អ្នកស្រី រ៉ូណា ស្មីត សួរ​អភិបាល​រាជធានី​និង​ក្រសួងយុត្តិធម៌​ពី​សិទ្ធិមនុស្ស ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌

ដោយ សុ ជីវី
2019.05.02
Share on WhatsApp
Share on WhatsApp
ទិវាពលកម្ម​អន្តរជាតិ ២០១៩ ទិដ្ឋភាព​ការជួបជុំអបអរសាទរ​ទិវាពលកម្ម​អន្តរជាតិ​របស់​កម្មករសហជីព នៅ​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo courtesy of Central

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ចោទសួរ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង អំពី​រឿង​រឹតត្បិត​សិទ្ធិ​សេរីភាព​ជួបជុំ និង​បាន​ចោទសួរ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អំពី​រឿង​វិស័យ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ព្រមទាំង​លើកឡើង ពី​ករណី​ឃុំខ្លួន​លោក កឹម សុខា ផង​ដែរ។ មន្ត្រី​របប​ក្រុងភ្នំពេញ​សុទ្ធតែ​ឆ្លើយ​ដូចៗ​គ្នា​ថា ទាំង​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​គឺ​មាន​ដំណើរការ​ល្អ។ រីឯ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​កម្ពុជា​វាយតម្លៃ​ថា ការ​ឆ្លើយតប​របស់​របប​ក្រុងភ្នំពេញ​មិន​ឆ្លុះ​បញ្ចាំ​ការពិត​ដោយសារ​ស្ថានភាព​សិទ្ធិមនុស្ស និង​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​វិញ នៅតែ​រង​ការ​ចោទ​ថា ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ខ្លាំង​ហើយ​គ្មាន​ការ​កែប្រែ​ជា​ដុំកំភួន​តាម​អនុសាសន៍​របស់​អ្នកស្រី រ៉ូណា ស្មីត នា​ពេល​កន្លង​មក​ឡើយ។

ក្នុង​ជំនួប​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ​អ្នកស្រី រ៉ូណា ស្មីត បាន​សួរ​អំពី​សេរីភាព​ក្នុង​ការ​ជួបជុំ និង​ការ​បង្កើត​សមាគម​រួម​ទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នានា ដោយសារតែ​កន្លង​មក សាលា​រាជធានី​ភ្នំពេញ​មិនបាន​អនុវត្ត​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ដែល​ណែនាំ​ឱ្យ​បើកចំហ​សិទ្ធិ​សេរីភាព​ជួបជុំ​សម្ដែង​មតិ​នោះ​ទេ។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​កម្មវិធី​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​នៅ​តាម​សហគមន៍ និង​ស្ថានភាព​អ្នក​រស់​តាម​ចិញ្ចើម​ផ្លូវ ព្រមទាំង​មជ្ឈមណ្ឌល​សង្គមកិច្ច​ផង​ដែរ។

ជា​ការ​ឆ្លើយតប​លោក ឃួង ស្រេង លើកឡើង​ថា សាលា​រាជធានី​ភ្នំពេញ​គឺជា​ដៃគូ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែងតែ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ​គ្រប់​បែបយ៉ាង​ដោយ​បាន​បង្កើត​ឱ្យ​មាន​ទី​លាន​ប្រជាធិបតេយ្យ​មួយ ស្ថិតនៅ​ខណ្ឌ​ឫស្សីកែវ។ អភិបាលក្រុង​រូប​នេះ ក៏​លើកឡើង​ថា របប​ក្រុងភ្នំពេញ មានបំណង​បង្កើត​ឱ្យ​មាន​ទីលាន​ប្រជាធិបតេយ្យ​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​ទាំងអស់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន បាន​ធ្វើ​ការ​តវ៉ា​និង​បាន​បញ្ចេញមតិ​ផង​ដែរ។

ទោះបីជា​យ៉ាងណា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា ការ​ឆ្លើយតប​របស់​អភិបាលក្រុង​ភ្នំពេញ​ជា​ការ​ដោះសា ហើយ​អ្នកស្រី រ៉ូណា ស្មីត ក៏​មិន​ជឿ​នោះ​ដែរ។ កន្លងមក សាលារាជធានី​ភ្នំពេញ​តែងតែ​ប្រើ​អំណាច​របស់​ខ្លួន​លើសលប់​ក្នុង​ការ​រារាំង​និង​បង្ក្រាប​ស្ទើរ​រាល់​ការ​ជួបជុំ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ដោយ​ឯករាជ្យ។ ការ​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ជួបជុំ​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​មាន​សម្រាប់​តែ​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ៖ «តាមពិត​ទៅ សាលា​រាជធានី​ភ្នំពេញ​គ្រាន់តែ​ឆ្លើយ​ដោះសា ព្រោះ​រាល់​ការ​ជួប​ប្រជុំ​ម្តងៗ យើង​ដឹង​ហើយ​ថា យើង​ចង់​ដង្ហែ​ក្បួន​ពី​កន្លែង​ជួបជុំ​ទៅ​កន្លែង​សំខាន់ៗ ដើម្បី​ដាក់​ញត្តិ​ប៉ុន្តែ​សាលា​រាជធានី​ភ្នំ​មិន​ដែល​អនុញ្ញាត​ទេ តែងតែ​លើក​លេស​នេះ​លេស​នោះ ថា​ខូច សណ្ដាប់ធ្នាប់។ ក្នុង​ការ​ប្រមូល​ផ្តុំ​នោះ​ក៏​តែងតែ​មាន​កម្លាំង​ឡោមព័ទ្ធ​យ៉ាង​ច្រើន​ដើម្បី​គំរាម​កំហែង​មិន​ការពារ​សុវត្ថិភាព​នោះ​ទេ»

អ្នកស្រី រ៉ូណា ស្មីត ក៏​បាន​ស្នើ​សុំ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បើក​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ឱ្យ​មាន​តុល្យភាព​គ្នា និង​ពលរដ្ឋ​គ្រប់​និន្នាការ។

ដោយឡែក​ចំពោះ​ជំនួប​ជាមួយ​ក្រសួង​យុត្តិធម៌​វិញ​អ្នកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រោយ​ជំនួប​នោះ​ថា អ្នកស្រី​បាន​លើកឡើង​អំពី​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ដូចជា​បញ្ហា​តម្លាភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌ នីតិវិធី​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ការ​ផ្ទល់​ជំនួយ ផ្នែក​ច្បាប់​ការ​លើកកម្ពស់​ការយល់​ដឹង​អំពី​ជម្រើស​ជំនួស​ការ​ដាក់​ពន្ធនាគារ និង​ការកាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ព្រមទាំង​ពិភាក្សា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​នៃ​ប្រទេស​កម្ពុជា និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព​គោលដៅ​ទី​១៦ ស្ដីពី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌។ អ្នកស្រី បញ្ជាក់​ថា មាន​បញ្ហា​ភាគច្រើន​ជា​អ្វី​ដែល​អ្នកស្រី​បាន​លើកឡើង​រួចហើយ​កាលពី​ក្នុង​ជំនួប​លើក​មុនៗ​ដូច្នេះ​អ្នកស្រី​ចង់​បន្ត​តាមដាន និង​ចង់​ដឹង​អំពី​វឌ្ឍនភាព។

អ្នកស្រី រ៉ូណា ស្មីត ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ អ្នកស្រី​ក៏បាន​ពិភាក្សា​ការ​បន្ត​ឃុំខ្លួន​លោក កឹម សុខា ដែរ ប៉ុន្តែ​អ្នកស្រី​មិន​បញ្ជាក់​លម្អិត​នោះ​ទេ។ ទោះ​យ៉ាងណា អ្នកស្រី ថ្លែង​ថា ខាង​អង្គការសហប្រជាជាតិ​បាន​ដឹង​អំពី​បញ្ហា​នេះ ធ្លាប់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​រួចហើយ កាល​ពី​មួយ​ឆ្នាំមុន ដែល​លើកឡើង​ថា ករណី​លោក កឹម សុខា នេះ​ជា​ការ​ឃុំឃាំង​ធ្វើឡើង​តាម​អំពើ​ចិត្ត​គឺ​តាំងពី​ពេល​ដែល​គាត់​ជាប់ឃុំ​នៅ​មណ្ឌល​កែប្រែ ម​៣ ម្ល៉េះ។ អ្នកស្រី ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ដែរ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA។ អ្នកស្រី​សង្កេត​ឃើញ​ថា នៅ​កម្ពុជា​មាន​ចំណុច​ខ្លះ​មាន​ភាព​ជឿនលឿន​ជា​វិជ្ជមាន ហើយ​ចំណុច​ខ្លះ​ទៀត​គឺ​ត្រូវ​កែលំអ​បន្ថែម​ទៀត​ជាពិសេស​បញ្ហា​សិទ្ធិមនុស្ស៖ «គិត​ថា ការសម្រេចចិត្ត​វា​អាស្រ័យ​លើ​កម្ពុជា ថា​តើ​ចង់​ចូលរួម ពិភាក្សា អំពី​EBAនេះ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ណាមួយ និង​មាន​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ណាមួយ ដូច្នេះ​វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ។ ការងារ​របស់ខ្ញុំ គឺ​ផ្ដោត​តែ​លើ​ការធានា​ឱ្យ​ប្រាកដ​ថា កម្ពុជា​ពិតជា​បាន​ឆ្លើយតប និង​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​កាតព្វកិច្ច​សិទ្ធិមនុស្ស​ទាំងឡាយ​ដែល​ខ្លួន​បាន​ស្ម័គ្រចិត្ត​ទទួល​យក​មក​អនុវត្ត​តាមច្បាប់​អន្តរជាតិ។ នេះ​តាម ទស្សនៈ​ខ្ញុំ​ពីព្រោះ​ក្នុង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ចែង​អំពី​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ហើយ កម្ពុជា​បាន​ស្ម័គ្រចិត្ត​ទទួលយក។ ដូច្នេះ នៅ​ក្នុង​ច្បាប់​អន្តរជាតិ​កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​គោរព​ការពារ និង បំពេញ​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​នេះ»

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ឆ្លើយតប​ថា​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​កន្លង​មក គឺ​មាន​ចំណុច​ខ្លះ​បាន​បំពេញ​រួចរាល់​ហើយ​ការងារ​ខ្លះ​មិនទាន់​បាន​បញ្ចប់​ដោយសារ​បញ្ហា​ប្រឈម​មួយ​ចំនួន។ លោក​បន្ត​ថា ក្រសួងយុត្តិធម៌​កំពុង​បន្ដ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​តទៅទៀត​ផង​ដែរ។ ចំពោះ​បញ្ហា​លោក កឹម សុខា និង​បញ្ហា​សិទ្ធិមនុស្ស​វិញ លោក អះអាង​ថា មិន​មាន​ការ​ជជែក​ច្រើន​នោះ​ទេ​ព្រោះ​អ្នកស្រី រ៉ូណា ស្មីត បាន​យល់​ថា ករណី នេះ​គឺជា​រឿង​អនុវត្ត​ច្បាប់​របស់​តុលាការ៖ «ទិដ្ឋភាព​រួមការ​ពិភាក្សា​គ្នា​នេះ​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់​ទាំងស្រុង​ទាក់ទង​នឹង​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដោយ​មិន​មាន​ពិភាក្សា​ទៅលើ​ទិដ្ឋភាព​នយោបាយ​ឬក៏​ស្នើសុំ​ពី​សកម្មជន​សង្គម​ស៊ីវិល​អី​មួយ​ចំនួន​ដែល​ធ្វើការ​រិះគន់​រដ្ឋាភិបាល​ហើយ​ស្នើ​តាម​គាត់​ដើម្បី​ឱ្យ​គាត់​ដាក់​សម្ពាធ​មក​រដ្ឋាភិបាល​គឺ​អត់​មាន​ទេ។ ការ​លើក​ពី​បញ្ហា​បក្ស​ប្រឆាំង​អី​នោះ​ក៏​អត់​មាន​ដែរ»

លោក រ៉ុង ឈុន លើក​ឡើង​ថា ការ​បកស្រាយ​របស់​ក្រសួងយុត្តិធម៌​មិន​ឆ្លុះ​បញ្ចាំ​ការពិត​នោះ​ដែរ​ហើយ​ការ​បកស្រាយ​បែបនេះ​មិន​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​នោះ​ទេ។ លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា ក្រសួងយុត្តិធម៌​ហាក់​មិនបាន​អនុវត្ត​តាម​អនុសាសន៍​របស់​អ្នកស្រី រ៉ូណា ស្មីត ដដែល។ចំណែក​តុលាការ​នៅតែ គ្មាន​ឯករាជ្យ​ភាព និង​ពុករលួយ​ហើយ​ពលរដ្ឋ​ក្រីក្រ និង​អ្នកមាន​ដែល​និន្នាការ​ប្រឆាំង​តែងតែ​ពិបាក ទទួល​បាន​យុត្តិធម៌។ ដោយឡែក​បញ្ហា​ប្រជាធិបតេយ្យ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ករណី​ឃុំ ខ្លួន​លោក កឹម សុខា ទាំង​ខុសច្បាប់​គឺជា​រឿង​សំខាន់​ហើយ​ប្រសិនបើ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ តាម​សំណើ​របស់​សហគមន៍​អន្តរជាតិ​ទេ​គឺ​កម្ពុជា​នឹង​រង​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់៖ «ករណី​របស់​លោក កឹម សុខា នេះ គឺ​ពាក់ព័ន្ធ​នឹង​សំណើ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហើយ​បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ករណី​នេះ​ទេ វា​នឹង​ធ្វើ​គេ​ដក​EBA​ហើយ​កម្ពុជា​នឹង​ខាត​ប្រយោជន៍ និង​ប៉ះពាល់​កម្មករ និង​មនុស្ស​រាប់​លាន​នាក់។ ទី​២​ករណី​ឃុំខ្លួន​ហួស​នីតិវិធី​នេះ និង​មិន​ឱ្យ​លោកស្រី រ៉ូណា ស្មីត ចូល​ជួប វា​មិន​មាន​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ ហើយ​លោកស្រី រ៉ូណា ស្មីត នឹង​យក​ករណី​ដាក់​ក្នុង​របាយការណ៍ របស់​គាត់។ អ៊ីចឹង​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កម្ពុជា»

នៅ​ក្នុង​របាយការណ៍​ដែល​ចេញ​កាលពី​ខែ​សីហា ឆ្នាំ​២០១៨ របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ពី​អនុសាសន៍​មួយ​ចំនួន​សម្រាប់​វិស័យ​យុត្តិធម៌ និង​តុលាការ​នៅ​កម្ពុជា​ដោយ​ផ្ដោត​ជាក់លាក់​ទៅ​ការ​ការសម្រេច​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​បង្កើត​ទិន្នន័យ​គ្រប់គ្រង​ភស្តុតាង​ចងក្រង​សេចក្ដី​សម្រេច​របស់​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ពុំ​មាន​ភស្តុតាង​រឹងមាំ​អ្នកនយោបាយ និង​អ្នក​ជាប់ទោស​ព្រោះ​បញ្ចេញមតិ​ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប និង​ប្រគល់​តំណែង​ដល់​មេឃុំ​ចៅសង្កាត់​គណបក្ស​នេះ​ដែល​ត្រូវ​បាត់បង់​ក្រោម​សាលដីកា​របស់​តុលាការ​កំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ​ដែល​ប្រើ​សម្រាប់​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ជាដើម។

អ្នកឃ្លាំមើល​កម្ពុជា​យល់​ថា រដ្ឋាភិបាល ឬ​តំណាង​ស្ថាប័ន​នីមួយៗ​គួរតែ​មាន​សេចក្ដី​ក្លាហាន​និយាយ​ការ​ពិត​ហើយ​ចេះ​ទទួលស្គាល់​បញ្ហា និង​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ដើម្បី​កុំ​ឱ្យ​ជាតិ និង​ប្រជារាស្ត្រ​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។