ពលករ​ខ្មែរ​មួយ​ក្រុម​ខំប្រឹង​ធ្វើការ​ទាំង​ប្ដី​ប្រពន្ធ​នៅ​លើ​កោះ​មួយ​នៅ​ថៃ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ

ដោយ យ៉ង ចាន់តារា
2023.07.07
ពលករ​ខ្មែរ​មួយ​ក្រុម​ខំប្រឹង​ធ្វើការ​ទាំង​ប្ដី​ប្រពន្ធ​នៅ​លើ​កោះ​មួយ​នៅ​ថៃ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ រមណីយដ្ឋាន​មាត់សមុទ្រ នៃខេត្ត​ឈុនបូរី ប្រទេសថៃ ដែល​ពលករខ្មែរ​ធ្វើការ។ រូបថ្ងៃទី២៨ មិថុនា ២០២៣។
RFA

ពលករ​ខ្មែរ​មួយ​ក្រុម​ខំប្រឹង​ធ្វើការ​ទាំង​ប្ដី​និង​ប្រពន្ធ​នៅ​លើ​កោះ​មួយ​ក្នុង​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ និង​ផ្ដល់​ទៅ​ឱ្យ​ឪពុកម្ដាយ​នៅ​កម្ពុជា។ ពលករ​ខ្លះ​បាន​ទុក​កូន​ឱ្យ​ឪពុកម្ដាយ​ចាស់ជរា​មើល​ថែទាំ​នៅ​ស្រុក​កំណើត ខណៈ​ពួកគេ​ធ្វើ​ការ​នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​ជីវភាព​ក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក។ តើ​ក្រុម​ពលករ​ទាំងនោះ​ជួប​ការ​លំបាក​បែប​ណា​ខ្លះ?

ក្រុម​ពលករ​ខ្មែរ​ទាំងនោះ​ធ្វើការ​នៅ​លើ​កោះ​តូច​មួយ ជាប់​ទីក្រុង​ប៉ាតាយ៉ា (Pattaya) ក្នុង​ខេត្ត​ឈុនបូរី (Chunbori)​របស់​ថៃ។ ពលករ​ប្រុស​ស្រី​ទាំងអស់​នោះ ភាគច្រើន​រស់នៅ​ធ្វើការ​ជា​ប្ដី​ប្រពន្ធ ហើយ​មាន​វ័យ​ប្រមាណ​ពី​២៥ ទៅ​៤០​ឆ្នាំ​ប្លាយ។ ពួកគេ​ធ្វើការ​នៅ​លើ​កោះ​មួយ​នេះ​កាក់កប គ្រាន់បើ​ជាង​ធ្វើការ​នៅក្នុង​ស្រុក​។ ទោះជា​បែបនេះ​ក្ដី​ពួកគេ​អះអាង​ថា ប្រសិនបើ​នៅ​កម្ពុជា​មាន​ការងារ​ធ្វើ​សល់​ប្រាក់​សន្សំ​ខ្លះ​នោះ ពួកគេ​នឹង​មិន​ទៅ​ធ្វើការ​ឃ្លាតឆ្ងាយ​ពី​ស្រុកកំណើត​បែបនេះ​ឡើយ។

ពលករ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ លោក ហួត ធី រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មក​ធ្វើការ​ផ្នែក​រត់​តុ និង​ទទួលភ្ញៀវ​ឱ្យ​ចូល​អង្គុយ​ក្នុង​តង់​ជាប់​ឆ្នេរ​កោះ​មួយ​នេះ​អស់​រយៈពេល ១០​ឆ្នាំ​មក​ហើយ​។ បុរស​សម្បុរ​ស្រអែម​មាឌ​រាងស្ដើង​ខ្ពស់ វ័យ​៣១​ឆ្នាំ​រូប​នេះ បន្ត​ថា ការងារ​ដែល​លោក​ធ្វើ​នៅ​លើ​កោះ​មួយ​នេះ​មិនសូវ​លំបាក​នោះ​ទេ​។ លោក​បន្ថែម​ថា ពេល​មមាញឹក​ខ្លាំង​គឺ​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​ដល់​ម៉ោង​៤​រសៀល ជាពិសេស​ចាប់ពី​ខែធ្នូ​ដល់​ខែមីនា ដែល​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន ជា​ឱកាស​ដែល​លោក​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដែរ ដោយ​ក្នុង​មួយ​ខែ​លោក​អាច​រក​ប្រាក់​បាន​ប្រមាណ​ពី ២​ម៉ឺន​ទៅ​៤​ម៉ឺន​បាត ឬ​ស្មើនឹង​ប្រមាណ​ពី ៦០០​ដុល្លារ​ទៅ​ជាង ១​ពាន់​ដុល្លារ។

លោក ហួត ធី៖ «បើ​យើង​អត់​ខំ​ប្រឹងរក​អ៊ីចឹង យើង​ម៉េច​ស្រួល​បាន​បង អ៊ីចឹង​យើង​មានតែ​យើង​ហត់​តែ​កុំឱ្យ​កូន​ហត់​អ៊ីចឹង ធំ​ឡើង​កូន​ពិបាក​ដូច​យើង។ បាទ​វា​ល្មម​ដោះស្រាយ​ដែរ វា​អត់​ដូច​នៅ​ខ្មែរ​ទេ នៅ​ខ្មែរ​បាន​ប្រាក់​តិច តែ​វា​ចំណាយ​ច្រើន តែ​នៅ​នេះ វា​បាន​កាន់តែ​ច្រើនតែ​វា​ចំណាយ​តិច។ យើង​អត់​មាន​ចំណាយ​អី​ផង យើង​គ្រាន់​ចំណាយ​យើង​ចង់​ហូប​អី ឬ​ទៅ​ទិញ​របស់របរ​ប្រើប្រាស់​អី​កន្លង​ដេក​នៅ​លើ​គេ។ ធ្វើតាម​ភ្ញៀវ​បើ​ភ្ញៀវ​មាន ក៏​យើង​ធ្វើ បើ​អត់​យើង​អង្គុយ​លែង អត់​ដូច​ធ្វើការ​រោងចក្រ​ធ្វើការ​សំណង់​ទេ»

ទោះជា​យ៉ាងណា​លោក​ថា ចំពោះ​ខែ​ណា​ដែល​មិនសូវ​មាន​ភ្ញៀវ​លោក​ធ្វើ​ការ​បាន​ប្រាក់ខែ​ត្រឹម ១​ម៉ឺន​២​ពាន់​បាត ឬ​ស្មើនឹង​ប្រមាណ ៣៥០​ដុល្លារ​ប៉ុណ្ណោះ ដោយ​មិន​បាន​ប្រាក់​ចំណូល​ផ្សេង​ដូចជា​លុយ​ធីប​នោះ​ទេ។

ពលករ​រូប​នេះ​ធ្វើការ​នៅ​លើ​កោះ​ក្នុង​ប្រទេស​ថៃ​ជាមួយ​ប្រពន្ធ ដោយ​ទុក​កូនប្រុស​ស្រី​តូច​ចំនួន​៣​នាក់ ឱ្យ​ម្ដាយ​ចាស់ជរា​មើលថែ​នៅ​ឯ​ស្រុកកំណើត ហើយ​យូរៗ​ម្ដង ទើប​លោក​បាន​ទៅ​លេង​កូន​នៅ​កម្ពុជា​។ ប្រពន្ធ​របស់​លោក​មាន​វ័យ ៣០​ឆ្នាំ​ប្លាយ​ធ្វើការ​ផ្នែក​លក់​ខោអាវ លក់​របស់​ក្មេង​លេង​និង​ពោង​ហែល​ទឹក នៅ​មាត់​ឆ្នេរ​ក្បែរ​តង់ ដែល​លោក​រត់​តុ។ ប្ដី​ប្រពន្ធ​មួយ​គ្រួសារ​នេះ​ជា​មនុស្ស​រហ័សរហួន និង​រស់​រាយ​រាក់ទាក់​។ នៅពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត​ម្ដងៗ​ពួកគេ​តែងតែ​រាក់ទាក់​ហៅភ្ញៀវ​ឱ្យ​ចូល​អង្គុយ​ក្នុង​តង់​របស់​ពួកគេ។

លោក ហួត ធី បន្ត​ថា ដោយសារតែ​ភាព​រហ័សរហួន​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ថៅកែ​ជនជាតិ​ថៃ​ស្រលាញ់​ពួក​លោក ហើយ​ចាត់ទុក​ពួក​លោក​ប្រៀប​ដូច​ឪពុក​នឹង​កូន។

លោក ហួត ធី៖ «ថៅកែ​គេ​ស្រលាញ់​គេ​ឱ្យ​តម្លៃ​យើង​ណាស់​គេ​អត់​ចេះ​មើលងាយ មើល​អី​ទេ របស់របរ​ទិញ អី​ឱ្យ​យើង និយាយ​រួម​គេ​បារម្ភ​ពី​យើង។ ទៅណា​មក​ណា​ក៏​គេ​បារម្ភ​យើង​ដែរ។ ចង់​យប់​ឡើង បើ​យើង​ទៅ​ដើរ​លែង​ក្រៅ ក៏​គេ​អត់ឱ្យ​យើង​ដែរ ព្រោះ​គេ​មាន​សន្តិសុខ​មានអី​យប់​ឡើង​គេ​អត់ឱ្យ​ចេញ​ចូល​ទេ។ វា​អត់​លំបាក​ទេ​អត់​មាន​ធ្ងន់​អី​ផង​ដើរទៅ​ដើរមក​ហៅភ្ញៀវ​ដើរ​តាម​ឆ្នេរសមុទ្រ​ឱ្យ​កុម្ម៉ង់​ម្ហូប​អី​អ៊ីចឹង»

ពលករ​ខ្មែរ​មួយ​គ្រួសារ​នេះ​មាន​សាច់ញាតិ​ចំនួន ៦​នាក់​ធ្វើការ​ជុំគ្នា ដោយសារ​ពួកគេ​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា​។ ពួកគេ​ធ្វើ​ការងារ​កាក់កប​អាច​សល់​ប្រាក់​ខ្លះ ផ្ញើ​ទៅ​ឱ្យ​ឪពុកម្ដាយ​នៅ​ឯ​ស្រុក​កំណើត។

migrant_workers062823_Island.jpg
ពលករខ្មែរ​ធ្វើការនៅរមណីយដ្ឋាន​មាត់សមុទ្រ នៃខេត្ត​ឈុនបូរី ប្រទេសថៃ។ រូបថ្ងៃទី២៨ មិថុនា ២០២៣។ RFA

នៅ​លើ​កោះ​ដែល​ពលករ​ខ្មែរ​ធ្វើការ​នេះ គឺ​មាន​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ដីគោក និង​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ ពី​ទីក្រុង​បាងកក។ ចំនួន​ពលករ​ខ្មែរ​សរុប​នៅ​លើ​កោះ​នេះ​ទាំងមូល​មាន​ប្រមាណ ១​ពាន់​នាក់ ភាគច្រើន​ធ្វើការ​នៅ​តាម​អាហារដ្ឋាន​នៅ​តាម​ឆ្នេរ​កោះ។

ដោយឡែក ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​អាហារដ្ឋាន​ជាប់​ឆ្នេរ​មួយ​នៅ​លើ​កោះ​នេះ ដែល​អាស៊ីសេរី​បាន​ចុះ​ជួប មាន​ប្រមាណ​៤០​នាក់ ហើយ​ភាគច្រើន​ពួកគេ​ធ្វើការ​ជាមួយ​ក្រុម​គ្រួសារ ដោយ​អ្នកខ្លះ​ធ្វើការ​ផ្នែក​បម្រើភ្ញៀវ រត់​តុ ចំអិន​អាហារ បោសសំអាត​និង​ខ្លះទៀត​ចាំ​យក​ប្រាក់​ពី​ភ្ញៀវ​ចូល​បន្ទប់ទឹក​ជាដើម។

ពលការិនី​ខ្មែរ​ម្នាក់​ទៀត​ធ្វើការ​ជុំគ្នា​ប្ដី​ប្រពន្ធ​នៅ​លើ​កោះ​នេះ​ដែរ គឺ​លោកស្រី ច្រែង ស្រីម៉ៅ ថ្លែង​ថា លោកស្រី​មក​ធ្វើការ​នៅ​លើ​កោះ​មួយ​នេះ​ប្រមាណ ១០​ឆ្នាំ​ហើយ ដោយសារ​ជីវភាព​ក្រីក្រ និង​អត់​ការងារ​ធ្វើ​នៅក្នុង​ស្រុក។ ស្ត្រី​វ័យ ៤០​ឆ្នាំ​រូប​នេះ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង និង​មានកូន​២​នាក់ នៅ​ជាមួយ​ជីដូន​ចាស់ជរា​នៅ​កម្ពុជា។ ស្ត្រី​សម្បុរ​ស្រអែម​រូប​នេះ​ធ្វើការ​ផ្នែក​ចាំ​យក​លុយ​ពី​ភ្ញៀវ​ចូល​បន្ទប់​ទឹក ដោយ​ទទួល​បាន​ប្រាក់ខែ​ចំនួន​៦​ពាន់​បាត​ក្នុង​មួយ​ខែ ឬ​ស្មើនឹង​ជិត​២០០​ដុល្លារ។ លោកស្រី​បន្ត​ថា លោកស្រី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្នុង​មួយ​ខែ​សន្សំ​បាន​ប្រាក់​ប្រមាណ​១​ម៉ឺន​បាត ឬ​ស្មើនឹង​ប្រមាណ​៣០០​ដុល្លារ​ផ្ញើ​ទៅ​ឱ្យ​កូន​នៅ​កម្ពុជា។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​លោកស្រី​ធ្វើការ​បាន​ប្រាក់ខែ​តិច តែ​សល់​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​កូន​នៅ​កម្ពុជា ដោយ​សារ​បាន​ប្រាក់​ធីប​ពី​ភ្ញៀវ​ខ្លះ ខណៈ​ដែល​ថៅកែ​ផ្ដល់​អាហារ​បី​ពេល និង​កន្លែង​ស្នាក់នៅ​ដល់​គ្រួសារ​លោកស្រី។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ពី​បញ្ហា​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ​បានទេ​នៅ​ថ្ងៃទី​៦ កក្កដា។

ជុំវិញ​ការ​ត្អូញត្អែរ​របស់​ពលករ​ចំណាកស្រុក​ថា អត់​ការងារ​ធ្វើ​នៅ​កម្ពុជា អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​កម្ពុជា​មាន​ការងារ​ជាច្រើន ជាពិសេស​ការងារ​ផ្នែក​កសិកម្ម​នៅ​តាម​ចំការ​កៅស៊ូ និង​ចំការ​ម្រេច តែ​ដោយសារ​ពលរដ្ឋ​មួយចំនួន​មិន​ចង់​ធ្វើ​ការងារ​នៅក្នុង​ស្រុក ទើប​ពួកគេ​ចាក​ចេញទៅ​ក្រៅ​ស្រុក។

លោក សុខ ឥសាន៖ «អ៊ីចឹង​សូម​ចូលរួម​ជាមួយ​ប្អូន​ដែល​ថា ធ្វើការ​នៅ​កោះ​អី​កាក់កប​អាហ្នឹង​សូម​ចូលរួម​អបអរ​ដែល​គាត់​បាន​ចំណូល​ច្រើន​ប្រចាំខែ ទៅ​អាហ្នឹង​អាច​កែប្រែ​ជីវភាព​រស់នៅ​របស់​គាត់​បាន​។ ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​តែងតែ​ព្រីក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ហ្នឹង​ដើម្បី​ឱ្យ​ពលករ​យើង​នឹង​មាន​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​វា​មាន​ចំណូល​ខ្ពស់​ជាង​នៅក្នុង​ស្រុក»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ក្រុម​ពលករ​អះអាង​ថា ពួកគេ​ពិតជា​មិន​ចង់ទៅ​ធ្វើការ​នៅ​ប្រទេសក្រៅ​ទេ ព្រោះ​វា​ឃាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ហើយ​រស់នៅ​ស្រុក​គេ​មិន​ស្រួល​នោះ​ទេ ប៉ុន្តែ​ពួកគាត់​គ្មាន​ជម្រើស​ដោយសារ​រក​ការងារ​ក្នុងស្រុក​មិនបាន ឬ​បើ​មាន​ខ្លះ​ក៏​ប្រាក់ខែ​ទាប។

ទោះជា​យ៉ាងណា ក្រុម​ពលករ​អះអាង​ថា ពួកគេ​ពិតជា​មិន​ចង់ទៅ​ធ្វើការ​នៅ​ប្រទេសក្រៅ​ទេ ព្រោះ​វា​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ហើយ​រស់នៅ​ស្រុក​គេ​មិន​ស្រួល​នោះ​ទេ ប៉ុន្តែ​ពួកគាត់​គ្មាន​ជម្រើស​ដោយសារ​រក​ការងារ​ក្នុងស្រុក​មិន​បាន ឬ​បើ​មាន​ខ្លះ​ក៏​ប្រាក់ខែ​ទាប។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) ចេញ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២០ ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​រយៈពេល ៣០​ឆ្នាំ មក​នេះ កំពុង​រង​ការ​គំរាមកំហែង​ខ្លាំង​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ ដែល​នាំ​ឲ្យ​ការងារ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ហោច ១​លាន ៧​សែន​នាក់ «ស្ថិត​ក្នុង​ហានិភ័យ»។ ចំណែក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាល​ពី​ពេល​កន្លងទៅ បាន​វាយតម្លៃ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១​លាន​៣​សែន​នាក់​(.៣០០.០០០) អាច​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ដោយសារតែ​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩។

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន មាន​ប្រសាសន៍​ថា ក្រុម​ពលករ​ទាំង​នោះ​ហាក់​មាន​ភ័ព្វ​សំណាង​ជាង​ពលករ​ជាច្រើន​នាក់​ទៀត ដែល​អ្នកខ្លះ​ត្រូវ​បាន​ថៅកែ​បោកប្រាស់​កម្លាំង​ពលកម្ម ដោយ​ប្រើ​ពួកគេ​ឱ្យធ្វើ​ការងារ​តែ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ ឬ​បើកប្រាក់​ឈ្នួល​ឱ្យ​តិចតួច​។ លោក​បន្ត​ថា បើ​ទោះបីជា​ពលករ​ទាំង​នោះ​ហាក់​កាក់កប​នឹង​ការងារ​នៅ​ក្រៅ​ប្រទេស​បែបនេះ​ក្ដី ក៏​ពុំ​មែន​ជា​រឿង​ល្អ​ចំពោះ​សង្គម​កម្ពុជា​ដែរ ប្រការ​នេះ​ដោយសារ​ពួកគេ​រស់នៅ​ព្រាត់ប្រាស​ក្រុម​គ្រួសារ។ លោក​មើលឃើញ​ថា បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​កុមារ ដោយសារ​គ្មាន​ភាព​កក់ក្ដៅ​ពី​ឪពុកម្ដាយ។

លោក លឹង សុផុន៖ «យើង​ទុក​កូន​ចោល​វាសនា​របស់​កូន​មិនដឹង​ជា​យ៉ាងណា​អ៊ីចឹង។ ហ្នឹងហើយ​បើសិនជា​រដ្ឋាភិបាល​ជួយ​យកចិត្តទុកដាក់​ទៅ​លើ​កុមារ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន ដែល​ម៉ែឪ​មិន​មាន​យកចិត្តទុកដាក់​ដោយសារ​តែ​រវល់​ធ្វើ​ចំណាកស្រុក។ ដឹង​ស្រាប់​ហើយ​ថា បើសិនជា​គ្រួសារ​ទុក​កូន​ចោល​មិន​បាន​យកចិត្តទុកដាក់​ឱ្យ​កូន​ទៅ​រៀនសូត្រ​ទេ អនាគត​កូន​ហ្នឹង​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ»

មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​រូប​នេះ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ខ្មែរ​ឱ្យ​បង្កើន​ការងារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ។ បន្ថែម​ពី​នេះ​លោក លឹង សុផុន ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​យកចិត្តទុកដាក់​ដល់​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែរ ជាពិសេស​សម្រួល​ដល់​ការ​ធ្វើ​លិខិតស្នាម​របស់​ពលរដ្ឋ​។ លោក​បញ្ជាក់​ថា ពលករ​នៅ​ប្រទេស​ថៃ​ភាគច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឯកសារ​ស្របច្បាប់ ដែល​ពួកគេ​ត្រូវ​ចំណាយ​អស់ប្រាក់​ច្រើន​ក្នុង​ការ​បន្ត​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ​ម្ដងៗ។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង ១​លាន ២​សែន​នាក់​កំពុង ធ្វើការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ជាង ២​លាន​នាក់ ដោយ​មួយចំនួន​ពួកគាត់​ទទួលរង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ និង​បាត់បង់​ផលប្រយោជន៍ ដែល​ប៉ះពាល់​ដល់​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។