អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត អះអាងថា អ្នកស្រីកំពុងតាមដានយ៉ាងដិតដល់ចំពោះព្រឹត្តិការណ៍ចាប់ចងពលរដ្ឋ និងការធ្វើទុកបុកម្នេញលើក្រុមសង្គមស៊ីវិល ប្រព្រឹត្តដោយអាជ្ញាធររបបលោក ហ៊ុន សែន។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៅតែបកស្រាយថា ការចាប់ខ្លួនមនុស្សមួយចំនួននាពេលថ្មីៗនេះ គឺជាការអនុវត្តច្បាប់។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី៨ កញ្ញាថា អ្នកស្រីព្រួយបារម្ភចំពោះការចាប់ខ្លួនសកម្មជនបរិស្ថាន ៣នាក់ និងមនុស្សមួយចំនួនទៀត ដោយមានទាំងព្រះសង្ឃមួយអង្គផងដែរ។ ក្រៅពីនេះ អ្នកស្រីថា អ្នកស្រីបានតាមដានយ៉ាងដិតដល់ករណីអាជ្ញាធរចុះត្រួតពិនិត្យអង្គការសង្គមស៊ីវិលចំនួន ៧ ចាប់ផ្ដើមកាលពីសប្ដាហ៍មុន។
អ្នកស្រី រ៉ូណា ស្មីត គូសបញ្ជាក់ថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការចងក្រងជាសមាគម និងការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ អ្នកស្រីលើកទឹកចិត្តអាជ្ញាធរកម្ពុជា ធានាឱ្យបាននូវការគោរព និងការពារសិទ្ធិទាំងនេះ ព្រមទាំងបង្កើតបរិយាកាសដែលពលរដ្ឋគ្រប់រូបអាចអនុវត្តសិទ្ធិទាំងនេះបាន។ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ ក៏ជំរុញឱ្យអាជ្ញាធរបញ្ជូនអ្នកទាំងឡាយដែលត្រូវបានចាប់ខ្លួន ទៅតុលាការឱ្យបានឆាប់រហ័សតាមច្បាប់កំណត់ និងត្រូវគោរពឱ្យបានពេញលេញនូវសិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌សម្រាប់ពួកគេផងដែរ។
អ្នកស្រី រ៉ូណា ស្មីត បញ្ចេញប្រតិកម្មបែបនេះ បន្ទាប់ពីអាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនក្រុមសកម្មជន អ្នកនយោបាយ និងយុវជនដាក់ពន្ធនាគារជាបន្តបន្ទាប់ កើនឡើងដល់ ១៦នាក់ហើយ គិតចាប់ពីចុងខែកក្កដា រហូតដល់ថ្ងៃទី៧ កញ្ញា។ អង្គហេតុនៃការចាប់ខ្លួននោះ គឺពាក់ព័ន្ធនឹងការរិះគន់រឿងព្រំដែន ការធ្វើសកម្មភាពការងារបរិស្ថាន ការតវ៉ាទាមទារឱ្យមានយុត្តិធម៌សង្គម និងគម្រោងប្រមូលផ្ដុំធ្វើបាតុកម្មដោយសន្តិវិធី។ ភាគច្រើនពួកគេ ត្រូវបានតុលាការចោទប្រកាន់ពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ដដែលៗ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ។
ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់អ្នកស្រី រ៉ូណា ស្មីត នេះ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន មានប្រសាសន៍ថា ការចាប់ខ្លួនក្រុមសកម្មជនមួយចំនួនថ្មីៗ នេះ គឺជាការអនុវត្តច្បាប់។ លោកទទួលស្គាល់ថា រដ្ឋធម្មនុញ្ញមានចែងពីការធានានូវសិទ្ធិសេរីភាពពលរដ្ឋ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិទាំងនោះត្រូវកំណត់នៅក្នុងច្បាប់ដោយឡែកផ្សេងទៀត។ លោកអះអាងទៀតថា អ្នកស្រី រ៉ូណា ស្មីត ច្រើនតែវាយតម្លៃពីស្ថានការណ៍សិទ្ធិមនុស្ស ផ្អែកតាមការយល់ឃើញផ្ទាល់ខ្លួន ជាងរឿងហេតុជាក់ស្ដែងនៅកម្ពុជា៖ « ទោះបីគាត់បានជួបជាមួយក្រសួងស្ថាប័ននានារបស់រដ្ឋាភិបាល គ្រាន់តែជាការប្រថាប់ត្រាទៅលើរបាយការណ៍គាត់ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគាត់ត្រៀមនឹងនិយាយ នឹងថ្លែង គឺគាត់មានរួចជាស្រេចទៅហើយ។ គាត់យោងទៅលើរបាយការណ៍ យោងទៅលើគំនិតរបស់គាត់រួចស្រេចទៅហើយ។ អ៊ីចឹងអ្នកស្រី រ៉ូណា ស្មីត គាត់យកការពិតកម្រិតណា ឬមិនយកការពិតកម្រិតណានោះ វាអាស្រ័យទៅលើអ្នកស្រី។ ប៉ុន្តែអ្វីដែលសំខាន់ រដ្ឋាភិបាលនៅតែបន្តបំភ្លឺជូនសហគមន៍អន្តរជាតិអំពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា អំពីទិដ្ឋភាពនៃការគោរពសិទ្ធិមនុស្ស អំពីទិដ្ឋភាពនៃការគោរពច្បាប់ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតទៅទៀត » ។
ផ្ទុយពីការអះអាងនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ជឿថា ការវាយតម្លៃរបស់អ្នកស្រី រ៉ូណា ស្មីត ឈរលើគោលការណ៍សិទ្ធិមនុស្ស និងមានមូលដ្ឋានច្បាស់លាស់ ព្រោះអង្គការសហប្រជាជាតិមានការិយាល័យតំណាងនៅកម្ពុជា។ លោកបន្តថា អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ក៏មើលឃើញ និងលើកឡើងពីករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាដែរ មិនមែនមានតែអ្នកស្រី រ៉ូណា ស្មីត ម្នាក់នោះទេ។
លោក មឿន តុលា យល់ថា ការបកស្រាយរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ្រាន់តែដើម្បីការពារមុខមាត់រដ្ឋាភិបាលប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា បើអាជ្ញាធរពិតជាយកច្បាប់ជាធំមែន អាជ្ញាធរត្រូវនាំខ្លួនជនដៃដល់ និងក្រុមសន្តិសុខ ដែលប្រើហិង្សាលើអ្នកចូលរួមតវ៉ាដោយសន្តិវិធី យកទៅកាត់ទោសតាមច្បាប់។ លើសពីនេះ អាជ្ញាធរត្រូវពិនិត្យមើលឡើងវិញ ចំពោះការចាប់ខ្លួនពលរដ្ឋដោយបំពាន ដោយគ្រាន់តែពួកគេចង់ជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ស្របតាមច្បាប់កំណត់៖ « គេជូនដំណឹងធ្វើបាតុកម្ម ហើយគេមិនទាន់បានធ្វើផង យើងទៅចាប់គេហើយហ្នឹង។ វាអត់មានច្បាប់ណាអនុញ្ញាតឱ្យទេ នេះទីមួយ។ ទីពីរ បើយើងនិយាយពីការអនុវត្តច្បាប់ ចុះហេតុអ្វីអ្នកវ៉ៃគេតាមផ្លូវនោះ ម្ដេចមិនចាប់ផង ? ចុះហេតុអ្វីប្រជាការពារចាប់បោះស្ត្រី ប្រើហិង្សាលើស្ត្រីហ្នឹង ម្ដេចក៏មិនមានទោសទណ្ឌ ? ពួកគាត់ហ្នឹងមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ឯណា ហើយបើទោះជាមន្ត្រីនគរបាលយុត្តិធម៌ក៏ដោយ យើងមិនអាចទៅបង្កហិង្សាដាក់ប្រជាពលរដ្ឋដែលអត់មានអាវុធក្នុងដៃហ្នឹងទេ » ។
ស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួន ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងស៊ុយអែត (Sweden) ជាដើម បានបង្ហាញកង្វល់ជាខ្លាំងជុំវិញការបង្ក្រាបរបស់អាជ្ញាធរកម្ពុជាលើសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធីនេះ។ ស្ថានទូតទាំងនេះអះអាងថា ពួកគេកំពុងតាមដានដោយយកចិត្តទុកដាក់ ចំពោះករណីទាំងនេះ និងទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលកម្ពុជាបានទទួលស្គាល់យកមកអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។