គ្រួសារលោក រ៉ាត់ រត្នមុនី នាំគ្នាតវ៉ាជាលើកទី១២ នៅមុខស្ថានទូតរុស្ស៊ី នៅថ្ងៃទី០៣ មេសា នេះ ដើម្បីសុំឱ្យរុស្ស៊ីជួយអន្តរាគមន៍ឱ្យមានការដោះលែងរូបលោកមកវិញ។ ក៏ប៉ុន្តែ ការតវ៉ានេះមិនអាចធ្វើបានឡើយ ដោយសារលេចមុខស្ត្រីមិនស្គាល់អត្តសញ្ញាណមួយក្រុម មករារាំងសកម្មភាពរបស់ពួកគេ។
ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង អះអាងថា អ្នកស្រី និងកូនប្រុសតូច ព្រមទាំងអតីតពលរដ្ឋបឹងកក់កញ្ញា អ៊ឹម ស្រីទូច បានទៅដល់មុខស្ថានទូតរុស្ស៊ីនៅម៉ោងប្រមាណ ៨ព្រឹក ដើម្បីអង្គុយលើកបដាទាមទារឱ្យរុស្ស៊ីជួយអន្តរាគមន៍ករណីស្វាមីអ្នកស្រី។ ក៏ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែមានស្ត្រីពាក់ម៉ាស់ និងអាវក្រៅដៃវែងចំនួន ៦នាក់ ចេញមកអុកឡុក រំខានអ្នកស្រីមិនឱ្យតវ៉ា។
អ្នកស្រីបន្តថា ពីដំបូងពួកគេព្យាយាមឈរក្បែរអ្នកស្រី ប៉ុន្តែនៅពេលអ្នកស្រីសួរនាំ ពួកគេមិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឡើយ។ ក្រោយមកនៅពេលអ្នកស្រីព្យាយាមទៅឈរលើកបដានៅមុខស្ថានទូតរុស្ស៊ី ពួកគេបែរជាបានចេញមករារាំង និងអះអាងថា ពួកគេជាអាជ្ញាធរទៅវិញ។ អ្នកស្រីបន្ថែមថា ក្រុមស្ត្រីទាំងនោះបានស្រែកប្រាប់ឱ្យក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដកយកបដារបស់អ្នកស្រីទៅវិញ និងបានចាប់ទាញអ្នកស្រីមិនឱ្យទៅឈរតវ៉ាមុខស្ថានទូតរុស្ស៊ីឡើយ។ អ្នកស្រីចាត់ទុកសកម្មភាពនេះ ជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពធ្ងន់ធ្ងរ៖ «មានអាជ្ញាធរផង អ្នកស្លៀកពាក់ស៊ីវិលផង ស្ត្រីដែលស្លៀកពាក់ចម្លែកៗហ្នឹងផង មនុស្សច្រើនដែលមករារាំងការប្រមូលផ្តុំអង្គុយរបស់ខ្ញុំហ្នឹង អ៊ីចឹងវាបង្ហាញឱ្យឃើញថា ការបំបិទសិទ្ធិសេរីភាពនៃការប្រមូលផ្តុំហ្នឹងវាធ្ងន់ធ្ងរ នេះទីមួយ។ ទីពីរ គឺពួកគេមិនចង់ឱ្យខ្ញុំហ្នឹងទៅតវ៉ានៅស្ថានទូតរុស្ស៊ី ដើម្បីលាក់បាំង មិនចង់ឱ្យរដ្ឋាភិបាលរុស្ស៊ីបានដឹងថា នៅតែមានការទាមទារ ការតវ៉ាឱ្យមានការដោះលែងប្តីខ្ញុំ។ ទីបី គឺពួកគេចង់បិទបាំងរឿងអយុត្តិធម៌ដែលកើតឡើងលើប្តីរបស់ខ្ញុំ»។
សកម្មជនសិទ្ធិលំនៅឋានរូបនេះ សង្ស័យថា រឿងនេះអាចជាការរៀបចំរបស់អាជ្ញាធរ ដើម្បីកុំឱ្យអ្នកស្រីតវ៉ានៅមុខស្ថានទូតរុស្ស៊ីតទៅទៀត ហើយក៏អាចជាឈុតឆាក ឱ្យស្ត្រីទាំងនោះបន្លំខ្លួនធ្វើឱ្យផ្ទុះហិង្សា នឹងអាលចាប់ខ្លួនអ្នកស្រីផង ក៏អាចថាបាន។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បដិសេធការលើកឡើងនេះ។ លោកប្រាប់អាស៊ីសេរីដោយខ្លីថា អាជ្ញាធរចុះអនុវត្តការងារដោយមានឯកសណ្ឋានត្រឹមត្រូវ ហើយលោកមិនដឹងថា ក្រុមស្ត្រីទាំងនោះជាអ្នកណានោះឡើយ៖ «អត់មានទេ មិនមែនកម្លាំងអាជ្ញាធរទេ។ បើអាជ្ញាធរទៅ អាជ្ញាធរប្រាកដជាមានឯកសណ្ឋានហើយ លោកកុំច្រឡំរឿងហ្នឹង។ មិនដឹងថាខាងណាដែរ»។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការអង្គុយលើកបដាសុំអន្តរាគមន៍ពីស្ថានទូតរុស្ស៊ីដែលគ្រួសារលោក រ៉ាត់ រត្នមុនី តែងតែធ្វើជារៀងរាល់ថ្ងៃពុធនេះ គឺជាការតស៊ូមតិដោយអហិង្សា ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធានាសន្តិសុខ និងសុវត្ថិភាពដល់ពួកគាត់។ លោកបន្តថា នៅក្នុងហេតុការណ៍នេះ អាជ្ញាធរមិនគួរឈរឱបដៃមើលក្រុមស្ត្រីទាំងនោះអុកឡុក ឬបង្កការរំខានដល់គ្រួសារលោក រ៉ាត់ រត្នមុនី ដែលកំពុងអង្គុយតវ៉ាដោយសន្តិវិធីនោះឡើយ៖ «ក្រុមគ្រួសារគាត់តវ៉ា និងទាមទារដោយសន្តិវិធី ដើម្បីឱ្យកិច្ចអន្តរាគមន៍ អ៊ីចឹងបើយើងនិយាយកាតព្វកិច្ច អាជ្ញាធរបើការដែលគាត់តវ៉ាដោយស្ងាត់ស្ងៀម គ្មានអំពើហិង្សាទេ ត្រូវតែផ្ដល់កិច្ចការពារសម្រាប់គាត់។ ហើយបើមានក្រុមណាដែលរំខានយាយី ប៉ុនប៉ងធ្វើអ្វីលើគាត់ នោះអាជ្ញាធរត្រូវតែចាត់វិធានការ»។
អ្នកស្រី ឡុង គីមហ៊ាង និងកូនប្រុសតូច ព្រមទាំងសកម្មជនមួយចំនួន ធ្លាប់បានប្រមូលផ្តុំគ្នាលើកបដាស្នើសុំអន្តរាគមន៍ នៅមុខស្ថានទូតរុស្ស៊ីអស់ចំនួន ១១លើករួចទៅហើយ ក៏ប៉ុន្តែមិនដែលទទួលបានការឆ្លើយតប ឬការចេញមកជួបពីសំណាក់មន្ត្រីស្ថានទូតរុស្ស៊ីនោះឡើយ។
ទោះជាយ៉ាងណា ភរិយាលោក រ៉ាត់ រត្នមុនី អះអាងថា អ្នកស្រីនឹងមិនបញ្ឈប់ការតវ៉ានេះជាដាច់ខាត ដរាបណាស្វាមីមិនទាន់ត្រូវបានដោះលែងឱ្យមានសេរីភាព ហើយបើទោះបីជាត្រូវប្រឈមនឹងការគំរាមកំហែង និងរារាំងបែបនេះក៏ដោយ។
គិតត្រឹមដើមខែមេសានេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជិត ៤ខែមកហើយ ដោយរងការចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានការរើសអើង” ។ អាជ្ញាធរបានចោទលោកថា បានឱ្យលុយប្រភព ដើម្បីនិយាយប្រឌិតសាច់រឿងក្នុងភាពយន្តឯកសារជួញដូរផ្លូវភេទ ដែលមានចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ដែលលោកបានជួយផលិតឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី ប៉ុន្តែតួអង្គពិតក្នុងភាពយន្តឯកសារនោះ និយាយថា មិនមានអ្នកណាឱ្យលុយនាងដើម្បីនិយាយការពិតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។