ភរិយា​លោក រ៉ាត់ រត្នមុនី គ្រោង​ដឹកនាំ​បាតុកម្ម​ទាមទារ​​យុត្តិធម៌​ជូន​ស្វាមី​ដែល​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា

ដោយ ហេង រស្មី
2018-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី និងស្វាមី ព្រមទាំង​កូន ថតរូប​នៅ​មុខ​ព្រះបរមរាជវាំង នា​ពេល​កន្លង​ទៅ។
លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី និងស្វាមី ព្រមទាំង​កូន ថតរូប​នៅ​មុខ​ព្រះបរមរាជវាំង នា​ពេល​កន្លង​ទៅ។
រូបភាព​ហ្វេសប៊ុក

លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី សកម្មជន​ការពារ​សិទ្ធិ​ការងារ​បាន​ប្រកាស​ថា អ្នកស្រី​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​រក​យុត្តិធម៌ បន្ទាប់​ពី​ស្វាមី​របស់​លោកស្រី ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​បាន​នាំ​ខ្លួន​ពី​ប្រទេស​ថៃ យក​មក​សាកសួរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី ឡុង គឹមហ៊ាង បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ពុធ​ទី​១២ ធ្នូ ថា អ្នកស្រី​នឹង​ដាក់​គម្រោង​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ស្វាមី លោកស្រី​ក្រោយពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់​បញ្ជូន​ខ្លួន​យ៉ាង​តក់ក្រហល់​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា​។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​៧ ធ្នូ កន្លង​ទៅ​នេះ ហើយ​បន្ទាប់​មក ត្រូវ​បាន​បញ្ជូន​ខ្លួន​តាម​ឧទ្ធម្ភាគចក្រ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ។

លោក រ៉ាត់ រត្នមុនី និង​គ្រួសារ​បាន​ព្យាយាម​ស្វែងរក​សិទ្ធិ​ជា​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ទី​បី នៅមុន​ពេល​ដែល​លោក​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ខ្លួន​មក​ឲ្យ​របប​ក្រុងភ្នំពេញ។

របប​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​លោក រ៉ាត់ រត្នមុនី ពី​បទ​សង្ស័យ​ថា បាន​ឱ្យ​លុយ​ទៅ​តួអង្គ​ម្ដាយ​កូន​ស្រី ២​នាក់ ចំនួន ២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​និយាយ​កុហក​ក្នុង​ភាពយន្ត​ឯកសារ​ដែល​បង្ហាញ​ពី​ករណី​ម្ដាយ​លក់​កូនស្រី​ឯង​បង្កើត ដើម្បី​បំរើ​សេវាកម្ម​ផ្លូវ​ភេទ​ដែល​មាន​ចំណងជើង​ថា “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ”។

អ្នកស្រី ឡុង គឹមហ៊ាង បាន​បញ្ជាក់​ថា ខ្សែ​វីដេអូ​ដែល​ស្វាមី​អ្នកស្រី​ផលិត​ឡើង​នេះ​គ្រាន់តែ​បង្ហាញ​ពី​រឿង​ពិត​ដែល​បាន​កើតឡើង​តែប៉ុណ្ណោះ៖ «ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​វា​កើតឡើង​មិនមែន​មានតែ​នៅ​ក្នុង​ខ្សែភាពយន្ត​នោះ​ទេ គឺ​វា​កើតឡើង​មាននៅ​ក្នុង​របាយការណ៍​ជាតិ នឹង​អន្តរជាតិ​ក៏​ធ្លាប់​បាន​លើក​ឡើង ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​ប្រតិកម្ម​ផង​ដែរ»

ភាពយន្ត​ឯកសារ​នេះ មាន​ចំនួន​ចូល​ទស្សនា​ជាង ១ លាន ៤ សែន​ដង លើ​បណ្ដាញ​យូធូប (You Tube) និង​ជាង ៥ សែន​ដង នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ជា​វីដេអូ​សង្ខេប​ផ្តោត​លើ​គ្រួសារ​អតីត​ពលរដ្ឋ​បឹងកក់​ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានទេ។ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​ថា របប​ក្រុងភ្នំពេញ​មិន​ទាន់​មាន​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ណាមួយ​ប្រឆាំង​ជំទាស់​លើ​លោក រ៉ាត់ រត្នមុនី នៅ​ឡើយ។

លោក ស ខេង និយាយ​ថា អាជ្ញាធរ​គ្រាន់តែ​នាំ​ជនសង្ស័យ​យក​មក​សាកសួរ​តែប៉ុណ្ណោះ។

អ្នកស្រី ឡុង គឹមហ៊ាង បារម្ភ​ពី​ស្វាមី​របស់​លោកស្រី​អាច​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់​បង្ខំ​ដើម្បី​បាន​ចម្លើយ​សារភាព​ក្លែងក្លាយ។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​ចេញ​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់ថ្នាក់​ទី​ពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧ ដែល​បញ្ហា​ជួញដូរ​មនុស្ស​នេះ​មិន​មាន​អ្វី ប្រសើរ​ជាង​ឆ្នាំមុន​នោះ​ទេ។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​បន្ត​ស្ថិត​នៅ​ក្នុង​លំដាប់ថ្នាក់​ទី​ពីរ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បំពេញ​តាម​និយាម​អប្បបរមា​ក្នុង​ការ​លុបបំបាត់​ការ​ជួញ​ដូរ​មនុស្ស​ទេ ដូចជា​ការ​មិន​ស៊ើបអង្កេត ឬ​យក​មក​កាត់ទោស​ក្រុម​មន្ត្រី ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល