេងទៀត។
ដូចរាល់ឆ្នាំដែរ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាល្អជាងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ លោក ជំរុញឱ្យអ្នកសារព័ត៌មាន មានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ដើម្បីធ្វើឱ្យព័ត៌មាននោះ ជាព័ត៌មានពិត ឆ្លុះបញ្ចាំងពីតថភាពសង្គមជាក់ស្ដែង ដែលជាការរួមចំណែករកយុត្តិធម៌សង្គម សុខសន្តិភាព និងការអភិវឌ្ឍ ជាបំណងរបស់ពលរដ្ឋ។
លោក ហ៊ុន សែន ក៏អំពាវនាវឱ្យសារព័ត៌មានគ្រប់និន្នាការ និងអន្តរជាតិ សូមអនុវត្តត្រឹមត្រូវ តាមក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបំប៉ោងសភាពការណ៍ បន្តុះបង្អាប់ ញុះញង់អុជអាល ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ជំនឿ ពណ៌សម្បុរ ភេទ និន្នាការនយោបាយ ឬបែកបាក់សាមគ្គីជាតិជាដើម។
ទោះជាយ៉ាងណា អ្នកសារព័ត៌មានម្នាក់ អ្នកស្រី ឡុង គឹមម៉ារីតា ឱ្យដឹងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាសព្វថ្ងៃ មិនផ្ដល់ឱកាសពេញលេញឱ្យអ្នកសារព័ត៌មាន បានផ្សាយការពិតទាំងស្រុងទេ។ អ្នកស្រី ថា អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានខ្លះនៅកម្ពុជា ចាប់ផ្ដើមភ័យខ្លាច មិនហ៊ានផ្សាយគ្រប់ជ្រុងជ្រោយ ពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល ក្រោយពេល អាជ្ញាធរចាប់ខ្លួន អតីតអ្នកសារព័ត៌មានអាស៊ីសេរី កាលពីចុងឆ្នាំ២០១៧។
អ្នកស្រីបន្តថា អ្នកសារព័ត៌មាន នៅតែប្រឈមខ្ពស់នឹងហានិភ័យ ប្រសិនបើហ៊ានផ្សាយការពិតណា ដែលរិះគន់រដ្ឋាភិបាលធ្ងន់ធ្ងរ។ អ្នកស្រី សម្ដែងការសោកស្ដាយ នៅពេលពលរដ្ឋមានទុក្ខកង្វល់ខ្លះ បានពឹងពាក់ ឱ្យផ្សាយព័ត៌មានពីការរំលោភសិទ្ធិ តែសារព័ត៌មានមិនអាចផ្សាយបាន៖ «បើសិនជាយើងសរសេរ រាយការណ៍អ្វីល្អៗ ពីសមិទ្ធផលល្អៗ របស់រដ្ឋាភិបាល គឺស្រួល។ ចង់ទាក់ទងអ្នកណា (ប្រភព) ក៏បាន អ៊ីចឹងណា។ តែបើសិនជាយើងចង់ វាយប្រហាររដ្ឋាភិបាល ច្បាស់ជា យើងរត់ប្រផាប់ប្រភីង ដូចអាស៊ីសេរី ជាដើមអ៊ីចឹង។ បច្ចុប្បន្នខ្ញុំគិតថា អ្នកកាសែតដែលសរសេរពីភាពមិនសកម្ម ដូចជាពួកខ្ញុំរាល់ថ្ងៃមាន។ ខ្ញុំសរសេរច្រើនណាស់។ ប៉ុន្តែយើង(សរសេរ)ក្នុងបរិបទមួយ។ យើងសរសេរក្នុងបរិបទមួយដែលយើងអាចសរសេរបាន។ ដូចខ្ញុំនិយាយពីខាងដើមអ៊ីចឹងណា យើងសរសេរក្នុងបរិបទមួយដែលយើងអាចសរសេរបាន»។
ចំណែក អ្នកសារព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) លោក ស៊ុន ណារិន យល់ថាស្ថានភាពសេរីភាពសារព័ត៌មានបន្តនៅទ្រឹង មិនមានភាពប្រសើរជាងមុនទេ ចាប់តាំងមានការបិទការិយាល័យកាសែត ឌឹ ខេមបូឌា ដេលី និងការិយាល័យវិទ្យុអាស៊ីសេរី នៅកម្ពុជាមក។ លោកថា ការរឹតត្បិតសេរីភាពរបស់សារព័ត៌មានធំៗទាំងពីរនេះ បានធ្វើឱ្យសារព័ត៌មានធ្លាក់ចុះ បាត់ប្រយោជន៍អ្នកអាន និងអ្នកស្ដាប់ខ្លាំង ព្រោះរឿងល្អសម្រាប់អ្នកអានត្រូវបាត់ អ្នកកាសែតពូកែៗ បាត់បង់ការងារធ្វើ។ ឯអ្នកសារព័ត៌មានខ្លះ ត្រូវជ្រើសរើសរឿងសរសេរ មិនហ៊ានសរសេររឿងណា ដែលមានការប៉ះពាល់រដ្ឋាភិបាល ជាដើម។
ស្ថានភាពនៃការធ្វើការងារប្រចាំថ្ងៃវិញ លោក ស៊ុន ណារិន ថា ក្រោយពេលរដ្ឋាភិបាលចោទ វិទ្យុវីអូអេ ជាផ្នែកនៃបដិវត្តន៍ពណ៌ ពលរដ្ឋបារម្ភនៅពេលផ្ដល់បទសម្ភាសន៍។ ឯប្រភព ជាមន្ត្រីរដ្ឋាភិបាល វិញ ខ្លះមិនផ្ដល់បទសម្ភាសន៍ ឯខ្លះ ប្រើសំដីថា អ្នកសារព័ត៌មានវីអូអេ ជាអ្នកបម្រើបរទេស ក៏មាន៖ «ខ្ញុំគ្រាន់តែសំណូមពររដ្ឋាភិបាល ព្រោះគាត់បានលើកឡើងអំពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ អ៊ីចឹង អ្នកកាសែតក៏មិនសរសេរព័ត៌មានក្លែងក្លាយ តែយើងសរសេរការពិត តែសុំឱ្យរដ្ឋាភិបាលយល់ថា អាហ្នឹងជាការពិត មិនមែនជារឿងដែលប្រឆាំង នឹងពួកគាត់ទេណា។ សុំឱ្យពួកគាត់ យល់អាហ្នឹង»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ អះអាងថា ដូចមន្ត្រីរដ្ឋាភិបាលផ្សេងទៀតដែរ គឺ វិធានការណ៍លើសារព័ត៌មានឯករាជ្យ និងការបិទហ្វ្រេកង់ (Frequency) វិទ្យុផ្សាយបន្តតាមខេត្តរបស់សារព័ត៌មានទាំងនេះ សុទ្ធជាការអនុវត្តច្បាប់ រួមទាំងការចាប់ និងឃុំខ្លួន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី។ ប៉ុន្តែអ្នកច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិមិនបានយល់ឃើញដូចបែបនោះទេ។
ទោះជាយ៉ាងណាលោក មាស សុភ័ណ្ឌ ថា រដ្ឋាភិបាល នៅតែមានឆន្ទៈ ឱ្យកាសែត ឌឺ ខេមបូឌា ដេលី និង វិទ្យុអាស៊ីសេរី បើកការិយាល័យនៅកម្ពុជាឡើងវិញ តាមលិខិតរបស់រដ្ឋាភិបាលកាលពីខែធ្នូ ឆ្នាំ២០១៨។ ចំណែក ស្ថានីយវិទ្យុជាង១០ផ្សេងទៀត នៅតាមខេត្ត ដែលធ្លាប់ជួលម៉ោងផ្សាយឱ្យវិទ្យុអាស៊ីសេរី វីអូអេ និងវីអូឌី (VOD) អាចនឹងបើកឱ្យដំណើរការវិញ ក្រោយពេល វិទ្យុវីអូអេ ដែលកំពុងចរចាជាមួយរដ្ឋាភិបាលឱ្យបើកវិទ្យុផ្សាយរបស់ខ្លួនឡើងវិញ៕