ពលរដ្ឋ​មួយ​ចំនួន​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ដែល​រឹប​អូស​រូបថត​លោក កែម ឡី

ដោយ សូត សុខប្រាថ្នា
2016.07.12
Share on WhatsApp
Share on WhatsApp
គោរព​សព​លោក កែម ឡី ២០១៦ ៨៥៥ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​របស់​ខ្លួន នាំ​គ្នា​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នា​ទីស្នាក់ការ​បក្ស​នៅ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្រុង​កំពង់ចាម សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​បាន​រឹប​អូស​យក​រូបថត​លោក​បណ្ឌិត កែម ឡី និង​កម្រង​ផ្កា ព្រម​ទាំង​រ៉ឺម៉ក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​ទៅ​អធិការ​ក្រុង នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា។ ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ដោយ​គ្រាន់​តែ​សិទ្ធិ​គោរព​ចំពោះ​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត ក៏​ត្រូវ​បាន​អាជ្ញាធរ​គាប​សង្កត់​ដែរ។ បញ្ហា​នេះ ស្នងការ​ខេត្ត​បញ្ជាក់​ថា ដោយសារ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម យក​រូបថត​លោក កែម ឡី ដង្ហែ និង​ដាក់​កន្លែង​សាធារណៈ​គ្មាន​ការ​អនុញ្ញាត។

រូបថត​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​គ្រឿង​រណ្ដាប់​ថ្វាយ​សម្រាប់​គោរព​វិញ្ញាណក្ខន្ធ រួម​មាន​ផ្កា ផ្លែ​ឈើ និង​រ៉ឺម៉ក សម្រាប់​ដឹក​រូបថត ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម នាំ​យក​ពី​ផ្សារ​បឹងកុក មក​រក្សា​ទុក​នៅ​អធិការ​ក្រុង​ប្រមាណ ២​ម៉ោង ទើប​ប្រគល់​ឲ្យ​ម្ចាស់​រូប​វិញ។ មូលហេតុ​អាជ្ញាធរ​ព្រម​ប្រគល់​ឲ្យ​ម្ចាស់​រូប ក្រោយ​ពេល​ពួក​គាត់​ព្រម​ធ្វើ​កិច្ចសន្យា​ថា មិន​ឲ្យ​មាន​សកម្មភាព​នោះ​ត​ទៅ​ទៀត។

សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​បាន​ហៅ​ធ្វើ​កិច្ចសន្យា គឺ​អ្នកស្រី គិន ស្រីអូន។ អ្នកស្រី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ កក្កដា ថា រូបថត​លោក​បណ្ឌិត កែម ឡី គឺ​អ្នកស្រី​មិន​បាន​យក​ទៅ​ហែ​ក្បួន​នៅ​ផ្សារ​ឡើយ ប៉ុន្តែ​ក្រុម​អ្នកស្រី​បាន​យក​រូប​នោះ​សម្រាប់​យក​មក​គោរព​នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម តែ​ប៉ុណ្ណោះ។

អ្នកស្រី​ថា រូបថត​នោះ​បម្រុង​យក​ទៅ​កាច់​ផ្កា​ធ្វើ​ជា​ស៊ុម ប៉ុន្តែ​ដោយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ពេក ហើយ​ពួក​គាត់​មិន​មាន​លទ្ធភាព ទើប​ក្រុម​អ្នកស្រី​សម្រេច​យក​រូបថត​នោះ​ទៅ​ឲ្យ​អ្នក​លក់​កំណាត់​ក្នុង​ផ្សារ​បឹងកុក​ធ្វើ​ជា​បូ​កាន់​ទុក្ខ​បំពាក់​លើ​រូបថត​ជំនួស​វិញ។ ក្រោយ​មក អ្នក​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ស្នើ​ឲ្យ​ដាក់​រូបថត​លោក​បណ្ឌិត កែម ឡី សម្រាប់​គោរព​វិញ្ញាណក្ខន្ធ​សិន ពីព្រោះ​ពួក​គាត់​មួយ​ចំនួន​ឮ​តែ​សំឡេង មិន​ដែល​បាន​ឃើញ​រូប​ពិត។ អ្នកស្រី​ថា ការ​ដាក់​រូប​នៅ​ខាង​មុខ​ផ្សារ​បាន​មួយ​សន្ទុះ សមត្ថកិច្ច​ក៏​បាន​កោះ​ហៅ​អ្នកស្រី​ឲ្យ​ចូល​បំភ្លឺ។ ក្រោយ​មក​ក៏​យក​រូប និង​សម្ភារៈ​ទាំង​នោះ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តែ​ម្តង៖ «ប្រសិន​បើ​ខ្ញុំ​មាន​ក្បួន​ហែ ខ្ញុំ​នឹង​ទៅ​សុំ​ច្បាប់​ពី​អាជ្ញាធរ ប៉ុន្តែ​គម្រោង​ខ្ញុំ​អត់​មាន​ក្បួន​ហែ​ទេ»

ប្រជាពលរដ្ឋ អាជីវករ​ផ្សារ​បឹងកុក ព្រម​ទាំង​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​អះអាង​ថា គ្មាន​សកម្មភាព​ហែ​ក្បួន​ឡើយ ប៉ុន្តែ​ជា​ការ​ស្នើសុំ​របស់​ក្រុម​អាជីវករ និង​ពលរដ្ឋ​សម្រាប់​ដាក់​រូបថត​លោក​បណ្ឌិត កែម ឡី នៅ​មុខ​ផ្សារ​មួយ​សន្ទុះ សម្រាប់​ពួក​គាត់​គោរព​វិញ្ញាណក្ខន្ធ និង​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​វីរជន​រូប​នេះ​ប៉ុណ្ណោះ។

អាជីវករ​លក់​ដូរ​នៅ​ផ្សារ​បឹងកុក អ្នកស្រី រឿន ធីតា យល់​ថា ការ​រឹប​អូស​យក​សម្ភារៈ​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង គឺ​ជា​រូបភាព​មិន​សមរម្យ​ឡើយ ពីព្រោះ​គ្រាន់​តែ​សិទ្ធិ​សេរីភាព​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​គោរព​វិញ្ញាណក្ខន្ធ​ដល់​មនុស្ស​ល្អ​ម្នាក់ ក៏​ត្រូវ​បាន​គេ​រឹតត្បិត​ដែរ៖ «ពេល​ដែល​គាត់​ធ្វើ​អ៊ីចឹង ខ្ញុំ​គិត​ថា​មាន​អារម្មណ៍​ថា​សោកស្ដាយ។ មិន​ចាំបាច់​ថា​សម្លាប់​គាត់​ហើយ​ទេ សូម្បី​តែ​រូបថត​គាត់​ហ្នឹង ហេតុ​អី​មិន​ចង់​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ដឹង​ឮ​ថា គាត់​ហ្នឹង​ជា​វីរបុរស​នៅ​ស្រុក​ខ្មែរ​នៅ​ប្រទេស​ខ្មែរ»

ឆ្លើយ​តប​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក បែន រ័ត្ន មាន​ប្រសាសន៍​ថា ដោយសារ​ស្ថានភាព​នៅ​ខាង​មុខ​ផ្សារ​បឹងកុក ជា​កន្លែង​ចង្អៀត ម្យ៉ាង​មន្ត្រី​គណបក្ស​ប្រឆាំង និង​សកម្មជន​ទាំង​នោះ​បាន​ហែ​រូបថត​លោក កែម ឡី ទៅ​ដាក់​នៅ​មុខ​ផ្សារ​គ្មាន​ការ​អនុញ្ញាត។ លើស​ពី​នេះ ពួក​គេ​ថែម​ទាំង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ចូល​បច្ច័យ និង​អុជ​ធូប​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍៖ «ពេល​នោះ​ខ្ញុំ​ក៏​បាន​ឲ្យ​មន្ត្រី​នគរបាល​អញ្ជើញ​គាត់​មក សំណូមពរ​គាត់​មិន​ឲ្យ​ធ្វើ​បែប​នេះ។ យើង​មាន​ផ្លូវ​ឲ្យ​គាត់​ជ្រើសរើស។ មួយ​បើ​គាត់​ចង់​ធ្វើ​បែប​នេះ គាត់​ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ​សង្កាត់ ឬ​ក្រុង។ ពីរ បើ​គាត់​មិន​ចង់​ធ្វើ​បែប​នេះ គាត់​អាច​យក​ទៅ​ដាក់​នៅ​កន្លែង​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​របស់​គាត់»

លោក​បដិសេធ​ថា អាជ្ញាធរ​មិន​បាន​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​មិន​ឲ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ទេ ហើយ​ខាង​លោក​ក៏​បាន​ប្រគល់​រូបថត និង​សម្ភារៈ​ផ្សេង​ទៀត​ឲ្យ​ទៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ភ្លាមៗ​ក្រោយ​ពេល​ធ្វើ​កិច្ចសន្យា​រួច​រាល់។

ទោះ​ជា​យ៉ាង​នេះ​ក្តី អាជីវករ​ម្នាក់​ទៀត​ឈ្មោះ ទូច អូន បញ្ជាក់​ថា រូបថត​នោះ គឺ​ពលរដ្ឋ​ស្នើសុំ​គោរព​វិញ្ញាណក្ខន្ធ​សិន​ប៉ុណ្ណោះ ដោយ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ហែ​ក្បួន​ឡើយ។ លោក​មើល​ឃើញ​ថា ទង្វើ​របស់​អាជ្ញាធរ​ពេល​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ៖ «ចង់​សំណូមពរ​គាត់​ហ្នឹង សមត្ថកិច្ច​ហ្នឹង​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ហ្នឹង​ឲ្យ​បាន​អុជ​ធូប ឲ្យ​បាន​ហែ​ក្បួន​តាម​សាសនា»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម បាន​យក​រូបថត​លោក កែម ឡី ទៅ​ដល់​ទីស្នាក់ការ​នៅ​ម៉ោង​ប្រមាណ ១​រសៀល ហើយ​នាំ​គ្នា​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ប្រសិន​ដូច​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង គឺ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ ម្យ៉ាង​គឺ​បង្ហាញ​ពី​គុណធម៌ ឬ​ទឹក​ចិត្ត​ស្រឡាញ់​របស់​ប្រជាពលរដ្ឋ​ចំពោះ​លោក​បណ្ឌិត កែម ឡី ដែល​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា។ លោក​មើល​ឃើញ​ថា អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​សភាពការណ៍​បច្ចុប្បន្ន គឺ​ជា​រឿង​ល្អ ប៉ុន្តែ​រូបភាព​នេះ​ជា​ការ​គំរាម​កំហែង​ចំពោះ​អ្នក​ដែល​បាន​យក​រូប​លោក​បណ្ឌិត កែម ឡី ឲ្យ​ពលរដ្ឋ​គោរព​បូជា​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។