យុវជន​សង្គម​ម្នាក់​រក្សា​ជំហរ​មិន​ចុះ​ចូល​បក្ស​កាន់អំណាច

0:00 / 0:00

យុវជន​សង្គម​ម្នាក់​ដែល​សកម្ម​ការងារ​បរិស្ថាន និង​សង្គម​រក្សា​ជំហរ​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ លោក​ប្ដេជ្ញា​បន្ត​ការងារ​ជួយ​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ឆន្ទៈ​របស់​ខ្លួន​ដោយ​មិន​ត្រូវការ​ដោះដូរ​បុណ្យស័ក្តិ តួនាទី​នោះ​ឡើយ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើយ​បន្ទាប់​ពី​យុវជន​គាំទ្រ​លោក ហ៊ុន សែន បាន​បង្ហោះ​រូប​មួយ​សន្លឹក ដែល​បង្ហាញ​ពី​ជំនួប​លោក​នឹង​លោក ហ៊ុន សែន ដែល​ធ្វើឲ្យ​មហាជន​យល់​ថា លោក​ចុះចូល​រដ្ឋាភិបាល​សព្វថ្ងៃ។

យុវជន​សង្គម​ដែល​យកចិត្ត​ទុកដាក់​ឈឺឆ្អាល​រឿង​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ​អះអាង​ថា​លោក និង​យុវជន​ផ្សេងទៀត​ពិត​ជា​បាន​ជួប​លោក ហ៊ុន សែន នៅ​គេហដ្ឋាន​របស់​លោក​នៅ​ក្រុង​តាខ្មៅ​កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា ដើម្បី​ជជែក អំពី​បញ្ហា​តំបន់​អារ៉ែង និង​ស្នើ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។ ប៉ុន្តែ​លោក​ខកចិត្ត​ចំពោះ​យុវជន​មួយចំនួន​ដែល​យក​រូប​ទៅ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ដើម្បី​គេង​ចំណេញ​នយោបាយ និង​ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ​ថា​លោក​ចុះចូល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

យុវជន​សកម្ម​ក្នុង​កិច្ច​ការងារ​សង្គម និង​អតីត​យុវជន​ខ្មែរ​ថាវរៈ លោក ស្វាយ សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា ថា ជំនួប​រវាង​យុវជន​និង​លោក ហ៊ុន សែន កន្លង​ទៅ​គឺ​គ្រាន់តែ​ជជែក​អំពី​រឿងរ៉ាវ​នៅ​តំបន់​អារ៉ែង ដោយ​ពុំ​បាន​និយាយ​រឿង​ចុះចូល​រដ្ឋាភិបាល​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​នៅតែ​រក្សា​ឆន្ទៈ​មិន​ចុះចូល ហើយ​ប្ដេជ្ញា​ចូលរួម​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម ការពារ​ជន​រងគ្រោះ ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដដែល ពីព្រោះ​លោក​មិន​ចូល​ចិត្ត​ស្តាប់​ការ​បង្គាប់​បញ្ជា​ពី​អ្នក​នយោបាយ​ឡើយ។

លោក ស្វាយ សំណាង៖ «ខ្ញុំ​សុំ​បញ្ជាក់​ជំហរ​ថា​ខ្ញុំ​មិន​បាន​ចុះចូល​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ទេ ខ្ញុំ​នៅតែ​រក្សា​ជំហរ​ជា​យុវជន​ឯករាជ្យ ខ្ញុំ​រក្សា​ជំហរ​នៅ​ជាមួយ​ជន​រងគ្រោះ និង​នៅ​ជាមួយ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ដូចជា​បញ្ហា​បរិស្ថាន រឿង​ធនធាន​ធម្មជាតិ និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល ដោយសារ​ខ្ញុំ​មាន​ឆន្ទៈ​មួយ​ចង់​បាន​ប្រទេស​កម្ពុជា​របស់​យើង​គោរព​សិទ្ធិមនុស្ស ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​តម្លាភាព ហើយ​វា​មិន​ប៉ះពាល់​ដល់​ប្រទេស»។

ប្រតិកម្ម​បែប​នេះ បន្ទាប់​ពី​ក្រុម​យុវជន​ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​បាន​នាំគ្នា​យក​រូប​សកម្មជន​អារ៉ែង និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ឈរ​ទន្ទឹម​នឹង​លោក ហ៊ុន សែន ទៅ​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា។ ពួកគេ​សរសេរ​ថា ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ​មាន​យុវជន​ជាច្រើន​បាន​ចូល​រួម​ជា​បន្តបន្ទាប់។ រឿង​នេះ​ហើយ​ដែល​នាំ​ឱ្យ​អ្នក​លេង​ហ្វេសប៊ុក​យល់​ថា លោក ស្វាយ សំណាង បាន​ចូល​ជាមួយ​រដ្ឋាភិបាល។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា។

ទោះយ៉ាងណា លោក ស្វាយ សំណាង យល់​ថា ការណ៍​ដែល​យុវជន​មួយចំនួន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល គឺ​ជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​លោក​ចាត់ទុក​ការ​យក​រូបថត​ទៅ​បង្ហោះ​ជា​សាធារណៈ​ដែល​និយាយ​ខុស​ពី​ន័យ​ដើម​ដែល​បង្ក​ឱ្យ​ពលរដ្ឋ​យល់​ច្រឡំ​លើ​លោក​ពេលនេះ​ថា​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ ពីព្រោះ​លោក​ពុំ​បាន​ចុះ​ចូល​បក្ស​កាន់​អំណាច​នោះ​ទេ។

ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ ស្រប​ពេល​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧​កាន់​ខិត​ជិត​លោក ហ៊ុន សែន បង្កើន​ការ​រិតត្បិត​លើ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ ជាពិសេស​លោក​បើក​យុទ្ធនាការ​អូសទាញ​ក្រុម​យុវជន​សង្គម​ឱ្យ​ងាក​មក​គាំទ្រ​នយោបាយ​របស់​លោក​វិញ​ជា​ថ្នូរ​ផ្តល់​តួនាទី លោភ​សក្តារៈ​ជាដើម។ យុវជន​ទាំង​នោះ​មិន​នៅ​ស្ងប់​នោះ​ទេ​ពួកគេ​បាន​នាំគ្នា​និយាយ​ចោទប្រកាន់​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​ក្រុម​យុវជន​សង្គម​ស៊ីវិល ក្រុម​គណបក្ស​ប្រឆាំង​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​តាម​បំណង​ដែល​លោក ហ៊ុន សែន ចង់​បាន។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ គាំទ្រ​ចំពោះ​យុវជន​ប្រកាន់​ជំហរ​ធ្វើ​ការងារ​សង្គម​ដោយ​ឯករាជ្យ ពីព្រោះ​បរិបទ​នយោបាយ​សព្វថ្ងៃ​នេះ​ពួកគេ​គួរគិត​ឱ្យ​បាន​វែង​ឆ្ងាយ។ លោក​សង្កេត​ឃើញ​ថា យុវជន​ដែល​ចុះចូល​រដ្ឋាភិបាល​កន្លងមក​ហាក់​ពុំ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​បរិស្ថាន​ឱ្យ​ប្រសិទ្ធភាព​នោះ​ទេ ផ្ទុយ​ទៅវិញ​លោក​ថា បច្ចុប្បន្ន​រឿង​ចោទ​ប្រកាន់​លាប​ពណ៌ និង​រើសអើង​និន្នាការ​កំពុង​កើត​ឡើង​នៅ​កម្ពុជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ខ្លាំង។

លោក កើត សារ៉ាយ៖ «កាលណា​គ្មាន​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ការងារ​ឱ្យ​មាន​ឱ្យ​មាន​តម្លាភាព គណនេយ្យ​ភាព​ទេ កុំ​ប្រើ​ពាក្យ​ថា​ទៅ​ចូលរួម​កែ​លម្អ គឺ​គ្មាន​លទ្ធភាព​ទេ ក្នុង​ស្ថានភាព​នេះ​សូម​ឱ្យ​យុវជន​ខ្មែរ​ដែល​គិត​គូ​ពី​បញ្ហា​ជាតិ​មាតុភូមិ​នៅ​ឱ្យ​ចំ​កណ្តាល​ដោយ​កុំ​ផ្អៀង​ទៅ​និន្នាការ​ណា​មួយ ហើយ​សូម​រក្សា​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​កែ​ប្រព័ន្ធ​យុត្តិធម៌»។

កាល​ពី​ចុង​ខែ​មេសា​លោក ស្វាយ សំណាង និង​ក្រុម​យុវជន​ករុណា​ព្រៃអារ៉ែង ជិត ៣០នាក់​បាន​ចុះ​ការពារ​តំបន់​អារ៉ែង។ ទន្ទឹម​នឹង​នេះ លោក ស្វាយ សំណាង បាន​រក​ឃើញ​ឈើ​ធំៗ​ជាង​២០​ដើម​នៅ​តាម​បណ្តោយ​ដង​ស្ទឹង​អារ៉ែង មាន​មុខកាត់​កន្លះ​ម៉ែត្រ​ដល់​ជាង ១ម៉ែត្រ ភាគ​ច្រើន​ជា​ប្រភេទ​ឈើ​គគីរ ឈើ​ទាល ត្រូវ​បាន​គេ​អារ​ផ្តួល​រំលំ​ធ្វើ​អាជីវកម្ម ខណៈ​ទំហំ​ដី​ព្រៃ​ប្រមាណ​១០​ហិកតារ គេ​កាប់​ទន្រ្ទាន​យក​ដី​កាន់កាប់ ដោយ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។

យុវជន ស្វាយ សំណាង ឱ្យ​ដឹង​រហូត​មកដល់​ពេលនេះ​បញ្ហា​នៅ​តំបន់​អារ៉ែង​នេះ រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​នៅឡើយ​ទេ ទោះ​បី​កន្លងមក​លោក​ធ្លាប់​ប្រាប់​លោក ហ៊ុន សែន ដោយ​ផ្ទាល់​ក៏​ដោយ។ ទោះ​យ៉ាងណា​លោក និង​យុវជន​ផ្សេងទៀត​នឹង​ចូលរួម​កិច្ច​ការងារ​សង្គម និង​បរិស្ថាន​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។