អ្នក​គាំទ្រ​លោក រ៉ុង ឈុន បន្ត​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​ឱ្យ​មាន​សេរីភាព

ដោយ ទីន ហ្សាការីយ៉ា
2020.11.27
ព្រះសង្ឃ តវ៉ា ដោះលែង រ៉ុង ឈុន ៩២២ សកម្មភាព​ព្រះសង្ឃ និង​យុវជន​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដោះលែង លោក រ៉ុង ឈុន កា​ល​ពី​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០២០។
Photo courtesy of N1M

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅតែ​បន្ត ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) រៀងរាល់​ថ្ងៃ​សុក្រ ដោយ​រៀបរាប់​ពី​ការ​អាណិតអាសូរ និង​គាំទ្រ​ដល់​សកម្មជន​សិទ្ធិមនុស្ស លោក រ៉ុង ឈុន ដែល​ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​។ ពួកគេ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ឱ្យ​លោក​បន្ត​ការងារ​ការពារ​សិទ្ធិ​ពលរដ្ឋ​បន្ត​ទៀត។

អ្នកគាំទ្រ​លោក រ៉ុង ឈុន បន្ត​រំលឹក​អំពី​ស្នាដៃ និង​វីរភាព​របស់​មេដឹកនាំ​សហជីព និង​សកម្មជន​ព្រំដែន​រូប​នេះ​នៅ​លើ​អនឡាញ​ជា​រៀងរាល់ថ្ងៃ​សុក្រ។ យុទ្ធនាការ​នេះ គឺ​ពួកគេ​បង្ហោះ​រូបភាព​លោក រ៉ុង ឈុន ដែល​បាន​ជួយ​ការពារ​ប្រយោជន៍​កម្មករ គ្រូបង្រៀន និង​ពលរដ្ឋ​រងគ្រោះ​លើ​ហ្វេសប៊ុក ហើយ​ទាមទារ​ឱ្យ​តុលាការ ទម្លាក់​បទចោទប្រកាន់​លើ​រូបលោក ដោយ​គ្មាន​លក្ខខណ្ឌ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ា​វី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា​ថា អ្នកចូលរួម​ធ្វើ​យុទ្ធនាការ​ភាគច្រើន​ជា​ពលរដ្ឋ ក្រុម​យុវជន និង អ្នក​អាណិត​ស្រឡាញ់ លោក រ៉ុង ឈុន។ អ្នកស្រី​ថា យុទ្ធនាការ​នេះ ដើម្បី​ពញ្ញាក់​ស្មារតី​ពលរដ្ឋ ឱ្យ​ចងចាំ វីរភាព លោក រ៉ុង ឈុន ដែល​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត ដើម្បី​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ ក៏ប៉ុន្តែ​លទ្ធផល​ដែល​លោក​ទទួល​បាន​នៅ​ពេល​នេះ បែរជា​ជាប់គុក យ៉ាង​អយុត្តិធម៌​ទៅវិញ​។ អ្នកស្រី​ថា មក​ទល់​ពេល​នេះ​យុទ្ធនាការ​នេះ​បង្កើត​ឡើង ជាង ១​រយ​ថ្ងៃ​មក​ហើយ ( ១២០) ពោល​គឺ​រាប់​ចាប់​តាំង​ពី​រដ្ឋាភិបាល​ចាប់ខ្លួន​លោក រ៉ុង ឈុន មក​៖ «យុទ្ធនាការ​ថ្ងៃ​សុក្រ​នេះ គោលបំណង​របស់​យើង គឺ​ចង់​ឱ្យ​លោកគ្រូ អ្នកគ្រូ ពលរដ្ឋ និង កម្មករ​កម្មការិនី នៅ​នឹង​ចាំ ការឈឺចាប់ ចំពោះ​ការ​ចាប់ខ្លួន លោក រ៉ុង ឈុន ទាំង​កណ្តាល​រាត្រី​នៅ​ថ្ងៃ​សុក្រ​នេះ ជា​យុទ្ធនាការ​មួយ ឈឺចាប់​បំផុត​ចំពោះ​អ្នក​ដែល​ជួយ​ស្ថាបនា ជួយ​សង្គមជាតិ ទទួល​បាន​លទ្ធផល ត្រឹម​ជាប់ពន្ធនាគារ»

អ្នកចូលរួម​យុទ្ធនាការ​នេះ គឺ​លោក សាន់ ម៉ាឡា យល់​ថា យុទ្ធនាការ​នេះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ក្រើន​រំឭក​ដល់​មហាជន និង​ពលរដ្ឋ ឱ្យ​ស្វែងយល់ និង​លើកទឹកចិត្ត​ចំពោះ វីរភាព​របស់​លោក រ៉ុង ឈុន ដែល​ផ្ដល់​ជា​គំរូ​ក្លាហាន ការពារ​បូរណភាព​ទឹកដី ដែល​ជា​ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​ទាំងអស់​គ្នា​។ លោក​រំពឹង​ថា តាមរយៈ​យុទ្ធនាការ​នេះ កូន​ខ្មែរ​នឹង​មិន​ភ្លេច លោក រ៉ុង ឈុន នោះ​ទេ ព្រោះ​ការ​លះបង់​របស់​លោក គឺ​ដើម្បី​ប្រយោជន៍​ជាតិ​មាតុភូមិ៖ «បើ​ទោះ​បី​ជា​យើង​មិន​រំពឹង​ថា តុលាការ​គេ​នឹង​ពិចារណា ទៅតាម​សំណើ ឬ​សំណូមពរ​ដែល​យើង​ធ្វើ​នៅ​តាម​បណ្ដាញ​សង្គម​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រសិនជា​មានការ​ចូល​រួម​ច្រើន​កុះករ​មាន​សម្ពាធ ពី​សាធារណជន​ខ្លាំង ហើយ​ខ្ញុំ​គិត​ថា ប្រហែល​អាច​នឹង​មាន​ដំណោះស្រាយ សម្រាប់​លោកគ្រូ រ៉ុង ឈុន ក៏ដូចជា​សកម្មជន​ដទៃ​ទៀត»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​អធិប្បាយ​ចំពោះ ការ​ធ្វើ​យុទ្ធនាការ​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នោះ​ទេ​។ តែ​យ៉ាងណា​លោក​នៅតែ​ចោទ​ថា សកម្មភាព​លោក រ៉ុង ឈុន ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ប្រទេសជិតខាង៖ «កើតឡើង​ធ្វើ​ឱ្យ​ជាប់​ពិរុទ្ធភាព ដោយសារ​ញុះញង់​ប៉ះពាល់​សន្តិសុខ​ជាតិ ឬ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេ​ភាគី​ជាមួយ​ប្រទេសជិតខាង អា​ហ្នឹង​វា​អត់​ត្រឹមត្រូវ​តាម​តួនាទី​របស់​គាត់​ទេ ។ អាហ្នឹង​វា​អត់​ត្រឹមត្រូវ​ទៅតាម​តួនាទី​របស់​គាត់​ទេ​។ បើ​គាត់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល ដែល​មាន​ទីតាំង នៅ​ប្រទេស ស៊ុយអែត ហ្វាំងឡង់ គាត់​ឃ្លាំមើល គ្រាន់តែ​ឃ្លាំ​មើល​ទៅ អត់​មាន​បញ្ហា​អី​ទេ​។ ប៉ុន្តែ​នេះ​ជាក់ស្ដែង»។​

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​ការពារ​សិទ្ធិ​ការងារ លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ កក្កដា​ដោយ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់ពី​លោក​ចុះ​ជួប​ពលរដ្ឋ​ដែល​អះអាង​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ក្រោយពេល​ចាប់​លោក រ៉ុង ឈុន ហើយ អាជ្ញាធរ​បាន​បន្ត​ចាប់ខ្លួន សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​នយោបាយ អ្នកការពារ​បរិស្ថាន និង​ក្រុម​យុវជន​ជាង ២៣០​នាក់ ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ដូចគ្នា។

កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​កំពូល​បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក រ៉ុង ឈុន ក្រោម​ហេតុផល​បង្ការ​កុំ​ឱ្យ​មាន​បទល្មើស​កើតឡើង​ជាថ្មី ។ ទោះបីជា​បែបនេះ​ក្ដី អ្នកគាំទ្រ​លោក រ៉ុង ឈុន ខក​ចិត្តនឹង​ការសម្រេច​នេះ និង​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌ ធ្វើ​បាប​អ្នក​ឈឺឆ្អាល​បញ្ហា​ប្រទេសជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​រិះគន់​ថា លោក ហ៊ុន ម៉ាណែត គួរ​ឆក់​ឱកាស​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តាម​សំណើ​របស់​ប្រមុខ​ការទូត​អូស្ត្រាលី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។