តំណាងរាស្រ្តអាមេរិក ៨ រូប ស្នើឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ដោយសារការបន្តគំរាមកំហែង និងបង្ក្រាបសំឡេងប្រឆាំង និងសកម្មជនឥតឈប់ឈរ។ ពួកគាត់ ក៏ស្នើឲ្យពិនិត្យឡើងវិញ លើប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ដោយសារតែបរិយាកាសកាន់តែអាក្រក់ ផ្នែកសេរីភាពសហជីព និងការងារ។
តំណាងរាស្រ្តសហរដ្ឋអាមេរិក បួនរូបជាសមាជិកសភា និងបួនរូបទៀត ជាសមាជិកព្រឹទ្ធសភា ភាគច្រើនលើសលុបមកពីខាងគណបក្សប្រជាធិបតេយ្យ (Democrat) បានសរសេរ លិខិតរួមគ្នាមួយច្បាប់ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ជូនទៅរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ផុមផេអូ (Mike Pompeo) ដោយទទូចឲ្យរដ្ឋមន្រ្តីនៃប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលកាន់តែអាក្រក់ជាលំដាប់នៅកម្ពុជា។
តំណាងរាស្រ្តដែលលេចធ្លោរក្នុងការទាមទារ ឲ្យកម្ពុជាស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ទាំងនោះរួមមាន សមាជិកព្រឹទ្ធសភាលោក អិត ម៉ាឃី (Edward J. Markey) អ្នកស្រី អេលីហ្សាប៊ែត វ័ររ៉ិន (Elizabeth Warren) សមាជិកសភាអ្នកស្រី ល័ររី ត្រាហាន (Lori Trahan) លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និងលោក ថិត យ៉ូហូ (Ted Yoho)។ ពួកគាត់សង្កត់ធ្ងន់ លើអំណាចផ្តាច់ការរបស់លោក ហ៊ុន សែន ក្នុងការបង្ក្រាបសំឡេងប្រឆាំង ដូចជាការរម្លាយគណបក្សសង្គ្រោះជាតិ ការបន្តធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង និងចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់ និងការបន្តរឹតត្បិតសិទ្ធិសេរីភាពក្នុងការជួបប្រជុំគ្នាតវ៉ា និងសិទ្ធិបញ្ចេញមតិ រួមទាំងសិទ្ធិសហជីពផង។
មិនតែប៉ុណ្ណោះ ពួកគាត់ស្នើឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលក្នុងជួរដឹកនាំជាន់ខ្ពស់នៃរបបសព្វថ្ងៃ រួមទាំងមន្រ្តីជាន់ខ្ពស់ក្នុងជួរនគរបាល និងកងរាជអាវុធហត្ថផង ដែលអ្នកទាំងនេះបានចូលរួមចាប់ខ្លួន និងបង្ក្រាបពលរដ្ឋយ៉ាងដំណំ។ ពួកគាត់ស្នើឲ្យប្រើច្បាប់ដាក់ទណ្ឌកម្មជាសាកល ឬ the Global Magnitsky Act ឬទណ្ឌកម្មសមស្របណាផ្សេងទៀត ដែលមានស្រាប់។
ជាងនេះទៅទៀត តំណាងរាស្រ្តទាំងនេះ ស្នើឲ្យតំណាងពាណិជ្ជកម្មអាមេរិក ចាត់វិធានការជាបន្ទាន់ ដើម្បីសើរើប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ដោយសារការរំលោភសិទ្ធិសហជីព និងការងារ។
អ្នកឃ្លាំមើលសង្គម មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងសហជីព ព្រួយបារម្ភអំពីការទាមទារឲ្យដាក់ទណ្ឌកម្មបន្ថែមនេះ ព្រោះកម្ពុជាកំពុងត្រដាបត្រដួសស្រាប់ហើយ ក្រោយជួបវិបត្តិនៃជំងឺកូវីដ-១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់សហភាពអឺរ៉ុបនោះ។
លោកបណ្ឌិត សេង សារី យល់ឃើញថា លិខិតរបស់តំណាងរាស្រ្តអាមេរិកនេះ គ្មានអ្វីក្រៅពីការទាមទារឲ្យកម្ពុជា ងាកចូលគន្លងប្រជាធិបតេយ្យឡើងវិញតែប៉ុណ្ណោះ។ លោកថា នេះជាការដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលដែលកម្ពុជារងសម្ពាធពីសហគមន៍អន្តរជាតិជាច្រើនមកហើយ។ លោកបារម្ភថា បើស្ថានភាពបែបនេះ នៅតែបន្ត រដ្ឋាភិបាលកម្ពុជា នឹងពិបាករើខ្លួនរួច ហើយពិបាកធ្វើដំណើរបន្តសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចណាស់ << សំណើរសុំនៅក្នុងសំបុត្រនេះ គឺបង្ហាញ និងបានជំរុញឲ្យរដ្ឋាភិបាលអាមេរិក បោះជំហានមួយជំហានទៀត នៅក្នុងារដាក់សម្ពាធបន្ថែម ឬយើងហៅម្យ៉ាងទៀតថា ជាការប្រើធម៌ក្ដៅ នៅក្នុងការជំរុញឲ្យកម្ពុជាងាកមកគន្លងប្រជាធិបតេយ្យឡើងវិញ >>។
ការមិនទាន់ងាកមករកគន្លងប្រជាធិបតេយ្យឡើងវិញនេះ អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ក៏បារម្ភណាស់ដែរ ព្រោះលោកថាសហរដ្ឋអាមេរិក មានឥទ្ធិពលខ្លាំង ក្នុងការដាក់ទណ្ឌកម្មប្រទេសណាមួយ ដែលមិនគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ << សហរដ្ឋអាមេរិកមានសម្ពន្ធមិត្រជាច្រើនផ្សេងទៀត អាចនឹងមានចំណាត់ការមកលើប្រទេសកម្ពុជាជាបន្តបន្ទាប់ទៅទៀត ហើយជាគោលការណ៍ខាងអង្គការសង្គមស៊ីវិលយើង យើងតែងតែមិនចង់ឃើញមានចំណាត់ការបែបនេះទេ។ ដូច្នេះហើយយើងតែងតែទទូចវ ចង់ឲ្យខាងរដ្ឋាភិបាលកម្ពុជាយើងហ្នឹង ធ្វើយ៉ាងណារកដំណោះស្រាយឲ្យបានទាន់ពេលវេលា កុំឲ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅ ធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋកម្ពុជា សេដ្ឋកិច្ច និងនយោបាយផងដែរ >>។
បញ្ហាប៉ះពាល់ដល់ឆ្នាំងបាយកម្មករនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ក៏បារម្ភខ្លាំង ព្រោះកម្ពុជាពឹងពាក់ស្ទើរតែទាំងស្រុងលើប្រព័ន្ធការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ កម្ពុជាបានចំណេញច្រើនណាស់ ពីប្រយោជន៍នៃការមិនយកពន្ធលើសម្ភារៈធ្វើដំណើរ ដោយសារការអនុគ្រោះពន្ធទូទៅ ឬ GSP។ ប៉ុន្តែផលចំណេញនេះ នឹងអាចបាត់បង់ ដោយសារ លោកថាលិខិតរបស់តំណាងរាស្រ្តអាមេរិក នឹងមានឥទ្ធិពលដល់សេចក្តីសម្រេចរបស់រដ្ឋាភិបាលអាមេរិក ព្រោះពួកគាត់សុទ្ធតែជាអ្នកនយោបាយដែលមានឥទ្ធិពល << ក្នុងរយៈពេលជិត ២០ ឆ្នាំនេះ កម្ពុជាបានទទួលប្រយោជន៍ច្រើនណាស់ពីខាងប្រទេសខាងហ្នឹង។ អ្វីដែលបារម្ភ និងសំណូមពរ គឺយើងគិតថារដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងម៉េចពិនិត្យចំណុចខ្វះខាត ហើយអនុវត្តឲ្យបានតាមកិច្ចព្រមព្រៀង ដែលចុះជាមួយនឹងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ធ្វើម៉េចឲ្យបានល្អ ដើម្បីធានានូវដំណើរការធម្មតាវិញសម្រាប់កម្ពុជា >>។
អាស៊ីសេរី ព្យាយាមសុំការបំភ្លឺពីមន្រ្តីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ជុំវិញរឿងនេះដែរ ប៉ុន្តែ ទូរស័ព្ទចូលច្រើនសារ និងបានផ្ញើសារតាមគណនីហ្វេសប៊ុកលោកផង តែគ្មានការឆ្លើយតប។
ក្នុងចំណោមតំណាងរាស្រ្តទាំង ៨ រូបរូបនេះ មានពីររូបបានដាក់ស្នើច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន ដែលឥឡូវនេះកំពុងស្ថិតក្នុងដៃព្រឹទ្ធសភា រង់ចាំអនុម័តចុងក្រោយ មុនបញ្ជូនទៅប្រធានាធិបតី។ ចំណែកសមាជិកព្រឹទ្ធសភាមួយរូបទៀត នៅក្នុងលិខិតនេះដែរ បានផ្តួចផ្តើមសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា ដែលស្នើឲ្យសើរើប្រព័ន្ធការអនុគ្រោះពន្ធទូទៅ ឬ GSP។ សេចក្តីស្នើច្បាប់នេះ កំពុងស្ថិតក្នុងដៃព្រឹទ្ធសភាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។