យុវជន​មួយ​ក្រុម​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ពេញ​មួយ​ថ្ងៃ ទាមទារ​ឱ្យ​លោក ហ៊ុន សែន បើក​វិទ្យុ VODឡើង​វិញ

0:00 / 0:00

យុវជន​ខ្មែរ​មួយ​ក្រុម ដែល​កំពុង​ភៀស​ខ្លួន​រស់នៅ​ប្រទេស​ថៃ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ពេញ​មួយ​ថ្ងៃ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន បើក​ដំណើរ​ការ​ស្ថាប័ន​វិទ្យុ​សំឡេង​លទ្ធិ​ប្រជាធិបតេយ្យ ​VOD ​និង​ដោះ​លែង​អ្នក​ទោស​មនសិការ ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ឡើង​វិញ។ សង្គម​ស៊ីវិល​ថា សកម្មភាព​ទាមទារ​របស់​យុវជន​នេះ​ជា​រឿង​ដែល​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើង​វិញ ក្នុង​ការ​បើក​វិទ្យុ វីអូឌី ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុម​យុវនារី​មាន​គ្នា ៤នាក់ ដែល​បង្អត់​អាហារ​នៅ​ថ្ងៃ​ទី៨ ខែមីនា ចំ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ដោយ​ទទូច​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​វិទ្យុ វីអូឌី (VOD) ឡើង​វិញ។

យុវជន​ទាំង​នេះ អះអាង​ថា ការ​បិទ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ចុង​ក្រោយ​គេ​បង្អស់​នៅ​កម្ពុជា ដ៏​តក់ក្រហល់ និង​ការ​ដាក់​ពន្ធនាគារ​អ្នកទោស​មនសិការ​​ជា​បន្ត​បន្ទាប់ តាម​អំពើ​ចិត្ត​របស់​លោក ហ៊ុន សែន នេះ បាន​រំលោភ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

សកម្មជន​សិទ្ធិមនុស្ស កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ ហ្វេសប៊ុក (Facebook) បាន បង្អត់​អាហារ ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៥ល្ងាច​ថ្ងៃ​ទី៨ មីនា ដែល​ជា​ទិវា​សិទ្ធិ​នារី​ពិភពលោក។ ការ​បង្អត់​អាហារ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ជួល របស់​កញ្ញា​ផ្ទាល់ ដែល​មាន​ទំហំ​ជាង ២ម៉ែត្រ ៤ជ្រុង។ នៅ​ក្នុង​ដៃ​មាន​កាន់​រូប​ឡូហ្គូ វិអូឌី (VOD) រូបភាព​អនុ​ប្រធាន​បក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី និង​ប្រធាន​សហជីព ណាហ្គាវើល៍ គឺ កញ្ញា ឈឹម ស៊ីថរ ដែល​អ្នក​ទាំង​នេះ កំពុង​តែ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយ អយុត្តិធម៌។

កញ្ញា អេង ម៉ាឡៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ចាប់​តាំង​ពី​បិទ​ស្ថាន​សារ​ព័ត៌មាន​ឯករាជ្យ វីអូឌី ដោយ​តក់ក្រហល់ តាម​បញ្ជា របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ​មក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាត់បង់​ប្រភព​ព័ត៌មាន​ឯករាជ្យ​មួយ​នៅ​ក្នុង​ស្រុក។ ដូច្នេះ​ហើយ បាន​ជា​កញ្ញា និង​យុវជន​ផ្សេង​ទៀត​ធ្វើ​សកម្មភាព​បង្ហត់​អាហារ ព្រោះ​ចង់​ទទូច​ឱ្យ​លោក ហ៊ុន សែន ផ្ដល់​អាជ្ញាប័ណ្ណ​សារ​ព័ត៌មាន វីអូឌី បើក​ដំណើរ​ការ​ឡើង​វិញ ក្នុងពេលឆាប់ៗ។ កញ្ញា​ថា ទោះ​បី​ការ​បង្អត់​អាហារ​ពេញ​មួយ ១ថ្ងៃ ពួក​គាត់​មាន​ការ​លំបាក​បន្តិច​មែន ក៏ប៉ុន្តែ ការ​បាត់បង់​នូវ​សិទ្ធិ​សេរីភាព និង​ប្រភព​ព័ត៌មាន ដែល​ជឿ​ទុក​ចិត្ត គឺ​ជា​រឿង​វេទនា​ជាង​អត់​អាហារ​ទៅ​ទៀត។

លោក ហ៊ុន សែន៖ « អង្គការ​ជាតិ និង​អន្តរជាតិ​ជួយ ជំរុញ​ទៅ​ដល់​រាជ​រដ្ឋាភិបាល កម្ពុជា​ឱ្យ​បើក​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ហើយ​ដោះ​លែង​អ្នក​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​បើក​ស្ថាប័ន​វិទ្យុ វីអូឌី វិទ្យុ​អាស៊ី​សេរី ឱ្យ​ដំណើរ​ការ​ឡើង​វិញ ព្រោះ បើ​បាត់បង់​វិទ្យុ​ទាំង​នោះ​ពួក​យើង គឺ​ស្លាប់​ដូច​គ្នា ព្រោះ​យើង​អត់​ដឹង​ពី​ព័ត៌មាន​ជាតិ និង​អន្តរជាតិ បញ្ហា​សេដ្ឋកិច្ច​ជាតិ ហើយ​មិន​ដឹង​ថា ស្រុក​ទេស​របស់​យើង​វា​កើត​មាន​អ្វី​ខ្លះ​ទេ »

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សោភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែមីនា។

លោក ហ៊ុន សែន បាន​បញ្ជា​ក្រសួង​ព័ត៌មាន​ឱ្យ​លុប​ចោល​អាជ្ញាប័ណ្ណ​របស់​សារ​ព័ត៌មាន វីអូឌី ភ្លាមៗ កាលនៅថ្ងៃទី១៣ ខែកុម្ភៈ។ លោក ហ៊ុន សែន បាន​ដើរ​តួ​ជំនួស​តុលាការ​កាត់ក្ដី​ដោយ​ចោទ​ប្រកាន់​ថា វីអូឌី បាន​រំលោភ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក និង​កូន​ប្រុស​របស់​លោក បន្ទាប់​ពី​ស្ថាប័ន​មួយ​នេះ ចុះ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​លោក ហ៊ុន ម៉ាណែត ថា ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​ឱ្យ​ប្រទេស​តួគី ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក។ ក្រោយពី​ការ​បិទ​វិទ្យុ វីអូឌី បាន​ជោគជ័យ​ហើយ​នោះ លោក ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក នឹង​មិន​អនុញ្ញាត​ឱ្យ​សារ​ព័ត៌មាន វីអូឌី មាន​ដំណើរ​ការ​វិញ​ឡើយ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

ជុំវិញរឿងនេះអ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា ការ​ទាមទារ​ទាំង​បង្អត់​អាហារ​របស់ យុវជន និង​ប្រជាពលរដ្ឋ ដោយ​ទទូច​ឱ្យ​រដ្ឋាភិបាល​បើក​ដំណើរ​ស្ថាប័ន​ព័ត៌មាន វីអូឌី និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​វិញ​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ ។ តែ​យ៉ាង​ណា​ក្ដី លោក​បន្ត​ថា អ្វី​ជា​ក្ដី​បារម្ភ​នោះ គឺថា អាជ្ញាធរ​ពាក់ព័ន្ធ មិន​ដែល​អើពើ ចំពោះ​សំណើ​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​មើល​ឃើញ​ថា ករណី​មិន​អើពើ​នេះ កំពុង​តែ​ដើរ​ផ្ទុយ​ទៅ​នឹង​ស្មារតី​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ពលរដ្ឋ។

លោក ស៊ឹង សែនករុណា៖ « នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​យើង​មាន​ចែង អំពើ​ការ​ទាមទារ តវ៉ា​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​បញ្ហា​ណាមួយ​នឹង​រដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ គប្បី​មាន​ការ​យក​មក​ត្រួត​ពិនិត្យ​ពិចារណា ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ទៅ​លើ​អ្វី ដែល​ជា​ការ​ចង់​បាន អ្វី​ជា​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ហ្នឹង »

ការ​លុប​អាជ្ញាប័ណ្ណ​វិទ្យុ វីអូឌី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ក្រោម​ហេតុផល​មិន​សមរម្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក។ រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក រង​ការ​រិះគន់ និង​ថ្កោលទោស​ពី​ប្រជាពលរដ្ឋ ក្រុម​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល សហគមន៍​ជាតិ និង​អន្តរជាតិ។ ពួក​គេ​ចាត់​ទុក​បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​រំលោភ​សិទ្ធិ​ពលរដ្ឋ ដែល​ទង្វើ​ទាំង​នេះ គឺ​ប្រាស​ចាក​ពី​គោល​ការណ៍​ច្បាប់​នៃ​ប្រទេស​អនុវត្ត​របប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ។

ក្រុម​យុវជន​ទាំង​នោះ​អះអាង​ថា នឹង​បន្ត​ធ្វើ​សកម្មភាព​បង្អត់​អាហារ និង​ធ្វើ​សកម្មភាព​តវ៉ា​ជា​បន្ត​បន្ទាប់​ទៀត បើ​រដ្ឋាភិបាល នៅតែ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ឱ្យ​បាន​ឆាប់៕