ព្រឹទ្ធសភា​អាមេរិក​ដាក់​បញ្ចូល​សេចក្ដី​សម្រេច​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជជែក

ដោយ មាន ឫទ្ធិ
2017-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធសភា​អាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង​ លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។
សមាជិក​ព្រឹទ្ធសភា​អាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង​ លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។
ពីហ្វេសប៊ុក

សេចក្ដី​សម្រេច​លេខ​២៧៩ ផ្ដួចផ្ដើម​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បី​រូប គឺ​លោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និង​លោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ឥឡូវ​នេះ ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​កាលវិភាគ​លេខ ២៥៧ សម្រាប់​លើក​យក​មក​ជជែក​ដេញដោល​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​អាមេរិកាំង​នា​ពេល​ខាងមុខ​នេះ​ហើយ។

ប្រសិនបើ​អនុម័ត​សេចក្ដី​សម្រេច​លេខ ២៧៩ ស្ដីពី​ការ​គូស​បញ្ជាក់​ឡើងវិញ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ថ្កោលទោស​ជា​ផ្លូវការ នូវ​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​បញ្ឈប់​នូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នានា ក្នុង​ប្រទេស​នេះ​ជាបន្ទាន់។ សេចក្ដី​សម្រេច​ដដែល​នេះ ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចប់​នូវ​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​នានា​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​នូវ​បរិយាកាស​មួយ ដែល​លទ្ធិប្រជាធិបតេយ្យ អាច​រីកចម្រើន និង​លូតលាស់​ទៅមុខ​បាន​ល្អ។

បន្ថែម​ពីលើ​នេះ សេចក្ដី​សម្រេច​ដដែល​នេះ តម្រូវ​ឲ្យ​ក្រសួង​រតនាគារ​អាមេរិកាំង ពិចារណា​ដាក់​បញ្ចូល​រាល់​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស និង​នយោបាយ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ឈ្មោះ​ជនបរទេស​ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ជនជាតិ​អាមេរិកាំង ដែល​ហៅ​កាត់​ថា «SDN»

ចំណុច​ចុងក្រោយ នៃ​សេចក្ដី​សម្រេច ក្រៅពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ សេចក្ដី​សម្រេច​លេខ ២៧៩​នេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ តវ៉ា និង​បញ្ចេញមតិ​នានា​ប្រឆាំង​រដ្ឋាភិបាល។ សេចក្ដី​សម្រេច​នេះ គាំទ្រ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​កំណែទម្រង់​ពាក់ព័ន្ធ នឹង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា និង​គាំទ្រ​ឲ្យ​មាន​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​ត្រូវ​បាន​ចូលរួម​តាមដាន​ពី​សំណាក់​អ្នកឃ្លាំមើល​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល