គ្រួសារ​ជន​រងគ្រោះ​កម្ពុជា​ដែល​ត្រូវ​ជនជាតិ​វៀតណាម​ព្រួត​វាយ​សម្លាប់​ស្វែងរក​យុត្តិធម៌

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​មួយ​គ្រួសារ​ដែល​ត្រូវ​ជនជាតិ​វៀតណាម លើក​គ្នា​ទៅ​ព្រួត​វាយ​សម្លាប់​ដល់​ក្នុង​ផ្ទះ នៅ​ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង នោះ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់។ អាជ្ញាធរ​ថា​កំពុង​បន្ត​ស៊ើប​អង្កេត​ករណី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ រីឯ​សង្គម​ស៊ីវិល ថា​ការ​ប្រើ​អំពើ​ហិង្សា​ជា​ក្រុម​រហូត​ឈាន​ដល់​ការ​សម្លាប់ គឺ​រំលោភ​សិទ្ធិ​មនុស្ស និង​ច្បាប់​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ។

មក​ដល់​ពេល​នេះ មាន​បុរស​ជនជាតិ​វៀតណាម ចំនួន ៦​នាក់​ហើយ​ដែល​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​កៀរគរ​ជនជាតិ​វៀតណាម ដូច​គ្នា​ជាច្រើន​នាក់ ទៅ​ដេញ​វាយ​ប្រហារ​លើ​ពលរដ្ឋ​កម្ពុជា មួយ​គ្រួសារ ដែល​រស់នៅ​ភូមិ​ក្បែរ​គ្នា បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ប្ដី​ស្លាប់ និង​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ ៩​ខែ​រង​របួស​ធ្ងន់។ នេះ​បើ​តាម​ប្រសាសន៍​របស់​អធិការ​ស្រុក​ពាមរក៍ លោក សេង ពន្លក។

ភរិយា​ជន​រងគ្រោះ គឺ​លោកស្រី ចាន់ ស៊ីណា អាយុ ៣១​ឆ្នាំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់ ដោយ​ផ្ដន្ទាទោស​ជន​ល្មើស​ទៅ​តាម​ច្បាប់ និង​ទាមទារ​សំណង​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក។ ប្ដី​លោកស្រី​ដែល​ត្រូវ​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​នោះ មាន​ឈ្មោះ សេង រត្នធី អាយុ ៣៣​ឆ្នាំ។ ពួក​គាត់​រស់នៅ​ភូមិ​អ្នកលឿង ឃុំ​អ្នកលឿង ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង៖ « ជួយ​រក​យុត្តិធម៌​ឲ្យ​ប្ដី​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ក្រ​ណាស់ ! ខ្ញុំ​គ្មាន​អី។ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឲ្យ​បាន​ច្បាស់លាស់ »

លោកស្រី ចាន់ ស៊ីណា រៀបរាប់​ពី​ដំណើរ​រឿង​ដែល​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​ប្ដី​របស់​គាត់​កាល​ពី​ម៉ោង​ជាង ៩​យប់​ថ្ងៃ​អាទិត្យ ទី​៧ សីហា ថា ដំបូង​ឡើយ​ប្ដី​របស់​គាត់​បាន​ដើរ​ទៅ​ទិញ​បារី ហើយ​ត្រូវ​ជនជាតិ​វៀតណាម សម្លុត​ទារ​បារី តែ​ប្ដី​លោកស្រី​មិន​ឲ្យ។ ពេល​ឮ​ដូច្នេះ ក្រុម​ជន​សង្ស័យ​បាន​ស្ទុះ​ទៅ​ដាល់​ជន​រងគ្រោះ​មួយ​ដៃ​ចំ​មុខ ជា​ហេតុ​នាំ​ឲ្យ​ជន​រងគ្រោះ​ខឹង ហើយ​ជេរ​ម្តាយ​ក្រុម​ជន​សង្ស័យ។ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​ជន​សង្ស័យ​ដេញ​វាយ​ដល់​ផ្ទះ​តែ​ម្តង៖ « វា​កាន់​ដែកគាស់​មក​គប់​ប្ដី​ខ្ញុំ​នៅ​មុខ​ផ្ទះ ហើយ​ប្ដី​ខ្ញុំ​គាត់​ខឹង ក៏​ទាញ​ដែកគាស់​នោះ​គប់​ទៅ​វិញ តែ​អត់​ត្រូវ​គេ​ទេ តែ​មាន​ជនជាតិ​វៀតណាម មួយ​នោះ ផុង​លូ​នៅ​ថ្នល់​នោះ ក៏​វា​ខឹង​ប្ដី​ខ្ញុំ ហើយ​វា​ស្រែក​ហៅ​គ្នា​ថា អា​ហ្នឹង​គប់​អញ​ត្រូវ​មួយ​កាំបិត​ដាច់​ជើង​ចេញ​ឈាម ស្រាប់​តែ​ពួក​វា​មក​មួយ​ហ្វូង​ធំ​តែ​ម្តង ច្រើន​ណាស់ ! ពេល​មក​ដល់ វាយ​ប្ដី​ខ្ញុំ​មួយ​ដែកគាស់​ចំ​ពី​ក្រោយ បណ្ដាល​ឲ្យ​សន្លប់ ហើយ​នៅ​តែ​បន្ត​វាយ​ទៀត តែ​ខ្ញុំ​រង ក៏​ត្រូវ​ចំ​ដៃ។ វាយ​ប្ដី​ខ្ញុំ​សន្លប់​ហើយ វា​ថា​ប្ដី​ខ្ញុំ​ធ្វើ​ពុត។ ពេល​នោះ​មាន​តា​មួយ​ត្រូវ​ជា​ឪ​របស់​អ្នក​វាយ​ប្ដី​ខ្ញុំ​នោះ បាន​ប្រាប់​ថា ឲ្យ​វាយ​សម្លាប់​ទាំង​ប្ដី​ទាំង​ប្រពន្ធ​តែ​ម្តង​ទៅ ទុក​អញ​អ្នក​បង់​លុយ។ ដល់​ពេល​អ៊ីចឹង​ទៅ វា​យក​ឈើ​ប្រហែល​មួយ​ម៉ែត្រ​ដែល​ជាប់​ដែកគោល មក​វាយ​ប្ដី​ខ្ញុំ​នៅ​ចំ​ក្រោម​ច្រមុះ ក៏​ជាប់​តែ​ម្តង។ ពេល​ដែល​ខ្ញុំ​ដក​ដែកគោល ក៏​ប្ដី​ខ្ញុំ​ផុត​តែ​ម្តង​ទៅ »

លោកស្រី​បន្ត​ថា ជនជាតិ​វៀតណាម មាន​គ្នា​លើស​ពី ២០​នាក់​ដែល​ប្រដាប់​ដោយ​ដំបង ឈើ​មូល ឈើ​ជ្រុង ដែកគាស់ និង​កាំបិត នៅ​តែ​មិន​ដក​ថយ​ទេ ទាល់​តែ​អ្នក​ភូមិ​ជនជាតិ​ខ្មែរ​នាំ​គ្នា​ស្រែក​ប្ដឹង​សមត្ថកិច្ច ទើប​ពួក​គេ​នាំ​គ្នា​ដក​ថយ។ ជន​សង្ស័យ​ទាំង​នោះ​នៅ​ក្នុង​ភូមិ​៦ ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។

អាស៊ីសេរី មិន​ទាន់​អាច​ស្វែងរក​ការ​ឆ្លើយ​តប​ពី​ខាង​គ្រួសារ​ជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា។

ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​តាម​ចាប់​ជនជាតិ​វៀតណាម ដែល​វាយ​សម្លាប់​ពលរដ្ឋ​កម្ពុជា ដល់​ផ្ទះ​នោះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យខាងតែ​បាន។

រីឯ​អធិការ​ស្រុក​ពាមរក៍ លោក សេង ពន្លក មាន​ប្រសាសន៍​ថា លោក​កំពុង​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ត​ទៀត៖ « រឿង​នេះ​ថ្ងៃ​ស្អែក​ខ្ញុំ​ស៊ើប​អង្កេត​ចប់​ហើយ ខ្ញុំ​នឹង​បញ្ជូន​ទៅ​តុលាការ »

ប្រជាពលរដ្ឋ​កម្ពុជា អះអាង​ថា នៅ​ភូមិ​លេខ៦ ជិត​ផ្សារ​អ្នក​លឿង​នោះ ភាគច្រើន​ជា​ជនជាតិ​វៀតណាម សញ្ជាតិ​កម្ពុជា ដែល​រស់នៅ​យ៉ាង​អនាធិបតេយ្យ ហើយ​អាជ្ញាធរ​ហាក់​មិន​សូវ​ហ៊ាន​តតាំង​ជាមួយ​ជនជាតិ​វៀតណាម នោះ​ទេ។ ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៤ មក មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា បាន​បញ្ជូន​ជនជាតិ​វៀតណាម រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ជិត ១​ម៉ឺន​នាក់​ទៅ​វៀតណាម វិញ។ តែ​ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​ជនជាតិ​របស់​ខ្លួន​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធានា​នូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួក​គេ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ប្រើ​អំពើ​ហិង្សា​ជា​ក្រុម​រហូត​ឈាន​ដល់​ការ​សម្លាប់​នេះ គឺ​ជា​អំពើ​សាហាវ​ឃោរឃៅ​បំផុត។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​គំនុំ និង​ការ​រើសអើង​ជាតិ​សាសន៍៖ « ទង្វើ​ទាំងអស់​ទាំង​នេះ ប្រសិន​បើ​អាជ្ញាធរ និង​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទេ វា​នឹង​អាច​រីក​រាលដាល​បន្តិច​ម្តងៗ ហើយ​វា​នឹង​ក្លាយ​ជា​គំនុំ​សងសឹក ហើយ​អាច​ក្លាយ​ទៅ​ជា​ការ​រើសអើង​ជាតិ​សាសន៍​ទៀត​ផង។ នេះ​គឺ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ »

លោក អំ សំអាត លើក​ឡើង​ថា ករណី​ជនជាតិ​វៀតណាម វាយ​សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា និង​ពិនិត្យ​លើ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ ដើម្បី​បញ្ជាក់​ថា ជនជាតិ​វៀតណាម ទាំង​នេះ​រស់នៅ​កម្ពុជា ស្រប​ច្បាប់​ដែរ​ឬ​ទេ។

មាត្រា​២០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ចែង​ថា ឃាតកម្ម​ដែល​កើត​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ បើ​ទោះ​ជា​ក្រម​ព្រហ្មទណ្ឌ​ចែង​ពី​ស្ថាន​ទម្ងន់​ទោស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏ដោយ ក៏​គេ​កម្រ​ឃើញ​សមត្ថកិច្ច ឬ​តុលាការ​អាច​ស្វែងរក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ណាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។