ស្ត្រីខ្មែរក្រោមម្នាក់ដែលក្រុមអន្ធពាលវៀតណាមបាញ់ឲ្យរបួសធ្ងន់ត្រង់កំភ្លៅថា អាជ្ញាធរវៀតណាមមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយទេ។ កាលពីថ្ងៃទី២៧ ខែកញ្ញា ក្រុមអ្នកលេងជន ជាតិ វៀតណាមប្រមាណ២០នាក់ ប្រដាប់ដោយដំបង និងកាំភ្លើង បានមកហ៊ុំព័ទ្ធយកដីរបស់ខ្មែរក្រោម ហើយបានបាញ់ស្ត្រីម្នាក់របួសធ្ងន់។
ស្ត្រីខ្មែរក្រោម ដែលក្រុមអន្ធពាលវៀតណាមបាញ់ឲ្យរបួសធ្ងន់ ទន្ទឹងចាំយុត្តិធម៌ពីអាជ្ញាធរវៀតណាម តាមចាប់ជនដៃដល់មកដាក់ទោសតាមច្បាប់ តែអាជ្ញាធរវៀតណាមមិនទាន់មានវិធានការទៅលើជនល្មើសនៅឡើយទេ។
ពលរដ្ឋខ្មែរក្រោម ដែលជនជាតិវៀតណាមបាញ់ឲ្យរបួសចំកំភ្លៅ នៅស្រុកភ្នំដី ខេត្តក្រមួនស កម្ពុជាក្រោម លោកស្រី យ័ញ ធីចាន់ផៃ ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី៩ ខែតុលា ថា អ៊ំប្រុសរបស់លោកស្រីបានដាក់ពាក្យបណ្ដឹងជំនួសលោកស្រីទៅស្នងការដ្ឋាននគរបាលស្រុកភ្នំដី និងស្នងការដ្ឋាននគរបាលខេត្តក្រមួនស រួចហើយក្រោយពីគេបាញ់លោកស្រីបានពីរថ្ងៃ។ លោកស្រីបន្តថា តែមកទល់ពេលនេះ អាជ្ញាធរវៀតណាមមិនទាន់ចាប់ជនដៃដល់រូបនោះមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។ លោកស្រីសង្ស័យថា អាជ្ញាធរវៀតណាមជាអ្នកនៅពីក្រោយ ក្រុមបងធំទាំងអស់នោះ ព្រោះធម្មតាពលរដ្ឋសាមញ្ញមិនអាចប្រើកាំភ្លើងបានទេនៅប្រទេសវៀតណាម។ លោកស្រីទាមទារឲ្យអាជ្ញាធរវៀតណាម តាមរកមុខជនដៃដល់មកដាក់ពន្ធនាគារ និងសងជំងឺចិត្ត សងថ្លៃព្យាបាលឲ្យលោកស្រីវិញ៖ « ចង់បានចាប់អាមនុស្សបាញ់ខ្ញុំហ្នឹងជាប់គុក ហើយសងកាក់ថ្នាំ សងកាក់អីឲ្យខ្ញុំគ្រប់សព្វវិញ គឺបានហើយ។ ខ្ញុំចង់បានតែចាប់កនអានេះចូលគុកបានហើយ បើមិនចាប់វា គឺខ្លាចវាចុះមកទៀត វាបាញ់យើងទៀតហើយ។ មានមនុស្សគេថា កនអាហ្នឹងគឺគ្នាខាងហ្វៀងដែរ ( ខាងនគរបាលស្រុកដែរ ) ខ្លាចតែចាប់ ចាប់មិនបានវា »។
អាជ្ញាធរវៀតណាម និងក្រុមបងធំជនជាតិវៀតណាមមួយក្រុមមានគ្នាប្រមាណ២០នាក់ បាននាំយកគ្រឿងចក្រមកឈូសឆាយដីស្រែចម្ការរបស់ពលរដ្ឋខ្មែរក្រោម ដើម្បីព័ទ្ធរបងយកដីនោះឲ្យអ្នកមានអំណាចម្នាក់ នៅស្រុកភ្នំដី ខេត្តក្រមួនស។ លោកស្រីបន្តថា ពេលដែលពលរដ្ឋខ្មែរក្រោមចេញមកតវ៉ាក៏បានផ្ទុះហិង្សា ហើយជនជាតិវៀតណាមបានដកកាំភ្លើងបាញ់លោកស្រីចំកំភ្លៅខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីស្នងការដ្ឋាននគរបាលស្រុកភ្នំដី នគរបាលខេត្តក្រមួនស និងមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា បានទេ នៅថ្ងៃទី៩ ខែតុលា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះដែរ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា លោក តាំង សារៈ លើកឡើងថា ពលរដ្ឋខ្មែរក្រោមនៅតែរងទុក្ខឥតស្រាកស្រាន្តពីការធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាម ហើយខ្មែរក្រោមបានបាត់បង់ដីធ្លីជាបន្តបន្ទាប់ ដោយសារការរឹបអូសពីមន្ត្រីរាជការវៀតណាម។ លោកបន្តថា ការបាញ់ស្ត្រីខ្មែរក្រោមឲ្យរងរបួសនេះ អាចពាក់ព័ន្ធជាមួយរដ្ឋអំណាចវៀតណាម ព្រោះនៅប្រទេសវៀតណាម ពលរដ្ឋធម្មតាមិនអាចមានសិទ្ធិកាន់កាំភ្លើងបាននោះទេ៖ « ច្បាប់នៅក្នុងប្រទេសវៀតណាម ការកាន់អាវុធហ្នឹង គឺសម្រាប់តែទាហាន នគរបាល ហើយនិងអ្នកដែលមានសមត្ថកិច្ចទេ ឬមួយក៏ប្រជាជនថ្នាក់ណាដែរ ដែលមានសិទ្ធិកាន់អាវុធ។ តែបើយើងពិនិត្យជាទូទៅ គឺច្បាប់ជាទូទៅប្រទេសណា ដូចជាប្រទេសណាទេ ក្រៅពីសមត្ថកិច្ចដូចជា ទាហាន ប៉ូលិស ជាដើមនោះ គឺគ្មានសិទ្ធិកាន់អាវុធទេ »។
ករណីនេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរវៀតណាមបានប្រើប្រាស់អំពើហិង្សា វាយនិងបង្ក្រាប យកដីស្រែ និងផ្ទះសម្បែងពលរដ្ឋខ្មែរក្រោមដោយខុសច្បាប់ និងមិនផ្ដល់សំណងសមរម្យ។ កាលពីខែឧសភា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ខេត្តក្រមួនស រួមមាន ប៉ូលិស ទាហាន ប្រមាណ១០០ នាក់ បានចុះទៅរឹបអូសយកដីកសិករខ្មែរក្រោម អស់ជាច្រើនពាន់ហិកតារដោយគ្មានសំណងត្រឹមត្រូវ ។ ពលរដ្ឋខ្មែរក្រោម បានតវ៉ា រហូតដល់ អាជ្ញាធរវៀតណាមប្រើអំពើហិង្សាលើពលរដ្ឋខ្មែរក្រោម បណ្ដាលឲ្យមនុស្សប្រមាណ ១០ នាក់រងរបួស។ អាជ្ញាធរវៀតណាម ក្រោយវាយពលរដ្ឋខ្មែរក្រោម ឲ្យរងរបួសហើយ ក៏បានចាប់ពលរដ្ឋខ្មែរក្រោមបីនាក់ដាក់ពន្ធនាគារជាច្រើនឆ្នាំ ដោយចោទពលរដ្ឋខ្មែរក្រោមថា «ប្រើអំពើហិង្សាលើសមត្ថកិច្ច និងប្រឆាំងនឹងអាជ្ញាធរវៀតណាម»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។